តុលាការក្រុងភ្នំពេញនៅថ្ងៃសុក្រនេះបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនមេបក្សប្រឆាំងគឺលោក សម រង្ស៊ី ទាក់ទិននឹងករណីបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើងជាយូរមកហើយ ដែលប្តឹងដោយ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកាលពីឆ្នាំ២០០៨ ។
លោក ហោ ណាំហុង បានប្តឹងលោក សម រង្ស៊ី ទាក់ទិននឹងសុន្ទរកថាមួយដែលលោកបាននិយាយនៅឯមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកកាលពីខែមេសាឆ្នាំនោះ ដែលនៅពេលនោះលោកបានចោទប្រកាន់លោករដ្ឋមន្ត្រីក្រសួងការបរទេស ថាបានចូលដៃជាមួយខ្មែរក្រហមពេលជាប់ពន្ធនាគារនៅឯគុកបឹងត្របែក។
តុលាការក្រុងភ្នំពេញកាលពីឆ្នាំ២០១១ បានកាត់ទោស លោក រង្ស៊ី ឲ្យជាប់ពន្ធនាគារពីរឆ្នាំ និងពិន័យជាប្រាក់ ២.០០០ដុល្លារ ហើយក្នុងឆ្នាំ២០១៣ លោក រង្ស៊ី ទម្លាក់ចោលការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ឲ្យជាប់ទោស ។ យោងតាមដីកាតុលាការក្រុងឲ្យដឹងថា មេធាវីរបស់ លោក ណាំហុង គឺលោក ការ សាវុត្ថ បានស្នើសុំនៅថ្ងៃសុក្រនេះ ថា សាលដីកាត្រូវអនុវត្ត។
ដីកានោះសរសេរថា “ដូច្នេះសម្រេចទី១ ឲ្យចាប់ខ្លួន សម រង្ស៊ី តាមអំណាចសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣។ ទី២ បង្គាប់មកកងកម្លាំងសាធារណៈឲ្យស្រាវជ្រាវរកចាប់ និងនាំខ្លួនទណ្ឌិតឈ្មោះ សម រង្ស៊ី យកទៅអនុវត្តទោសនៅពន្ធនាគារនៃក្រសួងមហាផ្ទៃ”។
ទោះបីជាលោក សម រង្ស៊ី ឥឡូវនេះស្ថិតនៅក្រៅប្រទេសក៏ដោយ ក៏អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និយាយថា មេដឹកនាំបក្សប្រឆាំងរូបនេះនឹងត្រូវចាប់ខ្លួនពេល ត្រឡប់មកប្រទេសវិញ ដែលប្រធានគណបក្សសង្គ្រោះជាតិបាននិយាយកាលពីមុនថា លោកនឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១៦ ខែវិច្ឆិកា។
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះបាននិយាយថា “តាមពិត យោងតាមសាលដីកាតុលាការ នឹងមានការចាប់ខ្លួន”។
ជាតំណាងរាស្ត្រម្នាក់ លោក សម រង្ស៊ី ទទួលបានអភ័យឯកសិទ្ធិសភា ដែលការពារពីការផ្តន្ទាទោស ប៉ុន្តែ លោក ស៊ីផាន បាននិយាយថា លោកមិនគិតថា ការនេះនឹងរារាំងការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងនេះទេ។
លោក ស៊ីផាន បាននិយាយថា “តុលាការបានសម្រេចចេញដីកាមុននឹងលោកទទួលបានអភ័យឯកសិទ្ធិ”។
លោក រង្ស៊ី មិនអាចទាក់ទងសុំការបំភ្លឺបានទេ ប៉ុន្តែតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិគឺ លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិបានឃើញដីកានោះហើយ។ លោក ឆៃអ៊ាង បានដាក់សំណួរថាហេតុអ្វី ប្រសិនបើដីកាមានសុពលភាព គេមិនបានអនុវត្ត នៅពេលដែលលោក សម រង្ស៊ី បានវិលត្រឡប់មកប្រទេសខ្មែរវិញ ដំបូងក្នុងឆ្នាំ២០១៣ បន្ទាប់ពីនិរទេសខ្លួនខ្លួនឯង នៅក្រៅប្រទេសជិត៥ឆ្នាំនោះ។
លោក ឆៃអ៊ាង បាននិយាយថា “គ្មានអ្វីគួរឲ្យរន្ធត់ ឬ គ្រោះថ្នាក់ទេ ប៉ុន្តែ គួរឲ្យអស់ សំណើច ព្រោះនៅពេលយើងអានដីកាចាប់ខ្លួន វាពាក់ព័ន្ធនឹងករណីឆ្នាំ២០០៨ ដូច្នេះ ហេតុអីគេមិនចាប់គាត់នៅពេលដែល សម រង្ស៊ី ចុះពីយន្តហោះ? គួរឲ្យអស់សំណើច ពីព្រោះជិតដាច់ឆ្នាំ២០១៥ទៅហើយ គេទើបតែចេញដីកាចាប់ ខ្លួន សម រង្ស៊ី “។
លោក ឆៃអ៊ាង បាននិយាយបន្ថែមថា វាហាក់ដូចជាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាបង្ខំឲ្យលោក រង្ស៊ី និរទេសខ្លួនម្តងទៀត ហើយធ្វើឲ្យគណបក្សប្រឆាំងគ្មានមេដឹកនាំមុននឹងការបោះឆ្នោតឃុំសង្កាត់នាឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨។
អ្នកតំណាងរាស្ត្ររូបនេះបាននិយាយថា “គេចង់បង្ហាញអំណាចរបស់គេ”។

លោក រង្ស៊ី បានទទួលការលើកលែងទោសពីព្រះមហាក្សត្រក្នុងខែកក្កដា ឆ្នាំ២០១៣ ដោយត្រួសត្រាយផ្លូវឲ្យមានការវិលត្រឡប់មកមាតុភូមិវិញរបស់លោក បន្ទាប់ពីធ្វើនិរទេសខ្លួនឯងជិត៥ឆ្នាំ ក្រោយពីតុលាការកាត់ទោសឲ្យជាប់គុក១១ឆ្នាំទាក់ទងនឹងបទចោទប្រកាន់មួយចំនួនដែលលោកធ្វើសកម្មភាពប្រឆាំងនឹងការទន្ទ្រានចូលព្រំដែនកម្ពុជាពីសំណាក់វៀតណាម។ ការលើកលែងទោសនោះទាក់ទងតែទៅនឹងភាពសកម្មនិយមរបស់លោកប៉ុណ្ណោះ។
លោក សុខ សំអឿន មេធាវីដ៏លេចធ្លោ និងជាអ្នកតស៊ូមតិផ្នែកសិទ្ធិស៊ីវិលបាននិយាយថា ភាពស្របច្បាប់នៃការចាប់លោក រង្ស៊ី ដាក់ពន្ធនាគារទាក់ទងនឹងការកាត់ឲ្យជាប់ទោសចាស់បានផ្អែកទាំងស្រុងទៅលើពាក្យពេចន៍ជាក់លាក់នៃការលើកលែងទោសនាឆ្នាំ២០១៣របស់លោក។ ទោះជាយ៉ាងនេះក្ដី លោកមេធាវីរូបនេះបាននិយាយថា មេដឹកនាំបក្សប្រឆាំងរូបនេះមិនអាចត្រូវគេចាប់ខ្លួនទេ ប្រសិនបើសភាជាតិមិនបានដកអភ័យឯកសិទ្ធិរបស់លោកជាផ្លូវការទេនោះ។
លោកមេធាវីរូបនេះបាននិយាយថា “គាត់មានអភ័យឯកសិទ្ធិពេលនេះ ដូច្នេះដីកាចាប់ខ្លួនមិនអាចប៉ះពាល់ដល់អភ័យឯកសិទ្ធិគាត់បានទេ ប្រសិនបើសភាមិនដកអភ័យឯកសិទ្ធិរបស់គាត់ទេនោះ”។
លោក សំអឿន បាននិយាយបន្ថែមថា “ឥឡូវនេះខ្ញុំច្របូកច្របល់ដែរ។ ខ្ញុំមិនដឹងទេ ប៉ុន្តែអ្វីដែលខ្ញុំបកស្រាយគឺដូច្នេះ ប្រសិនបើគាត់មានអភ័យឯកសិទ្ធិ វាមានន័យសម្រាប់អ្វីគ្រប់យ៉ាង។ ប៉ុន្តែប្រហែលជារដ្ឋាភិបាល ឬតុលាការយល់ឃើញខុសពីនេះ។ គេមានអំណាចជាងខ្ញុំក្នុងការបកស្រាយច្បាប់”។
លោក ស៊ីផាន បាននិយាយថា រដ្ឋាភិបាលពិតជាយល់ឃើញខុសគ្នា។ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះបាននិយាយថា ការអត្ថាធិប្បាយរបស់លោក រង្ស៊ី នៅឯជើងឯកក្នុងឆ្នាំ២០០៨ គឺជាការប្រមាថ ហើយមិនចាត់ទុកថាជាសម្ដីដែលទទួលបានការការពារស្ថិតក្រោមមាត្រារដ្ឋធម្មនុញ្ញដែលផ្ដល់នូវអភ័យឯកសិទ្ធិអង្គនីតិប្បញ្ញត្តិទេ។
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះបាននិយាយថា “អភ័យឯកសិទ្ធិមិនទាក់ទងនឹងរឿងនេះទេ។ អ្នកអាចពិនិត្យមើលជាមួយសភាជាតិ។ អភ័យឯកសិទ្ធិការពារអ្នកគឺផ្នែកនយោបាយ រឿងនយោបាយដែលអ្នកមានសិទ្ធិនិយាយអ្វីមួយដែលទាក់ទងនឹងបញ្ហានយោបាយ ប៉ុន្តែការបរិហាកេរ្តិ៍ និងការប្រមាថមិនទទួលបានការការពារពីអភ័យឯកសិទ្ធិទេ”។
លោក ណាំហុង បង្ហាញជាយូរមកហើយថា លោកមិនចង់ដឹងចង់ឮការចោទប្រកាន់ដែលថា លោកចូលដៃជាមួយខ្មែរក្រហមនៅឯជំរំបឹងត្របែកនោះទេ ដែលបានតាមយាយីលោកក្នុងជីវិតអាជីពនយោបាយរបស់លោក។ លោក ណាំហុង បានប្ដឹងជាច្រើនទាំងនៅកម្ពុជា និងប្រទេសបារាំងចំពោះអ្នកដែលអះអាងដូច្នោះ រួមមានអ្នកកាសែត អ្នកនយោបាយ និងព្រះមហាក្សត្រ នរោត្តម សីហនុ ជាដើម។
សុន្ទរកថារបស់លោក រង្ស៊ី កាលពីឆ្នាំ២០០៨ ដែលលោកបាននិយាយនៅឯការរំឭកខួបការចូលកាន់កាប់ក្រុងភ្នំពេញរបស់របបខ្មែរក្រហម បានវាយប្រហារគណបក្សប្រជាជនកម្ពុជាចំពោះការទទួលយកអតីតសមាជិកខ្មែរក្រហមជាច្រើនរូប រួមមានលោក ណាំហុង ដែលលោកបានចោទថា ធ្វើការជាប្រធានជំរំបឹងត្របែក។
នៅក្នុងសារទូរលេខស្ថានទូតអាមេរិកដែលផ្ញើភ្លាមៗបន្ទាប់ពីការប្ដឹងផ្ដល់នោះ លោក ចូសេហ្វ មូសូមីលី អតីតឯកអគ្គរដ្ឋទូតបានរៀបរាប់អំពីជួបជាមួយលោក ហោ ណាំហុង ដែលបានបញ្ជាក់ថា ការប្ដឹងលោក សម រង្ស៊ី គឺជាមធ្យោបាយតែមួយគត់ដើម្បីរក្សាកិត្តិយសរបស់លោក។
សារទូរលេខបានសរសេរថា “លោករដ្ឋមន្ត្រីក្រសួងការបរទេសមានវ័យចំណាស់ និងរឹងត្អឹងដោយមានប្រសាសន៍ថា លោកយល់អំពីផលប៉ះពាល់ជាអវិជ្ជមាននៃការប្ដឹងមុននឹងឈានទៅដល់ការបោះឆ្នោតជាតិ ហើយលោកក៏បានស្នើឲ្យលោកឯកអគ្គរដ្ឋទូតនិយាយជាមួយ រង្ស៊ី ដើម្បីស្វែងរកការសម្របសម្រួលជាជាងក្ដីក្ដាំដែលលោកបានមានប្រសាសន៍ថា លោកដាក់ពាក្យប្ដឹងដោយស្ទាក់ស្ទើរក្នុងចិត្តដើម្បីការពារកិត្តិយសរបស់លោក”។
សារទូរលេខបានសរសេរបន្ថែមថា លោក ណាំហុង បាននិយាយម្នាក់ឯងដោយក្ដុកក្ដួលក្នុងចិត្តគឺស្ទើរតែស្រក់ទឹកភ្នែកទាក់ទងនឹងការឈឺចាប់របស់លោកនៅឯជំរំគុក និងភាពអយុត្តិធម៌នៃសម្ដីរបស់លោក រង្ស៊ី។
សារទូរលេខស្ថានទូតបានសរសេរថា ទោះបីច្បាស់ថា លោក ណាំហុង គឺជាប្រធានគណៈកម្មការនៅបឹងត្របែក ដែលអ្នកកាទូត និងនិស្សិតជាច្រើនត្រូវគេបញ្ជូនទៅទីនោះបន្ទាប់ពីហៅឲ្យវិលត្រឡប់ពីបរទេសវិញដោយរបប ប៉ុល ពត ក៏ដោយ គឺមិនមានភ័ស្តុតាងជាក់លាក់ដើម្បីគំាទ្រការចោទប្រកាន់របស់លោក សម រង្ស៊ី ដែលថា លោករដ្ឋមន្ត្រីក្រសួងការបរទេសបានដើរតួជាមន្ត្រីដែលធ្វើទារុណកម្មអ្នកទោសទេ។
ទាំងអ្នកនាំពាក្យក្រសួងការបរទេស ទាំងមេធាវីរបស់លោក ណាំហុង គឺលោក ការ សាវុត្ថ មិនអាចទាក់ទងបានកាលពីថ្ងៃសុក្រដើម្បីពន្យល់ថា ហេតុអ្វីបានជាលោករដ្ឋមន្ត្រីក្រសួងការបរទេសជ្រើសរើសពេលនេះដើម្បីស្នើឲ្យតុលាការអនុវត្តសាលដីកានោះ។
ទោះជាយ៉ាងនេះក្ដី ភាពល្អូកល្អិនផ្នែកនយោបាយរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក រង្ស៊ី បានរង្គោះរង្គើកាលពីប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដោយគណបក្សប្រជាជនកម្ពុជារៀបចំការតវ៉ាប្រឆាំងនឹងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ រួមមានទាំងទាហានឈរជើងនៅតាមព្រំដែន និងក្រុមយុវជនដែលគាំទ្រគណបក្សកាន់អំណាចនៅក្នុងក្រុងភ្នំពេញ។
នៅឯការតវ៉ាកាលពីចុងខែមុន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបត្រូវគេទាញទម្លាក់ពីរថយន្តរបស់ពួកលោក ហើយវាយដំច្រំធាក់ដោយបាតុករមួយក្រុម រួមមានទាហានបីនាក់ដែលត្រូវបានចាប់ខ្លួនទាក់ទងនឹងការវាយដំនោះ។ ប៉ុន្មានថ្ងៃក្រោយមក លោក សុខា ត្រូវដកចេញពីតំណែងអនុប្រធានសភាដោយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដែលអ្នកសង្កេតការណ៍ជាច្រើននិយាយថាជារឿងខុសច្បាប់។
នៅក្នុងសុន្ទរកថាកាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយប្រហារធ្ងន់ៗទៅលើលោក រង្ស៊ី ដោយហៅមេបក្សប្រឆាំងរូបនេះថា “កូនអាក្បត់ជាតិ” ហើយរំឭកលោក រង្ស៊ី ថា លោកនៅមានរឿងក្តីតុលាការនៅបើកចំហប្រឆាំងនឹងមេដឹកនាំគណបក្សប្រឆាំងរូបនេះចំពោះការធ្វើឲ្យខូចខាតទ្រព្យសម្បត្តិកាលពីឆ្នាំ ២០១៤។ លោកនាយករដ្ឋមន្ត្រីក៏បានគំរាមថា នឹងមានរឿងក្ដីបរិហារកេរ្តិ៍ថ្មីប្រឆាំងនឹងមេដឹកនាំបក្សប្រឆាំងរូបនេះ បន្ទាប់ពីលោក រង្ស៊ី អះអាងថា គណបក្សប្រជាជនកម្ពុជាមានគម្រោងលុបចោលការបោះឆ្នោតនៅពេលខាងមុខ។
ទោះបីជាលោក ហ៊ុន សែន មិនបានលើកឡើងអំពីករណីជើងឯកក៏ដោយ ក៏លោកបានព្រមានថា “ឯកឧត្ដមតែងតែបង្កើតនូវចលាចល ហើយខ្ញុំសូមបញ្ជាក់ សំណុំរឿងរបស់ឯកឧត្ដមមិនទាន់ចប់ទេ។ កុំភ្លេចថា ទាំងឯកឧត្ដម ទាំង កឹម សុខា និងអ្នកដទៃទៀតមិនទាន់រួចខ្លួនទេ កុំថាខ្ញុំគំរាម។
ទោះជាយ៉ាងនេះក្ដី លោក ស៊ីផាន បានបញ្ជាក់ថា ពេលវេលានៃការចេញដីកាកាលពីថ្ងៃសុក្រគឺគ្រាន់តែជារឿងគាប់ជួនប៉ុណ្ណោះ ហើយគ្មានអ្វីទាក់ទងនឹងការកើនឡើងនៃភាពតានតឹងផ្នែកនយោបាយនាពេលថ្មីៗនេះរវាងមេបក្សទាំងពីរទេ។
លោក ស៊ីផាន បាននិយាយថា “ដីកានោះផ្អែកទៅលើតុលាការ។ តុលាការអាចចេញដីកាពេលណាក៏បាន។ កុំធ្វើឲ្យលោកនាយករដ្ឋមន្ត្រីពាក់ព័ន្ធនឹងរឿងនោះ៕ រើន
(រាយការណ៍បន្ថែមដោយ Julia Wallace និង Colin Meyn)