អ្នកចាត់ចែងភោជនីយដ្ឋានមួយរូបដែលជាប់គុកកាលពីខែកញ្ញា ពីបទសរសេរលើហ្វេសប៊ុកដែលពេលនោះបុរសរូបនេះបានគំរាមបោកគ្រាប់បែកក្នុងពិធីចែកសញ្ញាបត្រក្រោមអធិបតីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានដោះលែងពីពន្ធនាគារខេត្តសៀមរាបកាលពីថ្ងៃសុក្រ។
លោក តៅ សាវឿន អាយុ២៦ឆ្នាំត្រូវបានកាត់ឲ្យជាប់ទោសពីបទគំរាមសម្លាប់កាលពីដើមខែនេះ ប៉ុន្តែទោសជាប់ពន្ធនាគាររយៈពេល១៥ខែត្រូវកាត់បន្ថយមកត្រឹម១ខែដោយចៅក្រម ឈុន ចាន់សីហា ដែលបានពិចារណាលើការអះអាងរបស់ចុងចោទដែលថា គាត់មិនដែលមានបំណងបោកគ្រាប់បែកទេ ហើយក៏បានសុំទោសជាសាធារណៈដល់លោក ស ខេង ផងដែរ។
យោងតាមប៉ូលិសឲ្យដឹងថា លោក សាវឿន បាននិយាយថា ការសរសេររបស់លោកគឺដោយសារតែខឹងច្រឡោត ពីព្រោះសាកលវិទ្យាល័យ សៅស៍អុីសថ៍អេយសៀ បានផ្លាស់ប្ដូរកាលបរិច្ឆេទនៃពិធីទទួលសញ្ញាបត្រម្ដងហើយម្ដងទៀត ដោយបង្ខំឲ្យរូបគាត់ផ្លាស់ប្ដូរកាលវិភាគធ្វើការជាញឹកញាប់។
យោងតាមប៉ូលិសឲ្យដឹងថា ដោយសរសេរបង្ហោះនៅលើទំព័រមិត្តភក្ដិដែលជូនដំណឹងថា កាលវិភាគចែកសញ្ញាបត្រនឹងផ្លាស់ប្ដូរនោះ លោក សាវឿន បានសរសេរថា “ចាំសម្ដេច [ក្រឡាហោម ស ខេង] មកដល់ នាំគ្នាដាក់គ្រាប់បែកឲ្យងាប់ទាំងអស់គ្នាម្ដង”។ មន្ត្រីរដ្ឋបាលនៃសាកលវិទ្យាល័យបានជូនដំណឹងដល់នគរបាលក្រោយពីពិធីចែកសញ្ញាបត្រ ដោយនាំឲ្យមានការស៊ើបអង្កេតមួយ ហើយក៏មានការចាប់ខ្លួនលោក សាវឿន តែម្ដង។ លោក សៀន សុវណ្ណា សាកលវិទ្យាធិការបាននិយាយបន្ទាប់ពីមានការចាប់ខ្លួននោះថា សាកលវិទ្យាល័យបានព្រមាននិស្សិតមិនឲ្យសរសេរអត្ថាធិប្បាយរិះគន់តាមអុីធឺណិតទេ។
លោក សុវណ្ណា បាននិយាយពេលនោះថា “យើងសុំឲ្យពួកគេនៅស្ងៀម ហើយមិនត្រូវសរសេរពាក្យពេចន៍តាមបណ្ដាញទំនាក់ទំនងសង្គមដែលធ្វើឲ្យប៉ះពាល់សាកលវិទ្យាល័យ ឬរដ្ឋាភិបាល។ មានតែមនុស្សឆ្កួតដែលសរសេរបែបនេះ”។
បន្ទាប់ពីដោះលែងពីពន្ធនាគារកាលពីថ្ងៃសុក្រ លោក សាវឿន បាននិយាយថា លោកត្រេកអរណាស់ដែលត្រូវគេដោះលែង ហើយបាននិយាយបន្ថែមថា ការសរសេរលេងសើចនឹងមិនធ្វើឲ្យគាត់ជាប់គុកបានទេ ប្រសិនបើសាកលវិទ្យាល័យមិនបានរាយការណ៍ទេនោះ។
លោក សាវឿន បាននិយាយថា “ខ្ញុំបានសរសេរអ៊ីចឹងមែន ប៉ុន្តែខ្ញុំមិនដឹងថាខ្ញុំត្រូវជាប់គុកទេ ពីព្រោះខ្ញុំគ្រាន់តែសរសេរលេងសើចនៅលើទំព័រហ្វេសប៊ុកមិត្តភក្តិប៉ុណ្ណោះ។ ខ្ញុំគិតថា ប្រសិនបើសាលាខ្ញុំមិនបានរាយការណ៍ឲ្យប៉ូលិស ប៉ូលិសក៏មិនបានដឹងរឿងនោះដែរ”។
អតីតនិស្សិតរូបនេះបាននិយាយថា “ខ្ញុំសប្បាយចិត្តណាស់ដែលបានចេញពីគុក”។ អតីតនិស្សិតរូបនេះបាននិយាយបន្ថែមថា គាត់នឹងស្វែងរកការងារថ្មីទៀតបន្ទាប់ពីបាត់បង់ការងារពីមុនដោយសារតែការចាប់ខ្លួន និងការកាត់ឲ្យជាប់ទោស។
អតីតនិស្សិតរូបនេះបាននិយាយបន្ថែមថា “ខ្ញុំលែងហ៊ានសរសេរលេងសើចទៀតហើយ”។
ករណីរបស់លោក សាវឿន គឺស្ថិតក្នុងចំណោមការចាប់ខ្លួនថ្មីៗ និងការចាត់វិធានការព្រហ្មទណ្ឌដោយសារតែការបង្ហោះលើហ្វេសប៊ុក។
និស្សិតសាកលវិទ្យាល័យមួយរូបត្រូវបានចាប់ខ្លួនកាលពីខែសីហា ហើយពេលនេះកំពុងរង់ចាំការជំនុំជម្រះពីបទញុះញង់ដោយសារការសរសេរបង្ហោះលើហ្វេសប៊ុក នៅពេលនោះនិស្សិតរូបនេះបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមក្នុងបដិវត្តន៍ពណ៌។ កម្មករចំណាកស្រុកម្នាក់ត្រូវបានចាប់ខ្លួនកាលពីខែមុន ហើយនឹងប្រឈមមុខការជាប់ពន្ធនាគាររយៈពេល២ឆ្នាំពីបទគំរាមបាញ់ចំក្បាលលោក សុខ ទូច អ្នកស្រាវជ្រាវ។
លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងក៏កំពុងជាប់គុករយៈពេលជាង២ខែបន្ទាប់ពីចោទពីបទក្បត់ជាតិ ដោយសារបង្ហោះវីដេអូនៅលើហ្វេសប៊ុកដែលមានរូបភាពនៃសន្ធិសញ្ញាព្រំដែនក្លែងក្លាយ។ សវនាការរបស់លោកនៅបន្តនៅឡើយ៕ រើន