រយៈពេល២៤ឆ្នាំបន្ទាប់ពីភាគីនយោបាយច្បាំងគ្នាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ជាកិច្ចព្រមព្រៀងដ៏ទូលំទូលាយ ដើម្បីបញ្ចប់នូវសង្គ្រាមស៊ីវិល និងកសាងលទ្ធិប្រជាធិបតេយ្យឡើងវិញនៅកម្ពុជា លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងបានមានប្រសាសន៍កាលពីថ្ងៃសុក្រថា ការសន្យាជាច្រើនមិនទាន់បានបំពេញនៅឡើយ។
ក្នុងពិធីប្រារព្ធខួបនៃកិច្ចព្រមព្រៀងនៅខេត្តកំពង់ស្ពឺ លោក សុខា បានប្រាប់អ្នកគាំទ្រថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាខកខានជាងពីរទសវត្សរ៍មកនេះមិនបានអនុវត្តចំណុចរបស់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះទេ។
លោក សុខា បានមានប្រសាសន៍ថា “ជាទូទៅ តាមការសង្កេតឃើញថា នៅមានចំណុចមួយចំនួនក្នុងស្មារតីនៃកិច្ចព្រមព្រៀងនេះ នៅមានការខ្វះខាតក្នុងការអនុវត្តនៅឡើយ គឺការរៀបចំគ្រឹះនៃប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស”។
លោក សុខា បានមានប្រសាសន៍បន្តថា រដ្ឋាភិបាលខកខានមិនបានរៀបចំការបោះឆ្នោតឲ្យមានលក្ខណៈសេរី និងយុត្តិធម៌ មិនទាន់បានបង្កើតឲ្យមានតុល្យភាពប្រកបដោយប្រសិទ្ធភាពចំពោះអំណាចនីតិប្រតិបត្តិ ឬក៏ធានាឲ្យបាននូវឯករាជ្យភាពរបស់ប្រព័ន្ធតុលាការនៅឡើយទេ។
លោកអនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះបានមានប្រសាសន៍ថា “ដូច្នេះខ្ញុំយល់ឃើញថា ដើម្បីកុំឲ្យសង្គ្រាមបង្ហូរឈាមខ្មែរតទៅទៀត និងដើម្បីកុំឲ្យបរទេសឆ្លៀតឱកាសឈ្លានពានត្រួតត្រាខ្មែរទៀត និងដើម្បីកុំឲ្យរបបកុម្មុយនិស្តផ្តាច់ការមកគ្រប់គ្រងខ្មែរទៀត…អ្នកនយោបាយខ្មែរទាំងអស់មិនត្រូវបោះបង់ចោលនូវស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះឡើយ”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានច្រានចោលការអះអាងរបស់លោក សុខា ប៉ុន្តែបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងសន្តិភាពត្រូវបានជំនួសដោយរដ្ឋធម្មនុញ្ញជាឯកសារមគ្គុទេសក៍សម្រាប់គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
លោក ស៊ីផាន បានមានប្រសាសន៍ថា “ខ្ញុំគិតថាអ្វីដែលលោក កឹម សុខា បាននិយាយគឺគ្មានមូលដ្ឋានទេ។ យើងជឿជាក់លើគោលការណ៍នៃសេរីពហុបក្ស និងសិទ្ធិមនុស្ស”។
លោក ស៊ីផាន បានមានប្រសាសន៍បន្តថា “កឹម សុខា សុំឲ្យរដ្ឋាភិបាលគោរពកិច្ចព្រមព្រៀងសន្តិភាព។ គ្មានគោលការណ៍បែបហ្នឹងដើម្បីគោរពកិច្ចព្រមព្រៀងក្រុងប៉ារីសទេ។ ប៉ុន្តែយើងគោរពរដ្ឋធម្មនុញ្ញ”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអបអរខួបកិច្ចព្រមព្រៀងនេះ ដោយចេញសារនៅលើហ្វេសប៊ុករបស់លោកដោយពន្យល់ថាកិច្ចព្រមព្រៀងបានត្រួសត្រាយផ្លូវដើម្បីអភិវឌ្ឍ។
សារបង្ហោះលើហ្វេសប៊ុកបានសរសេរថា “ដោយសារសន្តិភាព ទើបយើងមានឱកាសកសាងសមិទ្ធិផលជាច្រើនសម្រាប់ប្រទេសជាតិយើង”ដូចជាការសាងសង់អគារខ្ពស់ៗ ស្ពានថ្មី សួនច្បារ មានសោភ័ណភាព និងផ្លូវថ្មើរជើងប្របមាត់ទន្លេក្រុងភ្នំពេញ។
“សូមសុខសន្តិភាពបន្តកើតមានដល់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូល”៕(រាយការណ៍បន្ថែមដោយ Colin Meyn) រើន