31 C
Phnom Penh

មន្ត្រីខេត្ត​ព្រះសីហនុមិន​អាច​ពន្យល់បានរឿងកប៉ាល់​​​នៅ​ក្បែរ​កោះ​រ៉ុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ ក្រុម​មន្ត្រី​នៅក្នុង​​ខេត្ត​​ព្រះ​សីហនុ​​បាន​ផ្ដល់​ការ​ពន្យល់​ខុសៗ​គ្នា​ចំពោះ​​​​​​កបា៉ល់​ដឹកនាំនិញ​មួយ​ក្រុម និង​សាឡង់​អម​មក​​​​ជាមួយផង​​ កំពុង​ស្ថិត​ក្នុង​ដែន​ទឹក​រវាង​កោះ​រ៉ុង និង​ដីគោក​។

លោក​ Pierre Kann ដែល​​​កោះ​រ៉ុង ដាយ​សិន​ធឺរ របស់លោក​ដំណើរការ​ទូក​​ទេស​ចរណ៍​ពី​ក្រុង​ព្រះសីហនុ​​ទៅ​កោះ​​លំហែ​កាយ​​​​​​នេះ​និយាយ​ថា រយៈ​ពេល​បួន​ថ្ងៃ​នៅ​សប្ដាហ៍​នេះ​​លោក​ឃើញ​កប៉ាល់​ដឹក​​ទំនិញមួយ​គ្រឿង​​​​​មក​ចត​នៅ​ក្នុង​តំបន់​ដូច​គ្នា​នេះ​​ចម្ងាយ​ប្រហែល​​​​១០​គីឡូម៉ែត្រ​ពី​ឆ្នេរ។ លោក​បាននិយាយ​ថា សាឡង់​ដឹក​​ខ្សាច់​ជាច្រើន​គ្រឿង​ បាន​បើក​ទៅ​​​​​​​មក​ៗ​​​ចន្លោះ​កប៉ាល់​ទាំង​នោះ​ និង​​កន្លែង​ទី៣​​ដែល​គេ​មិន​ដឹង​។ រូប​ថត​បង្ហាញ​ថា ​យ៉ាង​ហោច​​​​ណាស់​​​កប៉ាល់​ដឹក​ទំនិញ​​ពីរគ្រឿង​​ផ្សេង​​​គ្នា​សហការ​ជាមួយ​សាឡង់​នៅក្នុង​តំបន់នេះ​។

នៅ​ពេល​ទាក់​ទង​កាលពី​ថ្ងៃ​ច័ន្ទ លោក យន់ មិន អភិបាល​ខេត្ត​ព្រះសីហនុ​ថ្លែង​​ថា លោក​​​​មិន​ដឹង​ពី​​កប៉ាល់​ដឹក​ទំនិញ និង​សាឡង់​ទាំង​នេះ​ទេ ហើយ​បាន​លើក​ឡើង​​​​​ថា លោក​នឹង​​បញ្ជា​ឲ្យ​ទាហាន​ជើង​ទឹក​​ស្វែង​រក​​ ”​មូល​ហេតុ​ដែល​​កប៉ាល់​ទាំង​នេះ​នៅ​ក្នុង​ដែន​ទឹក​កម្ពុជា​”។

កាលពី​ម្សិលមិញ ឧត្ដម​សេនីយ៍​ត្រី យន់ មិន បាន​ថ្លែង​​ថា “​ក្រុម​ហ៊ុន​​ដែល​លោក​​និយាយ​ថា លោក​​មិន​ស្គាល់​ឈ្មោះ​នោះ​បាន​​សម្រេច​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​​ក្នុង​​​​​ឆ្នាំ​២០១៤ ដោយនាំ​ខ្សាច់​ប្រមាណ​​២.០០០​​​​​ទៅ​៣.០០០​ម៉ែត្រ​គូប​ទៅ​ឲ្យ​​​កប៉ាល់​​ដឹក​ទំនិញ​នោះ​ ដើម្បី​ “សាក​​ល្បង​សម្រាប់​ផលិត​កញ្ចក់​​ និង​កែវ​”។

ទោះ​យ៉ាង​ណា លោក​បាន​ថ្លែង​ថា មិន​មាន​​​​ការ​​បូម​ខ្សាច់​នៅ​ក្នុង​ដែន​ទឹក​​ក្នុង​សមុទ្រ​ក្រុង​ព្រះសីហនុ​ឡើយ ហើយ​ថា លោក​មិន​ដឹង​ថា​​តើ​ខ្សាច់​នេះ​ត្រូវ​គេ​យកមក​​ពី​ណា​នោះ​ទេ។

លោក​បាន​ថ្លែង​ថា “​សាឡង់​ដឹកខ្សាច់​ទៅ​​​ដាក់​​កប៉ាល់​ធំ​នៅ​ក្នុង​​សមុទ្រ​​ជិត​កោះ​រ៉ុង​។ ប៉ុន្តែ​​ខ្ញុំ​មិន​ប្រាកដ​ថា ខ្សាច់​នេះមក​ពី​ណា​នោះ​​​ទេ”។ លោក​បាន​បន្ថែម​ថា “​ឥឡូវ​នេះ​ ខ្ញុំ​មិន​ឃើញ​មាន​ក្រុមហ៊ុន​ណាមួយ​​​កំពុង​បូម​ខ្សាច់​នៅ​ទីនេះ​ទេ”។

ឧត្ដម​សេនីយ៍​ត្រី យន់​ មិន ​មាន​ប្រសាសន៍​​​ថា លោក​ក៏មិន​ដឹង​ថា កប៉ាល់​ដឹក​ទំនិញ​ទាំង​នេះមក​ពី​ណា​ដែរ​។

​កាលពី​ខែ​មីនា បន្ទាប់ពី​ជម្លោះ​យូរ​អង្វែង​ជុំវិញ​ការ​បូម​ខ្សាច់​ហួស​ហេតុ​នៅ​​ទន្លេ​មេគង្គ​ និង​​​​ទន្លេសាប​ក្នុង​រាជធានី​ភ្នំពេញ ​លោក​នាយក​​​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ការ​ទទួលខុស​ត្រូវ​ឲ្យ​ក្រសួង​រ៉ែ និង​ថាម​ពល​​​គ្រប់គ្រង​ក្រុម​ហ៊ុន​បូម​ខ្សាច់​ ជា​ភារកិច្ច​ដែល​ពីមុន​ត្រូវ​បាន​អនុវត​្ត​​ដោយ​គណៈកម្មាធិការ​គ្រប់គ្រង​ក្រុម​​ហ៊ុន​បូម​ខ្សាច់​ ជា​ស្ថាប័ន​ដែលដឹកនាំដោយ​ក្រសួង​ធនធាន​​ទឹក​។

នៅពេល​ត្រូវ​បាន​ទាក់​ទង​កាលពី​ម្សិល​មិញ លោក ឌិត ទីណា ​អ្នក​នាំពាក្យ​ក្រសួង​​រ៉ែ និង​ថាមពល​ បាន​មាន​​ប្រសាសន៍​ថា​ មិន​មាន​ក្រុម​​ហ៊ុន​ណាមាន​ការ​អនុញ្ញាត​ឲ្យ​បូម​ខ្សាច់​​នៅ​ក្នុង​សមុទ្រ​ខេត្ត​ព្រះសីហនុ​ឡើយ។

លោក​បាន​ថ្លែង​ថា “​​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ទាំងអស់​នៅ​ក្នុង​តំបន់​នោះ​បាន​អស់​សុពល​ភាព​ហើយ។ វា​អាច​​​ថា ពួកគេ​​​បូម​ខ្សាច់​ពី​ខេត្ត​​​កោះកុង​ ហើយ​ដឹក​ទៅ​ខេត្ត​ព្រះសីហនុ”។

លោក ម៉ោញ ឈុនឌី ​មេបញ្ជាការ​រង​​​មូល​ដ្ឋាន​​​ទ័ព​ជើង​ទឹក​រាម ដែល​មើល​ខុស​ត្រូវ​​ដែន​​​ទឹក​ក្នុង​សមុទ្រ​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ពី​កប៉ាល់​ដឹកទំនិញ​ និង​សាឡង់​ទាំង​នេះ​​​​ទេ បើ​ទោះ​ជា​ឧត្ដម​សេនីយ៍ត្រី​ យន់ មិន ​និយាយ​​​​ថា លោក​បាន​ណែនាំ​ទាហាន​ជើង​​ទឹក​ឲ្យ​ស៊ើប​​អង្កេត​ក៏ដោយ។

លោក នេន​ ចំរើន ​ប្រធាន​រដ្ឋបាល​ជល​ផល​ខេត្ត​​ព្រះសីហនុ​ក៏​បានមាន​ប្រសាសន៍​ផង​​​​ដែរ​ថា លោក​មិន​ដឹង​ពីកប៉ាល់ និង​​​​សាឡង់​​ទាំង​​​នេះ​ទេ​៕ សារុន​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស