ក្រសួងរៀបចំដែនដីបានណែនាំមន្ត្រីទូទាំងប្រទេសឲ្យបញ្ឈប់រាល់គម្រោងសាងសង់ដែលទន្ទ្រានចូលដីសាធារណៈ ពោលគឺពីរបីថ្ងៃប៉ុណ្ណោះបន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញបានបញ្ជាឲ្យកាសីុណូណាហ្គាវើល បញ្ឈប់ការសាងសង់ពង្រីកអគារដ៏ចម្រូងចម្រាសតាមការជំរុញពីលោកនាយករដ្ឋមន្ត្រី។
នៅក្នុងលិខិតមួយច្បាប់ចុះថ្ងៃអង្គារ និងទទួលបានកាលពីម្សិលមិញ ដែលចុះហត្ថលេខាដោយលោក អុឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី អភិបាលរាជធានីខេត្ត ត្រូវបានបញ្ជាឲ្យរុះរើរាល់សំណង់ដែលបាំងផ្លូវទៅកាន់កន្លែងសាធារណៈដោយខុសច្បាប់ ក្នុងនោះរួមមានផ្លូវថ្នល់ និងចិញ្ចើមផ្លូវផងដែរ។
លិខិតដែលបានដកស្រង់សុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី ពេលថ្មីៗនេះមកធ្វើជាប្រធានបទមានខ្លឹមសារដូច្នេះថា “មានបុគ្គល និងក្រុមហ៊ុនមួយចំនួនបានរំលោភយកដីសាធារណៈ ដូចជាចិញ្ចើមផ្លូវសាធារណៈ និងសួនច្បារសាធារណៈជាដើម។ ទង្វើបែបនេះបានធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសាធារណៈក្នុងរាជធានីខេត្តរបស់ព្រះរាជាណាចក្រកម្ពុជា”។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា ការសម្រេច ផ្អាកសាងសង់ចំណតរថយន្តក្រោមដីរបស់កាស៊ីណូណាហ្គាវើល ដែលបានបន្តដំណើរការអស់រយៈពេលជាង១ឆ្នាំមកហើយនោះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ចុះទៅពិនិត្យមើលការដ្ឋាននៅ១ថ្ងៃមុននោះ។
នៅក្នុងសារមួយដែលលោកបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ការប្រឹងប្រែងពង្រីកអគាររបស់កាស៊ីណូនេះ “បានរំលោភ” ដីរដ្ឋ និង “ធ្វើឲ្យប៉ះពាល់ដល់ពុទ្ធសាសនបណ្ឌិត្យជាប់នោះដែលត្រូវហ៊ុំព័ទ្ធដោយការសាងសង់នេះ។
សារនោះមានខ្លឹមសារដូច្នេះថា “សំណង់ដែលមានលក្ខណៈរំលោភកេងស៊ីចំណីផ្លូវសាធារណៈ និងសួនច្បារសាធារណៈ គឺត្រូវតែរុះរើចេញជាបន្ទាន់។ ហើយអាជ្ញាធរមានសមត្ថកិច្ច និងក្រសួងពាក់ព័ន្ធត្រូវតែទទួលខុសត្រូវ”។
ពេលទាក់ទងកាលពីម្សិលមិញ លោក យន់ មិន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា លោកបានឃើញលិខិតរបស់លោក អុឹម ឈុនលឹម រួចហើយ ហើយថា មន្ត្រីរបស់លោកបានយុទ្ធប្រឆាំងការសាងសង់ខុសច្បាប់លើដីរដ្ឋជាង១ខែមកហើយ។
ទោះជាយ៉ាងណា លោកបានទទួលស្គាល់ថា ការចាប់អារម្មណ៍របស់លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះលើបញ្ហានេះ បានជួយជំរុញឲ្យមានវិធានការ។ សំដៅដល់សុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីដែលធ្វើឡើងនៅសួនច្បារមុខវត្តបទុម ក្នុងរាជធានីភ្នំពេញ មុនពេលចុះទៅពិនិត្យមើលការដ្ឋានរបស់កាស៊ីណូណាហ្គាវើល កាលពីសប្ដាហ៍មុន លោកមានប្រសាសន៍ថា ”នៅពេលសម្ដេចនាយករដ្ឋមន្ត្រីថ្លែងសុន្ទរកថាប្រឆាំងការពង្រីកការសាងសង់លើដីសាធារណៈ វាធ្វើឲ្យយើងកាន់តែមានមោទនភាពក្នុងការបន្តការងាររបស់យើងប្រឆាំងសកម្មភាពខុសច្បាប់បែបនេះ”។
មេការកម្មករសំណង់ម្នាក់ដែលត្រូវបានសម្ភាសកាលពីម្សិលមិញនៅការដ្ឋានសំណង់មួយកន្លែងក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ បានលើកឡើងថា លោកនឹងគោរពតាមរាល់បញ្ជារបស់អាជ្ញាធររាជធានី ដើម្បីរុះរើសម្ភារសំណង់ចេញពីកន្លែងសាធារណៈ រួមមានទាំងការរុះរើគំនរឥដ្ឋ និងខ្សាច់ដែលធ្វើឲ្យរាំងស្ទះចរាចរណ៍នៅលើផ្លូវតូចចង្អៀត និងរបងបណ្ដោះអាសន្នដែលរាំងចិញ្ចើមផ្លូវផងដែរ។
មេការកម្មករដែលសុំមិនបញ្ចេញឈ្មោះរូបនេះនិយាយទៀតថា “ខ្ញុំនឹងគោរពតាមបទបញ្ជា ពីព្រោះវាជាទ្រព្យសម្បត្តិរដ្ឋ”។ ទោះជាយ៉ាងណា គាត់បានលើកឡើងបន្ថែមថា ខណៈអាជ្ញាធររាជធានីធ្លាប់បានណែនាំឲ្យសហការីរបស់ខ្លួនធ្វើយ៉ាងណារក្សាឲ្យចិញ្ចើមផ្លូវ និងផ្លូវស្រឡះស្អាត ជាញឹកញាប់វាមានការលំបាកក្នុងការចៀសវាងពីការពង្រីកចូលដីសាធារណៈ ដោយសារតែបរិយាកាសក្រុង។
លោកថ្លែងថា “វាជាការចាំបាច់ក្នុងការពឹងផ្អែកលើផ្នែកខ្លះនៃចិញ្ចើមផ្លូវ ពីព្រោះទីធ្លាចង្អៀតពេក។ បើយើងដាក់សម្ភាររបស់យើងនៅឆ្ងាយពេក វាខាតពេល”៕ សុខុម