យោងតាមនគរបាលបានឲ្យដឹងថា សពនារីម្នាក់ ដែលបានបាត់ខ្លួននៅក្នុងខេត្តបាត់ដំបងកាលពីយប់ថ្ងៃអង្គារ ត្រូវបានប្រទះឃើញអណ្តែតក្នុងទឹកស្ទឹងកាលពីម្សិលមិញ ខណៈបុរសម្នាក់ដែលរបស់របររបស់គេត្រូវបានប្រទះឃើញនៅកន្លែងដែលនារីរូបនេះបាត់ខ្លួននោះបានសារភាពថា បានវាយធ្វើបាបនារីរូបនេះក្នុងគោលបំណងប៉ុនប៉ងចាប់រំលោភនាង។
នគរបាលបានឲ្យដឹងបន្តថា ចាន់ ស្រីរ័ត្ន អាយុ១៨ឆ្នាំ កំពុងលាងសណ្តែកបណ្តុះនៅមាត់ស្ទឹងក្រោយផ្ទះរបស់នាងក្នុងស្រុកសង្កែ នៅពេលនោះម្តាយរបស់នាងបានឮសំឡេងស្រែកឲ្យជួយហើយក៏រត់សំដៅទៅតែម្តង។ តែទោះជាយ៉ាងណា នៅពេលស្ត្រីជាម្តាយបានទៅដល់កូនស្រីវ័យជំទង់របស់គាត់បានបាត់ខ្លួនទៅហើយ ហើយនគរបាល និងអ្នកភូមិបានចំណាយពេលអស់មួយយប់មួយថ្ងៃតាមស្វែងរកនារីរូបនេះ និងជនល្មើសឈ្មោះ ចាន់ កុសល ដែលគេអាចកំណត់អត្តសញ្ញាណ បានដោយសារស្បែកជើងផ្ទាត់ និងខោខ្លីពណ៌ផ្កាឈូក ដែលបន្សល់ទុកនៅកន្លែងកើតហេតុ។
នគរបាលបានឲ្យដឹងទៀតថា នៅម៉ោងប្រហែល៦ និង៣០នាទីព្រឹកម្សិលមិញ ចាន់កុសល អាយុ២៣ឆ្នាំត្រូវបានចាប់ខ្លួន ពេលជននេះត្រឡប់ចូលមកដេកក្នុងផ្ទះរបស់ខ្លួនវិញ បន្ទាប់ពីលាក់ខ្លួនអស់ជាង២៤ម៉ោងខណៈសពរបស់កញ្ញា ចាន់ ស្រីរ័ត្ន ត្រូវបាន រកឃើញនៅម៉ោងប្រហែល១០ព្រឹក ចម្ងាយ ប្រហែល១គីឡូម៉ែត្រពីផ្ទះរបស់នាង។
លោក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកនេះបានលើកឡើងថា ” [កុសល] បានប្រាប់នគរបាលថា ខ្លួនបានទៅបង់សំណាញ់តាមដងស្ទឹង ពេលនោះក៏ឃើញជនរងគ្រោះ កំពុងលាងសណ្តែកបណ្តុះ ហើយគិតថាវាជាឱកាសល្អដែលអាចចាប់រំលោភនាងបាន”។
លោកបានបន្ថែមថា ពេលជននេះវាយធ្វើបាបកញ្ញា ចាន់ ស្រីរ័ត្ន នាងបានចាក់ជននេះត្រូវពោះមួយកន្ត្រៃ បន្ទាប់មកក៏កើតមានការប្រវាយប្រតប់គ្នា។ “ជនសង្ស័យបានប្រាប់នគរបាលថា ជនរងគ្រោះប្រហែលជាស្លាប់នៅក្នុងទឹកស្ទឹង ព្រោះនាងត្រូវខ្លួនវាយឲ្យសន្លប់ ហើយបន្ទាប់មកយកនាងទៅទម្លាក់ចោលនៅកណ្តាលស្ទឹង។ជននេះបានសារភាពថា ខ្លួនបានអុកនាងមួយកែងចំមុខ ហើយ បានវាយនាងត្រង់កញ្ចឹងក”។
លោកអធិការរូបនេះបានមានប្រសាសន៍បន្ថែមទៀតថា “យើងបានរកឃើញសពនៅក្នុងស្ទឹងមុខវត្តសង្កែចម្ងាយប្រហែល១គីឡូម៉ែត្រពីកន្លែងកើតហេតុ”។ ចាន់ កុសល នឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងនៅថ្ងៃេនះ៕ ស៊ុយឈាង