28 C
Phnom Penh

ការ​តវ៉ា​និង​ភាព​ចម្រូង​ចម្រាស​ស្វាគមន៍​លោក ហ៊ុន សែន ក្នុង​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​បារាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទី​ក្រុង​ប៉ារីស ដើម្បី​ជួប​ជាមួយ​លោក ហ្វ្រង់ស័រ អូឡង់ ប្រធានាធិបតី​បារាំង ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​ការ​តវ៉ា​និង​ភាព​ចម្រូង​ចម្រាស បន្ទាប់ពី​ការ​ចោទ​ប្រកាន់​ជាច្រើន​បាន​កើត​មាន​ឡើង​ថា លោក​នាយករដ្ឋមន្ត្រី​បាន​តម្រូវ​ឲ្យ​និស្សិត​ខ្មែរ​ដែល​សិក្សា​នៅ​ប្រទេស​បារាំង​ចូល​រួម​ក្នុង​ការ​ពិភាក្សា ដែល​លោក​រៀបចំ​កាលពី​ម្សិលមិញ ឬ បើ​ពុំនោះ​ទេ​អាហារូបករណ៍​របស់​ពួកគេ​នឹង​ត្រូវ​ផ្តាច់។

ក្នុង​វីដេអូ​មួយ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​សៅរ៍ លោក ហ៊ុន សែន បាន​រិះគន់​ពាក្យ​ចចាមអារ៉ាម​ថា​ជា​ល្បិច​បង្ខូច​ពី​សំណាក់​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​ឃើញ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​និស្សិត​យើង​នៅ​ប្រទេស​បារាំង ដែល​វិទ្យុ​មួយ​នៅ​ទីនោះ​បាន​រាយការណ៍​ថា ប្រសិនបើ​ពួកគេ​មិន​មក អាហារូបករណ៍​របស់​ពួកគេ​នឹង​ត្រូវ​គេ​យក​វិញ។ ខ្ញុំ​មិន​ដែល​បង្ខំ​អ្នកណា​ឲ្យ​មក​ស្តាប់​ខ្ញុំ​ទេ”។

លោក ហ៊ុន សែន បាន​បន្ថែម​ថា “ខ្ញុំ​ហួស​ចិត្ត និង​អៀន​ខ្មាស​ចំពោះ​បក្ស​ប្រឆាំង ដែល​ពួកគេ​អាច​បោក​បញ្ឆោត​បងប្អូន។ ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រធាន​គណបក្ស​ប្រឆាំង​ឲ្យ​បញ្ឈប់​ការ​បោក​ប្រាស់”។

ថ្លែង​ពី​ប្រទេស​ស្វ៊ីស មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ជា​ពលរដ្ឋ​បារាំង​ម្នាក់​ដែល​រស់​នៅ​ក្រុង​ប៉ារីស​យូរ​មក​ហើយ បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ពាក់ព័ន្ធ​នឹង​ការ​អះអាង​នោះ​ទេ។

លោក​បាន​និយាយ​អំពី​ការ​គំរាម​ដក​អាហារូបករណ៍​វិញ​ថា “វា​អាច​ពិត វា​អាច​មិន​ពិត”។

លោក​បាន​បន្ថែម​ថា “ខ្ញុំ​មិន​ពាក់ព័ន្ធ​ទេ។ គេ​មិន​គួរ​ចោទ​ដូចនេះ​ទេ”។

ជា​ផ្នែក​មួយ​នៃ​ទស្សនកិច្ច​រយៈពេល​បួន​ថ្ងៃ​របស់​លោក លោក ហ៊ុន សែន មាន​គម្រោង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​ប្រាំមួយ​ជាមួយ​ប្រទេស​បារាំង​ក្នុង​នោះ​មាន​សន្ធិសញ្ញា​បត្យាប័ន​និង​កិច្ចព្រមព្រៀង​ស្តីពី​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

កាលពី​ម្សិលមិញ លោក​ក៏​មាន​ផែនការ​ជួប​ប្រជាពលរដ្ឋ​ខ្មែរ​៧០០​នាក់​ដែល​រស់​នៅ​ប្រទេស​បារាំង​ដែរ។

ទស្សនកិច្ច​របស់​លោក​ ហ៊ុន សែន​ បាន​បណ្តាល​ឲ្យ​មាន​បាតុកម្ម​ជាច្រើន​ក្នុង​ចំណោម​សហគមន៍​ខ្មែរ​ធំៗ​នៅ​ប្រទេស​បារាំង ដែល​ជា​បាតុកម្ម​ដំបូង​បាន​កើត​ឡើង​កាលពី​ថ្ងៃសៅរ៍ នៅ​ទីធ្លា​ត្រូកាដេរ៉ូ ក្នុង​ក្រុង​ប៉ារីស និង​មាន​ការ​ចូលរួម​ពី​សំណាក់​និស្សិត ព្រះសង្ឃ និង​អ្នក​តវ៉ា​ផ្សេង​ទៀត ដើម្បី​រំឭក​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា​ ឆ្នាំ​១៩៩១។

ក្នុង​រូបថត​និង​វីដេអូ​បង្ហោះ​លើ​ហ្វេប៊ុក អ្នក​តវ៉ា​ចោទ​រដ្ឋាភិបាល​ថា មិន​បាន​អនុវត្ត​តាម​គោល​ការណ៍​នៃ​កិច្ច​ព្រមព្រៀង​នេះ ដោយ​ពួកគេ​ជាច្រើន​នាក់​កាន់​បដា​ អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង។

បាតុករ​ម្នាក់​បាន​និយាយ​ថា “ពលរដ្ឋ​ខ្មែរ​ដែល​ទាមទារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន​ត្រូវ​រងគ្រោះ​ពីសំណាក់​កម្លាំង​ប្រដាប់​អាវុធ មុន​ពេល​ត្រូវ​គេ​ចាប់​បញ្ជូន​ទៅ​ដាក់​ក្នុង​ពន្ធនាគារ។ យើង​ទាមទារ​ឲ្យ​ប្រទេស​កម្ពុជា អាជ្ញាធរ​គោរព​គោលការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ”។

ការ​តវ៉ា​មួយ​ផ្សេងទៀត បាន​គ្រោង​ធ្វើ​កាលពី​រសៀល​ម្សិលមិញ នៅ​មុខ​ស្ថានទូត​ខ្មែរ។

ហ្វ្រង់ស័រ ឆិន ជា​អ្នក​រៀបចំ​ម្នាក់ បាន​និយាយ​ថា “ឥឡូវនេះ​នៅ​ប្រទេស​កម្ពុជា​ មិន​មាន​នីតិរដ្ឋ ហើយ​មាន​ការ​ចាប់ខ្លួន​ស្រេច​តែ​ចិត្ត។ គ្មាន​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​ខ្មែរ”។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឆ្លើយតប​ទៅ​នឹង​ការ​តវ៉ា​កាលពី​ថ្ងៃសៅរ៍ ដោយ​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​រិះគន់​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​សៅរ៍​ថា “បាតុកម្ម​នេះ…​មិនមែន​ជា​បាតុកម្ម​របស់​ប្រជាជន​កម្ពុជា​ទេ ប៉ុន្តែ ជា​ការ​រៀបចំ​ឡើង​ដោយ​អ្នក​គាំទ្រ​របស់​បក្ស​ប្រឆាំង​មួយ​ក្រុម​តូច​និង​មេដឹកនាំ​របស់​ខ្លួន ក្នុង​បំណង​បម្រើ​កម្មវត្ថុ​នយោបាយ​របស់​បក្ស​ប្រឆាំង”។

សេចក្តី​ថ្លែងការណ៍​បាន​និយាយ​ថា “ការ​អុជអាល​និង​ការ​បំភ្លៃ​ទាំងឡាយ​ជា​ការ​គំរាម​ដ៏​ធ្ងន់ធ្ងរ​ដល់​ឯកភាព​ជាតិ សន្តិសុខ​ជាតិ និង​សន្តិភាព”។

លោក រង្ស៊ី បាន​បដិសេធ​ថា មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​តវ៉ា​ទាំងនោះ​ទេ។

លោក រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​ជាប់​ពាក់ព័ន្ធ​ទេ។ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ធ្វើ​អ្វី​ដែល​ពួកគេ​ចង់​ធ្វើ​ឲ្យ​តែ​វា​ត្រឹមត្រូវ​តាម​ច្បាប់​និង​ដោយ​សន្តិវិធី”៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស