ក្នុងពេលដែលកងទ័ពរក្សាសន្តិភាពអង្គការសហប្រជាជាតិត្រួតពិនិត្យការបោះឆ្នោតក្នុងប្រទេសកម្ពុជា ដែលចំណាយអស់ទឹកប្រាក់ប្រហែល១,៦ពាន់លានដុល្លារអាមេរិកកាលពីពីរទសវត្សរ៍កន្លងមកនេះ រដ្ឋាភិបាលយោធាភូមាបានស្ថិតក្នុងសករាជថ្មីនៃអត្តាធិបតេយ្យ។ ប៉ុន្តែ ការរីកដុះដាលនៃលទ្ធិប្រជាធិបតេយ្យនៅប្រទេសភូមាកាលពីចុងសប្តាហ៍នេះធ្វើឲ្យពលរដ្ឋខ្មែរជាច្រើនក្រឡេកមើលទៅទិសខាងលិចយ៉ាងអន្ទះសា។
ជ័យជម្នះភ្លូកទឹកភ្លូកដីដោយមេដឹកនាំគណបក្សប្រឆាំងភូមា គឺលោកស្រី អ៊ុងសាន ស៊ូជី ដែលបានឈ្នះឆ្នោតនាឆ្នាំ១៩៩០ ដែលបានបណ្តាលឲ្យលោកស្រីត្រូវគេចាប់ឃុំក្នុងផ្ទះ គឺថាសន្លឹកឆ្នោតនោះក៏បានទាក់ទាញក្តីសុបិនឈ្នះឆ្នោតនាឆ្នាំ២០១៨របស់គណបក្សប្រឆាំងនៃប្រទេសកម្ពុជា។
លោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានសរសេរនៅលើហ្វេសប៊ុករបស់លោកស្រី បន្ទាប់ពីការបញ្ចេញលទ្ធផលសន្លឹកឆ្នោតបឋមកាលពីរសៀលថ្ងៃច័ន្ទថា “លទ្ធិប្រជាធិបតេយ្យកើតមានទូទាំងប្រទេសភូមា។ អ៊ុងសាន ស៊ូជី ឈ្នះភ្លូកទឹកភ្លូកដី។ សន្លឹកឆ្នោត គឺមិនមែនជាគ្រាប់កាំភ្លើងទេ។ សូមឲ្យមេដឹកនាំផ្តាច់ការទាំងអស់យកការបោះឆ្នោតនេះជាមេរៀន”។
ប្រសិនបើសាររបស់លោកស្រី សុខហួរ មិនច្បាស់លាស់ទេ លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិគឺកាន់តែច្បាស់ក្រឡែតទៅទៀតចំពោះការប្រៀបធៀបស្ថានការណ៍នៅក្នុងប្រទេសភូមា និងផែនការផ្ទាល់ខ្លួនរបស់លោកសម្រាប់ប្រទេសកម្ពុជា ដោយបង្ហោះរូបលោកផ្ទាល់ជួបជាមួយលោកស្រី ស៊ូជី នៅក្រុងរ៉ងហ្គូនក្នុងឆ្នាំ១៩៩៦ និងម្តងទៀតក្នុងឆ្នាំ២០១៣។
លោក រង្ស៊ី បានសរសេរនៅលើរូបថតថា “ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់លោកស្រី អ៊ុងសាន ស៊ូជី និងគណបក្ស “សម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ” របស់លោកស្រីក្នុងការបោះឆ្នោត កាលពីថ្ងៃ ៨ វិច្ឆិកា ២០១៥ នៅប្រទេសភូមា គឺជាដំណឹងល្អសម្រាប់លទ្ធិប្រជាធិបតេយ្យទូទាំងពិភពលោក ជាពិសេសសម្រាប់ប្រទេសកម្ពុជា”។
ប្រហែលនិយាយត្រង់ៗបំផុតគឺ កញ្ញា កឹម មនោវិទ្យា អនុប្រធានកិច្ចការសាធារណៈគណបក្សសង្គ្រោះជាតិ និងជាកូនស្រីរបស់លោក កឹម សុខា អនុប្រធានគណបក្សបានសរសេរលើហ្វេសប៊ុករបស់នាងថា ជ័យជម្នះរបស់លោកស្រី ស៊ូជី គឺគួរឲ្យលើកទឹកចិត្តសម្រាប់”ការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យដទៃទៀតនៅក្នុងតំបន់”។
កញ្ញា មនោវិទ្យា បានសរសេរថា “មេដឹកនាំផ្តាច់ការគួរដឹងថា ការគំរាមកំហែងនិងអំពើហិង្សារបស់គេមិនមានប្រសិទ្ធភាពក្នុងពេលយូរអង្វែងបានទេ។ អ្នកដែលមិនដឹងថាពេលណាដែលត្រូវបញ្ឈប់ការរុញច្រាន គឺចុងក្រោយធ្លាក់ចុះកាន់តែខ្លាំង។ អ្នកដែលមានសុភនិច្ឆ័យគួរចាកចេញដោយសន្តិវិធី”។
ថាតើភាពស្ងប់ស្ងាត់ពេលបច្ចុប្បន្នក្រោយពីការបោះឆ្នោតបែបប្រជាធិបតេយ្យដំបូងរបស់ប្រទេសភូមាក្នុងរយៈពេល២៥ឆ្នាំអាចកើតឡើងក្នុងប្រទេសកម្ពុជាឬយ៉ាងណា នៅពេលដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិប្រកួតប្រជែងគ្នាក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ នឹងពឹងផ្អែកទាំងស្រុងទៅលើយោធា។
លោក ហ៊ុន សែន បានព្រមានថាសង្គ្រាមស៊ីវិលនឹងកើតឡើងជាថ្មី ហើយថានឹងមានការបះបោរដោយមេបញ្ជាការយោធា និងមេនគរបាលដែលមានទំនាក់ទំនងនឹងគណបក្សប្រជាជនកម្ពុជា ប្រសិនបើគណបក្សសង្គ្រោះជាតិឡើងកាន់អំណាច។
កាលពីថ្ងៃអង្គារ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានបដិសេធមិនធ្វើអត្ថាធិប្បាយ នៅពេលសួរថាតើលោកបានរៀនមេរៀនពីការបោះឆ្នោតនៅប្រទេសភូមាឬយ៉ាងណានោះ។ ទោះជាយ៉ាងនេះក្តី លោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានចោទអ្នកយកព័ត៌មានថាឆ្កួត ពេលសួរថាតើយោធាប្រទេសកម្ពុជាទទួលយកជ័យជម្នះរបស់គណបក្សប្រឆាំងក្នុងឆ្នាំ២០១៨ឬយ៉ាងណានោះ។
នាយឧត្តមសេនីយ៍ សារឿន បានមានប្រសាសន៍ថា “កុំសួរពេលនេះ។ ចាំដល់ពេលនោះសិនទៅ។ ខ្ញុំមិនដឹងទេ សួរឆ្កួតៗអ៊ីចឹង ចាំដល់ពេលនោះសិន”។
ប៉ុន្តែ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាននិយាយថា កងកម្លាំងប្រដាប់អាវុធនឹងគោរពលទ្ធផលដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដូចជាកងទ័ពប្រទេសភូមាដែរ។
ឧត្តមសេនីយ៍ត្រី ហ៊ី បាននិយាយថា “រឿងសំខាន់គឺគ.ជ.ប.។ ពេលប្រកាស [លទ្ធផលបោះឆ្នោត] គេនឹងទទួលយក ហើយវាមិនបញ្ហាថាតើគេជាកងរាជអាវុធហត្ថឬអត់នោះទេ”។
នៅលើបណ្តាញទំនាក់ទំនងសង្គម អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាមិនសុខចិត្តបណ្តោយឲ្យអ្នកគាំទ្រគណបក្សប្រឆាំងអះអាងជោគជ័យរបស់លោកស្រី ស៊ូជី ថាជារបស់ខ្លួនទេ ឬចាត់ទុកជោគជ័យនោះថាជាប្រផ្នូលសម្រាប់អ្វីដែលនឹងកើតឡើងនៅកម្ពុជាទេ។
លោក ផែង វណ្ណៈ អនុប្រធានការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃដែលគេព្យួរការងារ ជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាតាមហ្វេសប៊ុក បាននិយាយថា មេដឹកនាំគណបក្សសង្គ្រោះជាតិគួររៀនមេរៀនពីលោកស្រី ស៊ូជី ហើយគួរមានការសហការជាងមុន។
លោក វណ្ណៈ បានសរសេរនៅលើហ្វេសប៊ុកថា “លោក កឹម សុខា គួរកែចរិតញុះញង់ ដៀមដាម ចោទប្រកាន់ លាបពណ៌ រើសអើងពូជសាសន៍ ហើយលោកគួរយកគំរូតាមលោកស្រី អ៊ុង សាន ស៊ូជី។ គាត់ធ្វើនយោបាយមិនចេះដើរញុះញង់ លាបពណ៌ដូចលោក កឹម សុខា ទេ”។
លោក ខាន់ ចាន់សុផល អ្នកប្រើហ្វេសប៊ុកគាំទ្រគណបក្សប្រជាជនកម្ពុជាម្នាក់ទៀតដែលបង្ហាញអត្តសញ្ញាណខ្លួនឯងថាជាទាហាន ប៉ុន្តែមានអ្នកតាមចំនួន ២៦៦,០០០នាក់ និងចូលចិត្តធ្វើឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិខឹង បានយល់ស្របថា លោកស្រី ស៊ូជី មិនអាចប្រៀបផ្ទឹមនៅកម្ពុជាបានទេ។
លោក ចាន់សុផល បានសរសេរក្នុងហ្វេសប៊ុកថា “គេសរសើរនយោបាយលោកស្រី បើទោះបីជាធ្វើមេដឹកនាំបក្សប្រឆាំងក៏ដោយ ក៏អាចនាំផលចំណេញជូនជាតិបានជាច្រើនផងដែរ! ចំណែកលោក សម រង្សី វិញជាមេដឹកនាំបក្សប្រឆាំងដ៏ខូចខិលមួយរូប ប្រៀបមិនស្មើរោមជើងគេផង!”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍តាមទូរស័ព្ទថា លោកក៏មិនជឿថា លោក រង្ស៊ី ឬលោក សុខា អាចប្រៀបផ្ទឹមនឹងលោកស្រី ស៊ូជី ដែលលោកបានកោតសរសើរបានទេ។
លោក ឥសាន បានមានប្រសាសន៍ថា “ស្ថានការណ៍គេខុសគ្នានឹងស្ថានការណ៍នៅប្រទេសកម្ពុជា ព្រោះគណបក្សប្រឆាំងនៅប្រទេសមីយ៉ាន់ម៉ា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលបង្ហាញថាប្រជាធិបតេយ្យពិតប្រាកដ ហើយស្មារតីនៃមេដឹកនាំដូចជា អ៊ុងសាន ស៊ូជី គឺជាស្មារតីស្នេហាជាតិរបស់គេ”។
អ្នកនាំពាក្យគណបក្សប្រជាជនរូបនេះបាននិយាយថា “ចំណែកឯគណបក្សប្រឆាំងនៅប្រទេសកម្ពុជាវិញ ការប្រឹងប្រែងបង្កតែបញ្ហានិងផលប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋនិងជាតិ។ យើងឃើញថាខុសគ្នា១៨០ដឺក្រេពី អ៊ុងសាន ស៊ូជី ទាំងស្មារតី ទាំងស្ថានការណ៍”។
លោក គល់ បញ្ញា នាយកអង្គការខុមហ្វ្រែល បានមានប្រសាសន៍តាមទូរស័ព្ទពីក្រុងរ៉ងហ្គូន ដែលលោកធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោតកាលពីថ្ងៃអាទិត្យថា ការផ្លាស់ប្តូរអំណាចដោយស្រួលបួលនៅប្រទេសភូមាមិនទាន់ប្រាកដនៅឡើយទេ ប៉ុន្តែវាអាចក្លាយជាគំរូដ៏ល្អមួយ។
លោក បញ្ញា បាននិយាយថា “វាមានឥទ្ធិពលលើតំបន់ នៅពេលដែលគេក្រឡេកមើលការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែយើងត្រូវរង់ចាំមើលសិន។ ប្រសិនបើមានការផ្ទេរអំណាចដោយស្រួលបួល វានឹងក្លាយជាគំរូដ៏ល្អសម្រាប់ប្រទេសកម្ពុជា ជាពិសេស។ កម្ពុជាមិនមានការផ្លាស់ប្តូរអំណាចដោយសន្តិវិធីកាលពីមុនទេ ហើយខ្ញុំគិតថា ប្រទេសមីយ៉ាន់ម៉ា អាចជាគំរូល្អ។ ប៉ុន្តែ ឥឡូវនេះ គ្រាន់តែជាក្តីសង្ឃឹមប៉ុណ្ណោះ”៕ រើន