28.4 C
Phnom Penh

ថវិកា​​ជាតិ​សម្រាប់​​ឆ្នាំ​ក្រោយ​នឹង​​​បង្កើន​​ការ​ចំណាយ​ច្រើន​ជាង​គេ​​លើ​វិស័យ​​​​ការ​ពារ​ និង​អប់រំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​​ប្រាក់​​ចំណូល​កើន​ឡើង​តាម​រយៈ​​​​​កំណែ​ទម្រង់​ប្រមូល​ពន្ធ​ថ្មីៗ​​នេះ ថវិកា​ជាតិ​​សម្រាប់​ឆ្នាំ​ក្រោយ​​នឹង​​បង្កើន​ការ​​ចំណាយ ដែល​​រួម​មាន​បង្កើន​២៨ភាគរយ​សម្រាប់​វិស័យ​អប់រំ និង​១៧​ភាគរយ​សម្រាប់​​វិស័យ​ការ​ពារ​​ផង​ដែរ នេះ​បើ​​យោង​តាម​សេចក្ដី​ព្រាង​មួយ​ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ម្សិលមិញ។

​ដោយ​ការ​ដំឡើង​យ៉ាង​ច្រើន​​សម្រាប់​ក្រសួង​ទាំង​ពីរ​នេះ​​ឈាន​ចូល​ដល់​ឆ្នាំ​ទី​៣​ជាប់ៗ​​គ្នា​​ចាប់​តាំង​ពី​គណបក្ស​ប្រជាជន​កម្ពុជា កាន់​អំណាច​​​​បាន​​​​បរាជ័យ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ជ្រើសតាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣​មក​នោះ ការ​ចំណាយ​សរុប​របស់​រដ្ឋាភិបាល​​ នឹង​ដំឡើង​​១២​,៣ភាគរយ​ដល់​៤,២៧​ពាន់​លាន​​ដុល្លារ​​នៅ​ឆ្នាំ​ក្រោយ ​ពោល​​​គឺ​កើន​ឡើង​ពី​ចំនួន​​៣,៨ពាន់​លាន​ដុល្លារ​​នៅ​ឆ្នាំ​នេះ​។

សេចក្ដី​ព្រាង​នេះ​​ត្រូវ​បាន​អនុម័ត​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​​ក្នុង​សម័យ​ប្រជុំ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាលពី​ម្សិល​មិញ ដោយ​លោក​ ផៃ ស៊ីផាន ​ដែល​ជា​អ្នក​នាំពាក្យ​ស្ថាប័ន​នេះ​​បាន​បង្ហោះ​ឯកសារ​ព្រាង​​នេះ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​​លោក​បន្ទាប់ពី​​ការ​ប្រជុំ​ចប់​។

ក្នុង​ចំណោម​អ្នក​ទទួល​បាន​​​ច្រើន​ជាង​គេ​​បំផុត​​គឺ​កង​កម្លាំង​សន្តិសុខ ដោយ​ក្រសួង​ការ​ពារ​ជាតិ​​នឹង​ទទួល​បាន​​ការ​ដំឡើង​១៧,៣​ភាគរយ​ដល់​៣៧៩​លាន​ដុល្លារ​ និង​ក្រសួង​មហាផ្ទៃ​ដែល​គ្រប់​គ្រង​​កម្លាំង​នគរ​បាល​នឹង​ទទួល​បាន​ការ​ដំឡើង​​២១,៦ភាគរយ​ដល់​២៧៥​លាន​ដុល្លារ​។

អ្នក​ទទួល​ផល​​ធំៗ​ផ្សេង​ទៀត​​​គឺ​ក្រសួង​អប់រំ ដែល​​​​ទទួល​បាន​​៤៩៧​លាន​ដុល្លារ​​ ពោល​គឺ​កើន​ឡើង​​​២៨,២​ភាគរយ​ពី​ឆ្នាំ​មុន ហើយ​ក្រសួង​កសិកម្ម​ដំឡើង​​​២៥​,១​ភាគរយ​​ដល់​​៤៦​លាន​ដុល្លារ​។

ក្រសួង​សុខាភិបាល​នឹង​ទទួល​បាន​​៨,៦​​ភាគរយ​បន្ថែម​​​ដល់​ប្រហែល​២៧១​លាន​ដុល្លារ​ ចំណែក​ឯ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​​ (គ.ជ.ប.) ថ្មី​នឹង​ទទួល​បាន​​ប្រហែល​២៨​លាន​ដុល្លារ​​ ពោល​គឺ​កើន​ឡើង​​​​​៧៦៣​ភាគរយ​​ដើម្បី​ជួយ​​រៀបចំ​បញ្ជី​ឈ្មោះ​​​បោះ​ឆ្នោត​ថ្មី​សម្រាប់​ការ​បោះ​ឆ្នោត​​​ឆ្នាំ​២០១៧ និង​២០១៨​។

លោក ផៃ ស៊ីផាន ​មាន​ប្រសាសន៍​តាម​ទូរ​ស័ព្ទ​ថា កំណែទម្រង់​អនុវត្ត​កាល​ពីខែ​វិច្ឆិកា ឆ្នាំ​២០១៣ ដែល​បាន​​បង្កើន​ការ​អនុវត្ត​​​ច្បាប់​ពន្ធដារ​ដែល​ជាញឹក​ញាប់​មិន​ត្រូវ​បាន​គេ​អើ​ពើ​នោះ​ បាន​ជួយ​ឲ្យ​​មាន​ការ​ដំឡើង​​នេះ។

លោក​ថ្លែង​ថា ”​យើង​​គ្មាន​ថវិកា​បន្ថែម​​​ដែល​អាច​វិនិយោគ​​លើ​ឧស្សាហកម្ម​​បន្ថែម​ទៀត​ដូច​ជា​វិស័យ​សុខាភិបាល​ និង​វិស័យ​​អប់រំ​​​​​នោះ​ទេ​។​ ​​ចំណូល​ពឹង​ផ្អែក​លើ​ការ​ប្រមូល​​​ពន្ធ​​​ឲ្យ​បាន​ត្រឹម​ត្រូវ ដូច្នេះ​ការ​ធ្វើ​វិសោធន​កម្ម​​​លើ​ការ​ប្រមូល​ពន្ធ​​អាច​ជួយ​បាន​។ ​សូម​កុំ​ភ្ញាក់​ផ្អើល​ដែល​​ឃើញ​​ការ​ចំណាយ​ខ្ពស់​ជាង​ចំណូល ពីព្រោះ​យើង​មាន​ជំនួយ​បរទេស​ ព្រម​ទាំង​កម្ចី​ផង​ដែរ​។ ប៉ុន្តែ​កម្ចី​គឺ​នៅ​ថេរ​ យើង​គោរព​នីតិរដ្ឋ​​ ហើយ​រក្សា​​បំណុល​​សាធា​រណៈ​អតិបរមា”។

លោក​លើក​ឡើង​​បន្ត​ថា “រដ្ឋាភិបាល​​រក្សា​​បំណុល​អតិបរមា​​ឲ្យ​នៅ​ត្រឹម​​៤០​ភាគរយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ (GDP)។ ​កាល​ពី​ខែ​សីហា​ លោក​​មាន​ប្រសាសន៍​ថា ​បំណុល​សាធារណៈ​​មាន​ប្រហែល​​​៣១,១​ភាគរយ​នៃ GDP ជា​តួលេខ​មួយ​ដែល​​​ស្ទើរ​តែ​នៅ​ថេរ​ក្នុង​រយៈ​ពេល​១ទសវត្សរ៍​មក​នេះ។

ឆ្នាំ​ក្រោយ​នឹង​ក្លាយ​ជា​ឆ្នាំ​ទី៣​ជាប់​គ្នា​​នៃ​ការ​ដំឡើង​​​យ៉ាង​ច្រើន​សម្រាប់​វិស័យ​អប់រំ និង​​កង​កម្លាំង​សន្តិសុខ ​​​​ដែល​​ស្ថាប័ន​​ទាំង​ពីរ​នេះ​​នឹង​​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ជាង​​គេ​ដាច់​​​ក្នុង​ពេល​នោះ​បើ​ធៀប​នឹង​ការ​ដំឡើង​​​​សរុប​​​ចំនួន​៤២​,៣​ភាគរយ​លើ​ថវិកា​ជាតិ​​៣.០០០​លាន​ដុល្លារ​​​ដែល​ត្រូវ​បាន​ប្រកាស​កាលពី​ឆ្នាំ​២០១៣​។

ថវិកា​ចំនួន​៤៩៧​លាន​ដុល្លារ​​​ផ្ដល់​​ឲ្យ​ក្រសួង​​​អប់រំ​ដែល​​​ជា​ចំណុច​​ដ៏​សំខាន់​នៃ​កំណែទម្រង់​​​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​​​របស់​គណ​​បក្ស​ប្រជាជន​កម្ពុជា មាន​ន័យ​ថា នៅ​ឆ្នាំ​ក្រោយ​​​​​​ក្រសួង​នេះ​នឹង​​​ទទួល​បាន​ទ្វេដង​ធៀប​នឹង​ថវិកា​ជាតិ​ដែល​ខ្លួន​ទទួល​បាន​ក្នុង​ឆ្នាំ​២០១៣ ដែល​​នៅ​ពេលនោះ​ខ្លួន​ទទួល​បាន​​២៤៥​លាន​ដុល្លារ​។

ស្រដៀង​គ្នា​នេះ​ដែរ ថវិកា​រួម​​ចំនួន​​​៦៥៤​​​​​លាន​​​ដុល្លារ​សម្រាប់​កង​កម្លាំង​សន្តិសុខ​​ដែល​ស្ថិត​ក្រោម​ក្រសួង​ការ​ពារ​ជាតិ និង​ក្រសួង​​មហាផ្ទៃ​ បង្ហាញ​ពី​ការ​ដំឡើង​៦៣​ភាគរយ​​ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក ដែល​នៅ​ពេល​នោះ​ក្រសួង​ទាំង​ពីរ​ទទួល​បាន​​​រួម​គ្នា​សរុប​​ចំនួន​៤០០​លាន​ដុល្លារ​។

ទាក់​ទិន​បញ្ហា​នេះ​ អ្នក​នាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ​ និង​ក្រសួង​មហាផ្ទៃ​​មិន​អាច​ទាក់​ទង​សុំ​​ការ​បំភ្លឺ​​បាន​ឡើយ​។ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​​បាន​មាន​ប្រសាសន៍​ថា ថវិកា​ដែល​​​​ដំឡើង​​សម្រាប់​ក្រសួង​របស់​លោក​​នឹង​ត្រូវ​ចំណាយ​ភាគច្រើន​​ទៅ​លើ​ប្រាក់​ខែ​គ្រូបង្រៀន​ និង​ការ​បណ្ដុះ​បណ្ដាល​។ ​​លោក​ថ្លែង​ថា ”​វា​នឹង​ធ្វើ​ឲ្យ​យើង​​មាន​​​ប្រាក់​សម្រាប់​ដំឡើង​ប្រាក់​​​ខែ​​។ ពេល​នេះ​​យើង​នឹង​ផ្ដោត​​លើ​ស្ថាន​ភាព​ប្រាក់​ខែ និង​ការ​បណ្ដុះ​​​បណ្ដាល​គ្រូបង្រៀន”។

លោក ហង់ ជួន ណារ៉ុន ដែល​​បាន​ក្លាយ​ជា​រដ្ឋមន្ត្រី​​​​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៣ បាន​ចាប់​ផ្ដើម​​យុទ្ធនាការ​​​លុប​បំបាត់​ការ​លួច​ចម្លង​អំឡុង​​​ពេល​ប្រឡង និង​អំពើ​ពុក​រលួយ​ផ្ទៃ​ក្នុង​ ដោយ​​​​ធ្វើ​​ឲ្យ​គ្រូបង្រៀន​​មាន​ប្រាក់​ខែ​ទាប​ជា​ច្រើន​​ដែល​​​​ច្រើន​​ឆ្នាំ​មក​នេះ​ពឹង​ផ្អែក​លើ​​ការ​ទារ​លុយ​​ក្រៅ​ផ្លូវ​ការ​ពី​សិស្ស​របស់​ខ្លួន​ ខឹង​សម្បារ​។ ​លោក​​ថ្លែង​ថា ”​ថវិកា​នេះ​​នឹង​អាច​ជួយ​បាន​។ ​​​ឆ្នាំ​ក្រោយ​​នឹង​ល្អ​ប្រសើរ​សម្រាប់​ប្រាក់​ខែ​ ការ​បណ្ដុះ​បណ្ដាល ហើយ​​ចាប់​ផ្តើម​​កំណែ​ទម្រង់​​របស់​យើង​”។

​ចំណែក​ឯ​​លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​​ គ.ជ.ប. បាន​មាន​ប្រសាសន៍​ថា ថវិកា​២៨​លាន​​ដុល្លារ​ដែល​ត្រូវ​បាន​បែងចែក​ឲ្យ​ គ.ជ.ប. នឹង​ជួយ​​​​ដល់​ការ​ប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​​​បង្កើត​​ប្រព័ន្ធ​​ចុះ​ឈ្មោះ​បោះ​ឆ្នោត​​​ថ្មី​បែប​ឌីជីថល​​ឲ្យ​​បាន​​មុន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៨។

លោក​​បាន​បន្ត​ថា ”​គ.ជ.ប.​រីក​រាយ​យ៉ាង​ខ្លាំង​ពេល​ឮ​ថា ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​បែង​ចែក​​ថវិកា​បន្ថែម​ទៀត​សម្រាប់​ គ.ជ.ប. ប៉ុន្តែ​​សព្វ​​ថ្ងៃ ​គ.ជ.ប. នៅ​តែ​ត្រូវ​ការ​មូលនិធិ​បន្ថែម​ទៀត​ដើម្បី​​ធ្វើ​ការ​ងារ​របស់​ខ្លួន​។ ​ដើម្បី​​​ឲ្យ​ការ​​​បោះ​ឆ្នោត​​​ទទួល​បាន​​លទ្ធផល​​ផ្លែ​ផ្កា​ដែល​​រាល់​គណបក្ស​នយោបាយ​​ដែល​ធ្វើ​ការ​​តវ៉ា​​ចំពោះ​​ការ​បោះ​ឆ្នោត​អាច​ទទួល​យក​បាន គ.ជ.ប. ​សូម​​​អំពាវ​នាវ​ឲ្យ​​​សហគមន៍​ជាតិ និង​អន្តរជាតិ​​​ជួយ​បរិច្ចាគ​​ថវិកា​បន្ថែម”។

កាលពី​ខែ​មិថុនា សហភាព​អឺរ៉ុប​បាន​សន្យា​​​​​ផ្ដល់​ជំនួយ​ប្រ​មាណ​១១លាន​ដុល្លារ​​​ដើម្បី​ជួយ​ដល់​ គ.ជ.ប. សម្រាប់​​រៀបចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​ ប៉ុន្តែ​ គ.ជ.ប. បាន​លើក​ឡើង​ថា ខ្លួន​​នៅ​សល់​ពេល​វេលា​​តិច​តួច​ណាស់​​នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​ចុះ​ឈ្មោះ​​ប្រជា​ពល​រដ្ឋ​ខ្មែរ​ឲ្យ​បាន​​គ្រប់រូប​​​តាម​ការ​សន្យា​​ក្នុង​កំណែទម្រង់​​ក្រោយ​ការ​បោះ​ឆ្នោត​​​​ឆ្នាំ​២០១៣។

លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​​អនុប្រធាន​​គណៈ​​កម្មការ​​​​ធនាគារ និង​ហិរញ្ញវត្ថុ​នៃ​រដ្ឋសភា បាន​​​​​​មាន​​ប្រសាសន៍​ថា សេចក្ដី​ព្រាង​ថវិកា​នេះ​​ពិបាក​នឹង​ធ្វើ​ការ​វិភាគ​ ដោយ​សារ​តែ​វា​​កម្រ​មាន​តម្លាភាព​លើ​វិធី​ដែល​ក្រសួង​​ទាំង​នេះ​ចំណាយ​ថវិកា​ដែល​ខ្លួន​ទទួល​បាន​។

លោក​​បាន​មាន​ប្រសាសន៍​ទៀត​ថា “​​ពេល​​​​និយាយ​​ដល់​ការ​​ចំណាយ​ គ្មាន​សេចក្ដី​លម្អិត​​ថា​ចំណាយ​​លើ​អ្វី​​នោះ​ទេ។ [មន្ត្រី] នៅ​តែ​អាច​​យក​​លុយ​ដាក់​ចូល​ហោប៉ៅ​ពី​៣០ទៅ​៤០​ភាគ​រយ​​​​នៃ​អ្វី​ដែល​ត្រូវ​បាន​បែង​ចែក​​ឲ្យ​ពួកគេ​។ ប្រសិន​បើ​យើង​អាច​​ចំណាយ​​ថវិកា​​នោះ​​បាន យើង​​នឹង​មិន​ចាំ​បាច់​​ខ្ចី​គេ​ទេ។ រដ្ឋា​ភិបាល​​អះអាង​ថា ខ្លួន​​​បាន​ខិត​ខំ​​យ៉ាង​ខ្លាំង​ដើម្បី​​​កែ​លម្អ​​ការ​​ប្រមូល​ចំណូល​​​​តាម​រយៈ​ពន្ធ​ដារ ​នោះ​ជា​មូលហេតុ​​​ដែល​មាន​ការ​កើន​ឡើង​​ខ្លះ ប៉ុន្តែ​ខ្ញុំ​ឮ​ថា គេ​នឹង​នៅ​តែ​ខ្ចីបុល​​​ប្រហែល​ចំនួន​​​១.០០០​លាន​ដុល្លារ​​នៅ​ឆ្នាំ​ក្រោយ។​បើ​​ក្រឡេក​មើល​បំណុល ដែល​ប្រទេស​​​កម្ពុជា​​ ​​​ជំពាក់​​ប្រទេស​​​ចិន​ ពេល​នេះ​យើង​ជំពាក់​៨.០០០​លាន​ដុល្លារ​​​​ហើយ​។ លុយ​វា​​ច្រើន​ណាស់​”។

លោក​ក៏​បាន​គូស​បញ្ជាក់​ពី​ការ​បង្កើន​ការ​ចំណាយ​លើ​​សន្តិសុខ​ដែរ ហើយ​បាន​មាន​ប្រសាសន៍​​ថា តម្លាភាព​បន្ថែម​ទៀត​នឹង​បង្ហាញ​​​ថា តើ​​លុយ​​ធ្លាក់​ទៅ​លើ​ដូច​ជា​ប្រាក់​ខែ​​ទាហាន​ ​​ឬ​សម្រាប់​ធ្វើ​ឲ្យ​មន្ត្រី​មាន​បាន​ និង​ជួយ​​ដល់​​ការ​​​បង្ក្រាប​ផ្នែក​នយោបាយ​។

លោក​បាន​បន្ត​ថា “​ប្រទេស​​ត្រូវ​ការ​ថវិកា​​ដើម្បី​ការ​ពារ​​ជាតិ។ វា​មិន​គួរ​​ត្រូវ​បាន​​ចំណាយ​​​ក្នុង​​គោល​បំណង​អំពើ​ពុករលួយ​​​​ ឬ​ដើម្បី​​ទប់​ទល់នឹង​ការ​ក្រោក​ឡើង​បញ្ចេញ​មតិ​​​ និងការ​​​​​ធ្វើ​​បាតុកម្មឡើយ​។ អស់​លោក​ត្រូវ​តែ​ស្មោះ​ត្រង់​​ជាមួយ​​​​​សាធារណជន។ តើ​លុយ​នឹង​ទៅ​ណា?”៕ សុខុម​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស