27 C
Phnom Penh

លោក ហ៊ុន សែន ការ​​​ពារ​​​សេចក្តី​​​សម្រេច​​​លុប​​​ចោល​​​ព្រះរាជ​​​ពិធីបុណ្យ​​​អុំ​ទូក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ម្សិលមិញ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ​​​ហ៊ុន សែន បាន​​​ច្រាន​​​ចោល​​​ការ​​​លើក​​​ឡើង​​​ដែល​​​ថា លោក​​​បាន​​​លុប​​​ចោល​​​ព្រះរាជ​​​ពិធី​​​បុណ្យ​​​អុំទូក​​​​​​ឆ្នាំ​​​នេះ ព្រោះ​​​ខ្លាច​​​ប្រជា​​​ពល​​​រដ្ឋ​​​ច្រើន​​​មក​​​ភ្នំពេញ និង​​​ធ្វើ​​​បាតុកម្ម​​​ប្រឆាំង​​​រដ្ឋាភិបាល ហើយ​​​លោក​​​បាន​​​ព្រមាន​​​ថា អាច​​​មាន​​​ការ​​​សង​​​សឹក​​​ចំពោះ​​​អ្នក​​​ដែល​​​​​​​​​ធ្វើ​​​ការ​​​អះអាង​​​បែប​​​នេះ។

សេចក្តី​​​ប្រកាស​​​ព័ត៌មាន​​​មួយ​​​​​​ដែល​​​ចេញ​​​កាលពី​​​ថ្ងៃ​​​សៅរ៍ លុប​​​ចោល​​​ព្រះរាជ​​​ពិធី​​​បុណ្យ ​​​អុំទូក​​​រយៈ​​​ពេល​​​បី​​​ថ្ងៃ​​​ប្រចាំ​​​ឆ្នាំ ដែល​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ មាន​​​ខ្លឹម​​​សារ​​​ថា កង្វះ​​​ទឹក​​​នៅ​​​ទូទាំង​​​ប្រទេស​​​ និង​​​កម្រិត​​​ទឹក​​​ទាប​​​មាន​​​ន័យ​​​ថា ការ​​​អំុ​​​ទូក​​​នៅ​​​ទន្លេ​​​សាប​​​នឹង​​​ត្រូវ​​​លុប​​​ចោល​​​ជា​​​លើក​​​ទី​​​៤​​​ក្នុង​​​រយៈ​​​ពេល​​​៥​​​ឆ្នាំ។ លោក​​​   អ៊ូ   វីរៈ អ្នក​​​វិភាគ​​​នយោបាយនិង​​​លោក ស៊ុន ឆ័យ តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​សុទ្ធ​​​តែ​​​បាន​​​ធ្វើ​​​អត្ថាធិប្បាយ​​​​​​ទៅ​​​កាន់​​​បណ្តាញ​​​ព័ត៌មាន​​​ថា រដ្ឋាភិបាល​​​បាន​​​លុប​​​ចោល​​​ព្រះរាជ​​​ពិធី​​​បុណ្យ​​​អុំទូក​​​ ដែល​​​ជា​​​ធម្មតា ​​​មាន​​​ប្រជា​​​​​​ពល​​​រដ្ឋ​​​ជាង​​​១​​​លាន​​​នាក់​​​មក​​​ភ្នំពេញ  យ៉ាង​​​ហោច​​​ណាស់ ម្យ៉ាង​​​ដើម្បី​​​ទប់​​​ស្កាត់​​​មិន​​​ឲ្យ​​​មាន​​​ពល​​​រដ្ឋ​​​ច្រើន​​​ជួប​​​ជុំ​​​គ្នា​​​នៅ​​​តាម​​​ដង​​​ផ្លូវ​​​​​ក្នុង​​​ទី​​​ក្រុង។

កាលពី​​​ម្សិល​​​មិញ​​​ ក្នុង​​​ពិធី​​​បើក​​​សម្ពោធ​​​គម្រោង​​​ការពារ​​​ទឹក​​​ជំនន់​​​និង​​​កែ​​​លម្អ​​​​​ប្រព័ន្ធ​​​ប្រឡាយ​​​លូ​​​​​​ដែល​​​ផ្តល់​​​មូលនិធិ​​​ដោយ​​​ប្រទេស​​​​​​ជប៉ុន​​​ លោក ហ៊ុន សែន បាន​​​បញ្ជាក់​​​ថា កម្រិត​​​ទឹក​​​ទាប​​​ជា​​​មូល​​​ហេតុ​​​តែ​​​មួយ​​​គត់​​​ចំពោះ​​​ការ​​​លុប​​​ចោល​​​ពិធី​​​​​​ ដែល​​​គ្រោង​​​នឹង​​​ចាប់​​​ផ្តើម​​​នៅ​​​ថ្ងៃ​​​ទី​​​២៤ ខែ​​​វិច្ឆិកា​​​នេះ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ថ្ងៃ​​​នេះ​​​ទឹក​​​មាន​​​កម្ពស់​​​៤,៨ម៉ែត្រ ហើយ​​​យើង​​​ទស្សន៍​​​ទាយ​​​ថា ពេល​​​ដែល​​​​​​ព្រះរាជ​​​ពិធី​​​បុណ្យ​​​អំុ​​​ទូក​​​ចាប់​​​ផ្តើម​​​ ​​​ក្នុង​​​ពេល​​​ប្រហែល​​​២០​​​ថ្ងៃ​​​ខាង​​​មុខ​​​នេះ​​​ ទឹក​​​នឹង​​​មាន​​​កម្ពស់​​​តែ​​​៤,២ម៉ែត្រ​​​តែ​​​ប៉ុណ្ណោះ។ ដើម្បី​​​ការ​​​ប្រណាំង​​​ទូក​​​បាន​​​ល្អ​​​បំផុត​​​នោះ​​​ ទឹក​​​គួរ​​​មាន​​​កម្ពស់​​​៧ម៉ែត្រ​​​ ឬ​​​លើស​​​៧ម៉ែត្រ​​​បន្តិច”។

ឆ្លើយ​​​ទៅ​​​នឹង​​​ក្រុម​​​​​​​​​អ្នក​​​មាន​​​មន្ទិល​​​សង្ស័យ​​​​​​ដោយ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​ លោក​​​បាន​​​បបួល​​​ពួក​​​គេ​​​ឲ្យ​​​បញ្ជាក់​​​ឲ្យ​​​ឃើញ​​​ថា​​​លោក​​​ខុស។ ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ឥឡូវ​​​សូម​​​អ្នក​​​អត្ថាធិប្បាយ​​​​​​ចេញ​​​​​​មក​​​ ដើម្បី​​​ហ្នឹង​​​និយាយ​​​គ្នា​​លោក​​​ឯង​​​យក​​​ទូក​​​មក​​​អុំ​​​មក។ ខ្ញុំ​​​ជួយ​​​ចេញ​​​លុយ​​​ឲ្យ​​​ ជា​​​ពិសេស​​​អ្នក​​​ធ្វើ​​​វិភាគ​​​ ហើយ​​​អ្នក​​​តំណាង​​​រាស្ត្រ​​​បក្ស​​​ប្រឆាំង​​​ខ្លះ”។ ពួក​​​គេ​​​បាន​​​និយាយ​​​ថា “រដ្ឋាភិបាល​​មិន​​​ហ៊ាន​​​​​​ចាត់​​​តាំង​​​ព្រះរាជ​​​ពិធី​​​បុណ្យ​​​អុំទូក ពីព្រោះ​​​​​​​ខ្លួន​​​ខ្លាច​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ធ្វើ​​​បាតុកម្ម”។

លោក​​​ ហ៊ុន សែន បាន​​​ច្រាន​​​ចោល​​​គំនិត​​​នេះ និង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​អ្នក​​​មាន​​​មន្ទិល​​​សង្ស័យ​​​អាច​​​ក្លាយ​​​ជា​​​គោល​​​ដៅ​​​របស់​​​អ្នក​​​ស្មោះ​​​ត្រង់​​​នឹង​​​រដ្ឋាភិបាល។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ​​​”ឥឡូវ ​​​ថ្នាក់​​​ដល់​​​រដ្ឋាភិបាល​​​ខ្លាច​​​ប្រជា​​​ជន​​​នែ​​​ប្រយ័ត្ន​​​​​​​​​គេ​​​តាម​​​ដល់​​​ផ្ទះ​​​ទៀត​​​ណា​​​ ខ្ញុំ​​​មិន​​​មែន​​​គំរាម​​​ទេ​​​ក៏​​​ប៉ុន្តែ អស់​​​លោក​​​ហាក់​​​ដូច​​​ជា​​​ជ្រុល​​​ហួស​​​ហេតុ​​​ពេក​​​ហើយ។ ការ​​​ធ្វើ​​​អត្ថាធិប្បាយ​​​បែប​​​ប្រមាថ​​​​​​មិន​​​អាច​​​ទទួល​​​យក​​​បាន​​​ទេ”។

ការ​​​ព្រមាន​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​មាន​​​ការ​​​ឡោម​​​ព័ទ្ធ​​​រយៈ​​​ពេល​​​៦​​​ម៉ោង​​​នៅ​​​ផ្ទះ​​​លោក ​​​កឹម សុខា​​​ អនុ​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​កាល​​​ពី​​​ចុង​​​ខែ​​​មុន​​​ ដែល​​​អំឡុង​​​ពេល​​​នោះ​​​បាតុករ​បាន​​​គប់​​​ដុំ​​​ថ្ម​​​លើ​​​ផ្ទះ​​​របស់​​​លោក​​​ ខណៈ​​​ដែល​​​ភរិយា​របស់​​​ លោក​​​នៅ​​​ក្នុង​​​ផ្ទះ​​​​​​ ហើយ​​​នគរបាល​​​បាន​​​ព្រងើយ​​​និង​​​ការ​​​ហៅ​​​ទូរស័ព្ទ​​​សុំ​​​ជំនួយ។នៅ​​​ថ្ងៃ​​​ដដែល​​​នោះ​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​ពីរ​​​រូប​​​ ត្រូវ​​​បាន​​​គេ​​​វាយ​​​ដំ​​​​​​យ៉ាង​​​ដំណំ​​​ក្នុង​​​បាតុ​​​កម្ម​​​មួយ​​​ប្រឆាំង​​​លោក កឹម សុខា នៅ​​​ខាង​​​ក្រៅ​​​រដ្ឋសភា ដែល​​​ត្រូវ​​​បាន​​​ជំរុញ​​​​​​ជា​​​សាធារណ​​​ៈ​​​​​​ ដោយ​​​លោក​​​ ហ៊ុន សែន ។ ទាហាន​​​បី​​​នាក់​​​ស្ថិត ​​​ក្នុង​​​ពន្ធនាគារ​​​ព្រោះ​​​តែ​​​ការ​​​វាយ​​​ដំ​​​នោះ។

នៅ​​​ថ្ងៃ​​​ម្សិលមិញ លោក ហ៊ុន​​​ សែន បាន​​​អំពាវ​​​នាវ​​​ដល់​​​ប្រជា​​​ពល​​​រដ្ឋ​​​ឲ្យ​​​មក​​​លេង​​​ក្រុង​​​ភ្នំពេញ​​​ដើម្បី​​​បញ្ជាក់​​​ថា ក្រុម​​​អ្នក​​​រិះ​​​គន់​​​លោក​​​ពិត​​​ជា​​​ខុស​​​ ហើយ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា លោក​​​នឹង​​​ចេញ​​​លុយ​​​ពី​​​ហោប៉ៅ​​​លោក​​​ផ្ទាល់​​​សម្រាប់​​​អ្នក​​​ឈ្នះ និង​​​អ្នក​​​ប្រកួត​​​ផ្ដាច់​​​ព្រ័ត្រ ក្នុង​​​កម្មវិធី​​ទូរទស្សន៍​​នានា​​​ក្នុង​​​ប្រទេស​​​ ឲ្យ​​​​​ចូលរួម​​​ការ​​​ប្រគំ​​​តន្ត្រី។

លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា “សូម​​​ប្រជា​​​ពល​​​រដ្ឋ​​​មក​​​លេង​​​ក្រុង​​​ភ្នំពេញ​​​ដើម្បី​​​បង្ហាញ​​​អ្នក​​​វិភាគ​​​នយោបាយ​​​ និង​​​តំណាង​​​រាស្ត្រ​​ដែល​​​គ្មាន​​​ការ​​​អប់​​​រំ។ ខ្ញុំ​​​អំពាវ​​​នាវ​​​ដល់​​​ប្រជា​​​ពល​​​រដ្ឋ​​​នៅ​​​តាម​​​បណ្តោយ​​​ទន្លេ​​​មេគង្គ​​​​​​​​​​​​​​​​​​ និង​​​នៅ​​ទូទាំង​​​ប្រទេស​​​សូម​​​មេត្តា​​​យល់​​រដ្ឋាភិបាល​​​។ ​​​រដ្ឋាភិ​​​បាល​​​អញ្ជើញ​​​អ្នក​​​ទាំងអស់​​​គ្នា​​​ដែល​​​ចង់​​​មក​​​លេង​​​រាជធានី​​​ភ្នំពេញ​​​ដើម្បី​​​មើល​​​​​​ការ​​​តាំង​​​ពិព័រណ៍​​​ មិន​​​មែន​​​ការ​​​អុំ​​​ទូក​​​ទេ”។

លោក​​​បាន​​​បន្ថែម​​​​​​ថា ចំពោះ​​​តារា​​​ច្រៀង​​​”ឲ្យ​​​ចូល​​​រួម​ឲ្យ​​​បាន​​​គ្រប់​​​គ្នា។ ខ្ញុំ​​​ប៉ាវ​​​តែ​​​ម្តង។​​​ អ្នក​​​ចម្រៀង​​​ល្បីៗ​​​សូម​​​មក”។

ទាក់ទង​​​ក្រោយ​​​ពី​​​ការ​​​ថ្លែង​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី លោក ​​​ប៉ា សុជាតិវង្ស​​​អភិបាល​​​​​​ រាជធានី​​​ភ្នំពេញ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​​​​​​​​​​លោក​​​ ​​​រំពឹង​​​ថា អ្នក​​​មក​​​លេង​​​ និង​​​អាជីវករ​​​មាន​​​ចំនួន​​​តិច​​​ជាង​​​ធម្មតា​​​នៅ​​​អំឡុង​​​​​​ព្រះរាជ​​​ពិធី​​​បុណ្យ​​​អុំទូក​​​រយៈ​​​ពេល​​​បី​​​ថ្ងៃ​​​នេះ ប៉ុន្តែ បាន​​​បដិសេធ​​​មិន​​​ប៉ាន់​​​ប្រមាណ​​​ថា ទំនង​​​ជា​​​មាន​​​ចំនួន​​​ប៉ុន្មាន​​​នោះ​​​ទេ។

លោក អ៊ូ វីរៈ ដែល​​​បាន​​​ស្តាប់​​​សុន្ទរកថា​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ បាន​​​មាន​​​ប្រសាសន៍​​​ ថា លោក​​​ជឿ​​​ថា លោក​​​ប្រហែល​​​ជា​​​គោល​​​ដៅ​​​មួយ​​​នៃ​​​ការ​​​ថ្លែង​​​របស់​​​លោក​​​ ហ៊ុន ​​​សែន។ ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ​​​និទណ្ឌ ភាព​​​​​​​​​ចំពោះ​​​ការ​​​វាយ​​​ប្រហារ​​​លើ​​អ្នក​​​រិះ​​​គន់​​​រដ្ឋាភិបាល​​​​​​ជា​​​បញ្ហា​​​មួយ​​​​​​ជាង​​​ការ​​​គំរាម។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​មិន​​​គួរ​​​មាន​​​​ការ​​​គំរាម​​​ទេ​​​ ប៉ុន្តែ វា​​​ស្ថិត​​​ក្នុង​​​បរិបទ​​​និទណ្ឌភាព​​​សម្រាប់​​​អ្នក​​​ដែល​​​វាយ​​​ប្រហារ​​​អ្នក​​​ដែល​​​ហ៊ាន​​​និយាយ”។

លោក​​​​​​ ស៊ុន ឆ័យ មិន​​​អាច​​​ទាក់​​​ទង​​​​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ទេ៕ និត  (រាយការណ៍​​​បន្ថែម​​​ដោយ​​​ Zsombor Peter)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស