ប៉ុន លីចន្ថា បានត្រឡប់ពីផ្សារធ្វើដំណើរឆ្ពោះទៅផ្ទះវិញក្នុងខេត្តកំពង់ស្ពឺជាមួយឪពុកម្តាយរបស់នាង ពេលនោះស្រាប់តែកង់ក្រោយ នៃម៉ូតូម៉ាកហុងដាឌ្រីម ដែលពួកគាត់ជិះបានផ្ទុះតែម្តង ដោយធ្វើឲ្យសមាជិកគ្រួសារទាំងនេះខ្ទាតចេញពីម៉ូតូធ្លាក់លើថ្នល់។
អ្នកស្រី លីចន្ថា អាយុ២៨ឆ្នាំបានរងរបួសធ្ងន់ជាងគេដោយបោកក្បាលទៅនឹងថ្នល់ហើយបានសន្លប់។ បន្ទាប់ពីស្គែនក្បាលនៅមន្ទីរពេទ្យកាល់ម៉ែត នៅក្នុងរាជធានីភ្នំពេញគ្រូពេទ្យ បានរកឃើញថា គាត់មានឈាមកកក្នុងខួរក្បាលដែលត្រូវធ្វើការវះកាត់យកចេញ។ គាត់បានសន្លប់អស់រយៈពេលមួយសប្តាហ៍ ហើយគ្រួសាររបស់អ្នកស្រីបានចំណាយអស់ប្រហែល៣.០០០ដុល្លារសម្រាប់ថ្លៃព្យាបាល។
ស្ត្រីមេផ្ទះរូបនេះ មិនដឹងទេថា តើមួកសុវត្ថិភាពតម្លៃ១០ដុល្លារដែលគាត់ពាក់បានជួយគាត់ ឬក៏អត់នោះ។ អ្នកស្រីបាននិយាយថា “ខ្ញុំពាក់មួកសុវត្ថិភាព ប៉ុន្តែ ខ្សែរឹតមួកសុវត្ថិភាពអត់មាំទេ។ ពេលម៉ូតូបែកកង់ ក្បាល របស់ខ្ញុំបោកនឹងថ្នល់ ហើយខ្ញុំក៏សន្លប់តែម្តង។ ខ្ញុំមិនចាំទេថា តើមួកសុវត្ថិភាពនៅជាប់ក្បាល របស់ខ្ញុំ ឬខ្ទាតចេញនោះ”។

ដោយចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ពេលដែលច្បាប់ចរាចរណ៍ថ្មីនឹងចូលជាធរមាន អ្នកបើកបរម៉ូតូ និងអ្នកដំណើរទាំងអស់ដែលមានអាយុលើសពី៣ឆ្នាំនឹងតម្រូវឲ្យពាក់មួកសុវត្ថិភាព ហើយនគរបាលនឹងផាកពិន័យ១៥.០០០រៀលចំពោះអ្នកដែលបំពានច្បាប់។
គោលបំណងបែបនេះគឺចង់កាត់បន្ថយការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលអង្គការសុខភាពពិភពលោកលើកឡើងថា ស្ថិតក្នុងចំណោមកត្តាដែលបង្កឲ្យបាត់បង់ជីវិតនាំមុខគេនៅក្នុងប្រទេសកម្ពុជា។ មនុស្សប្រាំមួយនាក់បានស្លាប់ក្នុងមួយថ្ងៃនៅតាមផ្លូវទូទាំងប្រទេសកាលពីឆ្នាំមុន ក្នុងនោះ អ្នកបើកបរម៉ូតូ និងអ្នកដំណើរមាន៧៣ភាគរយនៃអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទាំងអស់។
ទោះជាយ៉ាងណា ក្រុមអ្នកជំនាញនិយាយ ថា ការពាក់មួកសុវត្ថិភាពឲ្យតែបានបាន វាមិន គ្រាប់គ្រាន់ទេ។ អ្នកធ្វើដំណើរត្រូវតែពាក់មួក សុវត្ថិភាពដែលការពារពួកគាត់ពិតប្រាកដ។
លោក អៀរ ចរិយា អ្នកជំនាញខាងសុវត្ថិភាពផ្លូវផ្នល់បានមានប្រសាសន៍ថា “ការពាក់មួកសុវត្ថិភាពដែលគ្មានស្តង់ដារ ឬការបញ្ជាក់គុណភាព គឺដូចជាអត់ពាក់អ៊ីចឹង”។
លោកបានបន្ថែមថា “កង្វះយន្តការអនុវត្ត របស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងគុណភាពមួកសុវត្ថិភាពនៅលើទីផ្សារក្នុងប្រទេសកម្ពុជា ធ្វើឲ្យការខំប្រឹងប្រែងបញ្ចុះបញ្ចូលឲ្យពលរដ្ឋគ្រប់រូបពាក់មួកសុវត្ថិភាពក្លាយជាឥតប្រយោជន៍”។
ទោះបីជាការប្រើប្រាស់មួកសុវត្ថិភាពមានការកើនឡើងក៏ដោយ ក៏ចំនួននៃអ្នកដែលរងរបួសក្បាលនឹងនៅតែកើនឡើងដដែល ប្រសិនបើប្រជាពលរដ្ឋពាក់មួកសុវត្ថិ ភាពគ្មានស្តង់ដារ ដែលអាចបង្កគ្រោះថ្នាក់កាន់ច្រើនទៅវិញនោះ។
លោក ស្ទីវ ម៉ររីស (Steve Morrish) នាយក គ្រប់គ្រងនៃក្រុមហ៊ុនគ្រប់គ្រងហានិភ័យSMCS Group បានលើកឡើងថា ពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ មួកសុវត្ថិភាពគុណភាពអន់មិនគ្រាន់តែមិនអាចការពារយើងបាននោះទេ ប៉ុន្តែ បំណែករបស់វាថែមទាំងអាចបង្ករបួសស្នាមបន្ថែមទៀតដល់យើងផងដែរ។
លោកបានលើកឡើងតាមរយៈអីុម៉េលមួយថា “សម្រាប់មួកសុវត្ថិភាព ដែលគ្របមុខ ឬត្រចៀក ប្រសិនបើវាគ្មានការវាយតម្លៃពីសុវត្ថិភាព ឬមានស្តង់ដារអន់ វាកាត់បន្ថយការស្តាប់ឮ ឬក៏ការមើលឃើញ ដែលមានសារៈ សំខាន់ពេលបើកបរនៅលើផ្លូវថ្នល់នោះ”។
លោកបានបន្ថែមថា ប៉ុន្តែ សារនេះមិនទាន់ជ្រួតជ្រាបដល់ពលរដ្ឋភាគច្រើននៅឡើយទេ។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន អ្នកបើកបរម៉ូតូភាគច្រើនទិញមួកសុវត្ថិភាពគិតពីតម្លៃ ច្រើនជាងស្តង់ដារសុវត្ថិភាព ឬកម្រិតគុណភាពរបស់វា”។
យោងតាមការសិក្សាស្រាវជ្រាវចុងក្រោយ លើការលក់មួកសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជារកឃើញថា ការទិញមួកសុវត្ថិភាពដែល ប្រកបដោយសុវត្ថិភាពពុំសូវមានច្រើននោះទេ។ការសិក្សាស្រាវជ្រាវក្នុងឆ្នាំ២០០៨ ដោយ Dynamic Research រកឃើញថា មានតែមួកសុវត្ថិភាពតែមួយប៉ុណ្ណោះក្នុងចំណោមមួកសុវត្ថិភាពចំនួន១២នៅក្នុងប្រទេសកម្ពុជាដែលជាប់លក្ខខណ្ឌធ្វើតេស្តទាំងអស់សម្រាប់ សុវត្ថិភាពនៃមួកសុវត្ថិភាព ដែលកំណត់ដោយអង្គការភាពជាដៃគូសុវត្ថិភាពផ្លូវផ្នល់ពិភពលោក (Global Road Safety Partnership) ។
នៅក្នុងឆ្នាំ២០១០ វិទ្យាស្ថានស្តង់ដារកម្ពុជា (ICS) បានអនុម័តសារាចរមួយដែលគ្រប់គ្រងស្តង់ដារគុណភាពមូលដ្ឋានសម្រាប់មួកសុវត្ថិភាព។វិទ្យាស្ថាននេះក៏បានរៀបរាប់ពីការធ្វើតេស្តដែលមួកសុវត្ថិភាពត្រូវតែជាប់ដើម្បីគិតគូរពីសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់មួកសុវត្ថិភាពនៅកម្ពុជាផងដែរ។ ប៉ុន្តែ គ្មានការអនុវត្តទេ បើយោងតាមលោក គឹម បញ្ញា នាយកប្រចាំប្រទេសនៃមូលនិធិបង្ការរបួសអាស៊ី។
លោកបានមានប្រសាសន៍ថា “យើងគ្មានមន្ទីរពិសោធន៍សម្រាប់ធ្វើតេស្តដើម្បីអះអាង ឬធានាថា មួកសុវត្ថិភាពនៅលើទីផ្សារផលិតឡើងត្រូវតាមស្តង់ដារឡើយ”។
លោកបានលើកឡើងទៀតថា ការសាងសង់មន្ទីរពិសោធន៍សម្រាប់ធ្វើតេស្តសុវត្ថិភាពនឹងចំណាយអស់ប្រាក់ពី៥០០.០០០ដុល្លារទៅ៧០០.០០០ដុល្លារ អាស្រ័យលើគុណភាពមន្ទីរពិសោធន៍។ លោកបានបន្ថែមថា គ្មានមូលនិធិសម្រាប់សាងសង់ទេ ខណៈគម្រោងសាងសង់មន្ទីរពិសោធន៍មានរួចជាស្រេចនោះ។
លោកស្រី ម៉ែន ចាន់សុគល អនុប្រធាននាយកដ្ឋានផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា រដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានដាក់សំណើ ទៅកាន់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដើម្បីស្នើសុំប្រាក់ជិត១លានដុល្លារសម្រាប់ការសាងសង់មន្ទីរពិសោធន៍នេះកាលពីប្រហែលមួយឆ្នាំមុន។
លោកស្រីបានបន្ថែមថា ទោះជាយ៉ាងណា ធនាគារអភិវឌ្ឍន៍អាស៊ី បែរជាសម្រេចផ្តល់មូលនិធិសម្រាប់ស្ថាបនាគម្រោងផ្លូវថ្នល់ទៅវិញ។ ហើយខណៈពេលមានការពិភាក្សា គ្នាបន្តទៀតអំពីការដាក់សំណើសាជាថ្មីនៅឆ្នាំក្រោយនោះ វាគ្មានការធានាថា ម្ចាស់ជំនួយនឹងផ្តល់ជំនួយឡើយ។
អៀង ហួយ អាយុ៦២ឆ្នាំ បានបើកហាងលក់មួកសុវត្ថិភាពមួយកន្លែងដែលស្ថិតនៅតាមបណ្តោយមហាវិថីមុនីរ៉េតក្នុងរាជធានីភ្នំពេញអស់រយៈពេលប្រហែល៥ឆ្នាំមកហើយ។ គាត់មានលក់មួកសុវត្ថិភាពជាច្រើនប្រភេទដោយរាប់ចាប់តាំងពីម៉ាក Napoli នាំចូលពីវៀតណាមដែលមានតម្លៃ៥ដុល្លារ រហូតដល់ម៉ាក Paulo ដែលមានកន្លែងការពារចង្កា និងដែលអ្នកស្រីនាំចូលពីប្រទេសថៃមក ហើយលក់ក្នុងតម្លៃ៤០ដុល្លារ។
ទោះជាយ៉ាងណា អ្នកស្រី ហួយ បានលើក ឡើងថា សូម្បីគាត់ក៏មិនដឹងថា មានស្តង់ដារសុវត្ថិភាពសម្រាប់ មួកសុវត្ថិភាពនៅកម្ពុជាដែរ។ អ្នកស្រីបាននិយាយថា “ពេលក្រុមហ៊ុនយកមួកមកលក់ឲ្យខ្ញុំ ពួកគេប្រាប់ខ្ញុំថា វាមានគុណភាពល្អ ព្រោះពេលវាធ្លាក់ វាអត់បែកទេ”៕ស៊ុយឈាង