អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងកាលពីម្សិលមិញថា លោក ផែង វណ្ណៈ មន្ត្រីក្រសួងមហាផ្ទៃដែលត្រូវបានចោទប្រកាន់ពីបទគំរាមសម្លាប់ លោក កឹម សុខា អនុប្រធាន គណបក្សសង្គ្រោះជាតិ ត្រូវបានដកពីមុខតំណែង ហើយនឹងប្រឈមការបើកសវនាការ ជំនុំជម្រះពាក់ព័ន្ធការចោទប្រកាន់ពីបទបរិហារកេរ្តិ៍។
លោក ផែង វណ្ណៈ នាយរងការិយាល័យប្រឆាំងបទល្មើសបច្ចេកទេសនៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុងបានរងការរិះគន់កាលពីខែធ្នូឆ្នាំ២០១៣ ពេលគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ និងរូបរបស់លោក បានបង្ហោះរូបកាំភ្លើងខ្លី និងគ្រាប់កាំភ្លើងចំនួនប្រាំពីរគ្រាប់ អមដោយសារមួយដែលលើកឡើងថា គ្រាប់កាំភ្លើងនីមួយៗគឺមានគោលដៅលើផ្នែកផ្សេងៗគ្នានៃរាងកាយរបស់លោក កឹម សុខា ។
នៅក្នុងខែនេះលោក ផែង វណ្ណៈ បែរជាជាប់ពាក់ព័ន្ធនៅក្នុងរឿងរ៉ាវតាមហ្វេសប៊ុកដាច់ដោយឡែកមួយទៀត ដែលគេនិយាយថា លោកបានបង្ហោះឡើងវិញនូវការអះអាង ដែលថា លោកស្រី កែវ ម៉ាលី សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាគឺជាស្រីកំណាន់របស់ឧត្តមសេនីយ៍យោធាម្នាក់ជាការចោទប្រកាន់ដែលនាំឲ្យមានការដាក់ពាក្យប្តឹងមន្ត្រីក្រសួងព័ត៌មានម្នាក់ និងភរិយារបស់ឧត្តមសេនីយ៍យោធារូបេនះពីបទបរិហារកេរ្តិ៍ ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា “មានគេដាក់ពាក្យបណ្តឹង [ប្តឹងលោកវណ្ណៈ] ពីបទគំរាមសម្លាប់ និងបរិហារកេរ្តិ៍ជាសាធារណៈ។ ក្រសួងបានផ្ទេរគាត់ ខណៈកំពុងធ្វើការសើុបអង្កេត”។
ឧត្តមសេនីយ៍ ខៀវ សុភ័គ មិនចង់ឆ្លើយសំណួរទេ នៅពេលត្រូវបានសួរឲ្យបញ្ជាក់ថា តើបណ្តឹងមុនមានជាប់ពាក់ព័ន្ធនឹងការគំរាមសម្លាប់លោក កឹម សុខា កាលពីឆ្នាំ២០១៣ដែរឬអត់។ លោកបានឆ្លើយថា “ពួកគេចង់និយាយអ្វី ក៏និយាយទៅ”។
ពេលទាក់ទងកាលពីម្សិលមិញ លោក ផែង វណ្ណៈ ដែលត្រូវបានផ្ទេរទៅកាន់នាយករដ្ឋានបុគ្គលិកនៃក្រសួងមហាផ្ទៃ ដោយរង់ចាំការសើុបអង្កេត បានបញ្ជាក់ថា ចំណាត់ការនេះធ្វើឡើង ដោយសារមានពាក្យបណ្តឹងដែលប្តឹងដោយលោក កឹម សុខា និងលោកស្រី កែវ ម៉ាលី។
លោក ផែង វណ្ណៈ បានលើកឡើងថា លោកត្រូវបានសាកសួរកាលពីថ្ងៃទី២៩ ខែកញ្ញាដោយសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបរិហារកេរ្តិ៍លោកស្រី កែវ ម៉ាលី ប៉ុន្តែ លោកនៅតែលើកឡើងថា ខ្លួនគ្មានទោសកំហុសឡើយក្នុងករណីទាំងពីរនេះ។
លោកបាននិយាយទាក់ទិននឹងបទចោទគំរាមសម្លាប់លោក កឹម សុខា ថា “វាគឺជាសំណុំ រឿងចាស់ ហើយខ្ញុំមិនបានធ្វើរឿងនេះទេ។គេបានបង្កើតគណនីហ្វេសប៊ុកមួយមើលទៅដូចគណនីហ្វេសប៊ុករបស់ខ្ញុំ”។
លោកបានបន្ថែមថា “ខ្ញុំគឺជាមន្ត្រីអនុវត្តច្បាប់ ខ្ញុំមិនឆ្កួតទៅប្រើឈ្មោះរបស់ខ្ញុំដើម្បី បំភិតបំភ័យនរណាម្នាក់ឡើយ។ ទុកឲ្យក្រសួង និងអ្នកជំនាញធ្វើការសើុបអង្កេតចុះ”។
ទោះបីជាគ្មានព័ត៌មានលម្អិតពាក់ព័ន្ធនឹងស្ថានភាពនៃសំណុំរឿងគំរាមសម្លាប់ក៏ដោយ តែលោក ហីុង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានលើកឡើងថា សវនាការសម្រាប់សំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈគ្រោងធ្វើឡើងនៅថ្ងៃទី២៧ ខែតុលានេះ។
លោកស្រី កែវ ម៉ាលី ដែលជាសមាជិកព្រឹទ្ធសភាបានធ្វើឲ្យលោក ព្រំ សាន មន្ត្រីក្រសួងព័ត៌មាន ដែលបង្ហោះការអះអាងដែលថា លោកស្រី គឺជាស្ត្រីកំណាន់ទី៤របស់ឧត្តមសេនីយ៍ឯក សៀក សុជាតិ និងភរិយារបស់ឧត្តមសេនីយ៍ឯករូបនេះ គឺអ្នកស្រី មុំ ម៉ានុត ដែលក៏អះអាងតាមហ្វេសបុ៊កថា ស្វាមីរបស់ខ្លួនមានសាហាយស្មន់ជាមួយសមាជិកព្រឹទ្ធសភារូបនេះដែរនោះ ឡើងសវនាការរួចហើយ។
យោងតាមលោក ផែង វណ្ណៈ បានឲ្យដឹងថា ឥឡូវនេះលោកស្រី កែវ ម៉ាលី កំពុងទាមទារសំណងពីគាត់ចំនួន៥០០.០០០ដុល្លារ។
ដោយបន្តអះអាងថា ខ្លួនគ្រាន់តែបង្ហាញ ការអះអាងរបស់លោក ព្រំ សាន តាមហ្វេស ប៊ុកនោះ លោក ផែង វណ្ណៈ បាននិយាយកាល ពីម្សិលមិញថា “ខ្ញុំច្រានចោលការចោទប្រកាន់ នេះ ព្រោះគេបានចោទប្រកាន់ខ្ញុំពីបទផ្សព្វផ្សាយព័ត៌មានមិនពិត។ តើស្អីទៅជាព័ត៌មានមិនពិត? តើស្អីទៅជាការបរិហារកេរ្តិ៍?”។
លោកបាននិយាយបន្ថែមទៀតថា “ខ្ញុំបានសរសេរយ៉ាងច្បាស់ថា លោក ព្រំ សាន ត្រូវបានប្តឹងដោយលោកជំទាវ កែវ ម៉ាលី។ ហើយ ខ្ញុំបានដកស្រង់ហេតុផលដែលលោកជំទាវបានប្តឹង ព្រោះលោក ព្រំ សាន បានបង្ហោះព័ត៌មានតាមហ្វេសបុ៊ក”។
ពេលទាក់ទងកាលពីម្សិលមិញ លោកស្រី កែវ ម៉ាលី បដិសេធមិនធ្វើអត្ថាធិប្បាយឡើយ ដោយបង្វែរសំណួរទៅលោក ថេង ម៉េងអីុ មេធាវីរបស់លោកស្រី ដែលមិនអាច ទាក់ទងបាន៕ស៊ុយឈាង