យោងតាមទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ឲ្យដឹងថា កម្ចីសម្បទានមានទឹកប្រាក់ប្រហែល១១៥លានដុល្លារឲ្យប្រទេសកម្ពុជា និងសន្ធិសញ្ញាបត្យាប័នទៅវិញទៅមកត្រូវបានសម្រេចយល់ព្រមក្នុងអំឡុងកិច្ចប្រជុំមួយរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃច័ន្ទ។
ក្នុងកិច្ចប្រជុំនៅវិមានអេលីហ្សេ តែប៉ុន្មានម៉ោងបន្ទាប់ពីតំណាងរាស្ត្រគណបក្សប្រឆាំងពីររូបរងការវាយធ្វើបាបនៅមុខរដ្ឋសភាក្នុងក្រុងភ្នំពេញ លោក
ហូឡង់ បានទទួលស្វាគមន៍លោក ហ៊ុន សែន ដើម្បីពិភាក្សាកិច្ចព្រមព្រៀង។
លោក ហ៊ុន សែន បានសរសេរថា “ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ នឹងលើកទឹកចិត្តអ្នកវិនិយោគបារាំងមកប្រទេសកម្ពុជា ជាពិសេសដើម្បីវិនិយោគផ្នែកអាកាសចរណ៍ ទឹកស្អាត និងរថភ្លើងក្នុងក្រុង”។ លោកបានបន្ថែមថា លោក ហូឡង់ មានផែនការអញ្ជើញមកធ្វើទស្សនកិច្ចទីក្រុងភ្នំពេញក្នុងពេលអនាគតដ៏ខ្លី។
ក្នុងការបង្ហោះមួយដោយឡែកទាក់ទិននឹងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសបារាំង ឡូរ៉ង់ ហ្វាប្យូស និងមន្ត្រីកម្ពុជានិងបារាំងផ្សេងទៀត ដើម្បីចុះហត្ថលេខាលើឯកសារចំនួន៦ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ប្រទេសបារាំងបានផ្តល់អំណោយ៤០៦លានអឺរ៉ូ (ប្រហែល៤៥០លានដុល្លារ)ហើយ តាំងពីឆ្នាំ១៩៩៣មក។
ក្នុងចំណោមកម្ចីសម្បទានបន្ថែមមានទឹកប្រាក់សរុប១០៤លានអឺរ៉ូ (ប្រហែល១១៥លានដុល្លារ) ដែលបានប្រកាសក្នុងការបង្ហោះនោះ លោក ហ៊ុន សែន បានមានប្រសាសន៍ថា ទឹកប្រាក់១១លានអឺរ៉ូ សម្រាប់គម្រោងសាងសង់សាលាជាតិ បណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ។
ទឹកប្រាក់១៤លានអឺរ៉ូ សម្រាប់គម្រោងពង្រីង”វិស័យអប់រំ” ចំណែកទឹកប្រាក់៧០លានអឺរ៉ូសម្រាប់គម្រោងសាងសង់ប្រព័ន្ធខ្សែបញ្ជូននិងចែកចាយអគ្គិសនី នៅខេត្តកំពង់ចាម ក្រចេះ និងខេត្តកោះកុង។
លោក អង្គវង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា ក៏បានជួបជាមួយសមភាគីបារាំងរបស់លោកដែរ គឺលោក គ្រិស្ទាន តូប៊ីរ៉ា នៅវិមានអេលីហ្សេ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយតម្រូវឲ្យប្រទេសទាំងពីរធ្វើបត្យាប័នឧក្រិដ្ឋជនដែលត្រូវចោទប្រកាន់ក្នុងដែនសមត្ថកិច្ចរបស់ប្រទេសនីមួយៗ។
ជាមួយនឹងអ្នកនយោបាយប្រឆាំងផ្សេងទៀត ប្រធានគណបក្សប្រឆាំង គឺលោក សម រង្ស៊ី ជាង២០ឆ្នាំមកហើយបានប្រើលិខិតឆ្លងដែនបារាំងរបស់លោកជាញឹកញាប់ ក្នុងការភៀសខ្លួនពីប្រទេសកម្ពុជា ដើម្បីគេចចេញពីការកាត់ឲ្យជាប់ទោស ដែលជាទូទៅគេចាត់ទុកថាជារឿងនយោបាយ។
លោក រង្ស៊ី ដែលលោក ហ៊ុន សែន បានគំរាមចាប់ដាក់ពន្ធនាគារកាលពីយប់ថ្ងៃអាទិត្យថ្មីៗនេះ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ប៉ុន្តែធ្លាប់បាននិយាយកាលពីឆ្នាំមុនថា លោកជឿថា គណបក្សសង្គ្រោះជាតិរឹងមាំណាស់ឥឡូវនេះ ជាហេតុដែលលោកនឹងមិនភៀសខ្លួនពីប្រទេសកម្ពុជាក្នុងពេលអនាគតទេ៕និត