28 C
Phnom Penh

សំណើ​​​សុំ​​​ឲ្យ​​​លោក​ ហុង សុខហួរ ​​នៅ​​​​ក្រៅ​​​​ឃុំ​​​​​​ត្រូវ​​​​តុលាការ​​​​បដិសេធ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ សាលាឧទ្ធរណ៍​​​បាន​​​ច្រាន ​​​ចោល​​​សំណើ​​​ជា​​​លើក​​​ទី​​​២​​​របស់​​​លោក ហុង សុខហួរ សមាជិក​​​ព្រឹទ្ធ​​​សភា​​​​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​ស្នើ​​​សុំ​ឲ្យ​​​ច្រាន​​​ចោល​​​សេចក្តី​​​សម្រេច​​​របស់​​​សាលា​​​ដំបូង​​​រាជធានី​​​ដែល​​​​​បដិសេធ​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​លោក​​​នៅ​​​ក្រៅ​​​ឃុំ​​​ បន្ទាប់​​​ពី​​​​​​លោក​​​​​​ ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ពី​​​បទ​​​បង្ហាញ​​​សន្ធិសញ្ញា​​​ព្រំដែន​​​ក្លែង​​​​​​ក្លាយ​​​នៅ​​​ក្នុង​​​វីដេអូ​​​ឃ្លីប​​​មួយ​​​ដែល​​​បង្ហោះ​​​តាម​​​ហ្វេស​​​ប៊ុក​​​​​​។

ចៅ​​​ក្រម​​​ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ជំនុំជម្រះ​​​ ប្លង់​ សំណាង បាន​​​លើក​​​ឡើង​​​តាម​​​ទូរស័ព្ទ​​​បន្ទាប់​​​ពី​​​ការ​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​ថា លោក​​​​​​ ហុង សុខហួរ មិន​​​អាច​​​ដោះ​​​លែង​​​បាន​​​ទេ​​​​ ព្រោះ​​​​សំណុំ​​​រឿង​​​របស់​​​លោក​​​កំពុង​ត្រូវ​​​ បាន​​​​សើុប​​​អង្កេត​​​នៅ​​​ឡើយ​​​។

ចៅក្រម ប្លង់​ សំណាង​​​ បានមាន​​​ប្រសាសន៍​​​​​​ ថា ​​​”សាលាឧទ្ធរណ៍​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​គាត់​​​នៅ​​​ក្រៅ​​​ឃុំ​​​ទេ​​​ ព្រោះ​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​ ​​​បាន​​​ចេញ​​​សាល​​​ក្រម​​​សើុប​​​អង្កេត​​​ឡើង​​​វិញ​​​”។​​​លោក​​​បាន​​​បន្ថែម​​​ថា លោក​​​នឹង​​​បញ្ចេញ​​​ហេតុ​​​ផល​​​ទាំង​​​ស្រុង​​​ដែល​​​នៅ​​​ពី​​​ក្រោយ​​​សេចក្តី​​​សម្រេច​​​នេះ​​​នៅ​​​ពីរ​​​ឬ​​​បី​​​ថ្ងៃ​​​ក្រោយ។

គិត​មកទល់ពេលនេះ​ សាលាឧទ្ធរណ៍​​​បាន​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​ឲ្យ​ដោះលែង​​​​លោក​​​ហុង សុខហួរ​​​ បី​​​លើក​​​រួច​​​មក​​​ហើយ​​​។ កាល​​​ពីថ្ងៃ​​​ទី​​​២ ខែ​​​កញ្ញា ចៅ​​​ក្រម​​​បាន​​​ច្រាន​​​ចោល​​​​បណ្តឹង​សាទុក្ខ​​​​​ដែល​​​ស្នើ​​​ឲ្យ​​​ដោះ​​​លែង​​​សមា​​​ជិក​​​​ព្រឹទ្ធ​សភា​រូបនេះ​ ដោយសារ​​​អភ័យ​​​ឯក​​​សិទ្ធិជា​​​ព្រឹទ្ធ​​​សភា​​​របស់​​​លោក​​​។ តុលាការ​​​បានច្រាន​​​ចោល​​​​​​សំណើ​​​សុំ​​​នៅក្រៅ​​​ឃុំ​​​ជា​​​លើក​​​ដំបូង​​​របស់​​​លោក​ ហុង​ សុខហួរ​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៨ ខែ​​​កញ្ញា ដោយ​​​​រង់​​​ចាំការ​​​បើក​​​សវនា​​​ការ ​​​​​​ជំនុំជម្រះ​​​រឿង​​​ក្តី​​​របស់​​​លោក​​​​​​ដែល​​​បាន​​​ពន្យារ​​​ពេល​​​កាល​​​ពី​​​ខែ​​​មុន​​​​​​ដោយសារ​​​ការ​​​សើុប​​​អង្កេត​​​លើ​​​ប្រភព​​​ដើម​​​នៃ​​​សន្ធិ​​​សញ្ញា​​​​​​ ក្លែង​​​ក្លាយ​​​កំពុង​​​បន្ត​នៅ​​​ឡើយ​​​។

លោក ជូង ជូងី មេធាវី​​​របស់​​​លោក ​​​ហុង ​​​សុខហួរ បាន​​​លើក​​​ឡើង​​បន្ទាប់​​​ពី​​​ការ​​​បើក​​​សវនាការ​​​ជំនុំជម្រះកាល​​​ពី​​​ម្សិលមិញ​​​​ថា ​​​​​​សេចក្តី​​​សម្រេច​​​នេះមិន​​​យុត្តិធម៌ទេ​​​។

លោក​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា វា​​​អត់​យុត្តិធម៌​​​​​​សម្រាប់​​​លោក ហុង សុខ​​​ហួរ​​​ ​​​​គាត់​​​មាន​វ័យ​ចំណាស់​ទៅ​​​​​ហើយ​​​ ហើយ​​​គាត់​​​​ជា​​​សមា​​​ជិក​​​ព្រឹទ្ធ​​​សភា​​​ផង​​​​។ រហូត​មក​ដល់ពេល​នេះ​ព្រឹទ្ធ​​​សភា​​​អត់​ទាន់មាន​បាន​​​​ដក​​​អភ័យ​​​ឯកសិទ្ធ​​ិ​​​​គាត់​នៅ​​​ឡើយទេ”។

លោក​​​បាន​​​បន្ថែម​​​ថា លោក​​​នឹង​​​ពិភាក្សា​​ជាមួយ​​​កូន​​​ក្តី​​​របស់​​​លោក ក្នុង​ការ​​​​​​​ប្តឹង​​​សា​ទុក​្ខ​​​ទៅ​​​​​​​តុលាការ​​​កំពូល​​​។

នៅ​​​ក្នុង​​​សម័យ​​​ប្រជុំ​​​មួយ​​​ធ្វើឡើង​ពីរ​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​លោក ហុង សុខហួរ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​សម្រេច​​​ថា វា​​​មិន​​​ចាំ​​​បាច់​​​​​​ដក​​​អភ័យ​​​ឯកសិទ្ធិ​​​របស់​​​លោក​​​ទេ ព្រោះ​​​មាត្រា​​​នៅ​​​ក្នុង​​​រដ្ឋធម្មនុញ្ញ​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​ការ​​​ចាប់​​​ខ្លួន​​​សមា​​​ជិក​​​សភា​​​ប្រសិន​​​បើ​​​រក​​​ឃើញ​​​ថា មាន​​​បទ​​​ល្មើស​​​ជាក់​​​ស្តែង​​​ ឬ​​​សកម្មភាព​​​​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​។

ដោយ​​​ធ្វើ​​​តាម​​​បញ្ជា​​​របស់​​​លោក ​​​ហ៊ុន ​​​សែន សមាជិក​​​ព្រឹទ្ធ​​​សភា​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥​​​ ខែ​​​សីហា​​​ ហើយ​​​ត្រូវ​​​ បាន​​​​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ឆបោក​​​ និង​​​ញុះ​​​ញង់។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​និយាយ​​​ការ​​​ពារ​​​​​​​​​​​​ការ​​​ចាប់​​​ខ្លួន​​​នេះ​​​កាល​​​ពី​​​ខែ​​​មុន​​​ អំឡុង​​​ពេល​​​ថ្លែង​​​​សុន្ទរកថា​​​ទៅ​​​កាន់​​​និស្សិត​​​ខ្មែរ និង​​​ជន​​​រួម​​​ជាតិ​​​នៅ​ក្នុង​​​ប្រទេស​​​បារាំង។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “សូម​​​កុំ​​​យល់​​​ច្រឡំ​​​ ហេតុ​​​អ្វី​​​បាន​​​ជាគេ​​​​ចាប់​​​ខ្លួន​​​ទោះ​​​បី​​​​​​​មាន​​​អភ័យ​​​ឯកសិទ្ធិ​​​​​​​ក៏​​​ដោយ​​​នោះ។ យើង​​​គោរព​​​អភ័យ​​​ឯកសិទ្ធិ​​​ ប៉ុន្តែ ករណី​​​បទ​​​ល្មើស​​​ជាក់​​​ស្តែង ​​​គេ​​​​​អាច​​​ចាប់​​​ខ្លួន​​​ភ្លាម​​​ៗ​​​”៕​​​ ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស