អ្នកស្រី កែ ឡេង កីឡាការិនីប៉េតង់កម្ពុជាបានឈ្នះជើងឯកពិភពលោកលើកទី២ក្នុងរយៈពេលបីឆ្នាំកាលពីថ្ងៃសុក្រ ដោយឈ្នះគូប្រកួតមកពី៤១ប្រទេស ហើយទទួលបានមេដាយមាសនៅក្នុងការប្រកួតជើងឯកប៉េតង់ពិភពលោកផ្នែកស្ត្រីនៅក្នុងទីក្រុងបាងកក។
អ្នកស្រី កែ ឡេង អាយុ៤៨ឆ្នាំបានឈ្នះជើងឯកពិភពលោកលើកទី១ក្នុងឆ្នាំ២០១៣ ជាស្នាដៃមួយដែលមានពិធីដង្ហែអបអរអ្នកស្រីនៅពេលប្រហែលពីរឆ្នាំក្រោយមកដែលក្នុងពិធីនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ឋានៈវីរនារីដល់អ្នកស្រីដោយសារតែស្នាដៃឆ្នើមផ្នែកកីឡាប៉េតង់។
ក្នុងការប្រកួតនៅឆ្នាំនេះអ្នកស្រី កែ ឡេង បានឈ្នះគូប្រកួតមកពីប្រទេសទុយនីស៊ី ប្រទេសបារាំង និងប្រទេសម៉ាដាហ្គាស្កា ដែលបានជាប់លេខ២ និងលេខ៣។ លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងអំពីជ័យជម្នះនេះ និងបានមានប្រសាសន៍ថា អ្នកស្រី កែ ឡេង បានធ្វើឲ្យប្រទេសមានមោទនភាព។
លោកបានមានប្រសាសន៍ទៀតថា “ខ្ញុំមានមោទនភាពចំពោះអ្នកស្រី ហើយវាក៏ជាឱកាសមួយសម្រាប់ប្រទេសកម្ពុជាលើកទង់ជាតិរបស់ខ្លួនដើម្បីបង្ហាញពិភពលោកដែរ។តាមរយៈជ័យជម្នះនេះ ពិភពលោកនឹងកាន់តែស្គាល់ប្រទេសកម្ពុជាថែមទៀត”។
អ្នកស្រី កែ ឡេង មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។
ក្រោយពីពិធីមួយនៅខែមេសាដែលប្រារព្ធអបអរជ័យជម្នះកាលពីឆ្នាំ២០១៣របស់អ្នកស្រី ក្រុមមន្ត្រីកីឡាប៉េតង់ បាននិយាយថា អ្នកស្រីនឹងបន្តលេងកីឡានេះឲ្យតែអ្នកស្រីនៅមានកម្លាំងកាយមាំមួន។
អ្នកស្រីបានមានប្រសាសន៍នៅពេលនោះថា “ខ្ញុំនឹងចូលនិវត្តតែនៅពេលណាខ្ញុំមិនអាចលើកប៊ូលបានតទៅទៀតប៉ុណ្ណោះ”៕និត