លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញមុខដោយសភាពស្ងប់ស្ងាត់តាមទូរទស្សន៍ជាតិកាលពីយប់មិញ ដើម្បីអំពាវនាវឲ្យប្រជាពរដ្ឋរក្សាភាពស្ងប់ស្ងាត់ក្រោយហេតុការណ៍វាយដំយ៉ាងសាហាវកាលពីថ្ងៃច័ន្ទ លើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូប ដែលទាំងគណបក្សប្រឆាំង និងសង្គមស៊ីវិលសុទ្ធតែចោទប្រកាន់ថាលោក ហ៊ុន សែន ជាអ្នករៀបចំ។
លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាឲ្យចាប់ខ្លួនជាបន្ទាន់នូវជនប្រព្រឹត្តអំពើហិង្សាដែលបានចូលរួមបាតុកម្មប្រឆាំងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិផងដែរ ជាការបញ្ជាមួយដែលលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងសង្ឃឹមថាមានភាពស្មោះត្រង់។
លោក សម រង្ស៊ី បានចោទប្រកាន់លោក ហ៊ុន សែន ថាជាអ្នករៀបចំការវាយដំលើតំណាងរាស្ត្រទាំងនេះជាការសងសឹកចំពោះបាតុកម្មរបស់គណបក្សប្រឆាំងដើម្បីស្វាគមន៍លោកអំឡុងដំណើរទស្សនកិច្ចរបស់លោកកាលពីពេលថ្មីៗនេះទៅកាន់សហរដ្ឋអាមេរិក និងប្រទេសបារាំង។

លោកនាយករដ្ឋមន្ត្រីបានចាប់ផ្ដើមសុន្ទរកថារបស់លោកកាលពីយប់មិញដោយការភ្ជាប់ទំនាក់ទំនងដែលអាចទៅរួច។ លោកមានប្រសាសន៍ថា “កាលពីខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ នៅពេលដែលខ្ញុំបានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ បក្សប្រឆាំងបានចាត់តាំងធ្វើបាតុកម្មនៅទីនោះក្នុងចំនួនមនុស្សប្រមាណ៤០ទៅ៥០នាក់ ក្នុងពេលដែលខ្ញុំជួបបងប្អូនជនរួមជាតិប្រមាណជិត៣០០នាក់។ លើកនេះជាថ្មីម្ដងទៀត នៅពេលដែលខ្ញុំបានធ្វើដំណើរទៅប្រទេសបារាំង ក្នុងឋានៈជាភ្ញៀវផ្លូវរដ្ឋដែលមានការត្រួតពលពីព្រលានយន្តហោះអមដោយម៉ូតូពាក់ទង់ជាតិរបស់កម្ពុជា តំណាងឲ្យពូជសាសន៍កម្ពុជា គឺបក្សប្រឆាំងបានរៀបចំនូវការធ្វើបាតុកម្មមួយដែលមានមនុស្សចូលរួមប្រមាណ១០០នាក់ ក្នុងពេលដែលខ្ញុំធ្វើការជួបជុំជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរប្រមាណជិត១.០០០នាក់។ ដូច្នេះ បាតុកម្មនៅទីក្រុងភ្នំពេញ អាចជះឥទ្ធិពលពីចំណែកមួយនៃបាតុកម្មដែលរៀបចំជាបន្តបន្ទាប់ដោយគណបក្សប្រឆាំងនៅឯទីក្រុងញូវយ៉ក និងនៅឯប្រទេសបារាំង ឬអាចថាវាជាការគាប់ជួន ព្រោះបក្សប្រឆាំងផ្គើនម្ដងហើយម្ដងទៀត [បាតុកម្ម] ដោយគ្មានគិតពីសេចក្ដីថ្លៃថ្នូររបស់ជាតិ”។
គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានបដិសេធថា ខ្លួនមិនមែនជាអ្នករៀបចំបាតុកម្មទាមទារឲ្យលោក កឹម សុខា ចុះចេញពីតំណែងអនុប្រធានរដ្ឋសភាឡើយ ដោយលើកឡើងថា វាជាការបង្ហាញកំហឹងដោយឯកឯងរបស់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកមិនទាំងប្រាដកថា ការវាយដំតំណាងរាស្ត្រទាំងពីររូបនៅខាងក្រៅទ្វាររបងនៃរដ្ឋសភាជារឿងនយោបាយឡើយ ប៉ុន្តែលោកបានទាមទារឲ្យផ្ដន្ទាទោសជនប្រព្រឹត្តល្មើស។
លោកបានបកស្រាយថា ”មានការលើកឡើងនូវប្រធានបទមួយចំនួនទាក់ទិននឹងរឿងនេះរឿងនោះ ការជេរគ្នា ស្នេហាត្រីកោណ សងសឹកគ្នា ឬយ៉ាងនេះយ៉ាងនោះ។ ប៉ុន្តែទោះបីរឿងអ្វីក៏ដោយ មិនត្រូវឲ្យមានអំពើហិង្សាកើតឡើងជាដាច់ខាត។ ថ្ងៃនេះខ្ញុំប្រកាសជាផ្លូវការសុំឲ្យសមត្ថកិច្ចតាមចាប់ខ្លួនជនដៃដល់ដែលបានប្រព្រឹត្តហិង្សាលើអ្នកតំណាងរាស្ត្រទាំងពីររូប។ យើងមិនអាចយោគយល់ និងអត់ឱនឲ្យចំពោះអ្នកប្រព្រឹត្ត បើទោះបីអ្នកនោះជាអ្នកគាំទ្រគណបក្សប្រជាជន ឬគាំទ្របក្សប្រឆាំងក៏ដោយ”។
លោក ហ៊ុន សែន បានបញ្ជាក់ថា ការប្រើអំពើហិង្សាលើគណបក្សសង្គ្រោះជាតិទាំងពីររូបគឺលោក ញ៉យ ចំរើន និងលោក គង់ សភា ដែលត្រូវបានគេទាត់ធាក់ និងជាន់លើយ៉ាងរន្ថើនបន្ទាប់ពីត្រូវបានទាញទម្លាក់ពីលើរថយន្តរបស់ពួកលោក បានកើតឡើងមួយម៉ោងក្រោយបាតុកម្មគាំទ្រគណបក្សប្រជាជននេះរម្សាយ។
លោកបានថ្លែងថា “អ្នកណាក៏ដោយដែលប្រព្រឹត្តអំពើដ៏ថោកទាបនេះ គឺត្រូវតែចាប់យកមកផ្ដន្ទាទោសឲ្យខានតែបាន។ សង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការ ហើយអំពាវនាវឲ្យប្រជាពលរដ្ឋស្ងប់ស្ងាត់ ការរកទទួលទាននៅតែបន្តធ្វើ”។
លោកបានបន្ថែមថា លោក ហេង សំរិន ប្រធានរដ្ឋសភាបានផ្ដល់ប្រាក់ចំនួន២០.០០០ដុល្លារដើម្បីចេញថ្លៃព្យាបាលលោក ញ៉យ ចំរើន និងលោក គង់ សភា ហើយអាចនឹងផ្ដល់បន្ថែមទៀត ប្រសិនបើថ្លៃព្យាបាលអស់ច្រើនជាងនេះ។
បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃច័ន្ទ លោក សម រង្ស៊ី បានពណ៌នាពីហេតុការណ៍នេះថាជាឧទាហរណ៍មួយស្តីពីលោក ហ៊ុន សែន ប្រើប្រាស់ “វិធីសាស្ត្ររបស់ពួកហ្វាស៊ីស” និងជាទង្វើសងសឹកដែលត្រូវបានព្រមានជាមុនចំពោះបាតុកម្មនៅក្នុងប្រទេសបារាំង និងសហរដ្ឋអាមេរិក។
ប៉ុន្តែលោក សម រង្ស៊ី មានឥរិយាបថសម្រុះសម្រួលច្រើនកាលពីយប់មិញ ដោយលើកឡើងថា លោកនឹងអនុញ្ញាតឲ្យការស៊ើបអង្កេតផ្លូវការបញ្ចប់សិន មុននឹងលោកធ្វើការអះអាងបន្ថែមទៀត ទោះបីជាលោកនៅតែជឿថា លោក ហ៊ុន សែន ជាអ្នករៀបចំការវាយប្រហារនេះក៏ដោយ។
លោកបានគូសបញ្ជាក់ថា ”នេះជាការជឿជាក់របស់ខ្ញុំ ប៉ុន្តែរវាងការជឿជាក់របស់ខ្ញុំ និងការបញ្ជាក់ជាផ្លូវការ យើងត្រូវទុកឲ្យអ្នកដែលត្រូវធ្វើការស៊ើបអង្កេតធ្វើការងាររបស់ខ្លួន ដូច្នេះខ្ញុំស្វាគមន៍ការស៊ើបអង្កេតនេះ។ ប៉ុន្តែខ្ញុំសុំឲ្យមានការស៊ើបអង្កេតឯករាជ្យ និងមិនលម្អៀង។ នេះជាអ្វីដែលពិតជា ចាំបាច់។ វាជាឱកាសមាសសម្រាប់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បង្ហាញថាគ្មានស្ដង់ដារពីរនៅកម្ពុជា។ តែងតែមានការស៊ើបអង្កេត នៅពេលមានការចោទកាន់គណបក្សប្រឆាំង និងអ្នកគាំទ្ររបស់ខ្លួនពីបទប្រើអំពើហិង្សា ហើយការស៊ើបអង្កេតទាំងនោះបានបញ្ចប់យ៉ាងឆាប់រហ័ស។ វាត្រូវបានធ្វើឡើងយ៉ាងច្បាស់លាស់នៅពេលគេចោទប្រកាន់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដូច្នេះខ្ញុំចង់ឃើញវាដំណើរការឆាប់រហ័សដូចពួកគេជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិអ៊ីចឹងដែរ”។
ឧត្តមសេនីយ៍ឯក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ដែលជាសមាសភាពមួយរូបនៅក្នុងគណៈកម្មការដែលមានសមាជិកប្រាំពីររូបដែលត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតការវាយប្រហារនេះ បានមានប្រសាសន៍ថា ការស៊ើបអង្កេតបានចាប់ផ្ដើមឡើងហើយ ដោយនគរបាលកំពុងស្រាវជ្រាវរកវីដេអូឃ្លីបតាមបណ្ដាញទំនាក់ទំនងសង្គម។
លោកបានថ្លែងថា ”ព្រឹកនេះយើងបានចាប់ផ្តើមប្រមូលភ័ស្តុតាង និងសាក្សី។ យើងចាំបាច់ត្រូវប្រមូលភ័ស្តុតាងឲ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីវែកមុខជនល្មើស ហើយពេលនេះយើងកំពុងខិតខំយ៉ាងខ្លាំង និងបានឃើញព័ត៌មានដែលបងប្អូនបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម”។
ប៉ុន្តែលោកសង្ឃឹមថា គណៈកម្មការនេះនឹងស្វែងរកជនសង្ស័យឃើញ ទោះបីជាអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ចោទប្រកាន់ថា គណៈកម្មការនេះគឺជាកម្លាំងចាត់តាំងមួយដែលត្រូវបានបង្កើតឡើងដើម្បីបិទបាំងការរៀបចំផែនការប្រើអំពើហិង្សារបស់គណបក្សប្រជាជនកម្ពុជា។
លោកមានប្រសាសន៍បន្តថា “ពេលយើងានភ័ស្តុតាង និងមានអត្តសញ្ញាណរបស់ពួក គេ យើងនឹងធ្វើការងារទៅតាមនីតិវិធីដើម្បីធ្វើសំណើទៅតុលាការដើម្បីចាប់ខ្លួនពួកគេ”។
លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងបានបង្ហោះសារតាមហ្វេសប៊ុកពី មន្ទីរពេទ្យក្នុងប្រទេសថៃដោយនិយាយថា លោក ញ៉យ ចំរើន បានវះកាត់របួសបាក់ឆ្អឹងកដៃ និងរបួសបាក់ឆ្អឹងរង្វង់ភ្នែក រីឯ លោក គង់ សភា វិញវះកាត់របួសបាក់ឆ្អឹងខ្ទង់ច្រមុះ និងរបួសរហែកក្រដាសត្រចៀក។
ការអះអាងដែលថា គណបក្សប្រជាជនកម្ពុជាបានរៀបចំការតវ៉ាកាលពីថ្ងៃច័ន្ទ ត្រូវបានបញ្ជាក់ឲ្យឃើញកាន់ច្បាស់តាមរយៈការអំពាវនាវមួយទៀតដែលក៏ទាមទារឲ្យលោក កឹម សុខា ចុះចេញពីតំណែងដែរ អំឡុងការតវ៉ាដាច់ដោយឡែករបស់ទាហានដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក គន់ គីម អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទដែលជាមនុស្សជំនិតរបស់លោក ហ៊ុន សែន ។
ពេលទៅទទួលលោក ហ៊ុន សែន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកម្សិលមិញ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានបដិសេធថា ការតវ៉ាទាំងនេះមិនមែនជាផ្នែកនៃយុទ្ធនាការរបស់រដ្ឋាភិបាលដើម្បីបំភិតបំភ័យគណបក្សប្រឆាំងឡើយ។
ឧត្តមសេនីយ៍ ទៀ បាញ់ បានប្រាប់អ្នកយកព័ត៌មានថា ទាហានដែលអំពាវនាវទាមទារឲ្យលោក កឹម សុខា ចុះចេញពីតំណែង ” ក៏មានសិទ្ធិគាំទ្រ និងមិនពេញចិត្តនឹងនរណាម្នាក់ដែរ។នេះជាសិទ្ធិរបស់គេ”។
ជាផ្នែកនៃការគំរាមកំហែង និងការប្រើអំពើហិង្សាពីសំណាក់រដ្ឋាភិបាលដែលកើតឡើងភ្លាមៗក្នុងរយៈពេលបីថ្ងៃ កាលពីថ្ងៃអាទិត្យលោក ហ៊ុន សែន ក៏បានព្រមានផងដែរ ថា លោក សម រង្ស៊ី អាចជាប់ពន្ធនាគារដូច សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងមួយរូបដែលត្រូវបានចោទប្រកាន់ទាក់ទិននឹងសន្ធិ សញ្ញាក្លែងក្លាយដែលសមាជិកព្រឹទ្ធសភារូប នេះបានបង្ហាញនៅក្នុងវីដេអូឃ្លីបមួយដែល បង្ហោះតាមហ្វេសបុ៊ករបស់លោក សម រង្ស៊ី ។
អភ័យឯកសិទ្ធិសភាដែលរួចផុតពីការផ្តន្ទាទោសរបស់សមាជិកព្រឹទ្ធសភា ហុង សុខហួរ មិនត្រូវបានគោរពទេ កាលពីខែសីហា ដោយសារបទល្មើសជាក់ស្តែង ឬសកម្ម ភាពល្មើសដែលរកឃើញនៅក្នុងវីដេអូឃ្លីប។
លោក ហ៊ុន សែន បានមានប្រសាសន៍អំឡុងពេលថ្លែងសុន្ទរកថានៅក្នុងទីក្រុងប៉ារីសថា “អភ័យឯកសិទ្ធិគេគោរពហើយប៉ុន្តែ បទល្មើសជាក់ស្តែង គេចាប់ភ្លាម”។លោក បានបន្ថែមថា “អាម្ចាស់Page [ទំព័រហ្វេសបុ៊ក] ជានរណា ជា រង្ស៊ីហ្មង អ៊ីចឹងទេវាអាចដល់ម្នាក់ហ្នឹង ហើយបើដល់ម្នាក់ហ្មឹង ម្តងនេះខ្ញុំឈប់លើកលែងទោសឲ្យហើយ”។
ប៉ុន្តែ លោក សម រង្ស៊ី បានលើកឡើងកាលពីយប់មិញថា ការចាប់លោកដាក់ពន្ធនាគារនឹងធ្វើឲ្យមានបញ្ហាច្រើនសម្រាប់រដ្ឋាភិបាលហើយថា លោកមានគម្រោងត្រឡប់ពីប្រទេស បារាំងវិញមិនឲ្យហួសពីថ្ងៃពុធទេ។ លោកបាន បន្ថែមថា លោកមិនខ្លាចគេចាប់ខ្លួនឡើយ។
លោកបានមានប្រសាសន៍ថា ” មិនខ្លាចទាល់តែសោះ។ ករណីរបស់លោក ហុង សុខហួរ វាមិនសមហេតុសមផលទេ។ ប្រសិនបើគេចង់ចាប់ខ្ញុំទៀតនោះ វាកាន់តែមិនសមហេតុផលទៅទៀត។ ពេលនោះ ខ្ញុំនៅសហរដ្ឋអាមេរិកពេញមួយខែសីហា”។
លោកបានបន្ថែមទៀតថា “ខ្ញុំគិតថា រដ្ឋាភិបាលកំពុងជាប់រវល់ខ្លាំងណាស់ទៅហើយប៉ុន្តែ ខ្ញុំក៏ត្រៀមខ្លួនចូលពន្ធនាគាររួចហើយដែរ។ ពីរបីថ្ងៃទៀតខ្ញុំនឹងត្រឡប់ទៅកម្ពុជាវិញ។ ខ្ញុំមិនព្រួយបារម្ភទេ។ ប្រសិនបើគេចង់ចាប់ខ្ញុំ ខ្ញុំឲ្យចាប់”៕ សុខុម និង ស៊ុយឈាង (រាយការណ៍បន្ថែមដោយ មិុច ដារ៉ា)