ភរិយាឧត្ដមសេនីយ៍យោធាមួយរូប និងមន្ត្រីក្រសួងព័ត៌មានម្នាក់ដែលត្រូវបានសាលា ដំបូងរាជធានីភ្នំពេញកាត់ឲ្យជាប់ទោសពីបទបរិហារកេរ្តិ៍កាលពីម្សិលមិញជុំវិញការបង្ហោះសារតាមហ្វេសប៊ុក ចោទប្រកាន់ឧត្ដមសេនីយ៍រូបនេះថា មានសាហាយស្មន់ជាមួយលោកស្រី កែវ ម៉ាលី សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ជាការអះអាងដែលសមាជិក ព្រឹទ្ធសភារូបនេះបដិសេធ។
លោក ព្រំ សាន ដែលជាអនុប្រធាននាយកដ្ឋានព័ត៌មាននៃក្រសួងព័ត៌មាន និងអ្នកស្រី មុំ ម៉ានុត ភរិយារបស់ឧត្ដមសេនីយ៍ឯក សៀក សុជាតិ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានចោទប្រកាន់កាលពីខែមុនជុំវិញសារ និងរូបថតដែលពួកគេបានបង្ហោះកាលពីខែកក្កដា។
លោកចៅក្រម ម៉ុង មុនីសោភា បានប្រាប់ តុលាការថា “តុលាការបានដាក់ទោសលោក ព្រំ សាន និងអ្នកស្រី មុំ ម៉ានុត ដោយការពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន៥.០០០.០០០រៀល ចំពោះបទបរិហារកេរ្តិ៍ដែលពួកគេបានប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែកក្កដា”។
ដោយមិនបានពន្យល់ពីមូលហេតុនៃសេចក្ដីសម្រេចនោះ ចៅក្រម ម៉ុង មុនីសោភា ក៏បានបង្គាប់ឲ្យអ្នកទាំងពីរបង់ប្រាក់សំណងជំងឺចិត្តដល់លោកស្រី កែវ ម៉ាលី ក្នុងម្នាក់ៗចំនួន១០.០០០.០០០រៀលផងដែរ។
លោកស្រី កែវ ម៉ាលី ដែលពីដំបូងបានទាមទារសំណងជាទឹកប្រាក់ចំនួន៥០០.០០០ដុល្លារនោះ បានស្វាគមន៍សេចក្ដីសម្រេចនេះ ហើយលោកស្រីបានលើកឡើងថា លោកស្រីនឹងមិនយកទោសពៃរអ្នកទាំងពីរទេ ផ្អែកលើលក្ខខណ្ឌមួយ។ លោកស្រីបានមានប្រសាសន៍ថា “ខ្ញុំនឹងមិនទាមទារប្រាក់សំណងជំងឺចិត្តដែលអ្នកទាំងពីរបានបង្កឡើងនោះទេ ប្រសិនបើពួកគេសារភាពពីកំហុសរបស់ខ្លួនជាសាធារណៈនោះ”។
លោក ព្រំ សាន បានមានប្រសាសន៍ថា លោកមិនធ្វើរឿងបែបនោះទេ។ លោកបានថ្លែងថា “ខ្ញុំនឹងមិនសារភាពទេ ពីព្រោះខ្ញុំមិនបានធ្វើអ្វីខុសឡើយ”។
លោក ព្រំ សាន ដែលអះអាងថា បានរាយការណ៍ប្រាប់កាសែតក្នុងស្រុកមួយ បានថ្លែងថា លោកនឹងប្ដឹងទាស់ ចំពោះសេចក្ដីសម្រេចរបស់តុលាការដើម្បីប្រយោជន៍អ្នកកាសែតទូទាំងប្រទេស។
លោកបានថ្លែងថា “ប្រសិនបើខ្ញុំមិនប្ដឹងទៅសាលាឧទ្ធរណ៍ទេនោះ អ្នកកាសែតទាំងអស់នឹងចាញ់ក្ដីដូចខ្ញុំ នៅពេលពួកគេសរសេរ អត្ថបទដែលប៉ះពាល់ដល់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ណាម្នាក់”។
អ្នកស្រី មុំ ម៉ានុត បានមានលើកឡើងថា អ្នកស្រីនឹងមិនសូមអភ័យទោសឡើយ ហើយអ្នកស្រីក៏មានគម្រោងប្ដឹងឧទ្ធរណ៍ផងដែរ។ អ្នកស្រីបាននិយាយថា “ខ្ញុំមិនទទួលយកសេចក្ដីសម្រេចរបស់តុលាការឡើយ ពីព្រោះ ខ្ញុំមិនបានធ្វើអ្វីខុសទេ។ខ្ញុំគ្មានអ្វីត្រូវសារភាពឡើយ ពីព្រោះខ្ញុំគ្រាន់តែសរសេរនៅក្នុងទំព័រហ្វេសប៊ុកព្រមានលោកស្រី កែវ ម៉ាលី ឲ្យនៅឲ្យឆ្ងាយពីប្ដីរបស់ខ្ញុំតែប៉ុណ្ណោះ ពីព្រោះខ្ញុំបារម្ភថា គាត់នឹងត្រូវអូសទាញឲ្យមានស្នេហាលួចលាក់ជាមួយគាត់”។
អំឡុងសវនាការជំនុំជម្រះកាលពីថ្ងៃទី១៩ ខែតុលា អ្នកស្រី មុំ ម៉ានុត បានប្រាប់តុលាការថា ស្វាមីរបស់អ្នកស្រីមានស្រីកំណាន់ ច្រើន ហើយបានចោទប្រកាន់តុលាការថា បាន កែប្រែភ័ស្តុតាង ដោយការកាត់រូបថតលោកឧត្ដមសេនីយ៍ចេញពីរូបថតដែលអ្នកស្រីបានផ្ដល់ឲ្យ និងដែលបង្ហាញថា ឧត្តមសេនីយ៍រូបនេះនៅជាមួយលោកស្រី កែវ ម៉ាលី។
មុនសវនាការជំនុំជម្រះ អ្នកស្រី មុំ ម៉ានុត បាននិយាយថា អ្នកស្រីបានទៅរកលោក ព្រំ សាន ឲ្យជួយផ្សព្វផ្សាយជាសាធារណៈអំពីស្នេហាលួចលាក់នេះ ដោយសង្ឃឹមថា នឹងរារាំងស្វាមីរបស់អ្នកស្រីមិនឲ្យបន្តគម្រោងលែងលះទាមទារសិទ្ធិចិញ្ចឹមកូន និងមិនបន្សល់ទុកអ្វីដល់អ្នកស្រី៕ សារុន