29 C
Phnom Penh

នាយករដ្ឋមន្ត្រី​​ ហ៊ុន សែន មាន​​ប្រសាសន៍​​ថា លោក សម រង្ស៊ី អាច​ប្រឈម​​​​បណ្ដឹង​បរិហារកេរ្តិ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​សុន្ទរកថា​ផ្សាយ​បន្ត​ផ្ទាល់​​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​គំរាម​ចាត់​វិធានការ​ផ្លូវ​ច្បាប់​​លើ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​​ទាក់​ទិន​ការ​​អះអាង​​កាលពី​ពេល​ថ្មីៗ​នេះ​ថា គណបក្ស​ប្រជាជន​កម្ពុជា​​មាន​ផែនការ​​លុប​ចោល​ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៨ ដោយ​សារ​តែ​ខ្លួន​ខ្លាច​ចាញ់​។

ទាំង​នៅក្នុង​សុន្ទរកថា​ និង​សារ​ដាច់​ដោយ​​​​ឡែក​បង្ហាញ​តាម​ហ្វេសប៊ុក​​របស់​លោក​ លោក ​​​ហ៊ុន សែន ក៏​បាន​ហៅ​លោក សម រង្ស៊ី ម្ដង​ហើយ​ម្ដង​ទៀត​ថា ”​កូន​អាក្បត់ជាតិ​”។ សូម​រំឭក​ថា លោក សម សារី ឪពុក​របស់​លោក សម រង្ស៊ី គឺ​ជា​ជំនួយ​ការ​​​ជិត​ស្និទ្ធ​បំផុត​​មួយ​រូប​របស់​ព្រះអង្គម្ចាស់​​ នរោត្តម សីហនុ នៅ​ក្នុង​ឆ្នាំ​១៩៥០ មុន​ពេល​ត្រូវ​បាន​​​ដក​ចេញពី​តំណែង​​អំឡុង​ពេល​មាន​ការ​អះអាង​ថា លោក​​រៀបផែនការ​ធ្វើ​រដ្ឋប្រហារ​។

លោក​នាយករដ្ឋមន្ត្រី​បាន​សរសេរ​​​នៅ​ក្នុង​សារ​​​របស់​លោក​​ដោយ​លើក​ឡើង​​ពី​បញ្ហា​​​​លោក​ សម រង្ស៊ី ព្យាយាម​ធ្វើ​ការ​ប្រៀបធៀប​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រឆាំង​របស់​ភូមា​​ថា ”​ខ្ញុំ​មិន​អាច​នៅ​ស្ងៀម​​ចំពោះ​ការ​ប្រមាថ​របស់​កូន​​ជន​ក្បត់​ជាតិ​បាន​ទេ​។​​ ជោគ​ជ័យ​ដ៏​គួរ​ឲ្យ​កោត​សរសើរ​របស់​បក្ស​ប្រឆាំង​នៅ​មីយ៉ាន់ម៉ា​​ ដែល​យើង​ទម្លាប់​ហៅ​ថា​ភូមា​ បាន​ទាញ​មេបក្ស​ប្រឆាំង​នៅ​កម្ពុជា​​ដែល​ទើប​សុំ​ទោស​ខ្ញុំ​កាលពី​ថ្ងៃទី​២៩ តុលា ​បើក​ការ​វាយ​ប្រហារ​មក​លើ​ខ្ញុំ​សាជា​ថ្មី​ដែល​បាន​បំផ្លាញ​សាជាថ្មី​​នូវ​វប្បធម៌​សន្ទនា​។ រឿង​រ៉ាវ​ខុស​គ្នា​ របប​នយោបាយ​​ សេដ្ឋកិច្ច​​ សង្គម​ខុស​គ្នា​ ភាព​លំបាក​ និង​ងាយ​ស្រួល​ខុស​គ្នា​។ សូម្បី​តែ​ការ​បោះ​ឆ្នោត​ក៏​ខុស​គ្នា​ ដែល​ភូមា​មិន​ដែល​បោះ​ឆ្នោត​ ឯ​កម្ពុជា​បោះ​ឆ្នោត​​ប្រាំ​ដង​រួច​មក​ហើយ​”។

បន្ទាប់​មក​លោក ហ៊ុន សែន បាន​លើក​ឡើង​ថា ​លោក សម រង្ស៊ី ឆោត​ល្ងង់​ណាស់​ដែល​ប្រៀបធៀប​ខ្លួន​ឯង​ទៅ​​នឹង​លោកស្រី​ អ៊ុង សាន ស៊ូជី ប្រធាន​គណបក្ស​ប្រឆាំង​​នៅ​ភូមា​ ដែល​ជា​កូនស្រី​មេដឹកនាំ​ទាម​ទារ​ឯក​រាជ្យ​​​របស់​ភូមា ​ដោយ​សារ​ប្រវត្តិ​របស់​ឪពុក​ខ្លួន​។

លោក​​បក​ស្រាយ​ថា “ពូជ​ពង្ស​វង​ត្រកូល​ឯក​ឧត្ដម​ប្រៀប​​ជាមួយ​ អ៊ុង សាន ស៊ូជី មិន​បាន​ទេ​ ព្រោះ​មួយ​ស្នេហា​ជាតិ មួយ​ទៀត​​ក្បត់​​​ជាតិ​​។ ​​ពាក្យ​ ‘អាក្បត់​ជាតិ’​​មិន​មែន​ជា​ពាក្យ​ខ្ញុំ​ដាក់​ទេ ​តែ​រាជរដ្ឋាភិបាល​សង្គម​រាស្ត្រ​និយម​របស់​​សម្ដេច​ព្រះនរោត្តម​​ជា​អ្នក​ប្រសិទ្ធនាម​ឲ្យ​។ ឯក​ឧត្ដម​ហៅ​​ខ្ញុំ​ជា​មនុស្ស​​ផ្ដាច់ការ​កប់ៗ​មាត់ ថ្ងៃ​នេះ​ខ្ញុំ​ហៅ​ឯកឧត្ដម​​​ថា ​កូន​អាក្បត់​ជាតិ​​ ​​ខ្ញុំ​មិន​ដៀល​ពូជ​ឯកឧត្ដម​ទេ​ តែ​ខ្ញុំ​ហៅ​តាម​​​អ្នក​​​​ជំនាន់​មុន​ដែល​ធ្លាប់​ហៅ​​ឪពុក​ឯក​ឧត្ដម​ថា អាក្បត់​ជាតិ​”។

cam-photo-screenshot-hun-senអំឡុង​សុន្ទរកថា​​របស់​លោក​នៅ​ក្នុង​ថ្ងៃ​នោះ ​លោក​បាន​វាយ​ប្រហារ​លោក​ សម រង្ស៊ី ចំពោះ​​​ការ​អត្ថាធិប្បាយ​​របស់​លោក​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​ ខណៈ​​លោក​មាន​វត្ត​មាន​​​នៅ​ក្នុង​ទីក្រុង​តូក្យូ​ កាលពី​ដើម​សប្ដាហ៍​នេះ​ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ព្យាយាម​គេច​វេះ​ពី​ការ​​​រៀបចំ​ការ​បោះ​ឆ្នោត​​​ដែល​មាន​​​លក្ខណៈ​ប្រជាធិបតេយ្យ​​។

ក្នុង​​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​អង្គារ លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “​វា​ច្បាស់​ណាស់​ពេល​នេះ​ [​គណបក្ស​ប្រជាជន​កម្ពុជា​] ចង់​គេច​វេះ​ដំណើរ​ការ​ប្រជាធិប​តេយ្យ​ ការ​បោះ​ឆ្នោត​​ដែល​មាន​លក្ខណៈ​ប្រជា​​ធិបតេយ្យ​នៅពេល​ខាង​មុខ​” ដោយ​អំពាវ​នាវ​​ឲ្យ​សហគមន៍​អន្តរជាតិ​​​ដាក់​សម្ពាធ​​លើ​លោក​ ហ៊ុន សែន ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​លុប​ចោល​​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ដ៏ខ្លី​ខាង​មុខ​ និង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ។

លោក ហ៊ុន​ សែន ​បាន​​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ”ក្នុង​មួយ​រយៈ​កាល​ចុង​ក្រោយ​នេះ​ឯក​ឧត្ដម​បែរ​ជា​និយាយ​ថា គណ​បក្ស​ប្រជាជន​ខ្លាច​ចាញ់​ឆ្នោត​ មិន​​ហ៊ាន​ធ្វើ​ការ​​​​បោះ​ឆ្នោត​ ចង់​បំផ្លាញ​ចោល​ការ​បោះ​ឆ្នោត​។ ​​ឯក​ឧត្តម​​ត្រូវ​មាន​ភ័ស្តុតាង​ឲ្យ​ច្បាស់​​ប្រយ័ត្ន​​ជាប់​បទ​ល្មើស​ព្រហ្មទណ្ឌ​​​ចំពោះ​ការ​​ចោទ​ប្រកាន់​ដោយ​គ្មាន​ភ័ស្តុតាង​។ ​អំពើ​នេះ​​វា​ជា​ការ​បរិហារកេរ្តិ៍​ ឬ​ក៏​យ៉ាង​ណា​​ យើង​ខ្ញុំ​ត្រូវ​ពិនិត្យ​​​​​ផ្លូវ​ច្បាប់​លើ​បញ្ហា​នេះ​។ ហើយ​កុំ​បន្ទោស​​ [ខ្ញុំ] បើ​មាន​បណ្ដឹង​ផ្លូវ​ច្បាប់​​​​​ប្រឆាំង​ឯក​ឧត្ដម​”។

លោក​បាន​​​គូស​បញ្ជាក់​បន្ថែម​​​ទៀត​ថា ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​ និង​២០១៨ នឹង​​ធ្វើ​ឡើង​តាម​ការ​គ្រោង​ទុក។

តាម​រយៈ​សារ​អេឡិច​ត្រូនិក​មួយ លោក សម រង្ស៊ី បាន​​ការ​ពារ​​​​សេចក្ដី​​ថ្លែងការណ៍​របស់​លោក​នៅ​ក្នុង​ទីក្រុង​តូក្យូ ដោយ​បក​ស្រាយ​ថា លោក​គ្រាន់​តែ​​ធ្វើ​ការ​បា៉ន់​ស្មាន​ដោយ​ផ្អែក​លើ​ភ័ស្តុតាង​នៅ​ចំពោះ​មុខ​លោក​​​ប៉ុណ្ណោះ ក្នុង​នោះ​រួម​មាន​ទាំង​ការ​ទម្លាក់​លោក កឹម សុខា អនុប្រធាន​របស់​លោក​ចេញ​​ពី​អនុប្រធាន​រដ្ឋសភា​ផង​ដែរ​។

សារ​អេឡិច​ត្រូនិក​នោះ​មាន​ខ្លឹមសារ​​​​​​ដូច្នេះ​ថា ​”​តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ ​សកម្ម​ភាព​​ហិង្សា​ទាក់​ទិន​ការ​​វាយ​តំណាង​រាស្ត្រ​​គណបក្ស​ប្រឆាំង​ពីរ​រូប​យ៉ាង​សាហាវ​ និង​​ចំណាត់​ការ​ខុស​ច្បាប់​​ដក​លោក កឹម សុខា ចេញពី​តំណែង​​កាលពី​ខែ​មុន ​បាន​បង្កើត​​​នូវ​បរិយាកាស​មួយ​ដែល​​​​មិន​បង្ក​លក្ខណៈ​ងាយ​ស្រួល​​ដល់​ការ​រៀបចំ​ការ​​បោះ​ឆ្នោត​​ដែល​​បាន​​​​គ្រោង​ទុក​សម្រាប់​ឆ្នាំ​២០១៧ និង​២០១៨។ វា​អាច​ជា​ផ្នែក​​មួយ​នៃ​ផែន​ការ​​រារាំង​​ដំណើរ​ការ​បោះ​ឆ្នោតទាំង​មូល​​ដូច​​បាន​លើក​ឡើង​លម្អិត​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្ញុំ​កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។ នេះ​គ្រាន់​តែ​ជា​ទស្សនៈ​យល់​ឃើញ​របស់​ខ្ញុំ​ប៉ុណ្ណោះ”។

​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន អំពី​ឪពុក​របស់​ខ្លួន​​ លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា​ លោក​គិត​ថា ​មិន​គួរ​ចាប់​កូន​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ឪពុក​នោះ​ទេ។

លោក​បាន​គូស​បញ្ជាក់​ថា “​បើ​ថ្ងៃ​ណា​មួយ​លោក ហ៊ុន សែន ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​​​​​​ប្រព្រឹត្ត​ខុស​ណាមួយ​​នៅ​ចំពោះ​​តុលាការ​ ខ្ញុំ​​​​នឹង​ចេញ​មុខ​ការ​ពារ​​កូនៗ​របស់​លោក​មុន​គេ​ ​​ប្រសិន​បើ​ពួកគេ​រង​ការ​​ស្ដី​បន្ទោស ដោយ​ឈរ​លើ​មូលដ្ឋាន​ថា​ ​កូន​​មិន​ត្រូវ​​ទទួល​ខុស​ត្រូវ​​ចំពោះ​បទ​ល្មើស​​ដែល​ប្រព្រឹត្ត​ដោយ​ឪពុក​របស់​ខ្លួន​ឡើយ​ ប្រសិន​បើ​មាន​”។

​ទោះ​ជា​យ៉ាង​ណា​ លោក សម រង្ស៊ី មិន​បាន​​​​​ធ្វើ​អត្ថាធិប្បាយ​ទេ​ជុំវិញ​ការ​គំរាម​ប្ដឹង​ពីបទ​បរិហារកេរ្តិ៍ពី​សំណាក់​លោក ហ៊ុន សែន​។

ខណៈ​លោក សម រង្ស៊ី មាន​អភ័យ​ឯកសិទ្ធិ​​តំណាង​រាស្ត្រ​​ដែល​អាច​ការ​ពារ​ខ្លួន​ពី​ការ​​​កាត់​​​​ទោស​​ណា​មួយ​នោះ​​ ដើម​ចម​ត្រូវ​បាន​បង្កើត​ឡើង​រួច​ទៅ​ហើយ​សម្រាប់​ការ​មិន​អើ​ពើ​ចំពោះ​សិទ្ធិ​បែប​នេះ។

​កាលពី​ខែ​សីហា លោក ហ៊ុន​ សែន បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​​លោក ហុង​ សុខហួរ ​សមា​ជិក​​​ព្រឹទ្ធសភា​​គណបក្ស​ប្រឆាំង​ និង​ដាក់​ពន្ធនា​​គារ​​​​​ពីបទ​ធ្វើ​បទ​បង្ហាញ​​​សន្ធិសញ្ញា​ព្រំដែន​ក្លែង​ក្លាយ​នៅ​ក្នុង​វីដេអូ​​មួយ​ដែល​បង្ហោះ​តាម​ហ្វេសប៊ុក​។

​​គណបក្ស​​​ប្រជាជន​កម្ពុជា​មាន​សំឡេង​​ពីរ​ភាគបី​​​នៅក្នុង​​ព្រឹទ្ធសភា​ដែល​​អាច​ដក​​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​​របស់​លោក ហុង សុខហួរ​ ​​ជា​ផ្លូវ​ការ​​បាន​យ៉ាង​ងាយ​ស្រួល ប៉ុន្តែ​​ខ្លួន​មិន​បាន​ធ្វើ​ដូច្នេះ​ទេ​ ដោយ​លើក​ឡើង​ថា វា​ជា​ករណី​​​លើក​លែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​អនុញ្ញាត​ឲ្យ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​​ប្រសិន​បើ​វា​ជា​បទ​ល្មើស​ជាក់​ស្ដែង​។

យោង​តាម​ការ​បក​ស្រាយ​ផ្លូវ​ច្បាប់​ សកម្ម​ភាព​​លោក ហុង សុខហួរ បង្ហោះ​វីដេអូ​​​នោះ​​តាម​ប្រព័ន្ធ​អុីធឺណិត​ អាច​ចាត់​ទុក​បាន​ថា ជា​ “​បទ​ល្មើស​ជាក់​ស្ដែង​” ដែល​អនុញ្ញាត​ឲ្យ​​ដាក់​

ពន្ធនាគារ​លោក​​ទាំង​​លោក​នៅ​មាន​អភ័យ​ឯកសិទ្ធិ។

​លោក គល់ បញ្ញា នាយក​គណៈកម្មាធិការ​​​ដើម្បី​ការ​បោះ​ឆ្នោត​​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ (ខុមហ្វ្រែល) ​​​​មាន​ប្រសាសន៍​នៅ​​​​ពេល​នោះ​ថា លោក​ជឿ​ថា ​សេចក្ដី​សម្រេច​​​​​​​​នោះ​ធ្វើ​ឲ្យ​គេ​យល់​ឃើញ​ថា អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​គ្មាន​ន័យ ហើយ​​បាន​បង្កើត​​ដើម​ចម​​មួយ​ដែល​អាច​​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​​ក្នុង​ករណី​ប្រឆាំង​​តំណាង​រាស្ត្រ​​ណា​ផ្សេង​ទៀត​នៅ​ពេល​ខាង​មុខ​។

​ដូច​ព្រឹទ្ធសភា​អ៊ីចឹង​ដែរ រដ្ឋសភា​ក៏​អាច​ដក​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​​បាន​ដែរ​ ប៉ុន្តែ​​តម្រូវ​ឲ្យ​​មាន​សំឡេង​ភាគច្រើន​ពីរ​ភាគបី​នៃ​សភា​ពេញ​អង្គ​ដែល​មាន​​១២៣​អាសនៈ​ ជា​​​សំឡេង​ភាគច្រើន​​ដែល​ទាំង​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​​​​ក្រសួង​យុត្តិធម៌​​​ធ្លាប់​បាន​បញ្ជាក់​បន្ថែម​រួច​មក​ហើយ​​ទាក់​ទិន​ការ​បក​ស្រាយ​​របស់​ព្រឹទ្ធសភា​អំពី​អភ័យ​ឯកសិទ្ធិ ប៉ុន្តែ​កាលពី​ម្សិលមិញ លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ថា តើ​​ការ​គំរាម​ចាត់​​វិធានការ​​ផ្លូវ​ច្បាប់​លើ​លោក សម រង្ស៊ី ពី​សំណាក់​លោក ហ៊ុន សែន អាច​កើត​ឡើង​​​ដោយ​មិន​ចាំបាច់​ដក​អភ័យ​ឯកសិទ្ធិ​របស់​លោក​ឬ​យ៉ាង​ណា​នោះ​​ទេ។ ​

លោក​បាន​ថ្លែង​ថា “​ខ្ញុំ​គ្មាន​យោបល់​អ្វី​ទេ​ទាក់​ទិន​សុន្ទរកថា​​របស់​លោក​​នាយក​រដ្ឋមន្ត្រី​​​។ ​​អ្នក​ទាំង​អស់​គ្នា​អាច​បញ្ចេញ​មតិ​បាន​​ជុំវិញ​បញ្ហា​ច្បាប់​ ប៉ុន្តែ​​វា​អាស្រ័យ​លើ​តុលាការ​​​ចាត់​​​ចែង​​ការ​ចោទ​ប្រកាន់​​តាម​រយៈ​ការ​សិក្សា​ពី​ធាតុ​​​​ផ្សំ​នៃ​បទល្មើស ​ប្រសិន​បើ​មាន​ពាក្យ​បណ្ដឹង​តាម​ផ្លូវ​តុលាការ​។ ប្រសិន​បើ​ព្រះ​រាជ​​​​​អាជ្ញា​រង​ឃើញ​ថា​មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់​​ដើម្បី​ធ្វើ​ការ​ចោទ​​ប្រកាន់​ ពួកគាត់​អាច​​ធ្វើ​ការ​ចោទ​ប្រកាន់​បាន​។ ខ្ញុំ​គ្មាន​យោបល់​​អ្វី​​បន្ថែម​ទៀត​ទេ​ជុំវិញ​​អភ័យ​ឯកសិទ្ធិ​របស់​គាត់​ ឬ​ថា​តើ​គាត់​​​នឹង​មាន​ស្ថាន​ភាព​ដូច​លោក ហុង សុខហួរ ដែរ​ ឬយ៉ាង​ណា​។ យើង​អាច​​​​ធ្វើ​ការ​បញ្ជាក់​​លើ​បញ្ហា​នោះ​បាន​នៅ​ពេល​ក្រោយ​”៕ សុខុម​​​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស