26 C
Phnom Penh

ជន​ជាតិ​នីហ្សេរីយ៉ា​ថ្កោល​ទោស​ការ​ឆ្មក់​ចាប់​ជន​អន្តោ​ប្រវេសន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​លោក ភីធើ អុីគេ​ (Peter Ike) ជំនួយ​ការ​​អាចារ្យនៅ​ព្រះវិហារគ្រិស្ត​​បាន​ឲ្យ​ដឹង​ថា គ្រិស្តបរិស័ទ​ប្រហែល​៤០០នាក់​នៅ​ការ​ងារ​គ្រឹស្ទាន​​ដំណឹង​ល្អ​អន្តរជាតិ​​ក្នុង​រាជ​ធានី​ភ្នំពេញ​​​កំពុង​ច្រៀង​ចម្រៀង​​ពេល​មន្ត្រី​នគរបាល​ប្រដាប់​អាវុធ​​១៥នាក់​​បាន​សម្រុក​ចូល​​​តាម​ទ្វារ​​កាលពី​ថ្ងៃសៅរ៍​ ហើយ​បាន​ព័ទ្ធ​ចាប់បុរស​ជន​ជាតិ​នីហ្សេរីយ៉ា​ទាំង​អស់​។

លោក​បាន​លើកឡើង​ថា នគរបាល​បាន​ទារ​​មើល​​​លិខិត​ឆ្លងដែន និង​ទិដ្ឋាការ​ការ​ងារ​នៅ​​កន្លែង នោះ ហើយ​បើ​ទោះ​ជា​មាន​ការ​អង្វរ​ករ​​​​ពី​បុរស​ទាំង​នេះ​ដើម្បីអនុញ្ញាត​ឲ្យក្រុម​គ្រួសារ​​​​របស់​ពួកគេ​​ទៅ​យក​ឯក​សារ​ក៏ដោយ ក៏​អ្នក​ដែល​​​គ្មាន​ឯកសារ​ ត្រូវ​បានបង្ខំ​ឲ្យ​ចូល​ក្នុង​រថយន្ត​នគរ​បាល​ដែល​រង់​ចាំ​ជា​ស្រេចដែរ។

លោក អីុគេ បាន​និយាយ​ថា “​ពួកគេ​យក​កាំភ្លើង​មក​ជាមួយ​ដើម្បី​បំភិត​បំភ័យ​តែម្តង។

បុរស​ម្នាក់​​ដើរ​ខាង​ក្រៅ​​​​​​​ទីស្នាក់​ការ​​​ការងារ​គ្រឹស្ទាន​​ដំណឹង​ល្អ​អន្តរជាតិ ​ស្ថិត​ក្នុង​ខណ្ឌពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily
បុរស​ម្នាក់​​ដើរ​ខាង​ក្រៅ​​​​​​​ទីស្នាក់​ការ​​​ការងារ​គ្រឹស្ទាន​​ដំណឹង​ល្អ​អន្តរជាតិ ​ស្ថិត​ក្នុង​ខណ្ឌពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

ការ​យារយី​នេះ​គឺ​ធ្ងន់ធ្ងរណាស់”។ លោក​បាន​បន្ថែម​ថា លោក​ដឹង​ថា​បុរស​​​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ ភាគច្រើនមាន​លិខិត​ឆ្លង​ដែន​និង​ទិដ្ឋាការ​មាន​សុពល​ភាព។ លោក​បាន​​បន្ថែម​ថា ”​នៅពេល​គ្មាន​បទ​ឧក្រិដ្ឋ នៅពេល​គ្មាន​របាយ​​​ការណ៍​ពី​​បទ​ឧក្រិដ្ឋណាមួយ ហើយ​ប្រសិន​បើមាន​នរណា​ម្នាក់​មក​និយាយថា ‘អ្នក​​ត្រូវ​តាម​ខ្ញុំ’ នោះវា​មិន​ត្រឹម​ត្រូវទេ​”។

កាលពី​ម្សិលមិញ លោក​ អីុគេ​ បាន​ចូល​រួម​​​ជាមួយ​ប្រធាន​សមាគម​ជនជាតិ​នីហ្សេរីយ៉ា​នៅក្នុង​ប្រទេស​កម្ពុជា​ថ្កោលទោស​ការ​ផ្តោត​​​​គោលដៅ​​លើ​កន្លែង​គោរពបូជា​​​​សម្រាប់​ការ​ឆ្មក់ចូល​ចាប់ខ្លួន​ជន​អន្តោ​ប្រវេសន៍។

លោក អាបាយូ៉មី កូឡេដូយេ ប្រធាន​អង្គការ​​​​ជនចំណាកស្រុក​ជាតិនីហ្សេរីយ៉ា​ (NIDO) ក្នុង​​​ប្រទេស​កម្ពុជា​​​​​បានចាត់​ទុក​ការ​ចាប់​ខ្លួន​នេះថា “​មិន​អាច​ទទួល​​​​យក​បាន​ទេ”។

លោក កូឡេដូយេ បាន​លើកឡើង​តាម​អីុម៉េល​ថា ”​ការ​ព័ទ្ធចាប់​ជន​ជាតិ​នីហ្សេរីយ៉ា អំឡុង​ការ​ជួប​ជុំគ្នា​​នៅ​ក្នុង​ព្រះវិហារ​គ្រិស្ត​មិន​អាច​ទទួលយក​បាន​ទាល់​តែសោះ វា​ជា​ការ​​​មិន​គោរព​ដល់​សេរីភាព​នៃការ​គោរព​បូជា។ ព្រះវិហារមិនមែន​ជា​កន្លែង​ការងារ​ដែល​អ្នក​​អាច​មក​សួរ​រក​លិខិត​ឆ្លង​ដែន​មាន​សុពលភាព​ ឬ​ប័ណ្ណការងារ​ឡើយ អ្នក​ទាំង​នោះ​មាន​ផ្ទះ និង​កន្លែង​ធ្វើការ​”។

យោង​តាម​លោក អ៊ុក ហៃសិលា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​​នៅ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​​​​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​បុរស​ទាំង​៤៥នាក់ដែល​​នគរបាល​បាន​ឃាត់​ខ្លួន​កាលពី​ថ្ងៃសៅរ៍ មាន​តែ​១៦​នាក់​ប៉ុណ្ណោះ​​​​ត្រូវ​បាន​រក​ឃើញ​ថា រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​ដោយ​ខុស​ច្បាប់។

លោ​ក​ថ្លែង​​​​ថា ”​មាន​១៦​នាក់​​ដែល​​យើង​នឹង​និរទេសទៅវិញ ​​​បន្ទាប់ពី​​យើង​​​ទទួលបាន​លិខិត​ពី​ក្រសួង​មហាផ្ទៃ…​១៣នាក់​​ត្រូវ​​​​បាន​ដោះ​លែង​ ប៉ុន្តែ​​យើង​បានពិន័យ​ពួកគេ​ក្នុង​​​​ម្នាក់​ៗ​​១២៥​ដុល្លារ​ ពីព្រោះ​ពួកគេ​​មិន​មាន​​​លិខិត​ស្នាម​ត្រឹម​ត្រូវ”។ លោក​​បន្ថែមថា បុរស​​១៦នាក់ទៀត​​មាន​​​ឯកសារ​នៅមាន​សុពល​ភាពហើយត្រូវ​បាន​ដោះលែង​ដោយ​​គ្មាន​ការ​​​ដាក់ទោស​​។

លោក​​បន្ថែម​ថា នគរបាល​​បាន​និង​កំពុង​​​​ឃ្លាំមើល​​​​ជន​ជាតិ​នីហ្សេរីយ៉ា​មួយ​ចំនួនក្នុង​ចំណោម​ជន​​​​​​ជាតិ​នីហ្សេរីយ៉ាទាំងនេះ។ លោក​​​​បាន​ថ្លែង​ថា “​យើង​ដឹង​ថា ពួកគេ​រស់​នៅ​​ដោយ​​​​ខុស​ច្បាប់​ ពីព្រោះ​ពួកគេ​តែង​តែ​​ចាក​ចេញ​ពី​ផ្ទះ​តាម​ទ្វារ​ក្រោយ​។ ពួកគាត់​មួយ​ចំនួន​​​​ជា​គ្រូ​បង្រៀន​ និង​មួយ​ចំនួន​ទៀត​​ជា​កីឡាករ​បាល់​ទាត់។ ប្រសិន​បើ​ពួកគេ​​គ្មាន​ការ​ងារធ្វើ​​ទេ ពួកគេ​ប្រហែលជា​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ”។

បុរស​ម្នាក់អាយុ​៤៥ឆ្នាំដែល​ប្រាប់ត្រឹម​តែ​ឈ្មោះថា Kingsley និង​ដែលស្ថិត​ក្នុង​ចំណោម​​​​បុរស​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​​នៅ​ព្រះ​វិហារ​នេះ ហើយ​ក្រោយ​មក​ត្រូវ​បាន​ដោះលែង​វិញ​ ​នោះ​បាន​និយាយ​ថា គាត់ព្រួយ​បារម្ភ​ខ្លាច​ក្រែង​​ការ​ចាប់ខ្លួន​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មកពី​ព្រះវិហារ​​ ផ្លាស់ប្តូរ​​ការ​យល់ឃើញ​របស់ខ្លួន​ពី​ជន​ជាតិ​នីហ្សេរីយ៉ា​នៅ​ទីនោះ។

លោក​និយាយថា ”​យើង​ជា​ជន​បរទេស​នៅ​​ទីនេះ ហើយ​នៅពេល​អ្នក​រស់​នៅប្រទេស​​​ក្រៅ តើ​អ្វីដែល​អ្នក​រំពឹង? អ្នកត្រូវ​ប្រាកដ​ថា អ្នក​នៅទីនោះ​ដោយ​ស្រប​ច្បាប់។ ប្រហែល​​​ជា​អ្នក​ដែលមាន​បញ្ហា​គឺ​ជន​ជាតិ​ខ្មែរ…ពួកគេ​​ទាំងអស់​គ្នាគោរព​យើង”៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស