38 C
Phnom Penh

សេចក្តី​​​​លម្អិត​អំពីយីហោ​អង្ករ​លេខ​១​របស់កម្ពុជាត្រូវ​​​បាន​​​ពិភាក្សា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​​​រដ្ឋាភិបាល​​​សង្ឃឹម​​​ថា នឹងចាប់ផ្តើម​បញ្ចេញ​​​យីហោ​​​អង្ករ​​​លេខ​​​១​​​​​​​​​របស់​​​កម្ពុជា​​​នៅលើ​​​ទី​​​ផ្សារ​​​ពិភព​​​លោក​​​ក្នុង​​​ត្រីមាស​​​​​​ដំបូង​​​​​​នៃ​​​ឆ្នាំ​​​២០១៦​​​ ការ​ពិភាក្សា​​​តុ​​​មូល​​​នៅក្នុង​​​រាជធានីភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ បាន​​​​​​លើក​​​ឡើង​​​ពី​​​ឧបសគ្គ​​​នៅសេសសល់​ ជា​​​ពិសេស​​​ការ​​​កំណត់​​​ឈ្មោះ​​​។

នៅ​​​ក្នុង​​​​​​ពិធី​​​ រៀប​​​ចំ​​​ដោយ​​​ស្ថាន​​​ទូត​​​អង់​​​គ្លេស​​​ និង​​​ក្រសួង​​​ពាណិជ្ជកម្ម​​​ លោក ស៊ុន​​​ ចាន់​ថុល​​​ រងដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ពាណិជ្ជកម្ម​​​​​​បាន​​​លើ​​​ក​​​ឡើង​​​ថា ជម្រើស​​​ដ៏​​​ល្អ​​​បំផុត​​​សម្រាប់​​អង្ករ​​​លេខ​​​១​​​កម្ពុជា​​​គឺ​​​ច្បាស់​​​ហើយ​​​។

ដោយ​​​លើក​​​កម្ពស់​​​ឈ្មោះ​​​ដែល​​​ក្រសួង​​​កសិកម្ម​​​ក៏​​​គាំទ្រ​​​ដែរ​​​នោះ លោក​​​​​​ ស៊ុន ចាន​​​់ថុល​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “សូម​​​ផ្តោត​​​លើ​​​ឈ្មោះ​​​ផ្ការំដួល​​​ ចុះ​​​បញ្ជី​​​ឈ្មោះ​​​នេះ​​​ ហេតុ​​​ដូច្នេះ​​​​​​អ្នក​​​ផ្សេង​​​មិន​​​អាច​​​ប្រើ​​​ឈ្មោះ​​​នេះ​​​បាន​​​ឡើយ”។

ផ្កា​​​រំដួល​​​ ឬ​​​ផ្កា​​​ម្លិះ​​​ គឺជា​​​ឈ្មោះ​​​ប្រភេទ​​​អង្ករ​​​ផ្កា​​​ម្លិះ​​​លេខ​​​១​​​របស់​​​កម្ពុជា​​​ដែល​​​ជាប់ ឈ្មោះ​​​​ជា​​​ប្រភេទ​​​ ”អង្ករ​​​ល្អបំផុត​​​លើ​​​ពិភព​​​លោក​​​” ជា​​​រៀង​​​រាល់​​​ឆ្នាំ​​​ ចាប់​​​តាំង​​​ពី​​​វា​​​ត្រូវ​បាន ​​​​យក​ទៅប្រកួត​ប្រជែង​​​​ជា​​​​​​លើក​​​ដំបូង​​​​ក្នុង​​​ការ​​​ប្រកួត​​​​​​​​​រៀប​​​ចំ​​​ដោយ​​​សន្និសីទស្រូវ​​​​អង្ករ​​​ពិភពលោក (World Rice Conference) កាលពី​​​​បី​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​។

លោក​​​ ស៊ុន ចាន់​​​ថុល​​​ បាន​​​​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ប្រទេស​​​ថៃ​​​ក៏​​​លក់​​​អង្ករ​​​ផ្កា​​​ម្លិះ​​​ដែរ។​​​​យើង​​​ឈ្នះ​​​ពាន​​​រង្វាន់​​ជា​​​ប្រភេទ​​​អង្ករ​​​ផ្កា​​​រំ​​​ដួល​​​ទេ ប៉ុន្តែ យើង​​​ចេះ​​​តែ​​​នាំ​​​គ្នា​​​ហៅ​ថា ផ្កាម្លិះ​​​ ផ្កា​​​ម្លិះ ផ្កា​​​ម្លិះ​​​ ទៅ​​​។ យើង​​​ត្រូវតែ​​​ធ្វើ​​​អ្វី​​​ឲ្យ​​​ខុស​​​ពី​​​ប្រទេស​​​ជិត​​​ខាង​​​របស់​​​យើង”។

លោក​​​ ដេវីដ ភុត​​​ណាម​​​ (David Puttnam) ប្រេសិត​​​ធុរកិច្ច​​​អង់គ្លេស​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​​​​ និង​​​ជា​​​សមាជិក​​​ប្រឹក្សា​​​មួយ​​​រូបនៅ​​​ក្នុង​​​ពិធី​​​នេះ​​​បាន​​​​​​លើក​​​ឡើង​​​ថា ​​​ឈ្មោះ​​​ងាយៗ​​​​​​ទើប​​​ជា​​​ការ​​​ប្រសើរ​​​ ដោយ​​​ពន្យល់​​​ថា យីហោ​​​អង្ករ​​​អន្តរ ជាតិ​​​របស់​​​កម្ពុជា​​​​​​គួរ​​​តែ​​​ ”ងាយ​​​ស្រួល​​​បក​​​ប្រែ និង​​​ងាយស្រួលហៅ​​​​”។

ដោយ​​​គូស​​​បញ្ជាក់​​​ពី​​​ជោគ​​​ជ័យ​​​នៃ​​​គ្រឿង​​​ឧបភោគ​​​បរិភោគ​​​ ដែល​​​អ្នក​​​ប្រើ​​​ប្រាស់​​​ទូទាំង​​​ពិភព​​​លោក​​​ទទួល​​​ស្គាល់​​​ដូចជា​​​ ម្រេច​​​កំពត​​​និង​​​ប្រេង​​​អូលីវ​​​ របស់​​​អីុតាលីជាដើមនោះ​​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​ងារ​​​នៅ​​​ទី​​​នេះ​​​គឺ​​​ត្រូវ​​​ធ្វើ​​​ឲ្យ​​​ ‘មាស​​​ស’ ​​​ក្លាយ​​​ទៅជា​​​គ្រឿង​​​ឧបភោគ​​​បរិភោគ​​​ដ៏​​​ពេញ​​​និយម​​​ ហើយ​​​​​​ថា តើ​​​​​​វា​​​នឹង​​​ជួយ​​​កសិករ​​​ ឬ​​​អ្នក​​​ផលិត​​​នៅ​​​ក្នុង​​​ប្រទេស ​​​កម្ពុជា​​​តាម​​របៀប​​​​​​ណា​​​”។

ការ​​​ពិភាក្សា​​​គ្នានេះ​​​​ក៏​​​បាន​​​ផ្តោត​​​លើ​​​ភាព​​​ចាំ​​​បាច់​​​ក្នុង​​​ការ​​​បង្កើត​​​ស្តង់​​​ដារ​​​ដែល​​​មាន​​​លិខិត​​​បញ្ជាក់​​​ទទួលស្គាល់​​​មួយ​​​ផងដែរ​ដើម្បី​​​ធានា​​​ជូន​ទាំង​​​អ្នក​​​ផលិត​​​ និង​​​អ្នក​​​ប្រើ​​​ប្រាស់​​​​​​​​​​​​នូវ​​​គុណភាព​​​អង្ករ​​​លេខ​​​១​​​របស់​​​កម្ពុជា​​​​​​។

លោក​​​ ដេវីដ វ៉ាន (David Van) លេខា​​​ស្តីទី​​​នៃ​​​សហព័ន្ធ​​​ស្រូវ​​​អង្ករ​​​កម្ពុជា​​​ (CRF) បាន​​​មាន​​​ប្រសាសន៍​​​ថា ”ប្រសិន​​​បើ​​​យើង​​​នាំចេញ​​​​ផលិត​​​ផល​​​ទៅ​​​​ទី​​​នោះជា​​​ប្រភេទ​​​លេខ​​​១​​​ យើង​​​ត្រូវ​​​តែ​​​ធានា​​​​ និង​​​ការ​​​ពារ​​​យីហោ​​​របស់​​​យើង​​​”។

សហព័ន្ធ​​​ស្រូវ​​​អង្ករ​​​កម្ពុជា​​​​បានកំណត់​គោលដៅ​​​​របស់​​​ខ្លួន​​​លើ​​​ទី​​​ផ្សារ​​​ចំនួន​​​បី​​​សម្រាប់​​​អង្ករ​​​ប្រភេទ​​​លេខ​​​១​​​នេះ គឺ​​​ទីផ្សារ​​​អាមេរិក ទីផ្សារ​​​អឺរ៉ុប និង​​​ទីផ្សារ​​​ចិន​​​។ លោក  ស៊ុន ចាន់​​​ថុល បាន​​​លើក​​​ឡើង​​​ថា ក្រសួង​​​របស់​​​លោក​​​​​​កំពុង​​​តែ​​​ស្វះ​​​ស្វែង​​​យ៉ាង​​​សកម្ម​​​ក្នុង​​​ការ​​​ស្វែង​​​រក​​​ទីផ្សារ​​​បន្ថែម​​​ទៀត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ចុះ​​​ MOU [ អនុស្សរណៈ​​​នៃ​​​ការ​​​យោគ​​​យល់​​​គ្នា​​​] ជា​​​មួយ​​​ប្រទេស​​​ចិន​​​សម្រាប់​​​ការ​​​នាំ​​​ចេញ​​​អង្ករ​​​១០០​​.០០០តោន​​​ ហើយ​​​កាល​​​ពី​​​ម្សិល មិញ យើង​​​បាន​​​ចុះ​​​ MOU ជាមួយ​​​ក្រុម​​​ហ៊ុន​​​មួយ​​​នៅ​​​ឥណ្ឌូ​​​ណេស៊ី ដោយ​​​សង្ឃឹម​​​ថា នឹង​​​អាច​​​នាំ​​​ចេញ​​​អង្ករ​​​ទៅ​​​ទី​​​នោះ​​​១០០.០០០ តោន​​​ ដែរ”។

លោក​ ស៊ុនចាន់ថុល​ បានលើកឡើង ទៀត ថា​ នៅ​​​ក្នុង​​​រយៈ​​​ពេល​​​៩ខែ​​​ដំបូង​​​នៃ​​​ឆ្នាំ​​​នេះ​​​ កម្ពុជា​​​ផលិត​​​អង្ករ​​​បាន​​​៣៦៩.០០០តោន​​​ ពោល​​​គឺ​​​កើន​​​ឡើង​​​៣៧​​​ភាគ​​​រយ​​​បើ​​​ធៀប​​​នឹង​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​។ ទោះ​​​ជា យ៉ាង​​​ណា​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ពាណិជ្ជកម្ម​​​រូបនេះ​​​បាន​​​ទទួល​​​ស្គាល់​​​ថា គោល​​​ដៅ​​​នាំ​​​ចេញ​​​អង្ករ​របស់​​​រដ្ឋាភិបាល​​​​​​ឲ្យ​​​បាន​​​​​​១លាន​​​តោន​​​​​​នៅក្នុង​​​ឆ្នាំ​​​២០១៥​​​នេះ​​​ ”គឺ​​​មិនសម្រេច​តាម​​​គោល​​​ដៅ​​​​ឡើយ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ”ខ្ញុំ​​​នឹង​​​សប្បាយ ចិត្ត​​​នៅ​​​ដំណាច់​​​ឆ្នាំ​​​នេះ​​​ បើអាច​​​នាំ​​​ចេញ​​​អង្ករ​​​បាន​​​៥០០.០០០តោន”៕ស៊ុយឈាង​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស