នគរបាលខេត្តព្រះវិហារកាលពីថ្ងៃច័ន្ទបានចាប់ខ្លួនបុរស៦នាក់ដែលសង្ស័យថាជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់មន្ត្រីនគរបាលម្នាក់ និងមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់កាលពីព្រហាមថ្ងៃសៅរ៍ ក្នុងពេលដែលពួកគេកំពុងដេកលង់លក់ពេលចុះល្បាតបង្ក្រាបអ្នកកាប់ឈើខុសច្បាប់នៅក្នុងព្រៃព្រះរក្ខ។
យោងតាមការរៀបរាប់របស់មន្ត្រីម្នាក់ដែលរស់រានមានជីវិតពីការបាញ់ប្រហារដោយរងរបួសកំប៉េះគូទឲ្យដឹងថា សាប់ យស់ ជាមន្ត្រីនគរបាលស្រុកឆែប និងសៀង ណារ៉ុង មន្ត្រីរដ្ឋបាលព្រៃឈើផ្នែកឆែប ត្រូវបានគេបាញ់ស្លាប់ពេលដេកក្នុងអង្រឹងនៅម៉ោងប្រហែល១និង៣០នាទីព្រឹក ដោយបុរសមួយក្រុមដែលបានរត់គេចទៅក្នុងព្រៃជិតនោះ។
កាលពីម្សិលមិញ ស្នងការរងខេត្ត លោក ខាត់ ហ៊ុន បាននិយាយថា មន្ត្រីរបស់លោកបានចាប់ខ្លួនបុរសប្រាំមួយនាក់ដែលមន្ត្រីនៅរស់គឺលោក ភេទ សុភ័ណ្ឌ បានអះអាងថា បានឃើញកាប់ឈើដោយខុសច្បាប់នៅក្នុងតំបន់នោះកាលពីការចុះល្បាតពីលើកមុន។ លោក ហ៊ុន បាននិយាយថា បុរសទាំងនោះត្រូវបានចាប់ខ្លួននៅក្បែរកន្លែងកើតឃាតកម្ម ហើយថា បុរសទាំងប្រាំមួយនាក់នោះបានបដិសេធថា មិនបានជាប់ពាក់ព័ន្ធទេ។
លោកស្នងការរងរូបនេះបាននិយាយថា “មនុស្សប្រាំមួយនាក់នោះបានបដិសេធថា មិនបានបាញ់មន្ត្រីយើងទេ ប៉ុន្តែ តុលាការបានផ្តល់ការណែនាំថា យើងគួរចោទពួកគេពីបទកាប់ឈើខុសច្បាប់។ យើងនឹងមិនដោះលែងអ្នកទាំងប្រាំមួយនាក់ទេ ពីព្រោះយើងប្រាកដថា ពួកគេបាញ់មន្ត្រី ប៉ុន្តែ យើងមិនមានភ័ស្តុតាងដើម្បីចោទពួកគេទេ”។
លោក ហ៊ុន បាននិយាយថា ទោះជាយ៉ាងនេះក្តី ជនសង្ស័យពិតជាសារភាពថា បានកាប់ឈើនៅក្នុងតំបន់នោះឲ្យលោកឈ្មួញម្នាក់ឈ្មោះថា ធឿន ដែលបានឲ្យលុយពួកគេ៣៥ដុល្លារក្នុងឈើផ្ចឹកនិងគគីរមួយម៉ែត្រគូប។
កាលពីថ្ងៃអាទិត្យ លោក សុភ័ណ្ឌ បានប្រាប់អ្នកយកព័ត៌មានថា លោកសង្ស័យទៅលើអ្នកបាញ់ប្រហារគឺជាទាហានមកពីកងពលធំលេខ៣ ពីព្រោះក្រុមល្បាតបានចាប់ខ្លួនសមាជិកនៃកងពលធំនេះពីបទកាប់ឈើខុសច្បាប់នៅក្នុងតំបន់ដដែលនេះកាលពីពីរបីខែមុន។
ប៉ុន្តែ លោក ហ៊ុន បាននិយាយកាលពីម្សិលមិញថា អ្នកទាំងប្រាំមួយនាក់ដែលត្រូវបានចាប់ខ្លួន គឺជាជនស៊ីវិល។
លោកស្នងការរងរូបនេះបាននិយាយថា “អ្នកទាំងប្រាំមួយនាក់មិនមែនជាទាហានទេ។ ពួកគេជាប្រជាជនធម្មតាដែលជួលដោយឈ្មួញរកស៊ីឈើ”។
លោកស្នងការរងរូបនេះបានបង្ហាញអត្តសញ្ញាណជនសង្ស័យមានឈ្មោះដូចជា សុខ ប៊ុនរឿន អាយុ៤២ឆ្នាំ សុខ ជា អាយុ២១ឆ្នាំ ងួន ជួន អាយុ២៧ឆ្នាំ ណុប ប្រុស អាយុ២៩ឆ្នាំ ស្រ៊ុន រិន អាយុ៤៤ឆ្នាំ និង រី យ៉េស អាយុ៥១ឆ្នាំ ហើយនិយាយថា ភាគច្រើនគឺមកពីខេត្តបន្ទាយមានជ័យ។
លោក ចាប សុខ នាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត បាននិយាយថា ការកាប់ឈើខុសច្បាប់នៅក្នុងតំបន់ព្រះរុក្ខ បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបានចោទទាហានមូលដ្ឋានថា បានការពារជនល្មើស ទោះជាពួកគេមិនបានកាប់ឈើខ្លួនឯងក៏ដោយ។
លោក ចាប សុខ បាននិយាយថា “យើងមិនដែលឃើញមុខអ្នកកាប់ឈើទេ ពីព្រោះពួកគេរត់គេចពេលគេឃើញយើង។ យើងបានឮថា ទាហានខ្លះការពារអ្នកកាប់ឈើ ប៉ុន្តែ យើងមិនមានភ័ស្តុតាងចោទពួកគេថា ពាក់ព័ន្ធក្នុងការកាប់ឈើទេ ព្រោះគេមិនឲ្យយើងចាប់ខ្លួនគេបានទេ”។
ទាហានជាញឺកញាប់ត្រូវគេចាប់បានកំពុងដឹកឈើទូទាំងប្រទេស ហើយជារឿយៗមាននៅក្នុងរបាយការណ៍នគរបាលថា គេមកជួយអ្នកកាប់ឈើខុសច្បាប់។ ប៉ុន្តែ ការបាញ់សម្លាប់មន្ត្រីដោយអ្នកកាប់ឈើខុសច្បាប់គឺកម្រកើតមានណាស់។ រដ្ឋបាលព្រៃឈើបាននិយាយថា ការបាញ់ប្រហារកាលពីថ្ងៃសៅរ៍ គឺជាហេតុការណ៍លើកដំបូងក្នុងរយៈពេលប្រហែល២០ឆ្នាំមកនេះ។
សួរកាលពីម្សិលមិញទាក់ទងទៅនឹងការជាប់ពាក់ព័ន្ធរបស់ទាហានមូលដ្ឋានក្នុងហេតុការណ៍បាញ់ប្រហារកាលពីថ្ងៃសៅរ៍ លោក ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ និងលោក ស៊ី គិរី ស្នងការនគរបាលខេត្ត បានបដិសេធមិននិយាយជាមួយអ្នកយកព័ត៌មាន។
សមាគមអភិរក្សសត្វព្រៃ (WCS) កំពុងធ្វើការនៅក្នុងតំបន់ព្រះរុក្ខចាប់តាំងពីឆ្នាំ២០០០ ដើម្បីជួយបណ្តុះបណ្តាលមន្ត្រីល្បាតព្រៃឈើ ហើយផ្តល់ឲ្យពួកគេនូវសម្ភារមួយចំនួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ អង្គការក្រៅរដ្ឋាភិបាលនេះបាននិយាយថា ខ្លួនបានធ្វើការជាមួយលោក សាប់ យស ចាប់តាំងពីឆ្នាំ២០០៩ និងធ្វើការជាមួយលោក សៀង ណារុង ចាប់តាំងពីឆ្នាំមុន។
លោក រូសស៍ ស៊ិនក្លែរ នាយកកម្មវិធីសមាគមអភិរក្សសត្វព្រៃប្រចាំប្រទេស បាននិយាយថា តំបន់ដែលក្រុមដើរល្បាតត្រូវគេបាញ់គឺជាតំបន់ក្តៅគគុកផ្នែកកាប់ឈើខុសច្បាប់ ដែលជាតំបន់ព្រៃស្រោងសំបូរទៅដោយឈើមានតម្លៃខ្ពស់។ ស្ថិតនៅចន្លោះជម្រកសត្វព្រៃគូលេនព្រហ្មទេព ទៅទិសខាងលិចនិងព្រៃការពារព្រះវិហារទៅទិសខាងជើងនិងកើត លោកនាយកអង្គការនេះបាននិយាយថា តំបន់ព្រះរុក្ខដោយមានការជួយរបស់អង្គការលោក គឺប្រហែលក្លាយជាឋានៈតំបន់ការពារផ្លូវការពីរបីខែទៀតប៉ុណ្ណោះ។
លោក ស៊ិនក្លែរ បាននិយាយថា ការពិនិត្យទៅលើវិធានការសន្តិសុខដែលប្រើពេលចុះល្បាតព្រៃឈើ គឺត្រូវប្រយ័ត្នប្រយែង ប៉ុន្តែ បាននិយាយបន្ថែមថា ដោយមានការស៊ើបអង្កេតកំពុងបន្ត វាជាការឆាប់ពេកមិនអាចផ្តល់អនុសាសន៍ជាក់លាក់មួយណាបានទេ។
លោក ស៊ិនក្លែរ បាននិយាយថា ក្នុងខណៈដែលក្រុមល្បាតរដ្ឋបាលព្រៃឈើមិនអនុញ្ញាតឲ្យកាន់អាវុធក៏ដោយ ក៏ទាហាននិងនគរបាលដែលរួមដំណើរជាមួយពួកគេ ពេលចុះល្បាតគឺមានកាន់អាវុធ៕ រើន (រាយការណ៍បន្ថែមដោយ Zsombor Peter)