យោងតាមលិខិតមួយច្បាប់ចុះថ្ងៃព្រហស្បតិ៍ និងឡាយព្រះហត្ថលេខាដោយព្រះមហាក្សត្រនិងសម្តេចម៉ែបានឲ្យដឹងថា ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេចម៉ែ នរោត្តម មុនិនាថ បានប្រទានព្រះរាជដំណាក់មិនប្រើប្រាស់មួយកន្លែងក្នុងខេត្តកោះកុង ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលកំពុងប្រឈមមុខនឹង “ការលំបាកផ្នែកហិរញ្ញវត្ថុ”។
លិខិត ដែលផ្ញើទៅលោក ប៊ីត រិចឆ្នឺរ (Beat Richner) នាយកនិងស្ថាបនិកជនជាតិស្វីសនៃមន្ទីរពេទ្យគន្ធបុប្ផាមានខ្លឹមសារថា “ក្នុងនាមព្រះបរមនាម ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ នៃព្រះរាជាណាចក្រកម្ពុជា យើងខ្ញុំសូមជូនព្រះរាជដំណាក់ នៅខេត្តកោះកុង នាសម័យសង្គមរាស្ត្រនិយម ទសវត្សរ៍ឆ្នាំ៦០ ជូនមន្ទីរពេទ្យគន្ធបុប្ផា”។
លិខិតបន្តទៀតថា “យើងខ្ញុំជឿជាក់ថា ព្រះរាជអំណោយនេះនឹងជួយរំលែកនិងដោះស្រាយការលំបាកផ្នែកហិរញ្ញវត្ថុនៃមន្ទីរពេទ្យគន្ធបុប្ផា និងបម្រើផលប្រយោជន៍ជូនកុមារកំព្រាទីទ័លក្រ”។
លិខិតនោះមិនបាននិយាយថាតើព្រះមហាក្សត្រ និង សម្តេចម៉ែ សង្ឃឹមថាព្រះរាជដំណាក់នោះនឹងបម្រើសេចក្តីត្រូវការផ្នែកហិរញ្ញវត្ថុនៃមន្ទីរពេទ្យគន្ធបុប្ផារបៀបណាទេ ហើយក្រុមមន្ត្រីនៅព្រះបរមរាជវាំងមិនអាចទាក់ទងសុំការពន្យល់បានដែរ។
លោក រិចឆ្នឺរ មិនអាចទាក់ទងបានទេកាលពីថ្ងៃច័ន្ទ ប៉ុន្តែ លោក ដិនិស ល័រវិន (Denis Laurent) ប្រធានវេជ្ជបណ្ឌិតរោគសាស្ត្រ នៅមូលនិធិគន្ធបុប្ផា បានបញ្ជាក់អំពីការប្រទានព្រះរាជអំណោយនេះ ក៏ប៉ុន្តែបានបដិសេធមិនឆ្លើយសំណួរផ្សេងទៀតទេ។
លោក ប៊ុន ឡឺត អភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា លោកមិនបានដឹងអំពីការប្រទាននេះទេ ប៉ុន្តែបាននិយាយថា ព្រះរាជដំណាក់នោះស្ថិតនៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
លោក ប៊ុន ឡឺត បានមានប្រសាសន៍ថា “វាស្ថិតនៅលើផ្ទៃដីប្រហែលមួយហិកតា ហើយគ្មាននរណាម្នាក់ស្នាក់នៅទេ តាំងពីឆ្នាំ១៩៧៩មក”។ លោកបានបន្ថែមថា ព្រះរាជដំណាក់នោះត្រូវចាក់សោនិងយាមការពារ២៤ម៉ោង។
ក្នុងបទសម្ភាសមួយកាលពីថ្ងៃច័ន្ទ លោក ដារិល ខូលលិន អ្នកប្រវត្តិសាស្ត្រសិល្បៈបានមានប្រសាសន៍ថា លោកមិនបានដឹងអ្វីជាក់លាក់អំពីព្រះរាជដំណាក់នៅខេត្តកោះកុងទេ ប៉ុន្តែ ព្រះរាជដំណាក់ប្រហែលដប់របស់ព្រះរាជវង្សបាននៅគង់ពី “ការបំផ្លាញនាទសវត្សរ៍៧០និង៨០ និងការមិនយកចិត្តទុកដាក់”។
លោក ខូលលិន បានមានប្រសាសន៍ថា “[ព្រះបរមរតនកោដ្ឋ] នរោត្តម សីហនុ មានព្រះទ័យសាងសង់ព្រះរាជដំណាក់មួយនៅគ្រប់ខេត្ត ដូច្នេះព្រះអង្គមានព្រះរាជដំណាក់ស្នាក់នៅរាល់ពេលព្រះអង្គធ្វើព្រះរាជទស្សនកិច្ចម្តងៗ”។
យោងតាមវិបសាយផ្ទាល់របស់លោកបានឲ្យដឹងថា លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត រិចឆ្នឺរ បានមកដល់ប្រទេសកម្ពុជាពីប្រទេសស្វីសនៅឆ្នាំ១៩៧៤ ធ្វើការនៅមន្ទីរពេទ្យគន្ធបុប្ផាប្រចាំតំបន់ក្នុងក្រុងភ្នំពេញ ដែលដាក់ឈ្មោះតាមព្រះរាជបុត្រីព្រះមហាក្សត្រ សីហនុ ដែលបានសោយព្រះទិវង្គតនៅឆ្នាំ១៩៥២ក្នុងព្រះជន្ម៥វស្សា។
លោកបានវិលត្រឡប់មកវិញនៅឆ្នាំ១៩៩១ ហើយបានបញ្ចុះបញ្ចូលឲ្យរៀបចំមន្ទីរពេទ្យប្រចាំតំបន់នេះឡើងវិញ ហើយនៅឆ្នាំបន្ទាប់មកបានបង្កើតមូលនិធិគន្ធបុប្ផា ដែលឥឡូវនេះកំពុងដំណើរការមន្ទីរពេទ្យប្រាំកន្លែងក្នុងក្រុងភ្នំពេញនិងក្រុងសៀមរាប៕ និត