ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា នគរបាលខេត្តកំពង់ធំកាលពីថ្ងៃអាទិត្យបានចាប់ខ្លួនមនុស្ស១១នាក់ ដែលក្នុងនោះមានប្រាំបីនាក់អះអាងថា ជាអ្នកកាសែត និងបីនាក់និយាយថា ខ្លួនជាប្រធានអង្គការមិនមែនរដ្ឋាភិបាលការពារបរិស្ថាន ពីបទកំហែងទារប្រាក់ពីអ្នកបើកបររថយន្តដឹកទំនិញនៅក្នុងស្រុកប្រាសាទបល្ល័ង្ក។
លោក ផល ភឿន អធិការរងនគរបាលស្រុកនេះបានលើកឡើងថា មន្ត្រីរបស់លោកបានឃាត់ខ្លួនបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលនៅម៉ោងប្រហែល១រសៀល និងក្រុមអ្នកយកព័ត៌មាន៣ម៉ោងក្រោយមក ខណៈពួកគេកំពុងព្យាយាមកំហែងទារប្រាក់ ពីម្ចាស់រថយន្តធុនធំចំនួនពីរគ្រឿង។
លោកមានប្រសាសន៍ថា ”អ្នកកាសែតប្រាំបីនាក់មានប័ណ្ណព័ត៌មានសម្រាប់កាសែតរបស់ពួកគេ ប៉ុន្តែយើងមិនច្បាស់ទេថាតើពួកគេពិតជាធ្វើការឲ្យស្ថាប័នប្រព័ន្ធផ្សព្វផ្សាយមែនឬយ៉ាងណានោះ”។
លោកបានបន្ថែមថា ”យើងបានចាប់ខ្លួនមនុស្ស១១នាក់ នៅទីតាំងខុសៗគ្នាបន្ទាប់ពីមានបណ្ដឹងពីប្រជាពលរដ្ឋ ព្រោះពួកគេបានកំហែងទារប្រាក់ពីពួកគាត់ ពេលពួកគាត់កំពុងដឹក[ឈើ]”។
លោក ផល ភឿន បានឲ្យដឹងបន្ថែមទៀតថា ក្រុមនេះល្បីឈ្មោះខាងកំហែងទារប្រាក់ពីអ្នកបើកបររថយន្តដឹកឈើ និងទំនិញផ្សេងៗទៀតនៅក្នុងតំបន់នេះ ហើយថា ក្នុងពេលថ្មីៗនេះ នគរបាលទទួលបានពាក្យបណ្ដឹងចំនួន១៥ និងការទូរស័ព្ទមកប្ដឹងមួយចំនួនទៀតពីអ្នកបើកបរដែលមានការមិនពេញចិត្ត។
លោក កែ ខាន់ណារ៉ា ស្នងការរងនគរបាលខេត្តនេះបានលើកឡើងថា ក្រុមនេះកំពុងត្រូវបានសាកសួរនៅឯស្នងការដ្ឋាននគរបាលខេត្តពាក់ព័ន្ធការអះអាងដែលថា ពួកគេបានទារប្រាក់ចន្លោះពី១០០.០០០រៀលទៅ៥០០.០០០រៀល ទើបអនុញ្ញាតឲ្យរថយន្តដឹកទំនិញឆ្លងកាត់។ ដីកាចាប់ខ្លួននេះចេញដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អុិត សុធា។
លោកបានមានប្រសាសន៍ថា “យើងបានចាប់ខ្លួនមនុស្ស១១នាក់ ព្រោះពួកគេឃាត់រថយន្ត ហើយកំហែងទារប្រាក់ចន្លោះពី១០០.០០០រៀលទៅ៥០០.០០០រៀល ពីអ្នកដែលដឹកឈើសម្រាប់យកទៅសាងសង់ផ្ទះរបស់ខ្លួន។ជួនកាលពួកគេបានរឹបអូសយកទូរស័ព្ទពីម្ចាស់រថយន្តក៏មាន ប្រសិនបើពួកគាត់គ្មានប្រាក់បង់ឲ្យពួកគេ”។
លោកបានលើកឡើងទៀតថា អ្នកបើកបររថយន្តចំនួន១៥នាក់ដែលបានដាក់ពាក្យបណ្ដឹងសុទ្ធតែទទួលបានការអនុញ្ញាតឲ្យដឹកឈើ ឪឡឹក និងដំឡូងមីពីអាជ្ញាធរខេត្ត ហើយថា ក្រុមដែលអះអាងថា ខ្លួនជាអ្នកកាសែត និងជាបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលនោះត្រូវបានព្រមានឲ្យឈប់ទារប្រាក់ពីពួកគាត់ទៀត។
លោកបានមានប្រសាសន៍បន្ថែមថា “យើងបានអប់រំអ្នកទាំងនោះជាច្រើនលើកច្រើនសាថា មិនគួរធ្វើដូច្នេះទេ ព្រោះ [អ្នកបើកបរ] ទទួលបានការអនុញ្ញាតឲ្យដឹកជញ្ជូន ប៉ុន្តែពួកគេមិនបានផ្លាស់ប្ដូរសកម្មភាពរបស់ខ្លួនឡើយ ហេតុដូច្នេះហើយទើបព្រះរាជអាជ្ញា អុិត សុធា បង្គាប់ឲ្យអាជ្ញាធររបស់យើងធ្វើតាមនីតិវិធីនេះ”។
លោក កែ ខាន់ណារ៉ា បានលើកឡើងទៀតថា លោកជឿថា អ្នកបើកបរមិនដឹកជញ្ជូនឈើដែលកាប់ខុសច្បាប់ឡើយ។”ខ្ញុំជឿថា អ្នកភូមិមិនកាប់ឈើទេ។ប្រសិនបើពួកគាត់កាប់ឈើខុសច្បាប់ មន្ត្រីមកពីរដ្ឋបាលព្រៃឈើដែលធ្វើការនៅក្នុងព្រៃនឹងចាប់ខ្លួនពួកគាត់ហើយ”។
លោក ផល ភឿន បានប្រាប់ឈ្មោះអ្នកកាសែតដែលត្រូវបានចាប់ខ្លួនទាំងនោះថា មានឈ្មោះដូចជា សឹក សុជាតិ អាយុ ៤៨ឆ្នាំ ឃុត ឌីណា អាយុ ៤៨ឆ្នាំ សឿន សេន អាយុ ៤៨ឆ្នាំដែរ ធួន ម៉ៅ អាយុ ៤០ឆ្នាំ ឡេក វុទ្ធី អាយុ ៤៥ឆ្នាំ និង ថន ប៊ុនលាង អាយុ៤៣ឆ្នាំ ដែលសុទ្ធតែមកពីកាសែតជ័យជម្នះ៧មករា រីឯឈ្មោះ សែម សម្បត្តិ អាយុ៤៤ឆ្នាំ និង ពៅ ប្រុស អាយុ៤៥ឆ្នាំមានកាន់ប័ណ្ណព័ត៌មានសម្រាប់កាសែតសហគមន៍ឃ្លាំមើលកម្ពុជា។
លោកបានបន្ថែមថា បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលដែលត្រូវបានចាប់ខ្លួនសុទ្ធតែមានឯកសារបញ្ជាក់ថា ពួកគេគឺជាប្រធានអង្គការការពារបរិស្ថានខុសៗគ្នា ក្នុងនោះ មានដូចជា ឈ្មោះ ហូ ហឿន អាយុ ៥៥ឆ្នាំ ជាប្រធានអង្គការអភិរក្សព្រៃឈើនិងធនធានធម្មជាតិ ឈ្មោះ រ័ត្ន ថា អាយុ ៥២ឆ្នាំ ជាប្រធានអង្គការការពារបរិស្ថាននិងធនធានធម្មជាតិ និងឈ្មោះ ថេង ផល ជាប្រធានអង្គការការពារធនធានធម្មជាតិនិងបរិស្ថាន៕ស៊ុយឈាង