ប៉ុន្មានថ្ងៃបន្ទាប់ពីសាលារាជធានីចេញបទបញ្ជាឲ្យក្រុមហ៊ុនណាហ្គាវើលកាស៊ីណូ បញ្ឈប់ការពង្រីកសំណង់របស់ខ្លួន ព្រោះវាកំពុងធ្វើឲ្យខូចសោភណភាពរាជធានីភ្នំពេញ កាល ពីម្សិលមិញ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមាន “មន្ត្រីខិលខូច” ឲ្យឈប់ បណ្តោយឲ្យគម្រោងសាងសង់នានាធ្វើឲ្យខូចសោភ័ណភាព ប្រទេសតទៅទៀត។
នៅក្នុងសារមួយបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក លោក ហ៊ុន សែន បានលើកឡើងថា ការពង្រីកសំណង់របស់ក្រុមហ៊ុន ណាហ្គាវើលកាស៊ីណូបាន”រំលោភ” លើដីរដ្ឋនៅតាមបណ្តោយផ្លូវក្នុងរាជធានី ហើយ “ប៉ះពាល់” ដល់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដែលមានទីតាំងជាប់កាស៊ីណូនេះ។

កម្មករសំណង់សម្រាកលើការដ្ឋានសាងសង់ដែលជាផ្នែកធានាការពង្រីកសំណង់ របស់ក្រុមហ៊ុនណាហ្គាវើល កាស៊ីណូ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។
សារនេះមានខ្លឹមសារដូច្នេះថា “សំណង់ដែលមានលក្ខណៈរំលោភកេងស៊ីចំណីផ្លូវសាធារណៈនិងសួនច្បារសាធារណៈ គឺត្រូវរុះរើរំលាយចេញជាបន្ទាន់។ ហើយអាជ្ញាធរមានសមត្ថកិច្ចនិងក្រសួងពាក់ព័ន្ធត្រូវតែទទួលខុសត្រូវ”។
សារនេះលើកឡើងទៀតថា ក្រុមហ៊ុនក៏នឹងតម្រូវឲ្យទទួលខុសត្រូវចំពោះគម្រោងសាងសង់ដែលពង្រីកចូលដីរដ្ឋ និងរំលោភច្បាប់អនុញ្ញាតសាងសង់ដែរ។
សារនេះមានខ្លឹមសារបន្តដូច្នេះថា”ទោះបីនៅពេលនេះប្រមុខរាជរដ្ឋាភិបាលមិនទាន់បានដឹង តែរឿងទាំងអស់នោះលាក់មិនជិតពីភ្នែកសាធារណជនឡើយ។ សម្តេច តេជោ ហ៊ុន សែន មិនបណ្តោយឲ្យមន្ត្រីខិលខូចទាំងនោះបំផ្លាញសង្គមជាតិឲ្យអាប់ឱនតទៅទៀតជាដាច់ខាត”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការព្រមានរបស់លោកនាយករដ្ឋមន្ត្រីឡើយ។ លោកបានមានប្រសាសន៍ថា”ខ្ញុំមិនដឹងទេ ព្រោះនេះជាដែនសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់”។
លោក ជាម ផល្គុណមករា អ្នកនំាពាក្យក្រសួងនេះបានលើកឡើងថា មន្ត្រីនៅក្រសួង របស់លោកនឹងចុះពិនិត្យមើល ហើយនឹងដាក់ទោសទណ្ឌក្រុមហ៊ុនឬមន្ត្រីដែលរកឃើញ ថា រំលោភច្បាប់អនុញ្ញាតសាងសង់។
លោកបានមានប្រសាសន៍ថា “អំឡុងការសាងសង់ ប្រសិនបើយើងពិនិត្យមើលឃើញថា បើពួកគេមានកំហុសណាមួយ យើងនឹងឲ្យពួកគេកែតម្រូវផ្នែកដែលប៉ះពាល់ដល់ដីរដ្ឋ ឬប្រយោជន៍សាធារណៈដូចជាឲ្យពួកគេរុះរើចេញជាដើម”។
នៅពេលត្រូវបានសួរថា តើក្រុមហ៊ុនណាហ្គាវើលកាស៊ីណូ ឬមន្ត្រីដែលមើលខុសត្រូវគម្រោងនេះ នឹងប្រឈមការដាក់ទណ្ឌឬយ៉ាងណា លោក ជាម ផល្គុណមករា បានលើកឡើងថា វាឆាប់ពេកហើយក្នុងការប្រាប់ពីរឿងនេះ។ លោកបានថ្លែងថា”ពាក់ព័ន្ធនឹងបញ្ហា នេះ យើងនឹងពិនិត្យមើលទិដ្ឋភាពច្បាប់។ ហើយយើងក៏ត្រូវពិភាក្សា ថាតើយើងត្រូវពិន័យ ឬដាក់ទោសយ៉ាងម៉េច បើយោងតាមច្បាប់នេះ”។
អ្នកនាំពាក្យរូបនេះ បានលើកឡើងទៀតថា រដ្ឋាភិបាលនឹងជួបជាមួយតំណាងរបស់ក្រុមហ៊ុន ណាហ្គាវើលកាស៊ីណូ ដើម្បី “ចរចាគ្មា” មុនពេលមានការដាក់ទោសទណ្ឌណាមួយ ហើយថា ការប្រជុំចរចានេះនឹងធ្វើឡើង បន្ទាប់ពីក្រុមហ៊ុននេះ ដាក់សំណើរផ្លូវការស្នើសំុបន្តការសាងសង់។ លោកបានថ្លែងបន្តថា “ប្រសិនក្រុមហ៊ុនមានភ័ស្តុតាងផ្លូវច្បាប់មកបង្ហាញយើងឲ្យបានច្បាស់ យើងនឹងមិនចាត់វិធានការផ្លូវច្បាប់ទេ។ ហេតុដូច្នេះលទ្ធផលនឹងបង្ហាញក្រោយការប្រជុំចរចា”៕ ស៊ុយឈាង