40.3 C
Phnom Penh

​​​មន្ត្រី​នគរបាល​ម្នាក់​និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ម្នាក់​ត្រូវ​ក្រុម​អ្នក​កាប់ឈើ​បាញ់ស្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរបាល​ម្នាក់​និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ម្នាក់​​​ត្រូវ​បាន​អ្នក​កាប់ឈើ​ខុស​ច្បាប់​បាញ់​ស្លាប់​នៅក្នុង​ខេត្ត​​ព្រះវិហារ​កាលពី​រំលង​អធ្រាត្រ​ឈានចូល​ព្រឹក​ថ្ងៃ​​សៅរ៍ ក្នុង​​ហេតុ​ការណ៍​​បាញ់​​ប្រហារ​មួយ​ ​ដែលក៏​បាន​បណ្តាល​ឲ្យ​​ម​ន្ត្រី​ទី​២​ម្នាក់ទៀត​រង​របួស​ផងដែរ នេះ​បើ​តាម​មន្ត្រី​ម្នាក់​ដែល​បាន​បក​ស្រាយ​ខុសគ្នា​ពី​ហេតុការណ៍​ទាំងពីរ​នេះ។

នៅ​ពេល​ត្រូវ​បាន​ទាក់​ទង​កាលពី​ព្រឹក​ម្សិលមិញ លោក ខាត់ ហ៊ុន ​ស្នងការ​រង​នគរ​​​បាល ខេត្ត​​​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​ទាំង​​​ពីរ​នាក់​នេះ​កំពុង​ដើរ​ល្បាត​​នៅ​ក្នុង​ព្រៃការ​ពារ​ផ្នែក​ខាង​ជើង​ខេត្ត​ព្រះ​វិហារ​ ហើយ​ទើប​តែ​បាន​ដក​ហូត​រណារ​មួយ​ចំនួន​ពីអ្នក​​​កាប់​ឈើមួយ​ក្រុម​ នៅ​ពេល​ពួកគេ​​ជួប​ក្រុម​ទី​២ ហើយ​ត្រូវ​បាន​បាញ់ប្រហារ​តែម្តង។

លោក​បាន​និយាយថា​ ”​មន្ត្រី​របស់​យើង​​បាន​ឃើញ​មនុស្ស​មួយ​ក្រុម​មាន​គ្នា​បីនាក់​​កំពុង​កាប់​ឈើ​នៅក្នុង​ព្រៃការ​ពារ​ព្រះ​រកា។ ក្រុម​អ្នក​កាប់​ឈើ​​បាន​ប្រើ​កាំភ្លើង​អាកា- ៤៧​ បាញ់​មក​លើ​មន្ត្រី​ទាំងនោះ ហើយ​មន្ត្រី​ពីរនាក់​ត្រូវ​បាន​បាញ់​ស្លាប់​នៅ​កន្លែង​កើត​ហេតុ”។

លោក ខាត់ ហ៊ុន បាន​កំណត់​​​​​អត្ត​សញ្ញាណ​ ជន​រងគ្រោះ​ថា ឈ្មោះ សៀង ណារ៉ុង ជា​មន្ត្រី​ រដ្ឋ​បាល​ព្រៃឈើប្រចាំ​ស្រុក​ឆែប និង លោក សាប់ យស់ ជាមន្ត្រី​នគរបាល​ស្រុក​ឆែប។​លោក​បាន​ថ្លែង​ថា លោក​​ទទួល​បាន​ព័ត៌មាន​ពី​ហេតុការណ៍នេះ​ពី​លោក ភេទ សុភ័ណ មន្ត្រី​​នគរ​បាល​ព្រំដែន​​ ដែលត្រូវបាន​បាញ់​ចំកំប៉េះគូទ ប៉ុន្តែ​បាន​រត់​គេច​ខ្លួន​រួច​ជាមួយ​មន្ត្រី​ម្នាក់​ទៀត​ដែលមិន​បាន​រង​របួស។

លោក បាន​មាន​ប្រសាសន៍ថា “​ឥឡូវ​នេះ ខ្ញុំ​​កំពុង​សាកសួរ​​មន្ត្រី​នគរបាល​ដែលមាន​របួស​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ដើម្បី​ប្រមូល​ព័ត៌មាន​ អំពី​ការ​បាញ់​ប្រហារ​នោះ។ យើង​នឹង​ធ្វើការ​ស៊ើប​អង្កេត​បន្ទាប់ពី​ប្រមូលបាន​ព័ត៌មាន​ដើម្បី​ស្វែង​រក​ជន​ដៃដល់ មិន​ថា ពួកគេ​ជា​អ្នក​ដែល​ត្រូវ​​បាន​ចាប់ខ្លួន​ពីមុន និង​​ជាអ្នក​ដែលកំពុង​ស្វែង​រក​នោះឡើយ”។

និយាយ​ពី​មន្ទីរពេទ្យ លោក សុភ័ណ ​បាន ប្រាប់​​ថា លោក​មិន​បាន​ឃើញ​ជន​ដៃដល់ទេ ។ លោក​បាន​និយាយថា ”​យើង​បាន​ទៅ​ដល់​ព្រៃជ្រៅ ហើយ​ឃើញ​មនុស្ស​បីនាក់​កំពុង​កាប់​ឈើ​នៅម៉ោង​ប្រហែល​ ១និង ៣០នាទី​រំលង​អធ្រាត្រ។ ពេលនោះ​ ខ្ញុំ​ឮសូរកាំភ្លើង​ចេញ​ពី​ភាគី​ទាំង​ពីរ ហើយ​មន្ត្រី​ពីរនាក់​ក្នុង​ចំណោម​មន្ត្រី​របស់យើង​ត្រូវ​បាន​បាញ់​ស្លាប់​តែម្តង​។ ខ្ញុំ​ព្យាយាម​​​រត់​គេច​ពី​ការ​បាញ់នោះ ប៉ុន្តែ​ខ្ញុំ​ត្រូវ​គ្រាប់កាំភ្លើង​អាកា-៤៧មួយ​គ្រាប់​ចំ​កំប៉េះ​គូទ​​ខាងឆ្វេង​”។

លោកបាននិយា​យថា “​ខ្ញុំមិនដឹង​ច្បាស់​ថា ពួកគេ​មាន​គ្នាប៉ុន្មាន​នាក់ ឬមាន​កាំភ្លើង​ប៉ុន្មាន​ដើម​នោះ​ទេពីព្រោះ​វា​ងងឹត​ពេក។ ខ្ញុំគិតថា ពួកគេ​ប្រហែល​ជាមាន​កាំភ្លើង​ពីរដើម​ ពី ព្រោះ​​ស្នូរ​កាំភ្លើង​​​ចេញ​ពី​ផ្នែក​ខាង​ឆ្វេងផង​ និង​ខាងស្តាំផង”។

លោក សុភ័ណ ​បាន​និយាយថា លោក​បាន​ត្រឡប់​ទៅដល់​​បន្ទាយ​វិញ​​នៅម៉ោង​ប្រហែល​៨ព្រឹក។ លោកសន្និដ្ឋាន​ថា ​ជនដៃដល់​​ប្រហែល​ជាក្រុមទាហាន​មកពី​កង​ពល​ធំលេខ​៣​​ដែល​​​មាន​​​គំនុំ​​​ដោយ​​​សារ​​​​លោក និង​មន្ត្រី​របស់លោក​​បាន​ចាប់ខ្លួន​​ពួក​​​គេ​​​ពីបទ​​​​កាប់ឈើ​ខុស​ច្បាប់​នៅក្នុង​តំបន់នេះកាល​ពី​​​ពីរ​បីខែ​កន្លង​មក។

ទោះយ៉ាងណា នៅពេលត្រូវ​បាន​ទាក់ទង ​ម្តង​ទៀត​កាលពី​រសៀល​ម្សិលមិញដើម្បី​ស្វែង​រក​​​ថា តើ​មន្ត្រី​ទាំង​នោះ ដែល​មាន​អាវុធ​ក្នុ​​​ងដៃ​​​ដែរ​​​ បានបាញ់​ដាក់​ក្រុម​អ្នកកាប់​ឈើ​វិញ​ឬយ៉ាងណានោះ លោក ខាត់ ហ៊ុន ស្នងការ​រង​​បាន​មាន​ប្រសាសន៍ថា ​លោក សុភ័ណ ​បាន​បក​ស្រាយ​ប្រាប់លោក​ផ្សេង​ពីហេតុ​ការ​ណ៍នៅ​ព្រឹក​នោះ។

លោក​បាន​ថ្លែង​ថា ពេល​នេះ មន្ត្រី​រូប នេះបាន​ប្រាប់​លោកថា គាត់​ និង​មនុស្ស​បី​នាក់​ទៀត​​បាន​ដេក​លង់​លក់ក្នុង​អង្រឹង​​នៅ​​​ពេល​ពួកគេ​ជួប​ហេតុការណ៍នោះ។ លោកបាន​និយាយ​ថា “លោក សុភ័ណ បាន​ប្រាប់​ខ្ញុំ​ថា ក្រុម​អ្នក​កាប់ឈើបាន​បាញ់​លោក ណារ៉ុង​ មួយ​គ្រាប់​ត្រង់ក្បាល និង​បាញ់លោក សាប់​ យស់ មួយ​គ្រាប់​ត្រង់​ទ្រូង ​ ខណៈពេល​ពួកគេ​ដេក​លង់​លក់​​ក្នុង​អង្រឹង​​នៅក្នុង​ព្រៃ”។

លោកបាន​បន្ថែមថា “​លោក សុភ័ណ ប្រាប់ខ្ញុំមិនត្រង់ឡើយ​ នៅពេល​ខ្ញុំ​បាន​សួរ​គាត់​ដំបូង​ ពីព្រោះ​គាត់​​មិន​ហា៊ន​ប្រាប់ការ​​​ពិត​ដល់​ខ្ញុំ។ ក្រុម​អ្នក​កាប់​ឈើប្រហែល​ជា​​ខឹង​ ព្រោះ​មន្ត្រី​របស់យើង​បាន​ឃាត់​ពួកគេ​មិន​ឲ្យ​​កាប់​ឈើ​ហើយ​បាន​ដកហូត​យក​រណារ​របស់​ពួកគេ​កាល​ពី​មួយ​ខែ​មុន​”។

លោក សុភ័ណ មិន​អាច​ទាក់​ទង​សុំការ​បញ្ជាក់ អះ​អាង​ពី​ហេតុការណ៍​ទី​២​បាន​ទេ។ មន្ត្រី​នគរបាល​និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​​ ជារឿយ​ៗ ត្អូញ​ត្អែរ​ពី​ការ​ប្រ​ឈម​មុខ​ដាក់​គ្នា​​ជាមួយ​​ទាហាន​ប្រដាប់​អាវុធ​​ពាក់ព័ន្ធ​​ការ​កាប់​ឈើ​ខុស​ច្បាប់​ដ៏​រាលដាល​នៅក្នុង​ប្រទេស។​​​ទោះ​យ៉ាងណា ការ​បាញ់មន្ត្រី​ទាំងនោះស្លាប់ពី​សំណាក់​ក្រុម​អ្នក​កាប់ឈើ​ ជារឿង​កម្រ​ណាស់។

លោក​​​ ឆេង គឹមស៊ុន ប្រធាន​រដ្ឋ​បាល​ព្រៃឈើ​បានមាន​ប្រសាសន៍ថា វា​បាន​កើត​​​ឡើង​​ប្រហែល​ពីរ​ទសវត្សរ៍​​មកហើយ​ចាប់​​​តាំងពី​មន្ត្រី​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​​​​​ត្រូវ​អ្នក​កាប់ឈើ​បាញ់​ស្លាប់។

លោកបាន​ថ្លែង​ថា​​​ “នេះ​ជាការ​ក្រៀម​ក្រំណាស់។ឆ្នាំនេះ​​ យើងអនុវត្ត​តឹង​រ៉ឹង​បំផុត​​ដើម្បី​ដកហូតយក​​រណារ​ ជាមូល​ហេតុ​​ដែល​​​ជន​មិនល្អ​ខឹង​នឹង​មន្ត្រី​របស់យើង​”។

លោក ឆេង គឹមស៊ុន បានមាន​ប្រសាសន៍​ថា​​​ការ​បាញ់ស្លាប់នេះ​​​ប្រហែល​ជា​ជំរុញឲ្យ​មន្ត្រី​របស់លោកធ្វើការ​​ប្រុង​ប្រយ័ត្ន​អំពី​សន្តិសុខ​បន្ថែមទៀត​​ខណៈពេល​ដើរ​ល្បាត​​​។ លោក​បាន​ថ្លែងថា​​​”​យើងចាំបាច់​​ត្រូវ​អនុ​​​វត្ត​​​​ដោយ​មានការ​ប្រុង​ប្រយ័ត​្ន​បន្ថែមទៀត។ ប្រហែល​ជា​ក្រុម​ទាហាន​ត្រូវ​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ឈរ​យាម…​ និង​ប្រហែលជា​យើង​មាន​ក្រុម​ធំជាង​នេះ”៕សារុន ​​ ​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស