មន្ត្រីតុលាការម្នាក់បាននិយាយថា មនុស្សប្រាំមួយនាក់ដែលសង្ស័យថា មានជាប់ពាក់ព័ន្ធក្នុងរឿងឃាតកម្មកាលពីចុងសប្តាហ៍លើមន្ត្រីនគរបាលមូលដ្ឋានម្នាក់ និងមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ក្នុងខេត្តព្រះវិហារ ត្រូវបានចោទ ប្រកាន់កាលពីម្សិលមិញ ពីបទកាប់ឈើខុសច្បាប់ ខណៈដែលអាជ្ញាធរបន្តស្វែងរកភ័ស្តុតាងភ្ជាប់ពួកគេទៅនឹងឃាតកម្មលើមនុស្សទាំងពីរនាក់នេះ។
ជនសង្ស័យទាំងប្រាំមួយនាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទ ពាក់ព័ន្ធនឹងការបាញ់ស្លាប់លោក សាប់ យស់ មន្ត្រីនគរបាលស្រុកឆែប និងលោក សៀង ណារ៉ុង មន្ត្រីរដ្ឋបាលព្រៃឈើស្រុកឆែបកាលពីរំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃសៅរ៍ អំឡុងពេលល្បាតនៅពេលយប់រកអ្នកកាប់ឈើខុសច្បាប់ក្នុងព្រៃព្រះរកា។
ព្រះរាជអាជ្ញាតុលាការខេត្តព្រះវិហារ លោក លី លន់ បានលើកឡើងថា ម្នាក់ក្នុងចំណោមប្រាំមួយនាក់ គឺលោក សុខ ប៊ុនរឿន ជាទាហាននៅកងពលតូចលេខ៩នៃកងពលលេខ៣របស់កងយោធពលខេមរភូមិន្ទ ហើយពួកគេទាំងអស់ត្រូវបានចោទពីបទកាប់ឈើខុសច្បាប់ និងប្រើរណារគ្មានការអនុញ្ញាត ដើម្បីប្រមូលផលព្រៃឈើ។ បទចោទកាប់ឈើដែលជនសង្ស័យទាំងនោះបានសារភាព អាចមានទោសជាប់ពន្ធនាគារដល់ទៅប្រាំឆ្នាំ។
លោក លី លន់ បានមានប្រសាសន៍ថា ”យើង បានចោទប្រកាន់មនុស្សប្រាំមួយនាក់ និងបានបញ្ជូនពួកគេទៅឃុំខ្លួននៅពន្ធនាគារខេត្ត។ យើងបានសួរទាហាននោះ និងអ្នកកាប់ឈើប្រាំនាក់ ហើយពួកគេបានបដិសេធថាមិនបានបាញ់ស្លាប់មន្ត្រីទាំងពីរនាក់នេះទេ។ ពួកគេបានប្រាប់យើងថា ពួកគេមិនបានដឹងអំពីឃាតកម្មនោះទេ ពីព្រោះពួកគេគ្រាន់តែត្រូវគេជួលឲ្យកាប់ឈើប៉ុណ្ណោះ”។
“យើងគ្មានភ័ស្តុតាងចោទប្រកាន់ពួកគេ ថាបានប្រព្រឹត្តអំពើឃាតកម្មទេដូច្នេះយើងឃាត់ខ្លួនពួកគេដើម្បីរង់ចាំក្រសួង មហាផ្ទៃស៊ើបអង្កេត”។
នគរបាលខេត្តកាលពីពេលមុននេះបាននិយាយថា ពួកគេប្រាំមួយនាក់មិនមែនជាទាហានទេ។ ទោះយ៉ាងណាក៏ដោយ អត្តសញ្ញាណរបស់លោក ប៊ុនរឿន មានន័យថា ឥឡូវនេះ មានទាហានពីរនាក់ហើយត្រូវគេសង្ស័យក្នុងករណីឃាតកម្មនេះ។ លោក ចាន់ លឿង សមាជិកម្នាក់ទៀតនៃកងពលតូចលេខ៩ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីនេះកាលពីថ្ងៃអង្គារ។
ពេលទាក់ទងកាលពីថ្ងៃម្សិលមិញ មន្ត្រីនគរបាលមួយរូបឈ្មោះ ភេទ សុភ័ណ ដែលស្ថិតក្នុងក្រុមល្បាតពេលយប់នោះដែរ ហើយបានគេចខ្លួនរួច បន្ទាប់ពីត្រូវគ្រាប់កាំភ្លើងមួយគ្រាប់របស់ជនដៃដល់បាននិយាយថា លោក លឿង បានគំរាមសម្លាប់គាត់ប្រហែល មួយខែមុន។ ប៉ុន្តែ លោក សុភ័ណ បាននិយាយ ថា លោកមិនអាចប្រាប់អត្តសញ្ញាណខ្មាន់កាំភ្លើងក្នុងហេតុការណ៍ការវាយប្រហារនៅថ្ងៃសៅរ៍នោះបានទេ។ លោកបាននិយាយថា លោកជឿថា លោក លឿង ជាប់ពាក់ព័ន្ធ។
លោកបាននិយាយទៀតថា “ទាហានឈ្មោះ ចាន់ លឿង ខឹងខ្លាំង ហើយបានសងសឹកពីព្រោះក្រុមមន្ត្រីរបស់ខ្ញុំបានចាប់ខ្លួនកូនប្រសារ ប្រុសរបស់គាត់ ហើយដាក់គុកកាលពីខែមុន នៅពេលគាត់ទៅទាន់ពេលកាប់ឈើ”។
លោក សុភ័ណ បានអះអាងថា មន្ត្រីជាន់ខ្ពស់ច្រើននាក់ក្នុងកងពលតូចលេខ៩បានជាប់ពាក់ព័ន្ធក្នុងការរកស៊ីកាប់ឈើខុសច្បាប់នៅក្នុងតំបន់នោះ។
គាត់បាននិយាយទៀតថា “ទាហានមកពីកងពលតូចលេខ៩ បានជួលមនុស្សឲ្យកាប់ឈើ ហើយអ្នកកាប់ឈើប្រាំមួយនាក់ដែលយើងបានចាប់ខ្លួនលើកមុន គឺជួលដោយកងពលតូចលេខ៩”។
ក្រុមមន្ត្រីកងពលតូចលេខ៩មិនអាចទាក់ទងសុំការពន្យល់បានទេ។ ប៉ុន្តែ លោកស្រី ឌឹក មេបញ្ជាការកងពលលេខ៣ ដែលមើលការខុសត្រូវកងពលតូចនេះបានបដិសេធការចោទប្រកាន់កាប់ឈើនេះ។
មេបញ្ជាការរូបនេះ បានមានប្រសាសន៍ថា “ខ្ញុំសូមបដិសេធថា ទាហានរបស់យើងមិនមែនជាអ្នកកាប់ឈើខុសច្បាប់ទេ ពីព្រោះពួកគេយល់យ៉ាងច្បាស់ថា ពួកគេនឹងទទួលទណ្ឌកម្មតាមវិន័យយោធា ប្រសិនបើពួកគេធ្វើខុស”។
“ខ្ញុំបានទទួលព័ត៌មានថា ទាហានពីរនាក់ត្រូវបានគេនាំទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត។ ប៉ុន្តែ ខ្ញុំសូមប្រាប់ថា នគរបាលមិនអាចចោទប្រកាន់ពួកគេពីបទមនុស្សឃាត បានទេ ប្រសិនបើពួកគេមិនមាន ភ័ស្តុតាងបញ្ជាក់”។
លោក ខាត់ ហ៊ុន ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា លោក លឿង កំពុងត្រូវគេសាកសួរនៅឡើយ ហើយមិនទាន់ត្រូវចោទប្រកាន់អំពីឧក្រិដ្ឋកម្មណាមួយនៅឡើយទេ៕និត