40.6 C
Phnom Penh

​បន្ទាប់​ពីការ​វាយ​ដំ​លើ​​រាង​កាយ ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ​សភា​​​​​នឹង​​ចូល​ប្រជុំ​វិញ​នៅ​ព្រឹក​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បួន​ថ្ងៃ​បន្ទាប់ពី​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ពីរ​រូប​ត្រូវ​គេ​វាយ​ដំ​លើ​រាងកាយ​​ ខណៈ​ពេល​​ចាក​ចេញពី​រដ្ឋសភា​ ​សភា​គ្រោង​នឹង​​ចូល​ប្រជុំឡើង​វិញ​​នៅ​ព្រឹក​នេះ​ ដើម្បី​អនុម័ត​ការ​ធ្វើ​វិសោធនកម្ម​​វិធាន​ផ្ទៃ​ក្នុង ​ហើយ​អាច​នឹង​សម្រេច​លើ​​អនាគត​​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង។

ជិត​ពាក់​កណ្ដាល​​​នៃ​តំណាង​រាស្ត្រ​ទាំង​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​កំពុង​ស្ថិត​នៅ​បរទេស​នៅ​ឡើយ​ ដោយ​ជាច្រើន​នាក់​ស្ថិត​នៅ​ក្នុង​​ប្រទេស​ថៃ​ដើម្បី​គាំទ្រ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​​បន្ទាប់ពី​​​ត្រូវ​​​គេ​​ជាន់​ ទាត់ធាក់​មុខ​យ៉ាង​រន្ថើន​អំឡុង​បាតុកម្ម​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃ​ច័ន្ទ។

ប៉ុន្តែ​លោក កែវ ភិរម្យ តំណាង​រាស្ត្រ​មួយ​រូប​​នៃ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ​៣០​រូប​​​ដែល​​​ស្ថិត​នៅ​ក្នុង​ប្រទេស​នៅ​ឡើយ​ បាន​មាន​ប្រសាសន៍​ថា ​តំណាង​រាស្ត្រ​​ដែល​នៅ​សេស​សល់​ទាំង​នេះ​នឹង​ចូល​សភា​​ដើម្បី​អនុម័ត​វិធាន​ផ្ទៃ​ក្នុង​ថ្មី និង​ការ​ធ្វើ​វិសោធនកម្ម​​​ច្បាប់​បោះ​ឆ្នោត​ឃុំ-សង្កាត់ ទោះបី​ជា​មាន​ព្រឹត្តិការណ៍​កាលពី​ពេល​ថ្មីៗ​នេះ​ក៏ដោយ។

លោក​បានមាន​ប្រសាសន៍​ថា​​​ “​យើង​នឹង​ទៅ​នៅ​ថ្ងៃ​ស្អែក។ ទោះបី​ជា​ពួក​យើង​ភាគ​ច្រើន​នៅ​បរទេស​ក៏ដោយ​​​ ក៏​​អ្នក​ដែល​នៅ​សេសសល់​​នឹង​នៅតែ​ទៅ​ដើម្បី​គាំទ្រ​វិសោធ​​​ន​​​ កម្ម​ទាំង​នោះ”។

គួរ​រំឭក​ថា លោក ញ៉យ ចំរើន និង​លោក គង់ សភា ត្រូវ​បាន​ទាញ​ទម្លាក់​ពី​រថយន្ត​របស់​​លោក ហើយ​​​វាយ​ដំ​យ៉ាង​រន្ថើន​ពី​សំណាក់​ក្រុម​បុរស​​​ដែល​​ចូល​រួម​បាតុកម្ម​ទាម​ទារ​​ឲ្យ​លោក កឹម សុខា ចុះ​ចេញពី​តំណែង​អនុ​​​ប្រធាន​រដ្ឋសភា។

បាតុកម្ម​នេះ​ត្រូវ​បាន​ជំរុញ​​​ឲ្យ​ធ្វើ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​យប់​មុន​នោះ ហើយ​ត្រូវ​បាន​រៀប​​​ចំ​ឡើង​ដោយ​ក្រុម​យុវជន​មួយ​​ ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ច្រាន​ចោល​ការ​អះអាង​​របស់​​សង្គម​ស៊ីវិល និង​គណបក្ស​សង្គ្រោះ​​​ជាតិ​ដែល​លើក​ឡើង​ថា លោក ហ៊ុន​ សែន ជា​អ្នក​នៅ​ពីក្រោយ​ហេតុការណ៍​ប្រើអំពើ​ហិង្សា​នោះ។

ការ​​វាយ​ដំ​នោះ​​គឺ​ជា​​ផ្នែក​មួយ​នៃ​​ការ​ប្រឹង​​​​ ប្រែង​​​​រួមគ្នា​ដើម្បី​បំភិត​បំភ័យ​លោក កឹម សុខា ដោយ​​ក្រុម​បាតុករ​បាន​​​គប់​ដុំថ្ម​ទៅ​លើ​ផ្ទះ​របស់​លោក​រយៈ​ពេល​​៦ម៉ោង​កាលពី​រសៀល​ថ្ងៃ​ច័ន្ទ ខណៈ​ប្រពន្ធ​របស់​លោក​នៅ​ក្នុង​ផ្ទះ ហើយ​នគរ​បាល​មិន​បាន​​អើ​ពើ​​នឹង​ការ​​​​​​​ទូរស័ព្ទ​សុំ​ជំនួយ​អន្តរាគមន៍​ឡើយ។

លោក គន់ គីម អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​​ខេមរភូមិន្ទ និង​ជា​មនុស្ស​ជំនិត​​របស់​លោក​​ ហ៊ុន សែន ក៏​បាន​ចេញ​ញត្តិ​មួយ​​​​​ច្បាប់​ដាក់​ក្បាល​លិខិត​កង​ទ័ព​ដើម្បី​អំពាវ​នាវ​ឲ្យ​ដក​លោក កឹម សុខា ចេញពី​តំណែង​​កាល​​​ពី​ថ្ងៃ​ច័ន្ទ ខណៈ​ទាហាន​ដែល​ស្ថិត​ក្រោម​បញ្ជា ​របស់​លោក​​​បាន​ប្រមូល​ផ្ដុំ​​​គ្នា​ជាមួយ​នឹង​បដា​​​ទាមទារ​ដូច​គ្នា​នេះ​។

លោក មុត ចន្ថា ​ប្រធាន​ខុទ្ទកាល័យ​របស់​លោក កឹម សុខា​ បាន​មាន​ប្រសាសន៍​ថា អនុ​​​ប្រធាន​​គណបក្ស​​សង្គ្រោះ​ជាតិ​រូប​នេះ​ដែល​​​មិន​បាន​​ចូល​ប្រជុំ​នៅ​​រដ្ឋសភា​កាលពី​ថ្ងៃ​ច័ន្ទ ដោយសារ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់​លោកទំនង​ជា​​វិល​ត្រឡប់​​ពី​ប្រទេស​ថៃ​វិញ​មិន​ទាន់​​សម័យ​ប្រជុំ​នៅ​ថ្ងៃ​នេះ​ឡើយ​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​​គណបក្ស​ប្រជាជន​កម្ពុជា​​មាន​ប្រសាសន៍​ថា ​ញត្តិ​​​ស្នើ​សុំ​ឲ្យ​ដក​​លោក កឹម សុខា ចេញពី​តំណែង​​ដែល​ក្រុម​បាតុករ​កាលពី​​ថ្ងៃ​ច័ន្ទ បាន​ប្រគល់​ជូន​លោក​ស្រី ឡោក ខេង តំណាង​រាស្ត្រ​គណ​​​ បក្ស​ប្រជាជន​កម្ពុជា អាច​នឹង​​មក​ដល់​នៅ​ថ្ងៃ​នេះ​។

លោក​បាន​បន្ត​ថា “​នៅ​ពេល​មាន​​ហត្ថ​​​លេខា​​​​​៥០បូក​១​ [នៃ​តំណាង​រាស្ត្រ​ទាំង​១២៣​​​​ រូប​] ហើយ​ត្រូវ​បាន​​ប្រគល់​ជូន​​ប្រធាន​រដ្ឋសភា ប្រធាន​រដ្ឋសភា​ត្រូវ​​កោះ​ប្រជុំ​គណៈ​​​កម្មាធិការ​អចិន្ត្រៃយ៍។ នៅ​ពេល​មាន​សំឡេង​ លើស​ពី​៥០​បូក​១​នៃ​សមាជិក​គណៈ​​​កម្មាធិការ​ អចិន្ត្រៃយ៍​ដែល​បោះ​ឆ្នោត​គាំទ្រ​ការ​ដក​​ពី​តំណែង​​​នោះ តំណែង​របស់​លោក​អាច​ដក​ចេញ​បាន​” ប៉ុន្តែ​​លោក​មិន​បាន​បញ្ជាក់​​ថា​តើ​រឿង​នោះ​អាច​នឹង​កើត​ឡើង​នៅ​ថ្ងៃ​នេះ​ឬ​យ៉ាង​ណា​ឡើយ។ លោក​បាន​​​គូស​បញ្ជាក់​​ថា “​ចាំមើល​លទ្ធផល​ចុះ​”។

ទោះ​ជា​យ៉ាង​​ណា លោក អេង ឆៃអ៊ាង តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា​មិន​​​អាច​ដក​លោក កឹម សុខា ចេញ​​​​បាន​ឡើយ​ ប្រសិន​បើ​មិន​រម្លាយ​សភា​ចោល​ទេ​នោះ ពីព្រោះ​រដ្ឋធម្មនុញ្ញ​អនុញ្ញាត​ឲ្យ​ជំនួស​​​​តំណែង​​​ ​ប្រធាន​រដ្ឋសភា​​ និង​អនុប្រធាន​រដ្ឋសភា​ពីរ​រូប​​ ល្គឹក​ណា​ពួកគាត់​​​លា​ឈប់​ពី​តំណែង​ ឬ​ទទួល​មរណភាព។

លោក​មាន​ប្រសាសន៍​ទៀត​ថា “​គ្មាន​ការ​​ដក​តំណែង​​​ប្រធាន​គណៈកម្មការ ប្រធាន ឬ​អនុប្រធាន​​រដ្ឋសភា​​​នោះ​ទេ​នៅ​ក្នុង​វិធាន​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា ឬ​រដ្ឋធម្មនុញ្ញ​។ គ្មាន​ការ​ដក​សេចក្ដី​ទុកចិត្ត​​ ឬ​ដក​ពួកគាត់​ចេញ​ឡើយ​។ ប្រសិន​បើ​មាន​ច្បាប់​បែប​នេះ​ ខ្ញុំ​មិន​ដឹង​ថា​​វា​ជា​ស្អី​នោះ​ទេ”។

លោក ឈាង វុន ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​​អ្នកនាំពាក្យ​​​រដ្ឋសភា​​បាន​មាន​ប្រសាសន៍​ថា លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ត្រឹម​ត្រូវ​ហើយ​​ដែល​លើក​ឡើង​ថា គ្មាន​បទប្បញ្ញត្តិ​បែប​នេះ ប៉ុន្តែ​លោក​ បាន​គូស​បញ្ជាក់​​​ថា លោក កឹម សុខា ​នៅ​តែ​អាច​ដក​​ចេញពី​តំណែង​របស់​លោក​បាន​ដដែល។ ​​​​​​

