26 C
Phnom Penh

មេដឹក​នាំគណបក្ស​ប្រឆាំង​​​​មក​ដល់​ប្រទេស​វិញ​​ក្រោយ​មាន​ភាព​ចលាចល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​គាំទ្រ​គណបក្ស​​សង្គ្រោះ​ជាតិ​ពីរ​បីរយ​នាក់​បាន​ស្វាគមន៍​​មេដឹក​នាំ​គណបក្ស​ប្រឆាំង​គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​កាលពី​យប់​មិញ​​​បន្ទាប់ពី​​មាន​ភាព​ចលាចល​នយោបាយ​កាលពី​​សប្តាហ៍កន្លងមក​ ដែល​ក្នុង​នោះ​តំណាង​រាស្ត្រពីរ​រូប​​ត្រូវ​បាន​វាយ​ដំដោយ​ក្រុម​គាំទ្រ​​រដ្ឋាភិបាល​​ ហើយ​លោក កឹម សុខា ត្រូវ​បាន​​បណ្តេញ​ចេញ​ពី​តួនាទី​ជា ថ្នាក់ដឹក​នាំ​សភា​របស់​លោក។

cam-photo-rainsyដោយ​មក​ដល់​អាកាស​យានដ្ឋាន​អន្តរ ជាតិ​ភ្នំពេញ​​មុន​ម៉ោង​៨​យប់​បន្តិច ​លោក សម រង្ស៊ី ដែល​ស្ថិត​នៅ​ប្រទេស​តំបន់​អឺរ៉ុប និង​លោក កឹម សុខា ​ដែលបាន​ធ្វើដំណើរ​ទៅ​​​ទី​​​ក្រុង​បាង​កក​កាល​ពី​សប្តាហ៍មុន​ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​​តំណាង​រាស្ត្រ​​ដែល​រង​របួស​ បាន​មក​ដល់ជាមួយ​គ្នា​ ហើយ​បាន​សង្កត់​ធ្ងន់​ពី​តម្រូវ​ការ​ក្នុង​ការ​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​វិល​ទៅ​រក​ភាព​ស្ងប់​ស្ងាត់​វិញ។

ដោយសំដៅដល់​ទំនាក់​ទំនង​​រវាង​គណ បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​មាន​ន័យថា ​ដើម្បីជំនួស​​អំពើ​ហិង្សា​ នយោបាយ​ជាមួយ​ការ​សន្ទនានោះ លោក​បាន​មាន​ប្រសាសន៍ថា ”យើង​ចង់​រក្សា​ និង​ពង្រឹង​វប្បធម៌​សន្ទនា ពីព្រោះ​យើង​ជឿជាក់​ថា គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​ជជែក​គ្នាក្នុង​ស្មារតី​គោរព​គ្នា​ទៅវិញ​ទៅមកឲ្យ​តម្លៃគ្នា ទៅវិញ​ទៅមក ឡើយ​”។

លោក សម រង្ស៊ី​ បាន​ថ្លែង​ថា “​ត្រូវ​​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹមត្រូវ​ ស៊ើប​អង្កេត​តាម​វិជ្ជា​ជីវៈ ស៊ើប​អង្កេត​របៀប​ឯក​រាជ្យ ដើម្បី​វែក​មុខ​ជន​ដៃដល់​ និង​ជន​នៅ​ពីក្រោយ​ជន​ដៃ ដល់ ដែលបាន​បង្ក​ស្នាម​របួសដល់​តំណាង រាស្ត្រ​ពីររូប​មកពី​គណបក្ស​សង្គ្រោះ​ជាតិ”។

មេដឹកនាំ​គណបក្ស​ប្រឆាំង​រូបនេះ​បាន​គេច​​​វេស​​​សំណួរ​ដែលសួរ​​​ថា តើ​លោក​នឹង​សូម​​ទោសលោក​ ហ៊ុន សែន ចំពោះ​ការ​​​ចាត់ ទុក​ការ​វាយ​ដំ​តំណាង​រាស្ត្រ​កាលពី​សប្តាហ៍ មុន​​ថា ជា​គំរូនៃ​​ “របៀប​​​​​ហ្វាស៊ីស” របស់​លោក​ នាយក​រដ្ឋមន្ត្រី ឬអត់​​​នោះ ​​​ដែល​គណបក្ស​ប្រជាជនកម្ពុជា​​លើក​ឡើង​ថា ចាំបាច់​សម្រាប់​​​​ បន្ត​វប្បធម៌​សន្ទនា​​​។

លោក​បាន​មាន​ប្រសាសន៍ថា ”ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ មាន​ឧប្បត្តិ​ហេតុ មាន​ភាព​តាន​តឹង​ម្តង​ម្កាល មានការ​ចោទ​ប្រកាន់​ប៉ះទង្គិច​គ្នា​បន្តិច​បន្តួច​ មិនត្រូវ​ធ្វើ​ឲ្យ​វប្បធម៌​សន្ទនា នេះ​ ចុះ​ថយ​ ឬ​មាន​ជម្លោះទេ។ ផ្ទុយ​ទៅវិញ​គឺត្រូវ​ជំរុញ​ឲ្យ​យើង​រក​ដំណោះស្រាយ​ដោយ​ សន្តិ វិធី”។

លោក សម រង្ស៊ី បាន​​​គេច​​​វេស​សំណួរ​​​ដែល​​​​​​​​​សួរ​​​ថា តើ​​​​លោកគិត​ថា អ្វី​​​ដែល​​​ជាមូល​​​ហេតុ​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ដក​លោក កឹម សុខា ចេញពី​អនុប្រធាន​ទី១​​រដ្ឋសភា​​កាលពី​ថ្ងៃ​សុក្រ​ សប្តាហ៍​​​មុន​​​ ដោយ​បង្វែរ​សំណួរ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​។

អំឡុង​សម័យ​ប្រជុំ​រដ្ឋសភា​កាលពី​សប្ដាហ៍​មុន លោក ជាម យៀប សមាជិក​សភា​ជាន់​ខ្ពស់​​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសាសន៍​ ថា លោក កឹម សុខា ជាកម្លាំង​​បង្ក​ភាព​ចលាចល​នៅ​ក្នុង​ប្រទេស​។

​លោក​​​ សម រង្ស៊ី ប្រធានគណ​បក្ស​​​ប្រឆាំង​ចាក​​​ចេញ​​​ពី​​​អាកាសយានដ្ឋាន អន្តរជាតិ​​​ភ្នំពេញ បន្ទាប់​​​ពី​​​ត្រឡប់មក​​​ដល់​​​ប្រទេស​​​វិញ​​​ កាល​​​ពី​​​យប់មិញ។​​ រូបថតៈ សីុវ  ចាន់ណា​​​/The Cambodia Daily
​លោក​​​ សម រង្ស៊ី ប្រធានគណ​បក្ស​​​ប្រឆាំង​ចាក​​​ចេញ​​​ពី​​​អាកាសយានដ្ឋាន អន្តរជាតិ​​​ភ្នំពេញ បន្ទាប់​​​ពី​​​ត្រឡប់មក​​​ដល់​​​ប្រទេស​​​វិញ​​​ កាល​​​ពី​​​យប់មិញ។​​ រូបថតៈ សីុវ ចាន់ណា​​​/The Cambodia Daily

លោក ជាម យៀប បាន​និយាយ​ពី​លោក កឹម សុខា​ ថា “​នៅ​ពេល​ណា​​​​គាត់​ទៅ​កន្លែង​ណា ក៏ដោយ គាត់​បង្ក​ភាព​ចលាចល​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​ស្ងប់ស្ងាត់​ និង​ត្រូវ​បាន​ហាម​ឃាត់​ដោយ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣។ គាត់​តែងតែ​និយាយ​ពី​អ្វី​ៗ​ដែល​បង្ក​ឲ្យ​មាន ជម្លោះ​រវាង​​គណបក្ស​ទាំង​​ពីរ”។

លោក កឹម សុខា មិន​បាន​និយាយ​​អំឡុង​​សន្និសីទ​កាសែត​នៅ​ខាង​ក្រៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិភ្នំពេញ​​ឡើយ​​កាលពី​យប់​មិញ ហើយភ្លាមនោះ​ពួកលោក​បាន​​​ដើរ​ឆ្ពោះទៅ​រថយន្ត​ដែល​រង់ចាំ​​ដើម្បី​ចូលរួម​ជាមួយ​ក្បួន​យានយន្ត​របស់​ក្រុម​​អ្នក​គាំទ្រ​តាមផ្លូវ​​ទៅ​កាន​់គេហដ្ឋាន​​របស់លោក​ទាំងពីរ​​​។

មុន​ពេល​មក​ដល់​រាជធានី​ភ្នំពេញ ​មេដឹក នាំ​គណបក្ស​ប្រឆាំង​ទាំង​ពីរ​​បាន​ទៅ​​​​សួរ​សុខទុក្ខ​លោក ញ៉យ ចំរើន និង​លោក គង់ សភា តំណាង​រាស្ត្រ​គណបក្ស​​សង្គ្រោះ​ជាតិ​​ដែល​ត្រូវ​បាន​ទាញ​ចេញពី​រថយន្ត​​របស់​ខ្លួន​​​ខណៈពួក​លោក​​ចាក​ចេញពី​រដ្ឋសភា ហើយ​ត្រូវ​បាន​វាយ​ដំ​ដោយ​ក្រុម​បុរស​​ដែល​ចូល​រួម​បាតុកម្ម​​ប្រឆាំង​លោក កឹម សុខា។

​លោក​ទាំងពីរ​​កំពុង​​សម្រាក​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ក្រុង​បាងកក ហើយ​​​ទទួល​ការ​វះ​កាត់​ការ​​បាក់​ឆ្អឹង និង​របួស​ផ្សេង​​ទៀត​ដែល​លោក​ទាំងពីរ​ទទួលរង​ដោយសារ​ស្នា ដៃ​​ក្រុម​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។

​យោង​តាម​​លោក ខៀវ សុភ័គ អ្នក​នាំ ពាក្យ​ក្រសួង​មហាផ្ទៃ​ដែល​បាន​លើក​ឡើង​ថា ​លោក​​​​រំពឹង​ថា នឹង​មិនមាន​ការ​ចាប់​ខ្លួន​បន្ថែម​ទៀត​ ពីព្រោះ​​​​​ពួកគេ​​និយាយ​ថា ​​​ពួក គេ​បាន​ប្រព្រឹត្ត​​ទង្វើ​នេះ​ដោយ​ខ្លួន​ឯង​នោះ​បាន​ឲ្យ​ដឹង​ថា កាលពី​ម្សិលមិញ​ បុរស​បី​នាក់​បាន​ប្រគល់​ខ្លួន​​​​ឲ្យ​គណៈកម្មការ​​ដែល​ធ្វើការ​ស៊ើបង្កេត​ការ​​វាយ​ដំ​នេះ​៕ សារុន​​​​​​​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស