30 C
Phnom Penh

ក្រុង​ហាណូយ​ទទួល​បាន​ព័ត៌មាន​អំពី​ការ​បង្ក្រាប​លើ​ការ​ប្រឹងប្រែង​របស់​បក្ស​ប្រឆាំង​អំពី​ព្រំដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អំឡុង​កិច្ច​ប្រជុំ​បិទ​ទ្វារ​កាលពី​ថ្ងៃ​ច័ន្ទ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បាន​ប្រាប់​សម​ភាគី​វៀតណាម​អំពី​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បង្ក្រាប​យុទ្ធនាការ​របស់​គណបក្ស​ប្រឆាំង ដើម្បី​បង្ហាញ​ការ​លុក​លុយ​ព្រំដែន​ដោយ​វៀតណាម និង​បាន​ជំរុញ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ឲ្យ​ជួយ​ធានា​ថា បញ្ហា​នេះ​មិន​កើត​ឡើង​ជា​ថ្មី។

និយាយ​ជាមួយ​លោក ង្វៀន ជី វិញ អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​វៀតណាម​ក្នុង​កិច្ច​ប្រជុំ​នៅ​ក្រសួង​ការពារ​ជាតិ​ក្នុង​ក្រុង​ភ្នំពេញ ឧត្តមសេនីយ៍ ទៀ បាញ់ បាន​សរសើរ​ការ​ដាក់​ពន្ធនាគារ “អ្នក​បង្ក​រឿង” របស់​បក្ស​ប្រឆាំង ជា​ភ័ស្តុតាង​បញ្ជាក់​ថា យុទ្ធនាការ​ព្រំដែន​បាន​ស្ងប់​ស្ងាត់​ហើយ។

ដោយ​លើក​ឡើង​ថា​ប្រទេស​ទាំង​ពីរ​ជា “បង​ប្អូន” លោក ទៀ បាញ់ បាន​ប្រាប់​លោក វិញ ថា “បក្ស​ប្រឆាំង​បាន​ប្រើ​អស់​លទ្ធភាព និង​រិះ​រក​គ្រប់​វិធី វាយ​ប្រហារ​និង​ចោទ​ប្រកាន់​ថា ប្រទេស​កម្ពុជា​ជា​អាយ៉ង​វៀតណាម និង​ចោទ​ប្រកាន់​ថា វៀតណាម​និង​កម្ពុជា​រួម​គ្នា​ធ្វើ​ចោរ”។

នាយ​ឧត្តម​សេនីយ៍ ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា “ក្រោយពី​មាន​ព្រឹត្តិការណ៍​ថ្មីៗ​នេះ ខ្ញុំ​មាន​មោទនភាព​ដែល​យើង​អាច​ថែ​រក្សា​ទំនាក់​ទំនង​របស់​យើង ក្នុង​ពេល​ដែល​កម្លាំង​ប្រឆាំង​មាន​មហិច្ឆតា​បំបែក​កម្ពុជា​និង​ប្រទេស​វៀតណាម”។

គណបក្ស​ប្រឆាំង​បាន​លើក​បង្ហាញ​ឧទាហរណ៍​ជាច្រើន ដែល​ក្នុង​នោះ​គណបក្ស​នេះ​និយាយ​ថា កម្ពុជា​បាន​ប្រគល់​ទឹក​ដី​នៅ​ជិត​ព្រំដែន​ទៅ​ឲ្យ​ប្រទេស​វៀតណាម។ ក្នុង​ចំណោម​ការ​លុកលុយ​ដែល​លើក​ឡើង​ជាច្រើន​ទាំង​នោះ មាន​ស្រះ​ទឹក​ជាច្រើន​កន្លែង​ដែល​ត្រូវ​គេ​ជីក​ក្នុង​ខេត្ត​រតនគិរី តំបន់​ព្រំដែន​មាន​ជម្លោះ​មួយ​កន្លែង​ក្នុង​ខេត្ត​ស្វាយរៀង និង​ការ​បាញ់​ថ្នាំ​បំផ្លាញ​ដំណាំ​ពី​សំណាក់​ទាហាន​វៀតណាម​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ផង។

លោក រៀល ខេមរិន្ទ្រ និង លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ ដែល​ស្ថិត​នៅ​សហរដ្ឋ​អាមេរិក ធ្លាប់​បាន​ដឹកនាំ​យុទ្ធនាការ រួម​ជាមួយ​លោក​ ហុង សុខហួរ សមាជិកព្រឹទ្ធសភា​គណបក្សប្រឆាំង​ដែល​ជាប់​ពន្ធនាគារ​ពី​បទ​ចោទ​ក្លែង​ឯកសារ​កាលពី​ខែសីហា ទាក់ទិន​នឹង​ការ​បង្ហោះ​ហ្វេសប៊ុក ដែល​ចោទ​រដ្ឋាភិបាល​ថា បាន​យល់ព្រម​រំលាយ​ព្រំដែន​របស់​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​វៀតណាម។

ឧត្តម​សេនីយ៍​ ទៀ បាញ់​ បាន​មាន​ប្រសាសន៍​ក្នុង​ជំនួប​កាលពី​ថ្ងៃ​ច័ន្ទ​ថា “ឥឡូវ​នេះ​អ្នក​បង្ក​​រឿង​មួយ​ចំនួន​មិនទាន់​បាន​មក​ស្រុក​វិញ​ទេ រីឯ​មួយ​ចំនួន​ផ្សេងទៀត​ យើង​បាន​ប្រើ​នីតិវិធី​តុលាការ​ចាប់​ពួកគេ​ដាក់​ពន្ធនាគារ​ហើយ”។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ធានា​ថា បញ្ហា​ព្រំដែន​មិន​កើត​មាន​ជាថ្មី​ទៀត។

លោក​បាន​មាន​ប្រសាសន៍​ថា​ “យើង​ត្រូវ​មាន​សហប្រតិបត្តិការ​ដើម្បី​ទប់ស្កាត់​ពួកគេ​កុំ​ឲ្យ​បង្កើត​លេស​វាយ​ប្រហារ​យើង។ លទ្ធផល​នេះ​មាន​ឥទ្ធិពល​ខ្លាំង”។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និយាយ​កាលពី​ខែ​សីហា​ថា គណបក្ស​នេះ​នឹង​ឈប់​ “ចាក់​ក្រឡេក” រដ្ឋាភិបាល​អំពី​បញ្ហា​ព្រំដែន ជា​ការ​លើក​ឡើង​ដែល​នាយ​ឧត្តម​សេនីយ៍​ ទៀ បាញ់ ហាក់​ដូចជា​អបអរ​ក្នុង​កិច្ច​ប្រជុំ​នោះ។

លោក​បាន​និយាយ​ថា “បញ្ហា​នេះ​គឺ​ស្ថិត​ក្នុង​ដំណាក់កាល​ចុង​ក្រោយ។ យើង​បាន​វាយ​ខ្លាំងៗ​ ហើយ​នៅទីបញ្ចប់​យើង​បង្ក្រាប ហើយ​វាយ​ដួល”៕ និត

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស