កាលពីម្សិលមិញ អាជ្ញាធរខេត្តព្រះវិហារបានចាប់ខ្លួនទាហានម្នាក់ដែលជាប់សង្ស័យថាមានពាក់ព័ន្ធនៅក្នុងហេតុការណ៍បាញ់ប្រហារបណ្តាលឲ្យមន្ត្រីនគរបាលម្នាក់ និងមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ទៀតស្លាប់ អំឡុងល្បាតរកអ្នកកាប់ឈើខុសច្បាប់ នៅពេលរំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃសៅរ៍។
លោក សាប់ យស់ ជាមន្ត្រីនគរបាលស្រុក ឆែប និងលោក សៀង ណារ៉ុង ជាមន្ត្រីរដ្ឋបាលព្រៃឈើត្រូវបានបាញ់ប្រហារ ពេលដេកលង់លក់នៅម៉ោងប្រហែល១និង៣០នាទីរំលងអាធ្រាត្រនៅក្នុងព្រៃការពារព្រះរកា ដោយជនដៃដល់មួយក្រុមដែលគេចខ្លួនចូលក្នុងព្រៃ នេះបើយោងតាមមន្ត្រីម្នាក់ទៀតដែលល្បាតជាមួយមន្ត្រីទាំងពីរខាងលើ និងដែលរត់គេចខ្លួនរួច។
បុរសប្រាំមួយនាក់ដែលគេទាន់ពេលកាប់ឈើខុសច្បាប់នៅក្នុងតំបន់ដដែលនេះកាលពីលើកមុន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទ ព្រោះជាជនសង្ស័យជាប់ ពាក់ព័ន្ធក្នុងហេតុការណ៍បាញ់ប្រហារនេះ ហើយកំពុងត្រូវបានឃុំខ្លួន។

កាលពីម្សិលមិញ លោក ខាត់ ហុ៊ន ស្នងការរងនគរបាលខេត្តនេះ បានលើកឡើងថា ជនសង្ស័យទី៧ឈ្មោះ ចាន់ សឿង អាយុ៥៣ឆ្នាំ ជាទាហាននៅកងពលលេខ៩ នៃកងពលធំលេខ៣នៃកងយោធពលខេមរភូមិន្ទ ក៏ត្រូវបាននាំទៅឃុំខ្លួនដែរ។ លោកបានមានប្រសាសន៍ថា “យើងបានចាប់ខ្លួនទាហានរូបនេះ ព្រោះបុគ្គលនេះជារឿយៗតែងតែទូរស័ព្ទមកមន្ត្រីនគរបាលរបស់យើង ហើយគំរាមបាញ់សម្លាប់ពួកគេ បន្ទាប់ពីមន្ត្រីរបស់យើងបានរឹបអូសរណារពីអ្នកកាប់ឈើមួយចំនួន។ យើងបានស្នើឲ្យមេបញ្ជាការកងពលលេខ៩ នាំជនសង្ស័យមកឲ្យយើងដើម្បីសាកសួរ ហើយមេបញ្ជាការរងបានចាប់ខ្លួនជនសង្ស័យ ហើយប្រគល់មកឲ្យយើងនៅព្រឹកនេះ”។
លោក ខាត់ ហ៊ុន បានលើកឡើងទៀតថា លោកមិនបានដឹងអំពីការទូរស័ព្ទគំរាមពីទាហានរូបនេះទេរហូតមកទល់ពេលនេះ ព្រោះមន្ត្រីនគរបាលដែលរងរបួសពេលល្បាតកាលពីចុងសប្តាហ៍ និងដែលអះអាងថា ធ្លាប់ត្រូវគេទូរស័ព្ទមកគំរាមនោះ មិនដែលផ្តល់ព័ត៌មាននេះទេពីមុនមក។ មន្ត្រីដដែលរូបនេះដែលមានឈ្មោះ ភេទ សុភ័ណ បានប្រាប់អ្នកយកព័ត៌មានម្នាក់កាលពីថ្ងៃអាទិត្យថា លោកសង្ស័យថា ទាហានមានជាប់ពាក់ព័ន្ធនៅក្នុងហេតុការណ៍បាញ់ប្រហារនេះព្រោះមានទាហានមួយក្រុមត្រូវបានចាប់ខ្លួនពីបទកាប់ឈើនៅក្នុងតំបន់នេះ កាលពីពីរបីខែមុន។
លោក ខាត់ ហ៊ុន បានលើកឡើងបន្ថែមទៀតថា ទាហានរូបនេះកំពុងត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តដោយមន្ត្រីមកពីនាយកដ្ឋាននគរបាលកណ្តាលយុត្តិធម៌នៃនគរបាលជាតិរបស់ក្រសួងមហាផ្ទៃ។
លោក អិុន ប៉ូរា ប្រធាននាយកដ្ឋាននេះបានបញ្ជាក់ពីការសាកសួរទាហានមកពីកងពលលេខ៩រូបនេះ ដែលជាប់ពាក់ព័ន្ធនៅក្នុងការបាញ់ប្រហារនេះ។
ដោយបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម នោះ លោកមានប្រសាសន៍ថា “មន្ត្រីនគរបាល របស់ខ្ញុំកំពុងសាកសួរទាហានរូបនេះនិងអ្នកកាប់ឈើផ្សេងៗទៀត ប៉ុន្តែពួកគាត់នៅមិនទាន់ធ្វើរបាយការណ៍ជូនខ្ញុំនៅឡើយទេ”។
លោក ដួង ចាន់ មេបញ្ជាការកងពលលេខ ៩មិនអាចទាក់ទងបានទេ។ ប៉ុន្តែ លោក ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ បានបដិសេធថា ពុំមានមន្ត្រីណាម្នាក់របស់លោកត្រូវបាននាំយកទៅឃុំខ្លួនឡើយ។
លោកបានលើកឡើងថា “គ្មានការចាប់ខ្លួនទាហានរបស់យើងទេ ព័ត៌មាននេះមិនពិតឡើយ”។
ការជាប់ពាក់ព័ន្ធរបស់ទាហាននៅក្នុងការកាប់ឈើខុសច្បាប់ដ៏រាលដាលនៅកម្ពុជាត្រូវបានកត់ត្រាទុកបានយ៉ាងល្អ។
ទាហានជារឿយៗតែងតែត្រូវបានចាប់ខ្លួននៅពេលរត់ពន្ធឈើ ហើយពួកគេតែងតែជាប់ឈ្មោះនៅក្នុងរបាយការណ៍នគរបាលថា ជាអ្នកកាងអ្នកកាប់ឈើខុសច្បាប់។ ទោះបីជាហេតុការណ៍គំរាមនគរបាល និងឧទ្យានុរក្ស ដែលធ្វើការលុបបំបាត់ការកាប់ឈើខុសច្បាប់ គឺជារឿងដែលកើតមានជាញឹកញយក៏ដោយតែការបាញ់ប្រហារបណ្តាល ឲ្យមានមនុស្សស្លាប់កម្រកើតមានណាស់។
យោងតាមរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ឧទ្យានុរក្សម្នាក់ ត្រូវបានបាញ់ស្លាប់លើកចុងក្រោយដោយអ្នកកាប់ឈើខុសច្បាប់ប្រហែល ២០ឆ្នាំមុន៕ស៊ុយឈាង