លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាឲ្យអភិបាលខេត្តទាំងអស់ដែលស្ថិតនៅតាមព្រំដែនថៃ វៀតណាម និងឡាវ រាយការណ៍នូវព័ត៌មានអំពីក្រុមអ្នកភូមិដែលជួលដីស្រែនៅតាមបណ្ដោយព្រំដែនទៅឲ្យប្រជាជននៅប្រទេសជិតខាង ដោយលើកឡើងអំពីកង្វល់ជុំវិញការបាត់បង់ទឹកដី។
លិខិតមួយច្បាប់ដែលចុះហត្ថលេខាដោយលោក ស ខេង កាលពីថ្ងៃទី៩ ខែតុលា ហើយទទួលបានកាលពីម្សិលមិញមានខ្លឹមសារថា ក្រសួងមហាផ្ទៃមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីប្រជាពលរដ្ឋខ្មែរដែលជួលដីរបស់ខ្លួនទៅឲ្យជនបរទេសនៅតាមព្រំដែន ហើយក្រោយមកអាចបាត់បង់សិទ្ធិកាន់កាប់ដីនោះ។
លោក ស ខេង បានសរសេរថា ”ក្នុងករណី មួយចំនួន ការជួលដីមិនបានរៀបចំឯកសារផ្លូវច្បាប់ ឬកិច្ចសន្យា ជួលឲ្យបានត្រឹមត្រូវស្របតាមច្បាប់ឡើយ ហើយបញ្ហានេះធ្វើ ឲ្យម្ចាស់ដីជាជនជាតិខ្មែរបាត់បង់ផលប្រយោជន៍របស់ខ្លួននៅពេលមានជម្លោះកើតឡើង”។
លោកបានបន្ថែមថា ”ចំពោះតំបន់មួយចំនួននៅតាមព្រំដែនដែលមិនទាន់បានកំណត់ព្រំប្រទល់ និងបោះបង្គោលព្រំដែនចប់សព្វគ្រប់ និងផ្លូវការនោះ ការជួលដីនៅតាមបន្ទាត់ព្រំដែនរវាងប្រជាពលរដ្ឋខ្មែរ និងប្រជាជនមកពីប្រទេសជិតខាង បង្កឲ្យមានភាពស្មុគស្មាញសម្រាប់គណៈកម្មាធិការព្រំដែនរួមក្នុងការធ្វើការងាររបស់ខ្លួន”។
លោក ស ខេង បានបន្តថា ដើម្បី “ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី” អភិបាល ខេត្តនៅតាមព្រំដែនទាំងអស់ត្រូវប្រមូលព័ត៌មានអំពីការអនុវត្តបែបនេះនៅក្នុងយុត្តាធិការរបស់ខ្លួន ហើយរាយការណ៍ជូនក្រសួងនៅខែក្រោយនេះ។
ខេត្ត១៧ក្នុងចំណោម២៤ខេត្តរបស់ប្រទេសកម្ពុជាមានព្រំប្រទល់ជាប់ប្រទេសថៃ វៀតណាម និងឡាវ។ ភាគច្រើននៃអភិ បាលខេត្តទាំងនោះមិនអាចទាក់ទងបានទេ។ លោក ស ចំរ៉ុង អភិបាលខេត្តក្រចេះ និងលោក ចាន់ សុផល អភិបាលខេត្តបាត់ដំបងបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
លោក ស្រុី រិន សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ក្នុងឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល ដែលស្រុកនេះមានព្រំប្រទល់ជាប់ប្រទេសវៀតណាមនោះ បានសន្និដ្ឋានថា ដីស្រែទំហំប្រហែល១៥០ហិកតានៅតាមព្រំដែនត្រូវបានជួលទៅឲ្យប្រជាជនវៀតណាមនៅក្នុងឃុំរបស់លោកតែមួយប៉ុណ្ណោះ។
លោកបានពន្យល់ថា ”តាមធម្មតា កិច្ចសន្យាជួលមិនដែលឆ្លងកាត់អាជ្ញាធរឡើយ មានន័យថា ម្ចាស់ដីធ្វើកិច្ចសន្យាជាមួយកសិករត្រឹមតែមាត់ប៉ុណ្ណោះ។ ចំពោះអ្នកដែលមានដីទំហំចាប់ពី១ហិកតា ឬលើសពីនេះ ពួកគាត់ធ្វើកិច្ចសន្យាដោយមានការទទួលស្គាល់ត្រឹមថ្នាក់ប្រធានភូមិតែប៉ុណ្ណោះ”។
បូរណភាពទឹកដីនៅតាមព្រំដែនវៀត ណាម គឺជាកង្វល់ដ៏ធំជាយូរមកហើយសម្រាប់ គណបក្សប្រឆាំង ដោយបញ្ហានេះបានកើតឡើងនៅឆ្នាំនេះ ពីព្រោះគណបក្សសង្គ្រោះបានចោទគណបក្សប្រជាជនកម្ពុជាថា ជាអ្នកធ្វើឲ្យបាត់បង់ទឹកដី។
គណបក្សប្រជាជនកម្ពុជាបានព្យាយាមបញ្ចប់បញ្ហានេះ ហើយក្រុមអ្នកភូមិដែលត្រូវបានទាក់ទងកាលពីម្សិលមិញបាននិយាយ ថា តាមពិតពួកគាត់ត្រូវបានជូនដំណឹងឲ្យឈប់ជួលដីនៅតាមព្រំដែនទៅឲ្យជនបរទេស រួចហើយ។
លោក ហ៊ឹម ហែម អាយុ៣៣ឆ្នាំមកពីឃុំព្រែកជ្រៃ ដែលបានជួលដីនៅតាមព្រំ ដែនទៅឲ្យវៀតណាមបាននិយាយថា “ក្រុមអ្នកភូមិត្រូវបានជូនដំណឹងថា អាជ្ញាធរនឹងមិនអនុញ្ញាតឲ្យពួកយើងជួលដីស្រែទៅឲ្យកសិករវៀតណាមទៀតឡើយ ដោយមានប្រសិទ្ធ ភាពចាប់ពីឆ្នាំក្រោយទៅ”។
លោក ហ៊ឹម ហែម បាននិយាយថា វាផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចសម្រាប់គាត់ក្នុងការជួលដីស្រែនៅតាមព្រំដែនទៅឲ្យកសិករវៀតណាម ពីព្រោះគាត់ទទួលបានថ្លៃឈ្នួលច្រើនជាងគាត់ធ្វើ ហើយលក់ស្រូវដោយខ្លួនឯងទៅទៀត។
លោកបាននិយាយថា “មូលហេតុដែលខ្ញុំជួលដីស្រែមួយក្បាលតូចរបស់ខ្ញុំទៅឲ្យវៀតណាមនោះ ពីព្រោះយើងមិនមានជំនាញធ្វើស្រូវឲ្យបានទិន្នផលច្រើនឡើយ ចំណែកកសិករវៀតណាមវិញ គេមានជំនាញក្នុងការធ្វើស្រូវ”។
គាត់បាននិយាយថា កសិករខ្មែរអាចជួលដីប្រចាំឆ្នាំបានពី១លានទៅ២លានរៀលក្នុង១ហិកតាទៅឲ្យកសិករវៀតណាម ដោយតម្លៃមានការប្រែប្រួលទៅតាមតម្លៃស្រូវនៅលើទីផ្សារ។
គាត់បានបន្ថែមថា ”កសិករខ្មែរតែងតែបាត់បង់ការធ្វើស្រែដោយខ្លួនឯង ហើយកសិករមួយចំនួនទៀតមិនមានសមាជិកគ្រួសារគ្រប់គ្រាន់ដើម្បីជួយពួកគាត់ឡើយ ពីព្រោះកូនៗរបស់ពួកគាត់បានធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ដូច្នេះហើយយើងក៏ជួលដីទៅឲ្យកសិករវៀតណាមទៅ”៕ សារុន