27.5 C
Phnom Penh

និស្សិត​​​ម្នាក់​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ពីបទ​​​គំរាម​​​ដាក់​​​គ្រាប់​​​បែក តែ​​​​​​ទោស​​​កាត់​​​បន្ថយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​សប្តាហ៍​​​មុន​​​ សាលា​​​ដំបូង​​​ខេត្ត​​​សៀម​​​​​រាប​​​បាន​​​ផ្តន្ទាទោស​​​ឈ្មោះ តៅ ​សាវឿន ​​​អាយុ​​​២៦​​​ឆ្នាំ ពីបទ​​​គំរាម​​​សម្លាប់​​​លោក ​ស ​ខេង ​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ក្នុង​​​ពិធី​​​ប្រគល់​​​សញ្ញា​បត្រ​​​ ប៉ុន្តែ​​​នឹង​​​តម្រូវ​​​ឲ្យ​​​គាត់​អនុវត្តទោស​​ជាប់​​​ពន្ធនាគារ​​​ត្រឹម​​​១ខែ​​​ប៉ុណ្ណោះ​​​​​​នៃ​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​១៥​​​ខែ ​​​​​​មាន​​​ន័យ​​​ថា ​គាត់​​​​គួរ​​​​​​​​​តែ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​នៅ​​​ប៉ុន្មាន​​​ថ្ងៃ​​​ទៀត​​​។

លោក តៅ សាវឿន ដែល​​​ជា​​​អតីត​​​និស្សិត​​​​​ម្នាក់​​​​​​នៃ​​​សាកលវិទ្យាល័យ ​សៅស៍អីុស ​អេយ​សៀ (University of South-East Asia) នៅ​​​ក្នុង​​​ក្រុង​​​​សៀម​​​រាប​​​ បាន​​​លើក​​​​​​ឡើង​​​នៅ​​​ក្នុង​​​ការ​​​បញ្ចេញ​​​មតិ​​​តាម​​​ហ្វេស​​​ប៊ុក​​​កាល​​​ពី​​​ខែ​​​មុន​​​ថា ​គាត់​​​នឹង​​​ដាក់​​​គ្រាប់​​​បែក​​​នៅក្នុង​​​ពិធី​​​ប្រគល់​​​សញ្ញា​​​បត្រ​​​ក្រោម​​​អធិបតីភាព​​​លោក ស ​ខេង ។

បុរស​​​វ័យ​​​ក្មេង​​​រូប​​​នេះ​​​បាន​​​និយាយ​​​​ថា ខ្លួន​​​ខឹង​ដោយសារ​​​ពិធី​​​នេះ​​​​​​ត្រូវ​​​បាន​​​ផ្អាក​​​ម្តង​​​ហើយ​​​​​​ម្តង​​​ទៀត​​​ ប៉ុន្តែ ថា ខ្លួន​​​គ្មាន​​​បំណង​​​ធ្វើ​​​ដូច​​​ការ​​​គំរាម​​​ឡើយ​​​។

ចៅក្រម​​​ ឈុន ចាន់សីហា បាន​​​លើក​​​ឡើង​​​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លោក​​​បាន​​​ប្រកាស​​​សេចក្តី​​​​​​​​សម្រេច​​​នេះ​​​ភ្លាមៗ​​​ បន្ទាប់​​​ពី​​​ការ​​​បើកសវនា​ការ​ជំនុំ​​​ជម្រះ​​​រឿង​​​ក្តី​​​របស់​​​លោក តៅ ​សាវឿន ​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​។

ចៅ​​​ក្រម​​​រូប​​​នេះ បាន​​​មាន​​​ប្រសាសន៍​​​ថា ​”យើង​​​បាន​​​ផ្តន្ទាទោស​​​គាត់​​​កាល​​​ពីព្រឹក​ថ្ងៃ​​​ទី​​​២២ ហើយ​​​គាត់​​​បាន​​​សារភាព​​​ថា ​​​ពិត​​​ជា​​​បាន​​​ធ្វើ​​​​​ដូច្នេះ​​​មែន​​​ ប៉ុន្តែ​គ្មាន​​​បំណង​​​ធ្វើ​​​ដូច​​​អ្វី​​​ដែល​​​គាត់​​​បាន​សរសេរ​​​ឡើយ​​​។ គាត់​​​បាន​​​ផ្ញើ​​​លិខិត​​​សុំ​​​ការអភ័យទោស​​​ពី​​​[លោក ស ខេង​​​]​​​​​​​​​ ហើយ​​​សម្តេច​​​បាន​​​ឆ្លើយ​​​តប​​​ថា គាត់​​​​​​អភ័យ​​​ទោស​​​ ​​​ឲ្យ​​​។ ​​​​​បន្ទាប់​​​ពី​​​យើង​​​បាន​​​ពិចារណា​​​កត្តា​​​ទាំង​​​នេះ ​យើង​​​​​​​​​​​បាន​​​សម្រេច​​​ផ្តន្ទា​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនា​គារ​​​ ១៥​​​ខែ​​​​​​ ប៉ុន្តែ​អនុវត្ត​ទោស​​​​​​​​១ខែ​​​ប៉ុណ្ណោះ”។

លោក ថា រ័ត្ន​​​ថុន មេធាវី​​​របស់​​​លោក តៅ ​សាវឿន បាន​​​លើក​​​ឡើង​​​ថា កូនក្តី​​​របស់​​​លោក ​​គួរ​​​តែ​​​មាន​​​សេរីភាព​​​នៅ​​​ក្នុង​​​សប្តាហ៍​​​នេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​”ដោយ​សារ​​​​​ការ​មិន​​​ចេះ​​​ទប់​​​កំហឹង​​​ គាត់​​​បាន​​​ខឹង​​​យ៉ា​​​ង​​​ខ្លាំង​​​ព្រោះ​​​សាលា​​​បាន​​​ពន្យារ​​​ពេល​​​ [​​​ប្រគល់​​​សញ្ញា​បត្រ​​​]​​​ ពីរ ឬ​​​បី​​​លើក​​​ ហើយ​​​គាត់​​​មាន​​​ការ​​​លំបាក​​​​​ក្នុង​​​ការ​​​សុំ​​​​ច្បាប់​​​​ [ឈប់​​​សម្រាក]​​​ ពី​​​កន្លែង​​​ធ្វើ​​​ការ​​​។ គាត់​​​​​​សប្បាយ​​​ចិត្ត​​​​ខ្លាំង​​​ណាស់ ពេល​​​បាន​ឮ​​​សេចក្តី​​​សម្រេច​​​របស់​​​តុលាការ​​​ ព្រោះ​​​តុលា​ការ​​​​​បាន​​​បន្ធូ​​​របន្ថយ​​​ទោស​​​របស់​​​គាត់​​​”។

លោក ថា រ័ត្ន​​​ថុន បាន​​​លើក​​​ឡើង​​​ទៀត​ថា ការ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​១ខែ​​​ គឺគិត​​​ចាប់​​​ពីថ្ងៃទី​​​៣០ ខែ​​​កញ្ញា មក​​​ ជា​​​ថ្ងៃ​​​ដែល​​​កូនក្តី​​​របស់​​​លោក​​​ត្រូវ​​​បានចោទ​​​ប្រកាន់ និង​​​ឃុំ​​​ខ្លួន​​​ជា​​​បណ្តោះ​​​អាសន្ន​​​ ហើយ​​​ថា លោក​​​រំពឹង​​​ថា ​លោក តៅ សាវឿន នឹង​​​ត្រូវ​​​ដោះ​​​លែង​​​វិញ​​​នៅ​​​ថ្ងៃ​​​ពុធ ឬ​​​ថ្ងៃ ព្រហស្បតិ៍។

បង​​​ប្អូន​​​ជីដូន​​​មួយ​​​របស់​​​លោក តៅ ​សាវឿន ​ម្នាក់​​​ឈ្មោះ​​​ ខូ​​​ សុខា បាន​​​លើក​​​ឡើង​​​​​​ថា ខ្លួន​​​បាន​​​​ចូល​​​រួម​​​ស្តាប់​​​​​​ការ​​​បើក​​​សវនាការ​​​ ហើយ​​​បាន​​​ស្វាគមន៍​​​ចំពោះ​​​សេចក្តី​​​សម្រេច​​​នេះ​​​។

ខូ​​​ សុខាបាន​​​និយាយ​​​ថា “ឪពុក​​​ម្តាយ​​​របស់​​​គាត់​​​ និង​​​ខ្ញុំ​​​​​​សប្បាយ​​​ចិត្ត​​​ខ្លាំង​​​ណាស់​​​ ដែល​​​តុលា​​ការ​​​បាន​​​សម្រេច​​​បន្ធូរបន្ថយ​​​ទោស​​​មក​​​ត្រឹម​​​១ខែ។ តុលាការ​​​មាន​​​យុត្តិធម៌​​​ចំពោះ​​​គាត់​​​ព្រោះ​​​គាត់​​​គ្មាន​​​បំណង​​​​ធ្វើ​ដូច​អ្វី​​​ដែល​​​គាត់​​​បាន​​​​​សរសេរ​​​តាម​​​ហ្វេស​​​ប៊ុក​​​​​​ឡើយ​​​។ នេះ​​​គឺ​​​ជា​​​មេរៀន​​​ល្អ​​​មួយ​​​សម្រាប់​​​គាត់​​​ និ​​​ងអ្នក​​​ផ្សេង​​​ៗ​​​ទៀត​​​​​​កុំ​​​ឲ្យ​​​ធ្វើ​​​អ្វី​​​ដូច​ដែល​​​គាត់​​​បាន​​​ធ្វើ​​​”។

ទោះជាយ៉ាងណា  លោក អំ សំអាត ​​​ប្រធាន​​​​បច្ចេកទេស​​​ឃ្លាំមើលសិទ្ធិមនុស្ស​នៃអង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​ បាន​​​លើក​​​ឡើង​​​ថា សេចក្តី​​​សម្រេច​​​នេះ​​​ គឺជាភ័ស្តុ​​​តាង​​​បង្ហាញ​​​ថា តុលា​ការ​​​នៅ​​​កម្ពុជា​​​មិន​ឯករាជ​​​្យ។

លោក​​​មាន​​​ប្រសាសន៍​​​ថា “តុលាការ​​​បាន​​​សម្រេច​​​បន្ធូរ​​​បន្ថយ​​​ទោស​​​របស់​​​គាត់​​​…​ព្រោះ​​​ [ លោក ស ខេង ] មាន​​​ការ​​​អត់​​​ឱន និង​​​អភ័យ​​​ទោស​​​​​​ឲ្យ​​​គាត់​​​​​​។ នេះ​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា ​​​តុលាការ​​​មិន​​​ឯករាជ្យ​​​ទេ​​​ ហើយ​​​ស្ថិត​​​ក្រោម​​​​​​ឥទិ្ធពល​​​របស់​​​អ្នក​​​មាន​​​ប្រាក់​​​ និង​​​មាន​​​អំណាច​​​”។

លោកបាន​​​មាន​​​លើក​​​ឡើង​​​ទៀត​​​ថា ​តុលា​ការ​​​ក៏​​​បាន​​​បង្ហាញ​​​ឲ្យឃើញ​​​ពីភាព​​​លម្អៀង​​​នៅ​​​ក្នុង​​​​​​ករណី​​​គំរាម​​​​​​តាម​​​អីុនធឺណិត​​​​​​ផ្សេង​​​ៗ​​​ទៀត​​​ក្នុង​​​ពេល​​​​​​ថ្មី​​​ៗ​​​នេះ​​​ផង​​​ដែរ ក្នុង​​​នោះ​​​រួម​​​មាន​​​​​​ដូ​​​​ច​​​ជា​​​ ករណី​​​របស់​យុវជន​​​ឈ្មោះ គង់ រ៉ាយ៉ា ​និស្សិត​​​​​​សាកលវិទ្យាល័យ​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​​​ពី​​​ខែ​​​សីហា ពីបទ​​​អំពាវ​​​នាវ​​​តាម​​​ហ្វេស​​​ប៊ុក​​​ឲ្យ​​​មាន​​​ការ​​​ធ្វើ​​​ “បដិវត្ត​​​ន៍ពណ៌” និង​​​ករណី​​​របស់​លោក ​​ផែង​​​ វណ្ណៈ មន្ត្រីក្រសួង​​​មហាផ្ទៃ​​​ដែល​​​​​​នៅ​​​មាន​​​សេរីភាព​​​នៅ​​​ឡើយ​​​បន្ទាប់​​​ពីការ​​​​គំរាម​​​​​​សម្លាប់​​​លោក ​​​កឹម សុខា ​​​អនុប្រធាន​​​គណបក្ស​​​សង្គ្រោះជាតិ​​​​​​ត្រូវ​​​បាន​​​បង្ហោះ​​​នៅ​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​ដែល​​​មាន​​​ឈ្មោះ​​​​​​របស់​​​គាត់​​​ជាដើម​៕ស៊ុយឈាង​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស