លោក ហ៊ុន ម៉ានិត កូនប្រុសកណ្ដាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានចារកិច្ចនៃក្រសួងការពារជាតិ នេះបើយោងតាមអនុក្រឹត្យចេញដោយឪពុករបស់លោកកាលពីខែមុន ដោយធ្វើឲ្យលោកក្លាយជាកូនប្រុសទី២របស់នាយករដ្ឋមន្ត្រីដែលបានឡើងមុខតំណែងខ្ពស់ក្នុងជួរយោធា។
ការតែងតាំងនេះត្រូវបានលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិនិយាយការពារកាលពីម្សិលមិញ ដោយលោកបានលើកឡើងថា នរណាដែលចោទប្រកាន់លោក ហ៊ុន សែន ថាជាមនុស្សគ្រួសារនិយមចំពោះការដំឡើងឋានន្តរស័ក្ដិជាន់ខ្ពស់ក្នុងជួរយោធាឲ្យកូនរបស់ខ្លួននោះ គឺមុខជាមាន “បញ្ហាផ្លូវចិត្ត” ហើយ។
ឧត្ដមសេនីយ៍ទោ ហ៊ុន ម៉ានិត បានក្លាយជាមន្ត្រីយោធាមួយរូបក្នុងចំណោមមន្ត្រីយោធាជាន់ខ្ពស់វ័យក្មេងបំផុតនៅក្នុងប្រទេសក្នុងវ័យ៣៤ឆ្នាំ រួមជាមួយបងប្រុសរបស់លោកគឺឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មនៃក្រសួងការពារជាតិ។
លោកនឹងជំនួសតំណែងលោក ជា តារា នាយឧត្ដមសេនីយ៍ផ្កាយបួន និងជាអគ្គមេបញ្ជាការរងកងទ័ពដែលឡើងកាន់តំណែងជាប្រធាននាយកដ្ឋានចារកិច្ចយោធានៅក្នុងឆ្នាំ២០១២ ក្រោយពីលោក មុ៉ល រឿប ប្រធានដុះស្លែដ៏មានឥទ្ធិពលនៃនាយកដ្ឋាននេះ និងជាមន្ត្រីស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជា បានទទួលមរណភាព។
លោក ហ៊ុន សែន បានសរសេរនៅក្នុងអនុក្រឹត្យចុះខែកញ្ញា តែងតាំងកូនប្រុសរបស់លោកថា “ប្ដូរមុខតំណែងលោក ជា តារា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានចារកិច្ចយោធា ហើយតែងតាំងឧត្ដមសេនីយ៍ទោ ហ៊ុន ម៉ានិត ជាប្រធាននាយកដ្ឋានចារកិច្ចយោធា”។
នាយឧត្តមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍កាលពីម្សិលមិញថា សេចក្ដីសម្រេចនេះធ្វើឡើងជាយូរមកហើយ គ្រាន់តែមិនបានផ្សព្វផ្សាយជាសាធារណៈប៉ុណ្ណោះ។ លោកបានលើកឡើងទាំងអស់សំណើចថា “ម៉េចក៏អស់លោកទទួលបានព័ត៌មានយឺតម៉េស? នេះជាដំណឹងចាស់។ គាត់បានក្លាយជាប្រធាននាយកដ្ឋានចារកិច្ចយោធា ហើយគាត់ស័ក្ដិសមនឹងធ្វើជាប្រធាននាយកដ្ឋាន។ គាត់បានបម្រើការនៅទីនោះយូរហើយ ប៉ុន្តែគាត់ជាអនុប្រធាន ហើយពេលនេះគាត់បានក្លាយជាប្រធានហើយ។ គាត់ធ្វើការងារ [ចារកិច្ច] ហើយអាចដោះស្រាយបានគ្រប់បញ្ហា”។
រដ្ឋមន្ត្រីការពារជាតិរូបនេះថ្លែងថា នាយឧត្ដមសេនីយ៍ ជា តារា ប្រធាននាយកដ្ឋានចាស់ដែលទទួលបន្ទុកបញ្ជាទ័ពនៅតំបន់ជុំវិញប្រាសាទព្រះវិហារដែរនោះ បានសម្រេចចិត្តលាឈប់ពីតំណែងចារកិច្ចកំពូលនេះដោយខ្លួនឯង។ “លោក ជា តារា ជាអគ្គមេបញ្ជាការរង ហើយគាត់លាឈប់តែតំណែងប្រធាននាយកដ្ឋានចារកិច្ចយោធាប៉ុណ្ណោះ” ហើយបានពន្យល់ថា លោក ហ៊ុន ម៉ានិត គឺជាអ្នកស្នងតំណែងកំពូលនេះតាមធម្មតា។
លោកបានមានប្រសាសន៍បន្ថែមថា ”គាត់សកម្មនឹងការងារណាស់ គាត់មានបទពិសោធន៍ច្រើន។ កាលពីមុនគាត់ជាអនុប្រធាន ហើយពេលនេះគាត់ជាប្រធាន ពីព្រោះគាត់ធ្វើការបានល្អ និងត្រឹមត្រូវ ហើយទទួលបានសមិទ្ធផលជាច្រើន”។
លោកបានគូសបញ្ជាក់ថា ការអះអាងណាមួយដែលថាគ្រួសារនិយមមានពាក់ព័ន្ធនឹងការដំឡើងតំណែងកូនប្រុសរបស់នាយករដ្ឋមន្ត្រីរូបនេះគឺឆ្កួតហើយ។ “គេអាចនិយាយអីក៏បាន។ វាមិនត្រឹមត្រូវទេ ពួកគេមុខជាមានបញ្ហាផ្លូវចិត្តហើយ។ រឿងដែលសំខាន់បំផុតគឺថា [ប្រធាននាយកដ្ឋានរូបនេះ] ធ្វើឲ្យប្រទេសរបស់យើងមានការអភិវឌ្ឍ និងនាំមកនូវសន្តិភាព ហើយបុគ្គលនេះមានមហិច្ឆតា”។
ក្រៅពីឧត្ដមសេនីយ៍ទោ ហ៊ុន ម៉ានិត និងឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន មានកូនប្រុសទី៣ម្នាក់ទៀត គឺលោក ហ៊ុន ម៉ានី ដែលជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ និងជាប្រធានក្រុមយុវជនរបស់គណបក្សកាន់អំណាច។
ទាក់ទិនបញ្ហានេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ការដំឡើងតំណែងលោក ហ៊ុន ម៉ានិត ចុងក្រោយនេះគឺសមនឹងទទួលបាន ហើយវាមិនមែនជាការទម្លាក់តំណែងលោក ជា តារា ដែលនឹងបន្តកាន់មុខតំណែងផ្សេងទៀតជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនោះឡើយ។
លោកបានគូសបញ្ជាក់ថា “អស់លោកមិនចាំបាច់មានមន្ទិលសង្ស័យចំពោះរឿងនេះទេ។ វាជារឿងធម្មតាទេក្នុងការរៀបចំ និងផ្លាស់ប្ដូរតួនាទី។ តាមដែលខ្ញុំដឹង លោក ជា តារា មានមុខតំណែងពីរ ឬបី ដូច្នេះហើយគាត់ក៏ចែករំលែកការងាររបស់គាត់ខ្លះទៅ។ [ឧត្ដមសេនីយ៍ទោ ហ៊ុន ម៉ានិត] ស័ក្តិសមនឹងលក្ខខណ្ឌនេះ ដូច្នេះរដ្ឋាភិបាលក៏ដំឡើងតំណែងគាត់។ វាមិនដូចអ្វីដែលគេនិយាយថាសម្ដេចនាយករដ្ឋមន្ត្រីជាអ្នកជ្រើសរើស និងតែងតាំងលោកឡើយ។ គឺមានសំណើពីក្រសួងការពារជាតិ បន្ទាប់ពីគេពិនិត្យឃើញថា លោកមានលក្ខណសម្បត្តិគ្រប់គ្រាន់។ ខ្ញុំជឿលើសមត្ថភាពរបស់លោក ហ៊ុន ម៉ានិត ហើយវាជាការអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាល និងគណបក្សប្រជាជនដែរក្នុងការបណ្ដុះបណ្ដាលយុវជនឲ្យស្នងតំណែង និងធ្វើជាទំពាំងស្នងឫស្សីដែលមានគុណភាព និងសមត្ថភាពក្នុងបំពេញការងារ។ វាមិនមែនជារឿងបក្ខពួកនិយមទេ ពីព្រោះពួកគាត់ស័ក្ដិសមនឹងលក្ខខណ្ឌ ហើយមានចំណេះដឹង”។
ទោះជាយ៉ាងណា លោក អំ សំអាត ប្រធានបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា មិនថាលោក ហ៊ុន ម៉ានិត មានលក្ខណសម្បត្តិយ៉ាងណាទេ ពោលគឺការដំឡើងតំណែងរបស់លោកគេចមិនផុតពីការត្រូវគេបកស្រាយថាឡើងតាមរយៈគ្រួសារនិយមឡើយ។
លោកបានលើកឡើងទៀតថា ”យោងតាមគោលការណ៍របស់ពួកគេ ការដំឡើងតំណែងគាត់គឺដោយសារសមិទ្ធផល និងសមត្ថភាពរបស់គាត់។ ចំណែកឯសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិយល់ឃើញថា គាត់ត្រូវបានដំឡើងតំណែងដោយសារឪពុករបស់គាត់”៕ សុខុម