​លោក​​បាន​​​លើក​​​ឡើង​​​ថា “​ជា​ការ​ពិត​ យើង​​ គ្មាន​​ច្បាប់​​​ចែង​ថា តំណាង​រាស្ត្រ​អាច​ដក​​តំណែង​​ថ្នាក់​ដឹកនាំ​​រដ្ឋ​សភា​បាន​ឡើយ ប៉ុន្តែ​ការ​អនុវត្ត​​​​ជាក់​​ស្ដែង​គឺ​ថា ​នៅ​ពេល​វា​មក​តាម​ផ្លូវ​​​ណា​ វា​ក៏​ត្រូវ​​​​​ចេញ​ទៅវិញ​តាម​ផ្លូវ​នោះ​ដែរ។ តំណាង​រាស្ត្រ​​​បាន​​បោះ​ឆ្នោត​ប្រធាន និង​អនុប្រធាន និង​​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​នៃ​រដ្ឋសភា ដូច្នេះ​ហើយ​​​​ដោយសារ​តែពួកគាត់​​មាន​សិទ្ធិ​ជ្រើស​រើស​ ពួកគាត់​ក៏​មានសិទ្ធិ​ដក​សេចក្ដី​ទុកចិត្ត​របស់​ខ្លួន​ដែរ”។

លោក គីម សួភីរិទ្ធ តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា លោក​សង្ឃឹម​ថា សុន្ទរកថា​របស់​លោក ហ៊ុន សែន កាលពី​យប់​ថ្ងៃ​ពុធ​ដែល​ថ្កោល​ទោស​​ហេតុការណ៍​​ប្រើ​អំពើ​ហិង្សា​កាលពី​ថ្ងៃ​ច័ន្ទ​ ធានា​ថា​អំពើ​ហិង្សា​នឹង​មិន​កើត​ឡើង​​ទៀត​នោះ​ទេ​នៅ​ថ្ងៃ​នេះ។

លោក​គូស​បញ្ជាក់​ថា “​យើង​នៅ​តែ​​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​​របស់​យើង ប៉ុន្តែ​យើង​​​ត្រូវ​តែ​ចូល​រួម​​​សម័យ​ប្រជុំ​រដ្ឋសភា ហើយ​យើង​​រង់ចាំ​​មើល​​​​ថា​តើ​មាន​អ្វី​កើត​ឡើង​​លើក​​​​នេះ។ លោក​នាយក​រដ្ឋមន្ត្រី​​បាន​អំពាវ​នាវ​ឲ្យ​​​សមត្ថកិច្ច​នាំខ្លួន​ជន​​ដៃដល់​ទៅ​តុលាការ​​ ដូច្នេះ​​​ខ្ញុំ​​សង្ឃឹម​ថា នឹង​គ្មាន​អ្វីកើត​ឡើង​នោះ​ទេ​។ សំណើ​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ និង​វិធាន​ផ្ទៃ​ក្នុង​របស់​រដ្ឋសភា​ទាំង​នេះ​មាន​សារៈសំខាន់​ណាស់”។

លោក គល់ បញ្ញា នាយក​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ (ខុមហ្វ្រែល) បាន​មាន​ប្រសាសន៍​ថា ​វិធាន​

ផ្ទៃ​ក្នុង​​ថ្មី​​​រួម​មាន​​ទាំង​បទប្បញ្ញត្តិ​មួយ​ដែល​ចែង​ថា ​រដ្ឋសភា​គ្មាន​សុពលភាព​ឡើយ​​ លុះ​ត្រា​តែ​​តំណាង​រាស្ត្រ​១២៣​រូប​ស្បថ​ចូល​កាន់​តំណែង​។

មាន​ការ​ពិភាក្សា​ដេញ​ដោល​អំពី​ភាព​ស្រប​​​ច្បាប់​នៃ​រដ្ឋសភា​មួយ​​ដែល​មាន​តំណាង​រាស្ត្រ​ស្បថ​ចូល​​កាន់​តំណែង​តិច​ជាង​១២៣​រូប នៅ​ពេល​គណបក្ស​សង្គ្រោះជាតិ​បដិសេធ​មិន​ទទួល​យក​​អាសនៈ​ទាំង​៥៥​​របស់​ខ្លួន​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។

លោក គល់ បញ្ញា បាន​​លើក​ឡើង​បន្ថែម​​​ទៀត​​​​ថា “​ពេល​នេះ​ច្បាប់​ចែង​ថា ប្រសិន​បើគណបក្ស​មួយ​ច្រាន​ចោល​អាសនៈ​របស់​ខ្លួន ពេល​នោះ​​​រដ្ឋសភា​​មិន​ទាន់​ស្រប​ច្បាប់​ទេ។ ប៉ុន្តែ​នីតិវិធី​មួយ​នៅ​ក្នុង​ច្បាប់​​បោះ​ឆ្នោត​​ជ្រើស​តាំង ​តំណាង​​​​រាស្ត្រ​ចែង​ថា ឈ្មោះ​​របស់​គណបក្ស​ដែល​ធ្វើ​ពហិការ​​នឹង​ត្រូវ​លុប​ចោល​​ ហើយ​អាសនៈ​របស់​គណ​​​បក្ស​នោះ​នឹង​ត្រូវ​បែង​ចែក​​ឡើង​វិញ​ឲ្យ​ទៅ​គណបក្ស​ផ្សេងទៀត​។ ដូច្នេះ​ វា​នឹង​មាន​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ដែល​​គណបក្ស​មួយ​​អាច​ច្រាន​ចោល​អាសនៈ​របស់​ខ្លួន​ដែល​រដ្ឋសភា​​​នឹង​មិន​អាច​បង្កើត​ឡើង​បាន។ ត្រង់​​ថា​​នោះ​​ជា​ភាព​អវិជ្ជមាន​​ឬ​វិជ្ជមាន​ គឺ​មិន​ច្បាស់​​​ទេ​សម្រាប់​ខ្ញុំ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ក៏​ពួក​គេ​​បាន​បញ្ជាក់​វា​ដែរ​”។

បទប្បញ្ញត្តិ​មួយ​ទៀត​​​តម្រូវ​​ឲ្យ​កំណត់​ពេល​វេលា​សម្រាប់​តំណាង​រាស្ត្រ​សួរ​​សំណួរ​ទៅ​រដ្ឋមន្ត្រី​​នៅ​ក្នុង​សភា​ ដោយ​រដ្ឋមន្ត្រី​​​ត្រូវ​បាន​​តម្រូវ​​ឲ្យ​ឆ្លើយ​សំណួរ​ទាំង​នោះ​។

លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​​ទៀត​ថា បទប្បញ្ញត្តិ​ស្រដៀងៗ​គ្នា​​គឺ​មាន​នៅ​ក្នុង​វិធាន​បច្ចុប្បន្ន ប៉ុន្តែ​តែង​តែ​ត្រូវ​បាន​​​មិន​អើពើ​។ លោក​ថ្លែង​ថា “​វា​មិន​ខុស​គ្នា​ខ្លាំង​ពី​ពីមុន​ទេ​ ប៉ុន្តែ​វា​គ្រាន់​តែ​បញ្ជាក់​ថា ​រដ្ឋមន្ត្រី​​ត្រូវ​គោរព​សំណួរ​​របស់​សមាជិក​រដ្ឋសភា ហើយ​ត្រូវ​ឆ្លើយ​សំណួរ​ទាំង​នោះ​ក្នុង​ម៉ោង​សួរ​ និង​ឆ្លើយ​។ កន្លង​មក​​ នាយករដ្ឋមន្ត្រី​​គិត​តែ​ពី​និយាយ​អស់​ពេល​​៥ម៉ោង។ ពួកគេ​បាន​អនុញ្ញាត​ឲ្យ​ ‘ឆ្លើយ​’ ប៉ុន្តែ​គ្មាន​ ‘សំណួរ​’ នោះ​ទេ។ ​​​ត្រូវ​តែ​មាន​សំណួរ​ និង​ចម្លើយ​ មិន​មែន​មាន​តែ​ចម្លើយ​ទេ។ ត្រូវ​តែ​មាន​សំណួរ​។ ​ប្រហែល​​​​ជា​វិធាន​នេះ​នឹង​កែប្រែ​ឥរិយាបថ​របស់​រដ្ឋ​មន្ត្រី ហើយ​ពួកគាត់​នឹង​គោរព​សំណួរ”៕ សុខុម​​​​​​​​​​​​​​​

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស