លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញថា ប្រជាពលរដ្ឋសាមញ្ញនៅក្នុងប្រទេសនឹងទទួលបានការមិនយកពន្ធមួយចំនួនចាប់ពីឆ្នាំ២០១៦ទៅ ដោយពន្ធផ្លូវលើម៉ូតូ រ៉ឺម៉កម៉ូតូ និងគ្រឿងចក្រកសិកម្មត្រូវលុបចោល រួមទាំងថ្លៃតូបនៅក្នុងផ្សារគ្រប់គ្រងដោយរដ្ឋផងដែរ។
ដោយនិយាយតាមបែបភាសាសាមញ្ញអំឡុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិនចំណាយអស់ទឹកប្រាក់ចំនួន២៧,៥លានដុល្លារដែលជាជំនួយរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ប្រជាពលរដ្ឋនឹងមិនចាំបាច់គេចពីអ្នកប្រមូលពន្ធទៀតឡើយ។
លោកបានមានប្រសាសន៍ថា ”ចាប់ពីឆ្នាំក្រោយនេះទៅ ពន្ធផ្លូវសម្រាប់ម៉ូតូ ម៉ូតូកង់បី សម្រាប់គ្រឿងយន្តកសិកម្ម ជាត្រាក់ទ័រ ជាគោយន្ត ជាទូក កាណូត ហៅថា ជលយានអត់ ត្រូវយកពន្ធទៀតទេ។ លុបចោលហើយ”។
ពន្ធផ្លូវក្នុងពេលបច្ចុប្បន្នមានតម្លៃខុសៗគ្នាអាស្រ័យលើប្រភេទយានយន្ត ប៉ុន្តែ ពន្ធផ្លូវសម្រាប់ម៉ូតូជាទូទៅមានតម្លៃចន្លោះពី១ដុល្លារទៅ២ដុល្លារក្នុងមួយឆ្នាំ។
ដោយឈរនៅលើឆាកភាគខាងកើតចុងស្ពានថ្មី លោក ហ៊ុន សែន បានប្រាប់អ្នកចូលរួមប្រហែល១.០០០នាក់ថា ការមិនយកពន្ធនឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋជាង១លាននាក់ ដែលមានម៉ូតូក្នុងរាជធានីភ្នំពេញ។
លោកបានមានប្រសាសន៍បន្តថា “នេះជាការដែលប្រជាជនទទួលផល ដោយគាត់ធ្លាប់ យកអាលុយហ្នឹងមកបង់ពន្ធ ឥឡូវមិនចាំបាច់បង់ពន្ធទៀតទេ។ មុននេះ អ្នកដែលមិនបានបង់ពន្ធត្រូវជិះគេចផ្លូវពីនគរបាលចរាចរ ឥឡូវនេះមិនចាំបាច់គេចទៀតទេចាប់ពីឆ្នាំក្រោយទៅ”។ លោកបានមានប្រសាសន៍បន្តទៀតថា ”ក្រៅពីនោះក៏សូមជូនប្រជាពលរដ្ឋដែលជាអាជីវករផងដែរ ក៏បានលុបចោលនូវរបបម៉ៅការ គេហៅថា ពន្ធតាមរបបម៉ៅការ ហើយក៏នឹងកាត់បន្ថយតម្លៃបា៉តង់ តាមទំហំក្រុមហ៊ុនពាណិជ្ជកម្ម”។ បច្ចុប្បន្នអាជីវករនៅតាមផ្សារគ្រប់គ្រងដោយរដ្ឋត្រូវបង់ថ្លៃប្រចាំខែចន្លោះពី៥ដុល្លារទៅ៧,៥ដុល្លារ។
លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការមិនយកពន្ធនេះនឹងធ្វើឲ្យខាតបង់ប្រាក់ចំណូលដល់រដ្ឋាភិបាល ហើយបានជំរុញឲ្យប្រជាពលរដ្ឋបង់ពន្ធជាលើកចុងក្រោយនៅត្រឹមតំណាច់ឆ្នាំនេះ។
លោកបានមានប្រសាសន៍ថា “នៅសល់បីខែទៀតបានចប់ សូមអំពាវនាវអ្នកដែលមិនទាន់បានបង់ពន្ធ មេត្តាចូលទៅបង់ពន្ធ ព្រោះខ្ញុំព្រះករុណាខ្ញុំអត់មានសិទ្ធិលុបចោលច្បាប់ហ្នឹងទេ។ ចាត់ទុកថា ជាការបង់ពន្ធលើកចុងក្រោយ ដើម្បីរួមវិភាគទានជួសជុលផ្លូវថ្នល់។ សូមមកបង់ពន្ធទុកជាអនុស្សាវរីយ៍”។
នៅក្រៅពិធីសម្ពោធនេះ លោក វង្សី វិសុទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា វិធានការថ្មីនេះនឹងជួយសម្រាលបន្ទុកមន្ត្រីរបស់លោកដែលធ្វើការច្រើនជ្រុល និងដែលលោកលើកឡើង ថា បានចំណាយពេលជាង៦០ភាគរយរបស់ខ្លួនទៅប្រមូលពន្ធតូចតាច។
លោករដ្ឋលេខាធិការរូបនេះបានមានប្រសាសន៍ថា ”ជាសេដ្ឋកិច្ច វាអត់មានប្រសិទ្ធភាព។ ហើយជាសង្គមវិញការដើរទារពន្ធពីប្រជាពលរដ្ឋតូចតាចវាគ្មានផ្តល់ផលអីទេ។ហេតុដូច្នេះវាជាការខ្ជះខ្ជាយពេលវេលា និងជាការធ្វើឲ្យពលរដ្ឋមួរម៉ៅ។ ឧទាហរណ៍ជារៀងរាល់ខែ មន្ត្រីចុះទៅទារពន្ធចុះឡើងៗ។ អ៊ីចឹងលុបវាចោលបណ្តោយទៅ”៕ ស៊ុយឈាង