33 C
Phnom Penh

​បុរស​​បីនាក់​ត្រូវ​បាន​ចាប់​ខ្លួន​​​ពីបទ​​​​ប្រើ​អំពើ​ហិង្សា​​​លើ​តំណាង​​​រាស្ត្រ​​​​របស់បក្ស​សង្គ្រោះ​ជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​​បាន​មាន​ប្រសាសន៍​ថា ​បុរស​បី​នាក់​​ក្នុង​ចំណោម​​បុរស​ដែល​បាន​​ចូល​រួម​បាតុកម្ម​​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ​និង​ដែល​បាន​​វាយដំ​លោក ញ៉យ ចំរើន និង​លោក គង់ សភា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​កាលពី​សប្ដាហ៍​មុន ខណៈ​ពួក​លោក​ព្យាយាម​ចាក​ចេញ​​ពី​រដ្ឋសភា​នោះ បាន​​​ចូល​ខ្លួន​សារ​ភាព​​​ហើយ​​​​​កាលពី​​​ម្សិលមិញ។

សេចក្ដី​ប្រកាស​ព័ត៌​មាន​មួយ​ចេញ​ដោយ​​​លោក ខៀវ សុភ័គ កាលពី​យប់​មិញ បាន​លើក​​​​ឡើង​ថា បុរស​ទាំង​​បី​នាក់​​​​ដែល​មាន​​ឈ្មោះ​ដូច​ជា ចាយ សារិទ្ធ អាយុ​៣៣​ឆ្នាំ ​ម៉ៅ ហឿន អាយុ​៣៤​ឆ្នាំ និង សុត វណ្ណនី អាយុ​៤៥​ឆ្នាំ បាន​​​​​ចូល​ខ្លួន​សារភាព​នៅ​ម៉ោង​​ប្រហែល​៤​និង​​​៣០​នាទី​រសៀល​​ នៅ​ចំពោះ​មុខ​មន្ត្រី​​​​​​គណៈ​កម្មការ​​​​​ដែល​ស៊ើបអង្កេត​​​​ការ​​វាយ​ប្រហារ​នេះ​។

​ពេល​ទាក់​ទង​តាម​ទូរស័ព្ទ​ លោក ខៀវ សុភ័គ ​​បាន​មាន​ប្រសាសន៍​ថា ​បុរស​ទាំង​នេះ​​គឺ​ជា​​ជន​​ដែល​​គេ​​មើល​ឃើញ​​ក្នុង​វីដេអូ​ឃ្លីប​​ធ្វើ​សកម្ម​ភាព​​​​​ទាត់ធាក់​ និង​ជាន់​តំណាង​រាស្ត្រ​​អំឡុង​​​បាតុកម្ម​កាលពី​ថ្ងៃទី២៦ ខែ​តុលា ​ហើយ​​​​ថា ទំនង​ជា​​គ្មាន​ការ​​ចាប់​ខ្លួន​មនុស្ស​បន្ថែម​ទៀត​ទេ។

លោក​បាន​​បក​ស្រាយ​​ថា “​អ្នក​ទាំង​នេះ​ជា​ពិរុទ្ធជន​​ដែល​​​បាន​​​វាយ​ប្រហារ​ពួកគាត់​ដោយ​​​ផ្ទាល់​។ អ្នក​ផ្សេង​ទៀត​គ្រាន់​តែ​នៅ​ជុំវិញ​​ពួក​គេ​ស្រែក​ប៉ុណ្ណោះ” ហើយ​លោក​មិន​ជឿ​​ថា មាន​អ្នក​ណា​​ផ្សេង​ទៀត​ជា​អ្នក​រៀបចំ​ការ​វាយ​ប្រហារ​​តំណាង​រាស្ត្រ​ទាំង​នេះ​ឡើយ។

​លោក​ថ្លែង​ថា ​​​”​ពួកគេ​​បាន​ដឹកនាំ​ដោយ​

ខ្លួន​ឯង​។ ពួកគេ​​​បាន​សារភាព​​​នៅ​ចំពោះ​មុខ​សមត្ថ​​កិច្ច​​ ហើយ​ជំហាន​បន្ទាប់​គឺ​ពួកគេ​នឹង​ទទួល​​​​ការ​ផ្ដន្ទាទោស​តាម​ច្បាប់។ យើង​នឹង​បញ្ជូន​ខ្លួន​​ពួកគេ​ទៅ​តុលាការ​​នៅ​ថ្ងៃ​ស្អែក”។

លោក​​​លើក​ឡើង​​​បន្ត​ថា លោក​មិន​​អាច​​ធ្វើ​​អត្ថាធិប្បាយ​បន្ថែម​ទៀត​បានទេ​ជុំវិញ​​​​សេចក្ដី​លម្អិត​នៃ​ការ​ចាប់​ខ្លួន​បុរស​ទាំង​បី​នាក់​នេះ ឬ​មូល​ហេតុ​ដែល​ពួកគេ​​​វាយ​ប្រហារ​តំណាង​រាស្ត្រ​​​​​គណបក្ស​​សង្គ្រោះ​​ជាតិ​ទាំង​ពីរ​រូប​ ព្រោះ​​​លោក​មិន​មែន​ជា​សមាជិក​គណៈ​កម្មការ​ស៊ើប​​​អង្កេត​ដែល​មាន​សមាជិក​​ប្រាំបី​រូប​។

លោក សម រង្ស៊ី ប្រធាន​​គណបក្ស​​​​ប្រឆាំង​​ដែល​បាន​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ ថា​ជា​អ្នក​​រៀបចំ​ការ​វាយ​ប្រហារ​តំណាង​រាស្ត្រ​ទាំង​នេះ​ដើម្បី​សង​សឹក​ចំពោះ​បាតុកម្ម​​ដែល​បាន​ស្វាគមន៍​លោក​នៅ​បរទេស បាន​មាន​ប្រសាសន៍​បន្ទាប់ពី​​វិល​ត្រឡប់​ពី​​ប្រទេស​បារាំង វិញ​កាលពី​យប់​មិញ​​ថា លោក​នៅ​តែ​ចង់​​​បាន​ការ​ស៊ើបអង្កេត​ទូលំទូលាយ។​

លោក​បាន​ធ្វើ​​ការ​កត់​សម្គាល់​ថា ”​ពេល​នេះ​វា​ឆាប់​រហ័ស​ពេក​ហើយ​​សម្រាប់​ខ្ញុំ​ធ្វើ​អត្ថាធិប្បាយ ពីព្រោះ​ខ្ញុំ​ចង់​សាក​សួរ​​អ្នក​​ដឹង​រឿង​ និង​អ្នក​ដែល​បាន​តាម​ដាន​រឿង​នេះ​ជាប់​​ ​​ហើយ​ពេល​នោះ​​​ទើប​ខ្ញុំ​អាច​ធ្វើ​អត្ថា​ធិប្បាយ​បាន​ត្រឹម​ត្រូវ​។ នេះ​គ្រាន់​តែ​ជា​តម្រុយ​មួយ​ ជា​សូចនាករ​មួយ​ប៉ុណ្ណោះ​។​ ខ្ញុំ​​នៅ​តែ​អំពាវ​នាវ​​​​​​ឲ្យ​មាន​ការ​ស៊ើបអង្កេត​​ទូលំទូលាយ ​ដោយ​ធ្វើ​​​ការ​ស៊ើប​អង្កេត​​រាល់​ទិដ្ឋភាព​ទាំង​អស់”​។

​ពេល​​សួរ​​ថា​ តើ​​នោះ​មាន​ន័យ​ថា​ស៊ើប​អង្កេត​វែក​មុខ​​អ្នក​ដែល​បាន​រៀបចំ​​​ឲ្យ​បុរស​ទាំង​​បី​នាក់​នេះ​វាយ​ប្រហារ​តំណាង​រាស្ត្រ​ ខណៈ​នគរ​បាល​​ឈរ​មើល​​ ឬ​យ៉ាង​ណា​នោះ លោក សម រង្ស៊ី បាន​ឆ្លើយ​​​ថា “​ខ្ញុំ​និយាយ​ថា ‘រាល់​ទិដ្ឋភាព’”។

លោក សម រង្ស៊ី ​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​​ស្នើ​​​ឲ្យ​មានការ​ស៊ើបអង្កេត​​​ដែល​មាន​ការ​ចូល​រួម​ពាក់​ព័ន្ធ​ច្រើន​​​លើ​ការ​វាយ​ប្រហារ​នេះ​ ដោយ​សមាជិក​គណបក្ស​ប្រឆាំង ​អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​សហ​ប្រជា​ជាតិ​​​​ត្រូវ​​បាន​​​​អនុញ្ញាត​ឲ្យ​ចូល​រួម ឬ​​​ត្រួត​ពិនិត្យ​​​​​​​​​​ការ​ស៊ើបអង្កេត​ផ្លូវ​ការ​នេះ​។

ទោះ​បីជា​មាន​ការ​អំពាវ​នាវ​​​​ឲ្យ​មាន​ការ​ស៊ើប​អង្កេតដែល​មាន​ការ​ចូល​រួម​ពាក់​ព័ន្ធ​ច្រើន​​​​​​​បែប​នេះ​ក្ដី ក៏​ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​​​​​មួយ​​​​ថ្ងៃ​​បន្ទាប់ពី​ការ​វាយ​ប្រហារ​នោះ​ថា សមាជិក​ពីរ​រូប​នៃ​គណៈ​កម្មាធិការ​កណ្ដាល​​​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ​​​នឹង​​ដឹកនាំ​ក្រុម​​ស៊ើប​អង្កេត​​​​​​ដែល​មាន​សមាជិក​ប្រាំបី​រូប​របស់​ខ្លួន។​

លោក ឯម សំអាន​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​​​​ ដែល​​ជា​​​ប្រធាន​​​គណៈកម្មការ​ស៊ើប​អង្កេត​នេះ និង​លោក ឆៃ ស៊ីណារិទ្ធ អគ្គ​ស្នង​ការ​​​រង​នគរ​បាល​ជាតិ ដែល​ជា​អនុប្រធាន​របស់​លោក​ សុទ្ធតែ​​ស្ថិត​ក្នុង​ជួរ​គណៈកម្មាធិការ​កណ្ដាល​​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​​​ទន្ទឹម​​នេះ ​ឧត្ដម​សេនីយ៍​ឯក ឆៃ ស៊ីណារិទ្ធ ក៏​​ស្ថិត​ក្នុង​ជួរ​គណៈកម្មការ​ឃោសនា​អប់រំ​ថ្មី​​របស់​គណបក្ស​កាន់​អំណាច​ដែរ។

មន្ត្រី​ប្រាំមួយ​រូប​​ផ្សេង​​ទៀត​ក៏​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​ ក្នុង​នោះ​រួម​​​​មាន​ទាំង​​ស្នង​ការ​រង​រាជធានី​ភ្នំពេញ​ពីរ​រូប​ ដែល​​​​​កង​កម្លាំង​របស់​ខ្លួន​​រង​ការ​​ចោទ​ប្រកាន់​ថា ​​បាន​​​​ឈរ​មើល​ធ្វើ​ព្រងើយ ​ខណៈ​​តំណាង​រាស្ត្រ​​​ទាំង​​​​ពីរ​រូប​ត្រូវ​បាន​​វាយ​ដំ និង​​​បាន​​ចូល​រួម​បាតុ​​​កម្ម​​ក្នុង​សម្លៀក​​បំពាក់​​ពាក់​ស៊ីវិល​ផង​ដែរ​។

កាលពី​សប្ដាហ៍​មុន ​ឧត្ដម​ស្នងការ​​​​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​ បាន​សង្កត់​ធ្ងន់​ថា ការ​ស៊ើបអង្កេត​លើ​ការ​វាយ​ដំ​​កាលពី​សប្ដាហ៍​មុន​ ត្រូវ​តែ​ឯករាជ្យ។

លោកស្រី វ៉ាន ហៀលី (Wan-Hea Lee) ​តំណាង​​ការិយាល័យ​ឧត្ដម​ស្នង​ការ​​​អង្គការ​សហ​​​​​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (OHCHR) ​ប្រចាំ​ប្រទេស​កម្ពុជា​ ​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​​​ថា រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ឡើង​​​វិញ​ចំពោះ​សមាសភាព​គណៈកម្មការ​របស់​ខ្លួន​ ប្រសិន​បើ​ខ្លួន​មិន​អាច​បក​ស្រាយ​​អំពី​ភាព​ឯករាជ​របស់​វា​​ឲ្យ​បាន​សម​រម្យ​ទេ​នោះ។

នៅ​ក្នុង​សារ​អេឡិចត្រូនិក​មួយ លោកស្រី វ៉ាន ហៀលី ​បាន​គូស​បញ្ជាក់​​​​​ជា​​ថ្មីម្តង​ទៀត​​​ចំពោះ​​សេចក្ដី​ថ្លែងការណ៍​របស់​​ OHCHR ដែល​​​​បាន​លើក​ឡើង​​​កាលពី​សប្ដាហ៍​មុន​ថា ភាព​​គួរ​ឲ្យ​ជឿទុក​ចិត្ត​នៃ​ការ​ស៊ើបអង្កេត​នេះ​ ”​ពឹង​ផ្អែក​​​​​​លើ​​​ភាព​ឯករាជ្យ ភាព​មិន​លម្អៀង ភាព​ហ្មត់​ចត់ និង​​ការ​ធ្វើ​ឡើង​​ភ្លាមៗ​​របស់​វា។ ក្នុង​ន័យ​​នេះ​ រដ្ឋាភិបាល​​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពីការ​​បក​ស្រាយ​អំពីភាព​ឯករាជ និង​​ភាព​មិន​លម្អៀង​​របស់​​ក្រុម​ស៊ើបអង្កេត​នេះ បើ​មិន​ដូច្នោះ​​ទេ គួរ​ពិចារណា​សមាសភាព​​​​របស់​វា​ឡើង​វិញ​​​ដើម្បី​​​​​កែលម្អ​ភាព​គួរ​ឲ្យ​​ជឿទុក​ចិត្ត​របស់​វា​។ OHCHR ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​​​ដើម្បី​​​​​​​​រួម​ចំណែក​ជួយ ​​​ប្រសិន​បើ​យល់​ថា ខ្លួន​អាច​ជួយ​បាន​”។

ក្នុង​បទ​សម្ភាស​​​មួយ​នៅឯក្រសួង​មហាផ្ទៃ​​កាលពី​ម្សិលមិញ លោក ខៀវ សុភ័គ​ បាន​មាន​​​​ប្រសាសន៍​ថា ការ​លើក​ឡើង​​របស់​លោកស្រី​ ​​​វ៉ាន​ ហៀលី ដែល​ថា ការិយាល័យ​សិទ្ធិ​មនុស្ស​​​របស់​អង្គការ​សហប្រជាជាតិ​ ឬ​អ្នក​ផ្សេង​ទៀត​​​​​អាច​ចូល​រួម​ក្នុង​ការ​​​ស៊ើបអង្កេត​នេះ​បាន គឺ​ជា​​​​​ការ​រំលោភ​អធិបតេយ្យ​របស់​កម្ពុជា​។

លោក​ចោទ​សួរ​ថា ”តើ​​​នៅ​ក្នុង​ប្រទេស​​​​​​ប៉ុន្មាន​ហើយ​ដែល​​​ OHCHR ​​​របស់​អង្គការ​សហ​​​​​ប្រជា​ជាតិ​បាន​ធ្វើ​រឿង​នេះ? ច្បាប់​​របស់​កម្ពុជា​ ​​​មាន​អធិបតេយ្យ ហើយ​​មិន​ត្រូវ​ការ​​ការ​ចូល​រួម​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ណា​មួយ​​​​​ឡើយ ក្រៅ​តែ​ពី​គណៈកម្មការ​ដែល​ត្រូវ​បាន​​បង្កើត​ឡើង​នេះ​។

លោក​​​​​​ថ្លែង​ថា លោក​​ ឯម សំអាន និង​​ឧត្ដម​​​​​​​សេនីយ៍​ឯក ឆៃ ស៊ីណារិទ្ធ នឹង​មិន​បណ្ដោយ​​​​ឲ្យ​នយោបាយ​​ជ្រៀតជ្រែក​​​​ការ​ស្វែង​​​​​រក​​ការ​ពិត​​​​​ទាំង​មូល​នៃ​អ្នក​​នៅ​ពីក្រោយ​​​​​​​ការ​វាយ​ប្រហារ​​តំណាង​រាស្ត្រ​​អំឡុង​បាតុកម្ម​​​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ​កាល​ពី​សប្ដាហ៍​​​មុន​ឡើយ​។

លោក​​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ​​”​ពួក​គាត់​ស្ថិត​នៅ​ក្នុងបក្ស​ ហើយ​ពួកគាត់​​​​បំពេញ​​​​​​តួនាទី​របស់​ខ្លួន​​​​នៅ​ក្នុង​បក្ស​ ​ប៉ុន្តែ​សម្រាប់​ការ​ងារ​រដ្ឋ​​ ពួកគាត់ធ្វើ​ការ​ងារ​របស់​ខ្លួន​​ធម្មតា ពីព្រោះ​ពួកគាត់ស៊ី​ប្រាក់​ខែ​រដ្ឋ។ យើង​ចង់​​ទទួល​បាន​ការ​សរសើរ​ពី​មតិ​ជាតិ​ និង​អន្តរ​ជាតិ ដូច្នេះ​យើង​ចាំបាច់​ត្រូវ​ខិតខំ​​តាម​​ចាប់​ខ្លួន​​​​​ជន​ដៃដល់​។ បើ​យើង​មិន​អាច​ចាប់​ជន​ដៃដល់​បាន​​​​ទេ​​​ យើង​នឹង​បាត់​បង់កិត្តិយស​​”៕ សុខុម​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស