មន្ត្រីក្រសួងមហាផ្ទៃដែលត្រូវបានព្យួរមុខតំណែងមួយរូប និងមន្ត្រីយោធាម្នាក់បានបន្តសវនាការជំនុំជម្រះនៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ពាក់ព័ន្ធការបង្ហោះសារអះអាងតាមហ្វេសប៊ុក អំពីជីវិតផ្លូវភេទរបស់សមាជិកព្រឹទ្ធសភាមួយរូប ជាការអះអាងដែលត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងដែលធ្វើឲ្យមានការផ្តន្ទាទោសមនុស្សពីរនាក់រួចហើយ។
លោក ផែង វណ្ណៈ ដែលត្រូវបានព្យួរ មុខតំណែងរបស់ខ្លួននៅការិយាល័យប្រឆាំង បទល្មើសបច្ចេកទេសនៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ដោយរង់ចាំការបើកសវនាការ និងការសើុបអង្កេតលើករណីគំរាមសម្លាប់ដាច់ដោយឡែកមួយទៀតនោះ ត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍លោកស្រី កែវ ម៉ាលី សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ដែលលោកបានសរសេរថាគឺជាស្រីកំណាន់របស់ឧត្តមសេនីយ៍យោធារៀបការរួចហើយមួួយរូប ។

អ្នកដែលក៏នៅក្នុងក្រចកសេះកាលពីម្សិលមិញផងដែរ គឺឈ្មោះ ហង្ស បូរី ដែលតុលាការប្រាប់អត្តសញ្ញាណត្រឹមតែថា ជាសមាជិក “ជាន់ខ្ពស់” នៃកងយោធពលខេមរភូមិន្ទហើយក៏ត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍លោកស្រី កែវ ម៉ាលី ដែរ។
សមាជិកព្រឹទ្ធសភារូបនេះធ្លាប់ទទួលបានជោគជ័យរួចមកហើយក្នុងការប្តឹងលោក ព្រំ សាន មន្ត្រីក្រសួងព័ត៌មាន និងអ្នកស្រីមុំ ម៉ានុត ភរិយារបស់ឧត្តមសេនីយ៍រូបនេះពាក់ព័ន្ធការអះអាងដូចគ្នាដោយតុលាការបានបង្គាប់ឲ្យពួកគាត់បង់ប្រាក់ពិន័យក្នុងម្នាក់ៗចំនួន៣.៧៥០ដុល្លារកាលពីថ្ងៃច័ន្ទ។
អំឡុងពេលបើកសវនាការដ៏តានតឹងកាលពីម្សិលមិញ លោក ផែង វណ្ណៈ បានឈ្លោះប្រកែកជាមួយព្រះរាជអាជ្ញារង ហីុងប៊ុនថន ហើយបានបដិសេធថា លោកមិនបានបរិហារកេរ្តិ៍ លោកស្រី កែវ ម៉ាលី ឡើយដោយពន្យល់ហេតុផលថា ពេលដែលលោកធ្វើការបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក គឺវាមានពាក់ព័ន្ធនឹងព័ត៌មាននៃការចាត់វិធានការផ្លូវច្បាប់ដោយលោកស្រីកែវ ម៉ាលី ហើយវាមិនមែនជាទង្វើបរិហារកេរ្តិ៍ទេ។
លោក ផែង វណ្ណៈ បាននិយាយថា “ខ្ញុំសរសេរវា ជាអត្ថបទព័ត៌មានដកស្រង់ចេញពី [ការបង្ហោះ] របស់លោក ព្រំ សាន”។ បន្ទាប់មក លោក ហីុង ប៊ុនថន បានក្រើនរំឮកលោកថា លោកជាមន្ត្រីអនុវត្តច្បាប់មួយរូបហើយបានប្រាប់លោកថា ការបង្ហោះរបស់លោករំលោភបំពានភាពឯកជនរបស់លោកស្រី កែវ ម៉ាលី។
លោក ផែង វណ្ណៈ បានឆ្លើយតបថា “ខ្ញុំមិនចង់ឆ្លើយតបនឹងព្រះរាជអាជ្ញារូបនេះបន្តទៀតឡើយ”។ ព្រះរាជអាជ្ញារូបនេះ បានឆ្លើយតបវិញថា “ប្រសិនបើអ្នកមិនចង់ឆ្លើយតបនឹងព្រះរាជអាជ្ញា អ្នកមិនចាំបាច់មានគេប្តឹងទេ”។
អំឡុងការសាកសួរ លោកស្រី ហង្ស បូរី ដែលជាមន្ត្រីកងយោធពលខេមរភូមិន្ទ បានលើកឡើងថា គណនីហ្វេសប៊ុករបស់លោកស្រីត្រូវគេហែ៊ក ពេលដែលលោកស្រីត្រូវបានចោទប្រកាន់ថា បានបង្ហោះសារថា លោក ស្រី កែវ ម៉ាលី និងលោក សៀក សុជាតិ ដែលជាឧត្តមសេនីយ៍យោធាមានសាហាយស្មន់នឹងគ្នា។
លោកស្រីបាននិយាយថា “ខ្ញុំមិនបានប្រព្រឹត្តទង្វើអាក្រក់លើលោកស្រី កែវ ម៉ាលី ទេ។ គណនីរបស់ខ្ញុំត្រូវគេហែ៊ក កាលពីខែកក្កដា និងខែសីហា”។
ទោះជាយ៉ាងណា ព្រះរាជអាជ្ញារូបនេះបានច្រានចោលការអះអាងទាំងនោះ។
លោក ហីុង ប៊ុនថន បានមានប្រសាសន៍ថា “ទោះបីជាអ្នកទាំងពីរបានបដិសេធចំពោះ អ្វីដែលពួកគាត់ត្រូវបានចោទប្រកាន់ក៏ដោយ តែយោងតាមសកម្មភាពរបស់ពួកគាត់ និងភ័ស្តុតាងតាមហ្វេសបុ៊ក ព្រះរាជអាជ្ញាសន្និដ្ឋានថា វាពិតជាការបរិហារកេរ្តិ៍ជាសាធារណៈ”។
នៅក្នុងសេចក្តីបញ្ចប់របស់ខ្លួន លោក ថេង ម៉េងអីុ មេធាវីរបស់លោកស្រី កែវ ម៉ាលី បាន លើកឡើងថា លោកស្រី ហង្ស បូរី បានកែប្រែរឿងរ៉ាវរបស់ខ្លួន តាំងពីពេលត្រូវបានសាកសួរមុនពេលបើកសវនាការទៅទៀត។
លោកបានមានប្រសាសន៍ថា “នៅចំពោះ មុខព្រះរាជអាជ្ញា លោកស្រី ហង្ស បូរី បានយល់ព្រមទទួលយករួចហើយថា លោកស្រីបាននិយាយថា [ លោកស្រី កែវ ម៉ាលី ] មានសហាយស្មន់ជាមួយឯកឧត្តម សៀក សុជាតិ”។
លោក ថេង ម៉េងអីុ បានលើកឡើងទៀតថា កូនក្តីរបស់លោកបានបន្ធូរបន្ថយការទារសំណងជំងឺចិត្តពី៥០០.០០០ដុល្លារមកនៅត្រឹម៥០.០០០ដុល្លារពីលោក ផែង វណ្ណៈ និងពី៥៥០.០០០ដុល្លារមកនៅត្រឹម១០០.០០០ដុល្លារពីលោកស្រី ហង្ស បូរី ។
លោកបានមានប្រសាសន៍បន្ថែមថា “កូនក្តីរបស់ខ្ញុំមិនចង់បានប្រាក់ទេ គាត់ចង់បានត្រឹមតែយុត្តិធម៌ប៉ុណ្ណោះ”។
ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ តុប ឈុនហេង បានលើកឡើងថា តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី២ ខែវិច្ឆិកា៕ស៊ុយឈាង