38 C
Phnom Penh

លោក ឌីមីទ្រី ម៉េដវេដេវ នាយករដ្ឋមន្ត្រី​នៃ​​​ប្រទេស​​​រុស្ស៊ី​ នឹង​មក​បំពេញ​ទស្សនកិច្ច​នៅប្រទេស​​​​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​ប្រកាស​អំឡុង​​ពេល​ថ្លែង​សុន្ទរកថា​កាលពី​ម្សិល​មិញ​ក្នុង​ពិធី​សម្ពោធ​ដាក់​​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​មិត្តភាព​​កម្ពុជា​-ចិន ក្នុង​រាជធានី​ភ្នំពេញ​ថា លោក ឌីមី​ទ្រី ម៉េដវេដេវ (Dmitry Medvedev) ​​​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​ខែ​វិច្ឆិកា។

លោក ហ៊ុន សែន បាន​លើក​ឡើង​ថា លោក​ ឌីមី​ទ្រី ម៉េដវេដេវ ​នឹង​មក​ដល់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី២៣ និង​ថ្ងៃទី​២៤ ខែវិច្ឆិកា ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​គោល​បំណង​​នៃ​ការ​​មក​បំពេញ​ទស្សនកិច្ច​របស់​លោក​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា “​បើ​គ្មាន​ការ​ផ្លាស់​ប្ដូរ​ទេ នាយក​រដ្ឋមន្ត្រីរុស្ស៊ី​នឹង​ម​ក​បំពេញ​ទស្សនកិច្ច​នៅ​​ភ្នំពេញ​នៅ​ថ្ងៃ​ទី២៣ និង​ថ្ងៃទី២៤”។ លោក​បាន​បន្ថែម​ថា លោក​នឹង​ជួប​​ជាមួយ​​នាយក​រដ្ឋមន្ត្រី​រូប​នេះ​ដោយ​ផ្ទាល់​បន្ទាប់ពី​ត្រឡប់​ពី​​កិច្ច​ប្រជុំកំពូល​អាសា៊ន​នៅ​​​ក្នុង​ប្រទេស​ម៉ាឡេស៊ីវិញ។

លោក​​បាន​​មាន​ប្រសាសន៍​បន្ថែម​ថា “​ប្រជុំ អាស៊ាន​ចប់​ភ្លាម​ ត្រូវ​​ហោះ​ភ្លាម​មក​ភ្នំពេញ​ដើម្បី​​ឲ្យ​បាន​មុន​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​”។

​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​របស់​លោក លោក​ ឌីមីទ្រី មេ៉ដវេដេវ នឹង​ក្លាយ​ជា​មន្ត្រី​បរទេស​ទី១​​ដែល​ឆ្លង​កាត់​ស្ពាន​អាកាស​តិចណូដែល​​កំពុង​សាង​សង់​ក្នុង​ពេល​បច្ចុប្បន្ន​​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​​ ដោយ​គ្រោង​នឹង​​បើក​ឲ្យ​ដំណើរការ​នៅ​ថ្ងៃទី២១ ខែ​វិច្ឆិកា។

តំណាង​មក​ពី​ស្ថានទូត​រុស្ស៊ី​ប្រចាំ​រាជ​​​ធានី​​​ភ្នំពេញ ​មិន​បាន​បញ្ជាក់​ ឬ​បដិសេធ​​​ចំពោះ​ការ​មក​បំពេញ​ទស្សនកិច្ច​នេះ​ឡើយ​ ពេល​ទាក់​ទង​កាលពី​ម្សិលមិញ។

លោក​​​ ឌីមីទ្រី ម៉េដវេដេវ ​គឺ​ជា​​សម្ពន្ធមិត្ត​យ៉ាង​ជិតស្និទ្ធ​របស់​លោក​​ វ្លា៉ឌីមៀ ពូទីន ​ប្រធា​​​នា​ធិបតី​រុស្ស៊ី។ ​ពេល​​លោក​ វ្លា៉ឌីមៀ ពូទីន ​ត្រូវ​​ចុះ​ចេញ​ពី​តំណែង​កាលពី​ឆ្នាំ​២០០៨ ដោយ​សារ​ការ​កំណត់​អាណត្តិ​​ប្រធា នាធិបតី​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ​លោក ឌីមីទ្រី ​​​ម៉េដវេដេវ ​បាន​​​ធ្វើ​​ជា​ប្រធានាធិបតីរុស្ស៊ី​រយៈ​ពេល​៤ឆ្នាំ មុន​ពេល​​ក្លាយ​ជា​នាយក​​​រដ្ឋ​​​មន្ត្រី​​កាលពីឆ្នាំ​២០១២៕ ស៊ុយឈាង​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស