អ្នកនាំពាក្យម្នាក់បាននិយាយកាលពីម្សិលមិញថា រយៈពេលពីរថ្ងៃដំបូងនៃការបង្ក្រាបជាថ្មីទៅលើការប្រើប្រាស់ស្លាកលេខយោធាមិនត្រឹមត្រូវ បានផ្ដោតទៅលើយានយន្តជាច្រើនគ្រឿងដែលចតនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្នុងរាជធានីភ្នំពេញ។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានពន្យល់ថា មន្ត្រីកងរាជអាវុធហត្ថ១០រូបត្រូវបានចាត់តាំងឲ្យទៅពិនិត្យមើលរថយន្តទាំងអស់ដែលបើកចូលក្នុងទីបញ្ជាការដ្ឋាននៅក្នុងខណ្ឌដង្កោ ដើម្បីធ្វើឲ្យប្រាកដថា ស្លាកលេខ ខ.ម. ពណ៌ខៀវនិងក្រហមរបស់យានយន្តទាំងនោះជាស្លាកលេខពិតឬយ៉ាងណា។
លោកបានលើកឡើងកាលពីម្សិលមិញថា “យើងបានដាក់ក្រុមការងារឱ្យប្រចាំការនៅ ច្រកចូលទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថនេះ ហើយឃាត់មន្ត្រីណាដែលប្រើប្រាស់រថយន្ត និងម៉ូតូដែលមានស្លាកលេខយោធាប៉ុន្តែយើងរកមិនឃើញនរណាម្នាក់ដែលប្រើ ប្រាស់ស្លាកលេខយោធាក្លែងក្លាយឡើយ”។
កាលពីម្សិលមិញ លោក អេង ហ៊ី កំពុងរង់ចាំទទួលព័ត៌មានពីលទ្ធផលនៃការពិនិត្យមើលស្រដៀងគ្នាដែលធ្វើឡើងនៅទីបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថខេត្តទូទាំងប្រទេសនៅឡើយ។
លោកបានថ្លែងថា “យើងបានដាក់បញ្ជាទៅដល់មេបញ្ជាការកងរាជអាវុធហត្ថខេត្តទាំងអស់ឲ្យពិនិត្យមើលស្លាកលេខយោធាក្លែងក្លាយនៅក្នុងអង្គភាពរបស់ខ្លួន ប៉ុន្តែរហូតមកទល់ពេលនេះ ខ្ញុំមិនទាន់ទទួលបានព័ត៌មានពីពួកគេនៅឡើយទេ”។
លោក អេង ហ៊ី បានថ្លែងថា មន្ត្រីទាំងនោះក៏បានក្រឡេកមើលរថយន្តទាំងអស់ដែលបើកចូលបរិវេណកងរាជអាវុធហត្ថ ដើម្បីរកឲ្យឃើញថាតើរថយន្តទាំងនោះមានបិទស្ទីកគ័រខ្មៅលើកញ្ចក់បង្អួចទេ ដែលត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាមិនឲ្យបើកបរនៅលើដងផ្លូវកាលពីឆ្នាំ១៩៩៧ បើទោះជាបម្រាមនេះត្រូវបានអនុវត្តដោយកម្រក៏ដោយ ប៉ុន្តែរកមិនឃើញមានអ្នករំលោភច្បាប់ឡើយ។
ទោះជាយ៉ាងណា លោកបានថ្លែងថា ក្រុមរបស់លោក “បានអប់រំ” មន្ត្រីមួយចំនួនដែលបានមកដល់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថដោយជិះម៉ូតូមិនបានពាក់មួកសុវត្ថិភាព ដែលជាការខុសច្បាប់។ កាលពីថ្ងៃអាទិត្យ លោក អេង ហ៊ី បានថ្លែងថា កងរាជអាវុធហត្ថនឹងចាប់ផ្ដើមពិនិត្យយានយន្តទាំងអស់ទូទាំងរាជធានីភ្នំពេញនៅថ្ងៃច័ន្ទ ដើម្បីរកមើលស្លាកលេខ ខ.ម. ក្លែងក្លាយ ឬប្រើប្រាស់មិនបានត្រឹមត្រូវ។
តាមលក្ខណៈបច្ចេកទេស សមាជិកយោធាមិនត្រូវប្រើស្លាកលេខយោធាលើយានយន្តផ្ទាល់ខ្លួនឡើយ បើទោះជាការអនុវត្តនេះមានការរីករាលដាលក៏ដោយ។
ប៉ុន្តែគិតត្រឹមថ្ងៃអង្គារ ការត្រួតពិនិត្យទាំងនេះមិនទាន់ចាប់ផ្ដើមនៅឡើយទេ។ លោក អេង ហ៊ី បានពន្យល់ថា“យើងមិនទាន់បានចាប់ផ្ដើមត្រួតពិនិត្យមើលយានយន្តនៅតាមដងផ្លូវនៅឡើយទេ ពីព្រោះយើងមិនទាន់ទទួលបានបទបញ្ជាពីថ្នាក់លើ”៕ សារុន