29 C
Phnom Penh

លេច​ចេញ​សញ្ញា​​​​​បន្ថែម​ទៀត​ទាក់​ទិន​​​តួនាទី​​របស់​រដ្ឋាភិបាល​​ក្នុង​ហេតុការណ៍​​​វាយដំតំណាង​រាស្ត្រ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សហប្រជាជាតិ​​បានអំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​​គោរព​តាម​​ការ​សន្យា​របស់​ខ្លួន​​​ថា​នឹង​ធ្វើ​ការ​ស៊ើបអង្កេត​ឯករាជ្យ​​លើ​ហេតុការណ៍​​​ប្រើអំពើ​ហិង្សា​លើ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ពីរ​រូប​កាលពី​សប្ដាហ៍​មុន ខណៈ​​អង្គការ​​ឃ្លាំមើល​សិទ្ធិ​មនុស្ស (Human Rights Watch) ​បាន​ចេញ​របាយការណ៍​មួយ​​បង្ហាញ​មន្ទិល​​បន្ថែម​ទៀត​លើ​​​តួនាទី​បស់​រដ្ឋាភិបាល​​នៅ​ក្នុង​ហេតុការណ៍​វាយ​ប្រហារ​​នោះ​។

លោក ញ៉យ ចំរើន ​និង​លោក គង់ សភា ​​ដែល​​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​រង​ការ​វាយ​ដំ​​ដល់​ថ្នាក់​​បែក​​ឈាម​កាលពី​ថ្ងៃ​ច័ន្ទ ពី​សំណាក់​​ក្រុមបុរស​ដែល​ចូល​រួម​ក្នុង​បាតុកម្ម​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​​ខាង​មុខ​​រដ្ឋសភា​​ដើម្បីទាម​ទារ​ឲ្យ​លោក កឹម សុខា ចុះ​ចេញពី​តំណែង​​​អនុប្រធាន​រដ្ឋ​សភា។

លោក សម រង្សុី ប្រធាន​គណបក្ស​​ប្រឆាំង​​​ដែល​​ហាក់​ដូចជា​មាន​ការរួញរាក្នុង​ការ​​​រិះគន់​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​​ចាប់​តាំង​ពី​​​​ព្រមព្រៀង​​​បន្ធូរ​ស្ថានភាព​នយោបាយ​កាលពី​ឆ្នាំ​មុន​មក​នោះ ​បាន​ចោទ​ប្រកាន់​​លោក​នាយក​រដ្ឋមន្ត្រី​​ថា ​ជា​អ្នក​រៀបចំ​ការ​វាយ​ប្រហារ​នេះ​​​ ដោយ​ពណ៌នា​វាថា​ជា​ឧទាហរណ៍​មួយ​នៃ “​វិធីសាស្ត្រពួក​​​ហ្វាស៊ីស” ​របស់​លោក​។

លោក​បាន​គូស​បញ្ជាក់​ថា ​លោក​​នឹង​មិន​ធ្វើ​ការ​​​វិនិច្ឆ័យ​បន្ថែម​ទៀត​ឡើយ​​រហូត​ទាល់​តែ​​រដ្ឋាភិបាល​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​សិន​លើការ​វាយ​ប្រហារ​ដែល​បាន​​បណ្តាល​​ឲ្យ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ​ត្រូវ​​ទទួល​ការ​វះកាត់​។ ​កាលពី​​យប់​ថ្ងៃ​សុក្រ អង្គការ​សហប្រជាជាតិ​​​​បាន​សង្កត់​ធ្ងន់​ថា ការ​ស៊ើបអង្កេត​បែប​​នេះ​ចាំ​បាច់​ត្រូវ​មាន​ភាព​​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត។​

លោកស្រី រ៉ាវីណា សាមដាសានី (Ravina Shamdasani) អ្នក​នាំពាក្យ​ឧត្ដម​ស្នងការ​អង្គការ​​សហប្រជាជាតិ​​​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​​មួយ​ដែល​គូស​បញ្ជាក់​​​ថា ការ​វាយ​ប្រហារ​​​លើ​តំណាង​រាស្ត្រ​​ទាំង​នេះ​​​​ហាក់​ដូច​ជា ”​ការ​វាយ​ប្រហារ​ដែល​មាន​ការ​​​រៀបចំ​​ទុក​ជាមុន​​” និង​បាន​កើត​ឡើង​​អំឡុង​​ពេល​រដ្ឋាភិបាល​​​ប្រទូសរ៉ាយ​ជាមួយ​គណ​បក្ស​​​​ប្រឆាំង​។

លោកស្រី​បាន​​​មាន​ប្រសាសន៍​ថា “​យើង​​ស្វាគមន៍​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​​​លើ​ឧប្បត្តិ​ហេតុ​កាលពី​​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​មុន ប៉ុន្តែ​​​យើង​សូម​សង្កត់​ធ្ងន់​ថា ការ​ស៊ើប​អង្កេត​​​នេះ​នឹង​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​លុះ​ត្រា​តែ​វា​ឯករាជ្យ​ ​​មិន​លម្អៀង ហ្មត់ចត់​ និង​ធ្វើ​ឡើង​ភ្លាមៗ​។ ជន​​​ដែល​ទទួល​ខុស​ត្រូវ​​ចំពោះ​អំពើ​ហិង្សា​នោះ​​ត្រូវ​​​​​​តែនាំ​ខ្លួន​មក​ផ្ដន្ទាទោស​។ យើង​​​ក៏សូម​ជំរុញ​ឲ្យ​រដ្ឋាភិបាល​​ចាត់​រាល់​វិធានការ​​​​ចាំបាច់​​​ផងដែរ​ ដើម្បី​ធានា​សន្តិសុខ​របស់​តំណាង​រាស្ត្រ​​​ជាប់​ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​ ដែល​តំណាង​​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ មិន​ថា​ពួកគេ​មាន​និន្នាការ​នយោបាយ​ខាង​ណា​ឡើយ”។

​ទោះ​ជា​យ៉ាង​ណា ​​​របាយការណ៍​របស់​អង្គការ​​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ បាន​​បង្ហាញ​មន្ទិល​​លើ​​លទ្ធភាព​​នៃ​ការ​ស៊ើបអង្កេត​ឯករាជ្យ​អម​ដោយ​​​​បទ​សម្ភាសន៍​ជាមួយ​លោក គង់ សភា និង​លោក ញ៉យ ចំរើន ដែល​​បង្ហាញ​ថា ​ការ​វាយ​ប្រហារ​នេះ​​ត្រូវ​បាន​រៀបចំ​ទុក​ជាមុន​យ៉ាង​ល្អ ហើយ​ពាក់​ព័ន្ធនឹងការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​បុគ្គលិក​​សន្តិសុខ​រដ្ឋសភា។

​របាយការណ៍​នេះ​​​រៀបរាប់​​ពី​ព្រឹត្តិការណ៍​​​មុន​​​​ពេល​ឈាន​ដល់​ការ​វាយ​ប្រហារ​លើ​តំណាង​​​​​​រាស្ត្រ​ទាំង​នេះ​ ដែល​បាន​កើត​ឡើង​​ខណៈ​​ពេល​ពួក​លោក​ព្យាយាម​ចាក​ចេញពី​រដ្ឋសភា​ភ្លាមៗ​​បន្ទាប់ពី​​បាតុកម្ម​នៅ​ខាង​ក្រៅ​របង​ខាង​មុខ​នៃ​រដ្ឋសភា​ដែល​លោក​ ហ៊ុន សែន បាន​ជំរុញ​​ជា​សាធារណៈ​នៅ​យប់​មុន​នោះ​​ បាន​បញ្ចប់​ជា​ផ្លូវ​ការ​។

របាយ​ការណ៍​​​នេះ​មាន​ខ្លឹម​សារ​ដូច្នេះ​ថា ​​”​លោក សភា និង​លោក ចំរើន បាន​ព្យាយាម​​ចាក​ចេញ​ពី​​បរិវេណ​រដ្ឋសភា​​តាម​រថយន្ត​​​ផ្សេង​គ្នា។ ពេល​រថយន្ត​ទាំង​ពីរ​​​​ទៅ​ជិត​ដល់​​ច្រក​ទ្វារ​ចេញ​​ដូច​សព្វ​មួយ​ដង​នៅ​ជ្រុង​​​​ភាគ​ពាយព្យ​​ក៏​ប្រទះ​ឃើញ​​ទ្វារ​​នោះ​បិទ​ ដោយ​មាន​សន្តិសុខ​ម្នាក់​​​​បញ្ជា​ឲ្យបើក​​ទៅ​​ទិស​ខាង​​ត្បូង​​ឆ្ពោះទៅ​ទ្វារ​ធំ​នៅ​​ភាគ​ខាង​លិច។ បន្ទាប់​​ពី​ទៅ​ដល់​ទ្វារ​ខាង​លិច​​ រថយន្ត​ទាំងពីរ​ត្រូវ​សន្តិសុខ​ម្នាក់​​​​​​បញ្ជា​ឲ្យ​បើក​ចេញ​វិញ​ម្ដង​ទៀត​ ទោះ​បី​ជា​រថយន្ត​មួយ​គ្រឿង​ទៀត​ត្រូវ​បាន​​​​អនុញ្ញាត​ឲ្យ​ចេញ​នៅ​ខាង​មុខ​រថយន្ត​ទាំង​ពីរ​ក៏ដោយ។ ពេល​នោះ​លោក សភា និង​លោក ​​ចំរើន បាន​បើក​ទៅ​​កាន់​ច្រកចេញ​​ ‘ចំហៀង​’ ដែល​គេ​កម្រប្រើ​​នៅ​ភាគ​ខាង​ត្បូង​នៃ​រដ្ឋ​សភា”។

លោក​ គង់ សភា បាន​​​រៀបរាប់​​ថា នៅ​​ពេល​ចេញទៅ​ដល់​ខាង​​ក្រៅ​ទ្វារ​របង ​​​អ្នក​បើក​បរ​រថយន្ត​របស់​លោក​បាន​ឃើញ​​បុរស​ម្នាក់​ពាក់​មួក​​​ពណ៌​ក្រហម​​នៅ​​ម្ខាង​ផ្លូវ​ ខណៈ​​បុរស​នោះ​​កំពុង​​​និយាយ​អាយកូម​ ហើយ​ធ្វើ​កាយវិការ​ចង្អុល​មក​​រថយន្ត​របស់​លោក នេះ​បើ​យោង​តាម​របាយការណ៍​​ដដែល​។

របាយការណ៍​នេះ​​បាន​ឲ្យ​ដឹង​ទៀត​ថា “ភ្លាមៗ​​​នោះ​​បុរស​​ប្រហែល​​​២០ទៅ​៣០​នាក់​បាន​ព័ទ្ធ​រថយន្ត​របស់​​ពួកលោក​។ បុរស​ដែល​ពាក់​មួក​​​​បាន​បើក​​ទ្វារ​រថយន្ត​​នោះ ហើយ​​ពីរ​នាក់​​ទៀត​បាន​ទាញ​លោក​ គង់ សភា​ ចេញពី​រថយន្ត​​​​​​ ហើយ​ចាប់​ផ្ដើម​ដាល់​ និង​ទាត់​ធាក់​​ដើម​ទ្រូង​ ក្បាល និង​ខ្នង​របស់​គាត់”។

របាយការណ៍​នេះ​​​​​​​រៀប​រាប់​​ស្រដៀង​គ្នា​​​ទៅ​នឹង​អ្វី​ដែល​​តំណាង​រាស្ត្រ​រូប​នេះ​បាន​ប្រាប់ អង្គការ​​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ថា រថយន្ត​របស់​លោក​​នៅ​ពីក្រោយ​រថយន្ត​របស់​លោក គង់ សភា នៅ​ពេល​​ក្រុម​​បាតុករ​វាយ​​បំបែក​ទ្វារ​បង្អួច​​រថ​​យន្ត​​របស់​គាត់ ទាញ​គាត់​ចេញ​មក​ក្រៅ ហើយ​ស្រែក​ថា “អាមួយ​នេះ​ដែរ​!”។

លោក ឈាង វុន តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អ្នក​នាំពាក្យ​​រដ្ឋសភា ​បាន​បដិសេធ​​មិន​ធ្វើ​អត្ថាធិប្បាយ​​ឡើយ​ជុំ​វិញ​ការ​អះអាង​​​​នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​​​សិទ្ធិ​មនុស្ស​​។ ទោះ​ជា​យ៉ាង​ណា លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​​​​មាន​ប្រសាសន៍​ថា វា​ជា​ករណី​ថ្មី​បំផុត​​របស់​អង្គការ​​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ដែល​ព្យាយាម​​បន្តុះ​បង្អាប់​រដ្ឋាភិបាល​។

​លោក​​លើក​ឡើង​​ទៀត​ថា ​​”​អ្នក​ឯង​​អាច​​និយាយ​អ្វី​ក៏​បាន​ដែរ​តាម​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​​​ប៉ុន្តែ​វា​​មិន​ជួយ​ដល់​ជន​រងគ្រោះ​ទេ។ ប្រសិន​​​​បើ​អង្គការ​​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មាន​ភ័ស្តុតាង​​​ពួកគេ​គួរ​តែ​បង្ហាញ​វា។ អ្វី​ក៏​ដោយ​ដែល​ពួកគេ​​​​មាន​ ផ្ញើ​វា​ទៅ​គណៈកម្មការ​ពិសេស​ទៅ​។ យក​​​ល្អ​​កុំ​​ផ្ញើវា​ទៅ​​កាសែត​ ឌឹ ខេមបូឌា ដេលី អី”។

យុវជន​​ជាច្រើន​នាក់​​​​នៅ​ក្នុង​ព្រឹត្តិការណ៍​បាតុកម្ម​កាលពី​សប្ដាហ៍​មុន កាត់​សក់​ខ្លីដូច​​យោធា​ ហើយ​​​បណ្តា​អង្គ​ការ​​​សង្គម​ស៊ីវិល​​​​ដែល​រួម​​មាន​​ទាំង​​អង្គការ​លីកាដូ ​និង​អង្គការ​អាដហុក​ផង បាន​និយាយ​ថា បុគ្គលិក​របស់​ខ្លួន​បាន​សង្កេត​ឃើញ​​កង​សន្តិសុខ​​រដ្ឋាភិបាល​ និង​នគរបាល​​ចូល​រួម​ក្នុង​​បាតុកម្ម​​នោះ​ ប៉ុន្តែ​ស្លៀក​ពាក់​ស៊ីវិល​។

មជ្ឈដ្ឋាន​​មួយ​ចំនួនន ក្នុង​នោះ​រួម​មាន​ទាំង​​​លោក សម រង្ស៊ី ផង​ បាន​​កត់​សម្គាល់​ឃើញ​​​ថា នៅ​យប់មុន​ពេល​​​​បាតុកម្ម​កើត​ឡើង​ លោក ​​ហ៊ុន សែន បាន​បង្ហាញ​កំហឹង​​របស់​លោក​ចំពោះ​​បាតុកម្ម​​ប្រឆាំង​រូប​លោក​​អំឡុង​ដំណើរ​​​​​ទស្សនកិច្ច​​កាល​ពី​ពេល​ថ្មីៗ​នេះ​​​ទៅកាន់​ទី​ក្រុង​​​​ញូយ៉ក និង​​ទីក្រុង​បា៉រីស ដោយ​លោក​​ព្រមាន​​​​​​ថា​​​​​​នឹង​ផ្ទុះ​​បាតុកម្ម​​​​នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ ​ប្រឆាំង​​​​លោក កឹម សុខា។

​ចាប់​តាំង​ពីពេល​នោះ​មក លោក ហ៊ុន សែន ​​បាន​បង្ហាញ​​​ថា លោក​មិន​ពាក់​ព័ន្ធ​នឹង​​បាតុកម្ម​​នេះ​ឡើយ ដោយ​លោក​បាន​​ចេញ​មុខ​តាមកញ្ចក់​​ទូរទស្សន៍​កាលពី​ថ្ងៃ​ពុធ​ដើម្បី​ថ្កោល​ទោស​​ការ​​ផ្ទុះ​អំពើ​ហិង្សា​នេះ និង​​​បាន​អំពាវ​នាវ​​ឲ្យ​សមត្ថកិច្ច​​​​ចាប់​​ជន​ដៃដល់​ ហើយ​ទន្ទឹម​​នេះលោក​​​ក៏​​​បាន​លើក​ឡើង​​ដែរ​ថា ការ​ប្រើ​អំពើ​ហិង្សា​នោះ​ប្រហែល​ជា​​​​​មិន​មែន​ជា​រឿង​នយោបាយ​ទេ។​

លោក ឆៃ ស៊ីណារិទ្ធ ​អគ្គស្នងការ​រង​នគរ​បាល​ជាតិ​ ​​ដែល​​ទទួល​បាន​ការ​តែង​តាំង​​ក្នុង​​”គណៈកម្មការ​ឃោសនា​ និង​អប់រំ​” ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ខែ​កញ្ញា ​បាន​​​សន្យា​ថា គណៈ​កម្ម​ការពិសេស​​ដែល​បង្កើត​ឡើង​ដោយ​​​ក្រសួង​នេះ​​នឹង​ស្វែង​រក​ចាប់​ជន​ដៃដល់​។

​ទាំង​ឧត្ដម​សេនីយ៍​ឯក ឆៃ ស៊ីណារិទ្ធ ដែល​​​​ទទួល​បន្ទុក​សន្តិសុខ​ផ្ទៃ​ក្នុង និង​​លោក ខៀវ​ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ មិន​អាច​ទាក់​ទង​បាន​ទេ​កាលពី​ម្សិលមិញ។

ការ​​​វាយ​ប្រហារ​លើ​លោក​​ ញ៉យ ចំរើន និង​លោក គង់ សភា កាលពី​​ថ្ងៃ​ច័ន្ទ​​សប្តាហ៍មុន ​ជា​សញ្ញា​បង្ហាញពីសប្តាហ៍​ដែល​មាន​ស្ថាន​ការណ៍​​រំជើប​រំជួល ខណៈ​យោធា​​​ក្នុង​ប្រទេស​​​​​ចូល​រួម​​​អំពាវ​នាវ​​ឲ្យ​ដក​​​លោក កឹម សុខា ​ចេញ​ពី​តំណែង​អនុ​ប្រធាន​រដ្ឋសភា ដោយ​ធ្វើ​​ការ​​ប្រមូល​ផ្ដុំ​កង​ទ័ព​​នៅ​តាម​បណ្ដោយ​ព្រំដែន​​​ថៃ ជាមួយ​នឹង​​បដា​អំពាវ​នាវ​​ឲ្យ​បណ្ដេញ​លោក​ ​​សុខា ចេញពីតំណែង។

ព្រឹត្តិការណ៍​​ទាំង​នេះ​​​បាននាំ​​ឲ្យ​តំណាង​រាស្ត្រ​​​ទាំង​៦៨​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចូល​ប្រជុំ​កាលពី​ថ្ងៃ​សុក្រ ដើម្បី​​ដក​លោក កឹម សុខា ចេញ​ពី​​តំណែង​​អនុប្រធាន​​រដ្ឋសភា​តាម​រយៈការ​បោះ​ឆ្នោត​មួយ​​ដែល​ត្រូវបាន​ធ្វើ​ពហិការ​ដោយ​​គណបក្ស​សង្គ្រោះ​​​ជាតិ​ដែល​​បាន​លើក​ទឡ្ហីករណ៍​ថា ចំណាត់​ការ​​​នេះ​​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ ពីព្រោះ​​គ្មាន​នីតិវិធី​​​សម្រាប់​​​ការ​​ជំនួស​តំណែង​​​ប្រធាន​ ឬ​អនុ​ប្រធាន​​​​រដ្ឋសភា​ឡើយ លុះ​ត្រា​តែ​ប្រធាន ឬ​អនុប្រធាន​​​​នោះ​ទទួល​មរណភាព ឬ​​លា​ឈប់ពី​តំណែង​។

កាលពី​ថ្ងៃ​សៅរ៍ លោក កឹម សុខា បាន​​មាន​​​​ប្រសាសន៍​​ថា គណបក្ស​សង្គ្រោះ​​ជាតិ​​នឹង​មិន​ស្នើ​បេក្ខជន​សម្រាប់​ជំនួស​​តំណែង​​នេះ​ឡើយ​។ ​​លោក​បាន​សរសេរ​លើ​ទំព័រ​​ហ្វេសប៊ុក​របស់​លោក​ថា “​លោកប្រធាន សម រង្ស៊ី និង ខ្ញុំ កឹម សុខា ក្នុងនាមជាប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​ពិភាក្សា​​​គ្នា និង​បាន​ឯកភាព​គ្នាហើយថា គណបក្ស​សង្គ្រោះជាតិ មិន​ស្នើ​បេក្ខជន​អនុប្រធាន​​ទី១​រដ្ឋសភា​ថ្មីជំនួស ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ និង​រំលោភ​លើកិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ​នោះ​ឡើយ​”។

លោក​​ សុខ ឥសាន អ្នកនាំាពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​​មាន​ប្រសាសន៍​ថា ​សេចក្ដី​សម្រេច​បែប​នេះ​​​នឹង​ធ្វើ​ឲ្យតំណែង​ដែល​​ត្រូវ​​​​​បាន​ប្រគល់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​ផ្នែក​​​​មួយ​នៃ​កិច្ច​ព្រមព្រៀង​នយោបាយ​​ខែ​កក្កដា ឆ្នាំ​២០១៤ ​នេះ ​នៅ​ទំនេរ​។

លោក​បាន​គូស​បញ្ជាក់​ថា “​វា​ជា​កូតា​របស់​គណបក្ស​សង្គ្រោះជាតិ​ ហើយ​គណបក្ស​ប្រជា​​ជននឹង​​មិនដណ្ដើម​​វា​​ទេ ពីព្រោះ​​​​មាន​កិច្ចព្រម​ព្រៀង​ថ្ងៃទី​២២ កក្កដា ឆ្នាំ​២០១៤​។ ប្រសិន​បើ​គ្មាន​ កឹម សុខា តំណែង​នេះ​នឹង​​នៅ​ទំនេរ…​ហើយ​វា​​ស្រេចលើពួកគេ​​ថា ​តើ​គេ​ចង់​ជំនួស​​វា​​ឬ​អត់។ ប្រសិន​បើ​​​​គេ​មិន​ដាក់ [នរណា​ម្នាក់​] ជំនួស​ទេ វា​នឹង​នៅ​​ទំនេរ​”។

លោក សម រង្ស៊ី ​​ដែល​កំពុងស្ថិត​នៅ​អឺរ៉ុប​​ ខណៈ​​ព្រឹត្តិការណ៍​កាលពី​សប្ដាហ៍​មុន​កើត​ឡើង ​​​បាន​​លើក​ឡើង​តាម​រយៈ​សារ​អេឡិច​ត្រូនិក​​មួយ​​កាលពី​ម្សិលមិញ​ថា លោក​​នឹងវិល​​ត្រឡប់​​​មក​​កាន់​រាជធានី​​ភ្នំពេញ​ វិញ​នៅ​ថ្ងៃ​អង្គារ។

លោក​​បាន​មាន​ប្រសាសន៍​ថា ”​នៅ​​ថ្ងៃ​នោះ​ ពេល​ខ្ញុំ​​ធ្វើ​​ដំណើរ​ទៅ​ដល់​ចេញ​ពី​ក្រុង​ប៉ារីស ខ្ញុំ​នឹង​​ទៅ​សួរ​សុខ​ទុក្ខ​​សមាជិក​សភា​​គណបក្ស​សង្គ្រោះ​​​ជាតិ​​​ ដែល​រង​របួសទាំង​​ពីរ​រូប​​ ដែល​កំពុង​សម្រាក​​​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​មួយ​​​​​ក្នុង​ក្រុង​បាងកក”៕ សុខុម និង​ និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស