ដោយខឹងនឹងសារហ្វេសប៊ុកថ្មីមួយបង្ហោះដោយអ្នកនាំពាក្យគណបក្សប្រឆាំង និងការអត្ថាធិប្បាយរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយរូបទៀតអំពី “ផែនការ ក៥”ដ៏គ្រោះថ្នាក់របស់រដ្ឋាភិបាលក្នុងទសវត្សរ៍ឆ្នាំ១៩៨០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានប្រើប្រាស់វេទិកាសភាដើម្បីព្រមានតំណាងរាស្ត្រគណបក្សប្រឆាំងឲ្យមានការគួរសមជាងនេះ។

វិលត្រឡប់ពីវិស្សមកាលរយៈពេល៣ខែពីរដ្ឋសភាដែលពេលនោះ លោកបានប្រើសុន្ទរកថាមួយចំនួនដើម្បីប្រៀបធៀបគណបក្សសង្គ្រោះជាតិ ទៅនឹងខ្មែរក្រហម លោក ហ៊ុន សែន បានប្រឈមមុខជាមួយក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងដែលចង់បញ្ចេញមតិយោបល់របស់ខ្លួនអំឡុងពេលពិភាក្សាដេញដោលស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយប្រទេសបេឡារុស។
លោក លឹម គឹមយ៉ា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់អង្គសភាថា “ខ្ញុំនឹងនិយាយតែរឿងពាណិជ្ជកម្ម និងសេដ្ឋកិច្ចប៉ុណ្ណោះដើម្បីចង់ដឹងថា តើកិច្ចព្រមព្រៀងនេះនឹងផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ” មុនពេលចូលដល់ប្រធានបទនយោបាយមិនច្បាស់លាស់ស្ដីពីសេដ្ឋកិច្ច។
លោកបានចោទសួរថា ”ហេតុអីកម្ពុជា ទទួលបានការអនុគ្រោះ [ពាណិជ្ជកម្ម] ពីប្រទេសជាច្រើន? ពីព្រោះប្រជាពលរដ្ឋរបស់យើងធ្លាប់រស់នៅក្រោមរបបប្រល័យពូជសាសន៍ខ្មែរក្រហមអស់រយៈពេលជាង៣ឆ្នាំ ហើយបន្ទាប់មករស់នៅក្រោមពួកអាណានិគមបរទេសដូចជា ក៥ ជាដើម”។
សូមរំឭកថា “ផែនការ ក៥” ដែលរៀបចំឡើងដោយវៀតណាម បន្ទាប់ពីពួកគេបានលើកបន្តុបលោក ហ៊ុន សែន និងអ្នកផ្សេងទៀតឲ្យឡើងកាន់អំណាចក្នុងឆ្នាំ១៩៧៩ បានប្រើប្រាស់កម្លាំងពលកម្មចាប់បង្ខំដើម្បីកសាងសំណង់ការពារសឹកសត្រូវតាមបណ្ដោយព្រំដែនថៃ ដើម្បីរារាំងចលនាទ័ពព្រៃរបស់ខ្មែរក្រហមដែលត្រូវបានទម្លាក់ចេញពីអំណាច។
យោងតាមរបាយការណ៍មួយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Right Watch) ដែលបានចេញផ្សាយកាលពីខែមករាឲ្យដឹងថា ដើម្បីអនុវត្តផែនការនេះ ជនស៊ីវិលក្រីក្ររាប់ម៉ឺនសែននាក់ត្រូវបានបញ្ជូនឲ្យទៅធ្វើការនៅព្រំដែន បណ្តាលឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិតដោយសារជំងឺគ្រុនចាញ់ ជំងឺព្យាបាលមិនជា ឬមីនកប់ក្នុងដី។
លោក ហ៊ុន សែន បានក្រោកឡើងប្រាប់ទៅលោក លឹម គឹមយ៉ា ថា ការនិយាយបញ្ឆិតបញ្ឆៀងរបស់លោកអំពីរឿង ក៥ មិនស័ក្ដិសមឡើយក្នុងបរិយាកាសនយោបាយថ្មីរបស់កម្ពុជា។ លោកមានប្រសាសន៍ថា “កុំប្រើប្រាស់សេរីភាពបញ្ចេញមតិដើម្បីធ្វើការវាយប្រហារ។ វាគ្មិនម្នាក់និយាយថា ‘ ខ្ញុំនឹងមិននិយាយរឿងនយោបាយទេ’ ប៉ុន្តែចុងបញ្ចប់បែរជានិយាយរឿង ក៥ និងផែនទី [ព្រំដែន]” ហើយលោកលើកឡើងទៀតថា បញ្ហាបែបនេះមិនស័ក្ដិសមឡើយសម្រាប់ការពិភាក្សាដេញដោលអំពីច្បាប់ពាណិជ្ជកម្ម។
លោកមានប្រសាសន៍សំដៅដល់លោក លឹម គឹមយ៉ា ថា “វាមិនអាចទទួលយកបានទេឯកឧត្ដម។ បើយើងចាំបាច់ត្រូវបិទទ្វារ ហើយនៅទីនេះ នោះក៏មិនអីដែរ”។
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យលោក លឹម គឹមយ៉ា ឈប់លើកឡើងពីបញ្ហាដូចជាផែនការ ក៥ ជាដើមតទៅទៀតនៅថ្ងៃខាងមុខ ប្រសិនបើលោកមិនចង់ពិភាក្សាអំពីបញ្ហានយោបាយ។ លោកមានប្រសាសន៍ថា “សូមកុំប្រមាថ។ ខ្ញុំមិនឡើងគំរាមនរណាទេ ក៏ប៉ុន្តែបើលេងកុំខឹង ខឹងកុំលេង”។
លោកក៏បានវាយប្រហារលោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិដែរចំពោះការបង្ហោះសារតាមហ្វេសប៊ុកដែលស្នើឲ្យបណ្តាអ្នកនយោបាយព្យាយាមបើកចិត្តឲ្យទូលាយ ដោយលោកបានចាត់ទុកការអត្ថាធិប្បាយនោះថានិយាយសំដៅទៅរករូបលោក។
លោកបានលើកឡើងថា តាមពិត គឺលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសបារាំង ទៅវិញទេដែលមានចិត្តមិនទូលាយ ដោយលើកឡើងសំដៅដល់ការអះអាងកាលពីពេលថ្មីៗនេះពីសំណាក់លោក សម រង្ស៊ី ថា សញ្ញាបត្រសាកលវិទ្យាល័យនៅកម្ពុជា “គ្មានតម្លៃ”។
លោកនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា “ឯកឧត្ដម យ៉ែម បុញ្ញឫទ្ធិ ឯកឧត្ដមប្រដៅខ្ញុំនៅក្នុងហ្វេសប៊ុករបស់ឯកឧត្ដម ប៉ុន្តែឯកឧត្ដមកុំភ្លេចគិតថា មេរបស់ឯកឧត្ដមប្រមាថចំពោះអ្នករៀនក្នុងស្រុកប៉ុណ្ណា ឯកឧត្ដមបែរជាប្រដៅខ្ញុំឲ្យខ្ញុំបើកចិត្តឲ្យទូលាយ។ រឿងរា៉វមិនទាន់ចប់ទេ។ បើអស់លោកចង់បន្ត ខ្ញុំកំដរលេង។ ខ្ញុំបានប្រាប់ទៅ រង្ស៊ី ហើយ ហើយវានៅក្នុង What’s App របស់ខ្ញុំនៅឡើយទេ” ដោយមិនបកស្រាយអំពីសេចក្ដីលម្អិតនៃជម្លោះជាមួយប្រធានគណបក្សប្រឆាំងឡើយ។
លោកបានបញ្ជាក់ថា ”ខ្ញុំកំដរលេងគ្រប់ទម្រង់លេង គ្រប់រដូវកាល និងគ្រប់រសជាតិ ក្ដៅ ត្រជាក់ ផ្អែម ល្វីង ជូរចត់ ខ្ញុំលេងបានទាំងអស់។ គណបក្សប្រជាជនអាចលេងបានគ្រប់ទម្រង់ និងគ្រប់រសជាតិ”។
នៅខាងក្រៅរដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា តាមពិត សារតាមហ្វេសប៊ុករបស់លោកដែលស្នើឲ្យបណ្ដាអ្នកនយោបាយបើកចិត្តទូលាយកាលពីរសៀលថ្ងៃច័ន្ទនោះ មិនបានសំដៅដល់លោក ហ៊ុន សែន ឡើយ ប៉ុន្តែវាគ្រាន់តែជាគំនិតល្អជាទូទៅប៉ុណ្ណោះ។
លោកថ្លែងថា “ខ្ញុំមិនបាននិយាយសំដៅចំបុគ្គលណាម្នាក់ទេ ប៉ុន្តែអ្វីដែលខ្ញុំសរសេរ អ្វីដែលខ្ញុំនិយាយគឺក្នុងគោលបំណងផលប្រយោជន៍រួម គឺផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។ ខ្ញុំសរសេរថា អ្នកនយោបាយគួរតែមានចិត្តទូលាយ។ អ្នកនយោបាយត្រូវហ៊ានបើកចិត្តឲ្យទូលាយដើម្បីទទួលយកមតិរិះគន់ស្ថាបនាពីអ្នកគ្រប់គ្នា”។
សូមបញ្ជាក់ថា ច្បាប់ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយប្រទេសបេឡារុស នេះ ត្រូវបានអនុម័តដោយសំឡេងឆ្នោតចំនួន១០៩ ក្នុងចំណោមតំណាងរាស្ត្រ១១០រូបដែលមានវត្តមានក្នុងរដ្ឋសភាដែលមាន១២៣អាសនៈ ដោយផ្ដល់សុពលភាពដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលត្រូវបានចុះហត្ថលេខាក្នុងប្រទេសបេឡារុស កាលពីខែមេសា ឆ្នាំ២០១៤៕ សុខុម