ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានប្រកាសឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញកាលពីថ្ងៃម្សិលមិញថា កីឡាករប្រាំពីរនាក់និងមន្ត្រីបួននាក់នៅក្លឹបបាល់ទាត់ភ្នំពេញក្រោនដែលជាក្លឹបបាល់ទាត់ក្នុងស្រុក ត្រូវបានព្យួរជើងដោយមិនកំណត់ពេលដោយសារមានការកំណត់លទ្ធផលបាល់ទាត់។
សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា កីឡាករ យូគ អៈអារី ថោង ដា សារី មា៉ាត់ណូរ៉ូទីន ទូច សុខហេង ង៉យ ស្រីុន សុះ ស៊ូហាណា និង កីឡាករ សាន ឧសភា រួមជាមួយនឹងមន្ត្រី ងួន ចាន់សុធា ប៊ួយ ដារី សឺុ សីហា និង ទេស សុផាត បានបញ្ចុះបញ្ចូលកីឡាករក្នុងក្រុមកុំឲ្យលេងអស់ពីសមត្ថភាពក្នុងពេលជាងពីរខែកន្លងមកនេះ និងមានផែនការធ្វើឲ្យកីឡាករបរទេសរងរបួសក្នុងពេលហ្វឹកហាត់។
លោក ឫទ្ធី សំណាង ប្រធានក្លឹបបាននិយាយក្នុងសេចក្តីថ្លែងការណ៍នោះថា”ខ្ញុំពិតជាសោកសៅខ្លាំងណាស់ក្នុងការប្រកាសនូវការដាក់ពិន័យមិនមានពេលកំណត់មួយ ចំពោះសកម្មភាពទាំងអស់របស់កីឡាករប្រាំពីរនាក់ និងមន្ត្រីបួននាក់របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន”។
“ការព្យួរទាំងនេះគឺមកពីការប្រព្រឹត្តមិនសមរម្យ និងការល្មើសធ្ងន់ធ្ងរ ចំពោះកិច្ចសន្យាការងាររបស់ពួកគេ ដោយមានការកំណត់លទ្ធផលបាល់ទាត់ និងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន”។
បើទោះជាមិនដែលចាញ់ក្នុងការប្រកួត១៥លើកដំបូងរបស់ខ្លួននៃរដូវការប្រកួតក៏ដោយ ក៏ការប្រកួតក្របខ័ណ្ឌ C-League champions បានជួបនឹងការធ្លាក់ចុះគួរឲ្យភ្ញាក់ផ្អើលក្នុងរយៈពេលពីរខែកន្លងមកនេះ ដោយក្រុមភ្នំពេញក្រោនចាញ់បីប្រកួតក្នុងចំណោមការប្រកួតប្រាំពីរលើកចុងក្រោយរបស់ពួកគេ៕និត