40.6 C
Phnom Penh

គណៈកម្មការ​សភា​នឹង​ស៊ើបអង្កេត​ឆ្នេរ​សមុទ្រ​រួញ​តូច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណៈកម្មការ​វប្បធម៌​និង​ទេសចរណ៍​របស់​សភា​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា លោក​នឹង​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន មក​សាកសួរ​ទាក់ទិន​នឹង​ការ​អះអាង​ថា ឆ្នេរ​សមុទ្រ​សាធារណៈ​កំពុង​ត្រូវ​កាន់​កាប់​ជា​ប្រយោជន៍​ឯកជន។

លោក ​យ៉ែម បុញ្ញឫទ្ធិ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ប្រធាន​គណៈកម្មការ​នេះ បាន​មាន​ប្រសាសន៍​ថា លោក​នឹង​កោះ​ហៅ​លោក​រដ្ឋមន្ត្រី​មក​សាកសួរ​នៅ​ថ្ងៃ​១៩​ខែ​វិច្ឆិកា ដើម្បី​សួរ​គាត់​អំពី​ឆ្នេរ​សមុទ្រ​សាធារណៈ​ជាច្រើន​កន្លែង​”ដែល​រួច​តូច”។

លោក បុញ្ញឫទ្ធិ បាន​មាន​ប្រសាសន៍​ថា “យើង​បាន​សង្កេត​ឃើញ​ថា ឆ្នេរ​សមុទ្រ​សាធារណៈ​របស់​យើង​កាន់តែ​រួញ​តូច​ទៅៗ ហើយ​កន្លែង​ឆ្នេរ​ខ្លះ​បាន​ក្លាយ​ជា​របស់​ឯកជន”។

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​រូប​នេះ​មាន​ប្រសាសន៍​ថា គណៈកម្មការ​បាន​ដឹង​ពី​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​នៅ​អំឡុង​ពេល​ដំណើរ​ចុះ​បំពេញ​ទស្សនកិច្ច​ការងារ​នា​ពេល​ថ្មីៗ​ទៅ​តំបន់​ឆ្នេរ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​ចាំបាច់​ត្រូវ​ដឹង ថា​តើ​ការ​អភិវឌ្ឍ​ផ្នែក​ទេសចរណ៍​គិត​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ដែរ​ឬ​ទេ។ [បញ្ហា​នេះ] នឹង​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ជាតិ​ដែរ”។

លោក បុញ្ញឫទ្ធិ បាន​មាន​ប្រសាសន៍​ថា ករណី​ធ្ងន់ធ្ងរ​បំផុត​នៃ​ការ​ហ៊ុំ​ព័ទ្ធ​យក​ឆ្នេរ​សមុទ្រ​គឺ​ក្នុង​ខេត្ត​ព្រះសីហនុ ប៉ុន្តែ លោក​មិន​បាន​បរិយាយ​ច្រើន​អំពី​អ្វី​ពិត​ប្រាកដ​ដែល​រារាំង​សាធារណជន​មិន​ឲ្យ​ចូល​តំបន់​នោះ​ទេ។

នៅ​ពេល​សួរ ថា​តើ​គណៈកម្មការ​នេះ​នឹង​កំណត់​លើ​ក្រុមហ៊ុន​ឯកជន​ណា​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ទន្ទ្រាន​ដែល​គេ​ចោទ​ប្រកាន់​នេះ លោក បុញ្ញឫទ្ធិ បាន​មាន​ប្រសាសន៍​ថា នោះ​ជា​ការ​ទទួល​ខុសត្រូវ​របស់​លោក ថោង ខុន ​ដើម្បី​ផ្តល់​ការ​ពន្យល់។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​មិន​ទាន់​ស៊ី​ជម្រៅ​លើ​បញ្ហា​នេះ​ទេ ប៉ុន្តែ​អ្វី​ដែល​យើង​ចង់​បាន គឺ​ចង់​ឲ្យ​រដ្ឋាភិបាល​ការពារ​ឆ្នេរ​សាធារណៈ​សម្រាប់​ប្រយោជន៍​ដល់​ប្រជាជន​ទូទៅ។ វា​ឆាប់​ពេក​មិន​អាច​និយាយ​យ៉ាង​ណា​ទេ​នៅ​ពេល​នេះ ពីព្រោះ​យើង​ត្រូវ​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​…​ស្តាប់​ការ​ពន្យល់​ជាមុន​សិន”។

ទាំង​លោក ថោង ខុន ទាំង​លោក ទិត្យ ចន្ថា អ្នកនាំពាក្យ​ក្រសួង​នេះ មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ទេ​កាលពី​ថ្ងៃ​អង្គារ។

លោក បុញ្ញឫទ្ធិ បាន​មាន​ប្រសាសន៍​ថា លោក​ក៏​នឹង​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ក្រសួង​សាសនា​និង​វប្បធម៌ ដែល​ស្ថិត​នៅ​ក្រោម​គណៈកម្មការ​របស់​គាត់ មក​សាកសួរ​នៅ​ចុង​ឆ្នាំ​នេះ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បាន​ដឹកនាំ​យុទ្ធនាការ​នៅ​ឆ្នាំ​នេះ ដើម្បី​ការពារ “អត្តសញ្ញាណ​ជាតិ” ផ្នែក​វប្បធម៌​និង​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​ដឹកនាំ​ដំណើរ​ចុះ​ទៅ​ពិនិត្យ​នៅ​ភ្នំ​បូកគោ​ក្នុង​ខេត្ត​កំពត​កាលពី​ខែ​កុម្ភៈ ដើម្បី​ស៊ើបអង្កេត​របាយការណ៍​ដែល​ថា ទី​សក្ការ​បូជា​ច្រើន​កន្លែង​ក្នុង​ព្រៃ​បាន​ក្លាយ​ជា​កន្លែង​ធម្មយាត្រា​សម្រាប់​ភ្ញៀវ​ទេសចរ​វៀតណាម៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស