33 C
Phnom Penh

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​​មាន​សង្គ្រាម​​​នៅ​ក្នុង​ចិត្ត​រួច​ជា​ស្រេច នៅ​ពេល​គិត​ដល់​បរាជ័យ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ថ្លែង​​​អំឡុង​​​ពិធី​​​សម្ពោធ​​​ដាក់​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​ស្ពាន​​​មិត្ត​​​ភាព​​​កម្ពុជា​​​-ចិន ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ កាល​​​ពីថ្ងៃ​​​ព្រហស្បតិ៍ ទី២២ ខែតុលា ។ រូបថតៈ សីុវ ចាន់ណា​​​/The Cambodia Daily
​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ថ្លែង​​​អំឡុង​​​ពិធី​​​សម្ពោធ​​​ដាក់​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​ស្ពាន​​​មិត្ត​​​ភាព​​​កម្ពុជា​​​-ចិន ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ កាល​​​ពីថ្ងៃ​​​ព្រហស្បតិ៍ ទី២២ ខែតុលា ។ រូបថតៈ សីុវ ចាន់ណា​​​/The Cambodia Daily

ព័ត៌មាន​វិភាគ

រយៈ​ពេល​២៤​ឆ្នាំ​ក្រោយ​​ពី​មាន​សន្តិភាព​​ដែល​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​រយៈ​ពេល​​ពីរ​ទសវត្សរ៍​​នៅ​កម្ពុជា​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​​សែន ដែល​ជា​​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​​នាំ​មក​នូវ​សន្តិភាព បាន​ចាប់​ផ្ដើម​​​​និយាយ​​​គាំទ្រ​​ខ្លាំង​​ចំពោះ​សង្គ្រាម​​ក្រោយ​ដែល​លោក​​​​​​​អះអាង​ឡើង​ថា​នឹង​ហែកហួរ​​ប្រទេស​​នេះ​។

ជាមួយ​នឹង​សារ​បញ្ជាក់​ថា សន្តិភាព​អាច​បន្ត​ទៅ​បាន​​​លុះ​ត្រា​​តែ​លោក​ស្ថិត​ក្នុង​អាណត្តិ​​​កាន់​អំណាច​នោះ ​នៅ​ក្នុង​​​ខែ​កន្លង​ទៅ​ លោក​​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ឲ្យ​ប្រផ្នូល​ថា​នឹង​មាន​ការ​​កាប់​សម្លាប់​​​រង្គាល​លើ​​ក្រុម​អុិស្លាម​​​​​សាសនិក​ ការ​បះបោរ​ពី​សំណាក់​ក្រុម​​អ្នក​មាន ​​និង​​ការ​វិល​ទៅ​រក​ខ្មែរ​ក្រហម​វិញ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​​ឈ្នះ​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៨។

ការ​គំរាម​កំហែង​ទាំង​នេះ​មាន​កាន់​តែ​ខ្លាំង​​​ឡើង​កាលពី​សប្ដាហ៍​មុន នៅ​ពេល​លោក ហ៊ុន ​​​សែន ​​​ឲ្យ​ប្រផ្នូល​ថា​នឹង​មាន​ការ​បះបោរ​​​ពី​សំណាក់​មេបញ្ជាការ​យោធា​ និង​នគរ​បាល​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ​ក្រោម​របប​​ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ពេល​គិត​ដល់​រដ្ឋាភិបាល​​​ជាប់​ឆ្នោត​ថ្មី​របស់​​​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ព្យាយាម​ជំនួស​តំណែង​មេ​បញ្ជា​ការ​ពីរ​រូប​ដែល​ជា​សមាជិក​ នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​ព្រមាន​​​​​ថា “ពួក​នេះ​នឹង​ទាញ​កម្លាំង​ដាក់​ភឹង។ សង្គ្រាម​​​​ផ្ទៃ​ក្នុង​នឹង​ផ្ទុះ​ឡើង”។

វា​​ជា​​ការ​ទទួល​ស្គាល់​របស់​លោក  ហ៊ុន   សែនដែល​កាល​​​ពីមុន​ជា​រឿង​ដ៏​កម្រ ប៉ុន្តែ​ដែល​ពេល​នេះ​កាន់​​តែ​ធម្មតា​ទៅៗ​ថា មុខ​មាត់​​​មិន​ចេះ​ចាញ់​របស់​លោក​កំពុង​ប្រឈម​នឹង​តេស្ត​សាក​ល្បង​ដ៏​ស្វិត​ស្វាញ​បំផុត​ចាប់​​តាំង​ពី​ឆ្នាំ​១៩៩៧​មក ដែល​ពេល​នោះ​លោក​​​​បាន​ហៅ​​ឲ្យ​កង​ទ័ព​​ជួយ​ការ​ពារ​​​​​គណ​បក្ស​​ប្រជា​ជន​កម្ពុជា ប្រឆាំង​នឹង​​​គណបក្ស​ហ្វុ៊នស៊ិនប៉ិច ដោយ​ទម្លាក់​​ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ ចេញពី​អំណាច​។

ប៉ុន្តែ​​ដោយ​​​បច្ចុប្បន្ន​មាន​ស្ថានភាព​​​នយោ​បាយ​​ធូរ​ស្រាល​​​ជា​មួយ​​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កាន់​តែ​ស្លូត​ទៅៗ ​ដោយ​​​មាន​ជំនឿ​​​ចិត្ត​ថា មាន​តែ​ការ​រួបរួម​ថ្មី​​ និង​​មិន​ធ្លាប់​មាន​របស់​ខ្លួន​​ប៉ុណ្ណោះ​ដែល​អាច​នាំ​ខ្លួន​ទៅ​រក​ភាព​​​​ជោគ​ជ័យ​នោះ លោក​ ហ៊ុន សែន ​គួរ​តែ​រីក​រាយ​​នឹង​​ផ្លែផ្កា​នៃ​ជ័យជម្នះ​ឆ្នាំ​២០១៣​របស់​លោក។

លោក ដេវិដ ឆាណ្ឌល័រ ​​ជា​ប្រវត្តិ​វិទូដ៏​ល្បី​ល្បាញ​​ដែល​សិក្សា​អំពី​​​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ ​បាន​លើក​ឡើង​តាម​​រយៈ​សារ​អេ​ឡិច​ត្រូនិក​​​មួយ​កាលពី​ម្សិលមិញ​ថា “​ខ្ញុំ​មិន​​ដឹង​​ថា ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន ​ហិង្សា​ខ្លាំង​យ៉ាង​នេះ​ទេ”។ លោក​បាន​បន្ថែម​ថា ការ​ព្រមាន​​​លើក​ចុង​ក្រោយ​របស់​លោក ហ៊ុន សែន ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ដល់​​សម័យ​កាល​​​ដ៏​អស្ថិរភាព​មួយ​​កាល​ពី​​អតីតកាល។

លោក​បាន​បន្ត​ថា ”​គាត់​​ហាក់​ដូច​ជា​កំពុង​អនុវត្ត​តាម​សេណារីយ៉ូ​មួយ​​​​ទាំង​មិន​ដឹង​ខ្លួន​ដែល​បង្កើត​ឡើង​ដោយ​ព្រះ​អង្គ​ម្ចាស់ សីហនុ ​នៅ​ក្នុង​​ទសវត្សរ៍​ឆ្នាំ​១៩៦០ ​ដោយ​សារ​​​មាន​​ភាព​អំនួត​ខ្លាំង​ពេក មាន​មនុស្ស​ជំនិត​ដែល​​ចាំ​តែ​បញ្ជោរ​​ច្រើន​ពេក និង​​​ការ​គំរាម​​​កំហែង​​ជាក់​ស្តែង និង​ស្រមើស្រមៃ​ច្រើន​​ពេក​​ដែល​​បាន​ធ្វើ​ឲ្យ​ព្រះអង្គម្ចាស់​បាត់​បង់​​ម្ចាស់​ការ​ស្រដៀង​​គ្នា​នេះ”។

ការ​ព្រមាន​កាល​ពី​ពេល​​ថ្មីៗ​នេះ​​​​របស់​លោក ហ៊ុន សែន ​​អំពី​សង្គ្រាម​​ និង​ការ​វិល​​​ទៅ​​រក​ខ្មែរ​ក្រហម​វិញ ​ត្រូវ​បាន​ផ្ដោត​ជា​​ពិសេស​​លើ​ផែនការ​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង ​ក្នុង​ការ​បង្កើត​តុលាការ​មួយ​​​ដើម្បី​ដក​ហូត​​ដីធ្លី​ដែល​ក្រុម​អ្នក​មាន​​បាន​លួច​ប្លន់​​​យក​ទៅ​ ហើយ​ប្រគល់​វា​​ឲ្យ​ទៅ​អ្នក​ក្រ​វិញ។

​​​​​​ជា​គោល​នយោបាយ​មួយ​ដែល​ទំនង​ជា​មាន​ប្រជាប្រិយភាព​ចំពោះ​ប្រជាជន​ក្រីក្រ​នៅ​តាម​​ជនបទ​ដែល​គ្មាន​ដីធ្លី​កាន់​តែ​ច្រើន​ឡើង​ ​ដែល​ធ្លាប់​ជា​មូលដ្ឋាន​គាំទ្រ​​របស់​​គណ​បក្ស​ប្រជាជន​កម្ពុជា លោក​ ហ៊ុន សែន បាន​​ប្រាប់​​ទៅ​ក្រុម​​អ្នក​មាន​ថា ផែន​ការ​នេះ​នឹង​នាំ​មក​នូវ​​គ្រោះ​មហន្តរាយ។

លោក ហ៊ុន សែន បាន​ប្រាប់​​ទៅ​ក្រុម​ឧកញ៉ា​ដែល​ចូល​រួម​ក្នុង​ពិធី​មួយ​កាលពី​ខែ​មុន​ថា “​បើ​ជាប់​ឆ្នោត​ [គណបក្ស​សង្គ្រោះ​ជាតិ​​​និយាយ​ថា] គេ​នឹង​ដោះ​ស្រាយ​នេះ​ដោះ​ស្រាយ​នោះ ប៉ុន្តែ​ខ្ញុំ​ហ៊ាន​និយាយ​ថា អ្នក​ទាំង​អស់​គ្នា​នៅ​ទីនេះ​សុទ្ធតែ​ជា​សត្រូវ​របស់​គេ។ ​​ដូច្នេះ តើ​វា​មាន​សន្តិភាព​ទេ? ឧកញ៉ា​ទាំង​អស់​​​សុទ្ធ​តែ​ជា​សត្រូវ​វណ្ណៈ​របស់​គេ ហើយ [គណ​​បក្ស​សង្គ្រោះ​ជាតិ​] នឹង​រឹប​អូស​​សណ្ឋាគារ​​របស់​​អស់​លោក​​ដើម្បី​ប្រគល់​ឲ្យ​ទៅ​អ្នក​ក្រ​។ តើ​វា​មាន​សន្តិភាព​ទេ?”។

លោក ចន ឈើស្យារី (John Ciorciari) ជា​សាស្ត្រាចារ្យ​​​ជំនាញសិក្សា​​​ស្រាវ​​​ជ្រាវ​​​ពី​​​​កម្ពុជា  នៅ​សាលា​​គោល​​​​នយោបាយ​សាធារណៈ​ Gerald ​​​R.Ford School of Public Policy នៃ​សាកល​វិទ្យាល័យ​មីឈីហ្គែន (University of Michigan) បាន​មាន​ប្រសាសន៍​ថា ការ​ព្រមាន​បែប​នេះ​​អាច​​​ច្រាន​​​​ចោល​​​​បាន​​ថា​មិន​មែន​ជា​​ស្នៀត​​បន្លាច​​ទាក់​ទិន​​​​​​​ការ​បោះ​ឆ្នោត​​ ប្រសិន​បើ​លោក ហ៊ុន សែន ​​​មិន​ធ្លាប់​មាន​ប្រវត្តិ​ហិង្សា​ទេ​នោះ​​។

លោក​បាន​សរសេរ​នៅ​ក្នុង​​សារ​អេឡិច​ត្រូនិក​​​​មួយ​ថា “​​វា​អាច​ទៅ​រួច​ដែល​ថា ការ​​ព្រមាន​របស់​លោក ហ៊ុន សែន ចំពោះ​ប្រតិ​កម្ម​​ខ្លាំងក្លា​របស់​យោធា​ គឺ​ជា​ការ​អួត​​អាង​ពាក់​​​ព័ន្ធ​ការ​បោះ​ឆ្នោត ប៉ុន្តែ​​ដោយ​សារ​តែ​​កន្លង​មក​​​​​គាត់​​ធ្លាប់​មាន​​ឆន្ទៈ​ប្រើ​ប្រាស់​កម្លាំង​​ដើម្បី​​​អត្ថ​ប្រយោជន៍​​​នយោបាយ​នោះ ត្រូវ​តែ​ពិចារណា​អំពី​វា​ដោយ​​ប្រុង​ប្រយ័ត្ន។ វា​​អាច​ទៅ​រួច​​​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ​នឹង​ប្រគល់​អំណាច​ដោយ​សន្តិវិធី​​ ប្រសិន​បើ​ខ្លួន​ចាញ់​ឆ្នោត។ ពេល​ខ្លះ​​របប​ផ្ដាច់​ការ​ក៏​អាច​ចាក​​​​ចេញ​ដោយ​​គ្មាន​ការ​តតាំង​​ដែរ​ ប៉ុន្តែ​​ពេល​នេះ​វា​ឆាប់​រហ័ស​ពេក​ហើយ​​​ដែល​គិត​ថា ការ​​​​ប្រគល់​អំណាច​នឹង​ធ្វើ​ឡើង​ដោយ​សន្តិវិធី។ កម្រិត​នៃ​ការ​ជឿ​ទុក​ចិត្ត​គ្នា​​រវាង​លោក ហ៊ុន សែន និង​លោក​ សម រង្ស៊ី កើន​ឡើង​​កាន់​តែ​ខ្លាំង​ មាន​ការ​រំពឹង​ថា នឹង​មាន​អន្តរកាល​ដោយ​​​​​សន្តិវិធី ​​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ ប៉ុន្តែ​គ្មាន​ការ​ធានា​ឡើយ​។ វា​អាច​ជា​ការ​ពិត​ដូច​ការ​សន្យា​​របស់​ថ្នាក់​ដឹកនាំ​គណ​បក្ស​​​ប្រជាជន​ថា​នឹង​គោរព​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​”។​​​​

លោក សុខ ឥសាន អ្នកនាំពាក្យ​​គណបក្ស​ប្រជាជន​កម្ពុជា​​​​​​ បាន​មាន​ប្រសាសន៍​​​ថា គណ បក្ស​របស់​លោក​នឹង​គោរព​​លទ្ធផល​​បោះ​ឆ្នោត​ឆ្នាំ​២០១៨ទោះ​បី​​ជា​លទ្ធផល​បែប​ណា​ក៏ដោយ ប៉ុន្តែ​​បាន​​គូស​បញ្ជាក់​ថា​បញ្ហា​​នេះ​​មិន​ទាក់​ទិន​​​​ការ​ព្រមាន​​របស់​លោក ហ៊ុន សែន ថា ជ័យ​ជម្នះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​នាំ​ឲ្យ​មាន​សង្គ្រាម​​នោះ​ឡើយ។

លោក​​​​​បន្ត​​​ថា ”​​មិន​ថា​លទ្ធផល​បោះ​ឆ្នោត​បែប​ណា​ទេ យើង​នឹង​ទទួល​យក។ យើង​គោរព​លទ្ធផល​បោះ​ឆ្នោត​…។​ សង្គ្រាម​​ដែល​​​នឹង​កើត​ឡើង ​​មិន​មែន​​បង្ក​ដោយ​គណបក្ស​ប្រជាជន​​ដែល​ចាញ់​ឆ្នោត​ទេ គឺ​បង្ក​ឡើង​ដោយ​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ”។

លោក សម រង្ស៊ី ​និង​​លោក ហ៊ុន ​សែន បាន​រួម​គ្នា​​លើក​​កម្ពស់​ “​វប្បធម៌​សន្ទនា​” ថ្មី​មួយ​​​ក្នុង​បំណង​តតាំង​​គ្នា​​ផ្នែក​​នយោបាយ​​នៅ​ក្នុង​សភា​ ហើយ​អនុញ្ញាត​ឲ្យ​មាន​ការ​បោះ​ឆ្នោត​​ដោយ​គ្មាន​​ការ​ប្រើ​​អំពើ​ហិង្សា​។

ទោះ​ជា​យ៉ាង​ណា ​ក្ដី​​​សង្ឃឹម​ដែល​​ថា​​វប្ប​ធម៌​​បែប​នេះ​អាច​នឹង​ចាក់​ឫស​រឹង​មាំ បាន​រលាយ​ទៅ​វិញ ​ដោយ​កាលពី​​សីហា លោក សម រង្ស៊ី បាន​​ចោទ​សួរ​ “​ភាព​គួរ​ឲ្យ​ជឿទុក​ចិត្ត​ និង​​ការ​កំប្លុក​កំប្លែង”​ របស់​លោក ហ៊ុន សែន ហើយ​ជា​ថ្មី​​ម្ដង​ទៀត ​លោក​នាយក​រដ្ឋមន្ត្រី​បាន​​​និយាយ​​​គាំទ្រ​​សង្គ្រាម​​ និង​​បាន​ហៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​រូប​នេះ​​​​​​​ថា​ជា “​មេចោរ​”។

លោក ផៃ​ ស៊ីផាន អ្នក​នាំពាក្យ​​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន គ្រាន់​តែ​បក​ស្រាយ​អំពី​លទ្ធផល​សម​ហេតុ​ផល​​នៃ​គោល​នយោបាយ​​​របស់​គណបក្ស​​ប្រឆាំង​ប៉ុណ្ណោះ​ នៅ​ពេល​ព្យាករ​អំពី​សង្គ្រាម ​ប្រសិន​បើ​តុលាការ​ដីធ្លី​​​ត្រូវ​បាន​បង្កើត​ឡើង ឬ​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ជំនួស​តំណែង​មេបញ្ជាការ​យោធា និង​នគរ​បាល​​ដែល​ជា​មន្ត្រី​ស្មោះ​ស្ម័គ្រ​របស់​គណ​​បក្ស​ប្រជាជន​កម្ពុជា។

​លោក​​លើក​ឡើង​ថា “​សម្ដេច​ ហ៊ុន សែន គ្រាន់​តែ​បក​ស្រាយ​អំពី​គោល​នយោបាយ​របស់​​​គណបក្ស​សង្គ្រោះ​​ជាតិ​ប៉ុណ្ណោះ។ ពួក​គេ​មាន​​​​គោល​នយោបាយ​​ដែល​​និយាយ​​ថា បើ​ពួក​គេ​​​​ឈ្នះ​ឆ្នោត ពួកគេ​នឹង​គាំទ្រ​អ្នក​ក្រ​​លុប​បំបាត់​កម្ចី​ពីធនា​គារ ហើយ​ដក​ហូត​ដី​ធ្លី​​ពី​​អ្នក​មាន។

អ្វីៗ​ដែល​​សម្ដេច​ព្យាយាម​​​បក​ស្រាយ​គឺ​ថា ពួកគេ​គួរតែ​គោរព​ច្បាប់​។ ប្រសិន​បើ​គាត់​​​ [លោក​ សម រង្ស៊ី] ផ្ទាល់​ព្យាយាម​​ដក​ [​មេបញ្ជា​ការ​កង​ទ័ព] លោក ប៉ុល សារឿន និង​អគ្គ​ស្នងការ​ នេត សាវឿន ហើយ​​​ពួកគាត់​មិន​ចូល​ចិត្ត​បែប​ នោះ​ នឹង​មាន​ជម្លោះ​​មួយ​ទៀត​​កើត​ឡើង​”។

​ទាក់​ទិន​បញ្ហា​នេះ លោក សម រង្ស៊ី មិន​បាន​​​​ឆ្លើយ​តប​នឹង​សំណើ​​សុំការ​​​ធ្វើ​អត្ថា​ធិប្បាយ​ឡើយ​​កាលពី​ម្សិលមិញ ប៉ុន្តែ​​នៅ​ក្នុង​​ឆ្នាំ​កន្លង​ទៅ ប្រធាន​​គណបក្ស​ប្រឆាំង​រូប​នេះ​​​​​​​បាន​និយាយ​​​​សម្រាល​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ ជាមួយ​កង​ទ័ព ដោយ​លោក​បាន​លើក​ឡើង​កាលពី​ខែ​មករា​ថា យោធា​ប្រហែល​​ជាមិន​ការ​ពារ​គណបក្ស​ប្រជាជន​កម្ពុជា ​​ដែល​ចាញ់​ឆ្នោត​នោះ​ទេ​។

លោក សម រង្ស៊ី បាន​​​មាន​ប្រសាសន៍​ថា “ការ​​វិវឌ្ឍ​ថ្មី​បំផុត​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​​ក្នុង​រយៈ​ពេល​​៥ឆ្នាំ​​មក​​នេះ​​គឺថា មាន​​បុគ្គល​មួយ​ចំនួន របប​ខ្លះ​​​ដែល​​​គិត​ថា​ខ្លួន​​ត្រូវ​បាន​​គាំទ្រ​ដោយ​យោធា ប៉ុន្តែ​ដោយ​សារ​មាន​ការ​​ប្ដូរ​​​ចិត្ត​គំនិត​​​ ប្រជាធិបតេយ្យ​ក៏​ទទួល​បាន​ជោគ​ជ័យ។  លើស​ពី​នេះ​ទៅទៀត ​​​​​​មាន​​មនុស្ស​តិច​​​តួច​ប៉ុណ្ណោះ​ក្នុង​ចំណោម​​​អភិជន​​​ដែល​ជាប់​ពាក់​ព័ន្ធ​​​ក្នុង​ជំនួញ​​​ និង​បណ្ដាញ​យោធា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ចង់​វិល​ទៅ​រក​​​ស្ថាន​ភាព​​ដូច​ក្នុង​​​ទសវត្សរ៍​ឆ្នាំ​១៩៨០​ ដែល​នៅ​ពេល​នោះ​​ប្រទេស​​ត្រូវ​បាន​ដឹកនាំ​​ដោយ​​​កណ្ដាប់​ដៃ​ដែក ​បូក​រួម​ជា​មួយ​នឹង​ស្ថានភាព​​ដែល​​ត្រូវ​​​គេ​​ស្អប់​ខ្ពើម នេះ​​បើ​​យោង​តាម​ការ​លើក​ឡើង​របស់​លោក អ៊ូ វីរៈ ​ស្ថាបនិក​​វេទិកា​អនាគត ដែល​ជា​​អង្គ​ការ​វិភាគ​ និង​ស្រាវ​ជ្រាវ​នយោ​បាយ​។

លោក​​មាន​ប្រសាសន៍​ថា ”​ពួកគេ​​កំពុង​​ត្រេក​អរ​​​នឹង​ទ្រព្យ​សម្បត្តិ ដីធ្លី​របស់​ពួកគេ ពួកគេ​ស៊ាំ​នឹង​ភាព​ស្រណុក​ស្រួល។ ខ្ញុំ​គិត​​​​ថា នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​គ្មាន​មនុស្ស​ច្រើន​ទេ​ដែល​នឹង​​ទទួល​យក​ភាព​ចលាចល​​​រយៈ​ពេល​វែង។ នៅ​ពេល​កម្ពុជា​មាន​ភាព​ឯកោ​នៅ​លើ​​ឆាក​អន្តរជាតិ​ គឺ​វា​មិន​ស្រួល​ឡើយ​ ហើយ​ពួកគេ​មិន​ចង់​​ធ្វើ​រឿង​នេះម្ដង​ទៀត​ទេ។ពួកគេ​អាច​ប្រឈម​នឹង​រដ្ឋប្រហារ ដោយ​យក​ថៃ​ជា​គំរូ​ ប៉ុន្តែ​វា​​នឹង​ជា​កំហុស​។ កម្ពុជា​មិន​មែន​​ថៃ​ទេ”។

ប៉ុន្តែ​មាន​មនុស្ស​តិច​តួច​ជឿ​ថា លោក​ ហ៊ុន ​សែន នឹង​ចុះ​ចេញពី​អំណាច​ដោយ​​គ្មានការ​តតំាង​។ ប្រវត្តិវិទូ​ ដេវីដ ឆាណ្ឌល័រ នៅ​ពេល​​​​សាក​សួរ​ថា​តើ​អន្តរកាល​ដោយ​សន្តិវិធី​​អាច​ទៅ​រួច​ទេ​ប្រសិន​បើ​​គណបក្ស​​សង្គ្រោះ​ជាតិ​ពិត​ជា​ឈ្នះ​នៅ​ឆ្នាំ​​២០១៨​មែន​នោះ។ លោក​​​​បាន​សរសេរ​ថា “​ទេ”៕ សុខុម (រាយការណ៍​បន្ថែម​ដោយ ម៉ិច ដារ៉ា)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស