បន្ទាប់ពីការប្រកាសនៅដើមខែនេះថា ប្រាក់ឈ្នួលអប្បបរមាប្រចាំខែក្នុងវិស័យកាត់ដេរនឹងត្រូវឡើងពី១២៨ដុល្លារដល់១៤០ដុល្លារនាឆ្នាំក្រោយនោះ សហជីពចំនួនប្រាំបីដែលតំណាងកម្មកររោងចក្រ បានចេញបញ្ជីទាមទារ១៣ចំណុចកាលពីថ្ងៃអង្គារ ដោយគំរាមតវ៉ាប្រសិនបើសំណើរបស់ខ្លួនត្រូវគេមិនយកចិត្តទុកដាក់នោះ។
សេចក្តីប្រកាសអំពាវនាវឲ្យរដ្ឋាភិបាល ម្ចាស់រោងចក្រ និង ក្រុមហ៊ុនល្បីៗ ដែលទិញពីពួកគេ ចូលរួមក្នុងការចរចាទាក់ទិននឹងការទាមទារ ក្នុងនោះមានការបង្កើនប្រាក់អាហារថ្ងៃត្រង់ ការបញ្ឈប់ប្រើកិច្ចសន្យារយៈពេលខ្លី ការដឹកជញ្ជូននិងការធ្វើឲ្យជីវភាពប្រសើរឡើង ទប់ស្កាត់តម្លៃទំនិញ សេវាប្រើប្រាស់ និងបញ្ឈប់ការរំខានផ្នែកផ្លូវច្បាប់ចំពោះមេដឹកនាំសហជីព។
សេចក្តីប្រកាសបាននិយាយថា “ក្នុងករណីរដ្ឋាភិបាល ក្រុមហ៊ុន អ្នកផលិត និងអ្នកទិញ មិនរៀបចំឲ្យមានការចរចានូវសំណូមពរខាងលើ យើងនឹងតវ៉ាទាមទារជាសាធារណៈនៅថ្ងៃខាងមុខដ៏ខ្លី”។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ជាសហជីពមួយក្នុងចំណោមសហជីពដែលនៅតែទាមទារ បាននិយាយថា ការបង្កើនប្រាក់ឈ្នួលអប្បបរមាគឺមិនគ្រប់គ្រាន់ដើម្បីធានាដល់ការរស់នៅសមរម្យរបស់កម្មករទេ។
លោកបាននិយាយថា “ប្រសិនបើនិយោជកនិងរដ្ឋាភិបាលយល់ព្រមតាមការទាមទារទាំងនេះ វានឹងធ្វើឲ្យការរស់នៅ[របស់កម្មករ]ប្រសើរឡើងរួមជាមួយនឹងប្រាក់ឈ្នួលអប្បបរមារបស់ពួកគេ ពីព្រោះយើងនៅតែមើលឃើញថា មានការរើសអើស និងការប្រើប្រព័ន្ធតុលាការ ដើម្បីដាក់សម្ពាធលើសហជីពដែលជួយកម្មករតស៊ូដើម្បីសិទ្ធិរបស់ពួកគេ”។
មុនការឈានដល់សេចក្តីសម្រេចប្រាក់ខែអប្បបរមាកាលពីថ្ងៃទី៨ខែតុលា សហជីពបាននិយាយថា ពួកគេនឹងពិចារណាអំពីការតវ៉ា ប្រសិនបើការទាមទាររបស់ពួកគេចង់បានប្រាក់ខែអប្បបរមាយ៉ាងហោចណាស់១៦០ដុល្លារមិនសម្រេចបានទេនោះ។ ទោះជាយ៉ាងនេះក្តី លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បាននិយាយថា ពួកគេបានសម្រេចចិត្តប្រកាន់យកទិសដៅផ្សេង។
លោកបាននិយាយថា “យើងមិនបង្ហាញថា យើងប្រឆាំងសេចក្តីសម្រេចរបស់និយោជកនិងរបស់រដ្ឋាភិបាលអំពីការបង្កើនប្រាក់ឈ្នួលអប្បបរមាទេ ហើយយើងយល់អំពីភាពចាំបាច់ត្រូវរក្សាការប្រកួតប្រជែងក្នុងតំបន់។ ដូច្នេះយើងទាមទារអត្ថប្រយោជន៍ផ្សេងសម្រាប់កម្មករ”។
កាលពីថ្ងៃអង្គារសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនផ្ទាល់ឆ្លើយតបទៅនឹងការដំឡើងប្រាក់ខែ ដោយបញ្ជាក់អំពីភាពចាំបាច់ក្នុងការបង្កើនផលិតភាព។
លោក កេន លូ អគ្គលេខាធិការ GMAC ត្រូវបានដកស្រង់សម្តីក្នុងសេចក្តីប្រកាសនោះថា “ឥឡូវយើងចាំបាច់ត្រូវមើលគ្រប់ភាគី ក្នុងនោះមានអ្នកទិញផង ផ្តោតលើការធ្វើឲ្យផលិតភាពប្រសើរឡើងផង ដើម្បីជួយទូទាត់ថ្លៃដើមឡើងខ្ពស់ និងរក្សាទុករោងចក្រឲ្យមានដំណើរការ”។
ថ្លែងតាមទូរស័ព្ទកាលពីថ្ងៃពុធ លោក លូ បាននិយាយថា GMAC នឹងចរចាជាមួយសហជីពអំពីសំណើថ្មីបំផុតរបស់ពួកគេ ប៉ុន្តែ មិនមែនក្នុងទម្រង់បច្ចុប្បន្នរបស់ពួកគេទេ។
លោកបាននិយាយថា “ពួកគេបានបង្ហាញបញ្ជីដ៏ធំ។ សំណើខ្លះសំដៅលើរដ្ឋាភិបាល ខ្លះសំដៅលើនិយោជក ដូច្នេះបើពួកគេបង្ហាញសំណើជាក់លាក់ជាងនេះ និងស្វែងរកការចរចា ឬពិភាក្សាជាមួយ GMAC ពេលនោះយើងបើកឲ្យមានការពិភាក្សាគ្នា”។
“ក៏ប៉ុន្តែ ប្រសិនបើការទាមទារធ្វើឡើងជាលក្ខណៈគំរាម នោះយើងមិនយកមកពិនិត្យទេ”។
លោក វីលលៀម ខង់លីន នាយកប្រចាំប្រទេសរបស់មជ្ឈមណ្ឌលសាមគ្គីភាព ជាក្រុមសិទ្ធិមនុស្សមានមូលដ្ឋាននៅអាមេរិក បាននិយាយថា បញ្ហាដែលសហជីពកំពុងលើកឡើង បានកើតឡើងយូរមកហើយក្នុងវិស័យនេះ ដែលមានកម្មករប្រហែល៧០០.០០០នាក់នៅទូទាំងប្រទេស។
លោកបាននិយាយថា “ម្យ៉ាងវិញទៀត GMAC ប្រកាសអំពីការចាំបាច់ឲ្យមានផលិតភាពច្រើនជាងនេះ។ អ៊ីចឹងរឿងទាំងនេះដែលសហជីពចង់បាន គឺការវិនិយោគក្នុងកម្លាំងការងារដែលនឹងនាំមកនូវផលិតភាពច្រើនជាងនេះ”៕ និត