ក្រុមហ៊ុនH&M និងសហព័ន្ធសហជីពសាកល IndustriALL កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយសំដៅធ្វើឲ្យលក្ខខណ្ឌការងារប្រសើរឡើងសម្រាប់កម្មករ១,៦លាននាក់នៅរោងចក្រចំនួន១.៩០០នៅទូទាំងពិភពលោក ដោយបំពេញតាមការបញ្ជាទិញសម្រាប់ក្រុមហ៊ុនសម្លៀកបំពាក់ស៊ុយអែត ដែលនឹងរួមមានគណៈកម្មការត្រួតពិនិត្យថ្មីនៅក្នុងប្រទេសកម្ពុជា។
កិច្ចព្រមព្រៀងនេះដែលក៏រួមមានសហជីពស៊ុយអែត IF Metall ដែរនោះ មានបំណង ធ្វើឲ្យប្រាកដថា រោងចក្រផ្គត់ផ្គង់របស់ H&M គោរពសិទ្ធិមនុស្ស និងសិទ្ធិសហជីពរបស់កម្មករ មិនរើសអើងចំពោះតំណាងកម្មករ ហើយការពារសិទ្ធិរបស់ពួកគេមិនឲ្យធ្វើការក្នុងលក្ខខណ្ឌដែលគ្មានសុវត្ថិភាព។
បញ្ហាទាំងអស់នេះប៉ះពាល់ដល់រោងចក្រ ជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលកម្មករតែងតែត្អូញត្អែរពីការរើសអើងសហជីព ការបង្ខំឲ្យធ្វើការថែមម៉ោង និងការដួលសន្លប់ក្នុងចំនួនដ៏ច្រើនដែលត្រូវបានបន្ទោសមួយផ្នែកទៅលើក្លិនសារធាតុគីមី និងសីតុណ្ហភាពក្ដៅខ្លាំង។
កម្មករពីរនាក់បានស្លាប់កាលពីឆ្នាំ២០១៣ នៅពេលរោងចក្រមួយបានបាក់ប្លង់សេសង្កត់លើពួកគេ ហើយកម្មករប្រាំបីនាក់ទៀតបានរងរបួសនៅឆ្នាំបន្ទាប់ នៅពេលប្លង់សេរោងចក្រមួយទៀតបានបាក់ដែរ។ ហេតុការណ៍ទាំងពីរនេះបណ្តាលមកពីការសាងសង់អគារមិនមានស្ដង់ដារ និងការត្រួតពិនិត្យដោយការធ្វេសប្រហែស។ ទោះជាយ៉ាងណា រោងចក្រនៅក្នុងប្រទេសកម្ពុជាលើកឡើងថា ការរំលោភសិទ្ធិការងារគឺមិនមែនជារឿងធម្មតានោះទេ។
លោក ហ្ស៊ីគី រ៉ៃណា (Jyrki Raina) អគ្គលេខាធិការ IndustriALL បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា កិច្ចព្រមព្រៀងថ្មីនេះ “ពង្រឹងមាគា៌ឆ្ពោះទៅរកឧស្សាហកម្មកាត់ ដេរដែលមាននិរន្តរភាពជាមួយនឹងកម្លាំងការងាររួមគ្នា ទំនាក់ទំនងផ្នែកគ្រប់គ្រងការងារបែបស្ថាបនា ប្រាក់ឈ្នួលល្មមរស់បានតាមរយៈកិច្ចព្រមព្រៀងរួមកម្រិតឧស្សាហកម្ម និងកន្លែងធ្វើការងារមានសុវត្ថិភាព”។
ដើម្បីឃ្លាំមើលកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន H&M និង IndustriALL លើកឡើងថា ស្ថាប័នទាំងពីរនេះនឹងបង្កើត “គណៈកម្មការ ពិនិត្យតាមដានថ្នាក់ជាតិ” ដោយមានតំណាងមកពីក្រុមហ៊ុននេះ និងក្រុមហ៊ុនក្នុងស្រុករបស់សហជីពសាកលនេះ ដោយចាប់ផ្ដើមចេញពីប្រទេសកម្ពុជា និងប្រទេសមួយចំនួនផ្សេងទៀត។
លោក រ៉ៃណា បានលើកឡើងតាមអុីម៉េល ថា “យើងបានចាប់ផ្ដើមធ្វើការលើផែនការអនុវត្តន៍ដែលមានន័យថា ក្នុងចំណោមបញ្ហាដទៃទៀតដោយការបង្កើតគណៈកម្មការពិនិត្យតាមដានថ្នាក់ជាតិ និងរៀបចំវគ្គបណ្ដុះបណ្ដាលសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់ និងតំណាងសហជីព។ យើងនឹងចាប់ផ្ដើមពីប្រទេសអាទិភាពរួមមានកម្ពុជា បង់ក្លាដែស មីយ៉ាន់ម៉ា និងតួកគី ហើយបន្ទាប់មកពង្រីកទៅកាន់ប្រទេសផ្សេងៗទៀត”។
លោកបានថ្លែងថា “សម្រាប់ប្រទេសកម្ពុជា កាលពីម្សិលមិញយើងបានព្រមព្រៀងថា នឹងរៀបចំកិច្ចប្រជុំអនុវត្តន៍ជាលើក ដំបូងនៅថ្ងៃទី៧ ខែធ្នូ ក្នុងរាជធានីភ្នំពេញ”។
យោងតាម IndustriALL បានឲ្យដឹងថា គិតមកដល់ឆ្នាំ២០១៤ ក្រុមហ៊ុននេះបានយកប្រភពពីរោងចក្រចំនួន៥៨ ដែលប្រើប្រាស់កម្លាំងកម្មករប្រហែល៧០.០០០នាក់ក្នុងប្រទេសកម្ពុជាពោលគឺប្រហែល១០ភាគរយនៃឧស្សាហកម្មកាត់ដេរក្នុងស្រុក។
លោកស្រី អ៊ុលរីកា អុីសាក់សុន (Ulrika Isaksson) អ្នកនាំពាក្យក្រុមហ៊ុន H&M បាន និយាយថា កិច្ចព្រមព្រៀងនេះក៏គ្របដណ្ដប់លើរោងចក្រទទួលកិច្ចសន្យាបន្តដើម្បីផលិតសម្លៀកបំពាក់ដោយរោងចក្រដែលខ្លួនបានទិញដោយផ្ទាល់។
លោកស្រីបានថ្លែងថា “នៅក្នុងដំណាក់កាលដំបូង យើងវាយតម្លៃទៅលើតម្រូវការជាក់លាក់នៃក្រុមហ៊ុនផ្គត់ផ្គង់ និងតំណាងកម្មករ។ ការវាយតម្លៃនេះនឹងធ្វើឲ្យគេអាចសម្របតាមការងារចំពោះតម្រូវការរបស់ប្រទេសនីមួយៗ”។
លោក វីលៀម កុនគ្លីន (Williams Conklin) នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលសាមគ្គី ភាព ជាអង្គការសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា ក្រុមហ៊ុន H&M ជាយីហោមួយក្នុងចំណោមយីហោដែលមានការទំនាក់ទំនងច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែលោកបានលើកឡើងថា នៅមានឱកាសច្រើនសម្រាប់ការធ្វើឲ្យប្រសើរជាងនេះ ហើយបានលើកឡើងពីការរំលោភបំពានកិច្ចសន្យារយៈពេលខ្លី ដែលកំណត់អត្ថប្រយោជន៍ដែលកម្មករអាចទាមទារ។
លោកបានថ្លែងថា “វាជាជំហានក្នុងទិសដៅត្រូវជាសាកល ហើយប្រហែលជា IndustriALL នឹងទាក់ទងបន្ថែមទៀតជាមួយក្រុមហ៊ុន H&M នៅទីនេះ។នៅមានការងារច្រើនទៀតដែលត្រូវធ្វើ ហើយប្រហែលជាកិច្ចព្រមព្រៀងក្របខ័ណ្ឌនឹងជួយបាន”។
អ្នកនាំពាក្យក្រសួងការងាររូបនេះមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ៕ សារុន