មន្ត្រីម្នាក់បាននិយាយថា ជនជាតិចិន១៦៨នាក់ត្រូវបាននិរទេសកាលពីព្រឹកម្សិលមិញ ក្រោយពីការចាប់ខ្លួនពួកគេនៅខេត្តព្រះសីហនុកាលពីខែមុន ពីបទសង្ស័យបោកប្រាស់ពលរដ្ឋនៃប្រទេសកំណើតរបស់ខ្លួន ដោយប្រើបច្ចេកវិទ្យាជំរិតតាមអុីនធឺណិត។
ឧត្ដមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានមានប្រសាសន៍ថា ពួកជនសង្ស័យចាប់ជំរិតទាំងនោះត្រូវបានបញ្ជូនទៅប្រទេសចិនវិញតាមជើងហោះហើរចំនួនពីរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង១យប់ និងម៉ោង៥ជិតភ្លឺ។

លោកឧត្ដមសេនីយ៍ឯក សំបូរ បានមានប្រសាសន៍ថា “យើងបាននិរទេសមនុស្ស១៦៨នាក់នោះតាមជើងហោះហើរពីរ…ហើយមានការចូលរួមពីសំណាក់នគរបាលចិនជាង១០០នាក់។ ជនជាតិចិនដែលត្រូវបាននិរទេសទាំងនោះ រួមមានពួកមេខ្លោងមួយចំនួន ហើយមេខ្លោងមួយចំនួនទៀតកំពុងរត់គេចខ្លួននៅឡើយ ហើយយើងនឹងចាប់ខ្លួនពួកគេ និងបញ្ជូនពួកគេចេញពីប្រទេសកម្ពុជា”។
យោងតាមនគរបាលបានឲ្យដឹងថា ជនជាតិចិនទាំង១៦៨នាក់ត្រូវបានគេចាប់ក្នុងប្រតិបត្តិការឆ្មក់ចាប់ដំណាពេលគ្នានៅទីតាំងពីរកន្លែងផ្សេងគ្នាក្នុងសង្កាត់៣ ក្រុងព្រះសីហនុ កាលពីថ្ងៃទី៣១ ខែតុលា។
ប្រតិបត្តិការបានធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតរយៈពេល២ខែ និងអនុវត្តតាមសំណើរបស់អាជ្ញាធរចិន ដែលបានអះអាងថា គ្រោងការណ៍ទុច្ចរិតនេះបានធ្វើឲ្យប៉ះពាល់ដល់ប្រជាជនជិត៣០០គ្រួសារ៕ និត