តំណាង១៤សហគមន៍ជនជាតិដើមភាគតិចនៅខេត្តរតនគិរីបានទទួលយកលុយ១.៧០០ដុល្លារអាមេរិកក្នុងសហគមន៍នីមួយៗកាលពីថ្ងៃសុក្រពីក្រុមហ៊ុនចម្ការកៅស៊ូវៀតណាម ហួងអាញ់ យ៉ាឡៃ ដើម្បីទិញក្របីមួយក្បាល និងប្រារព្ធពិធីសែនព្រេនអ្នកតា ដែលទទួលរងការរំខានពីចម្ការកៅស៊ូរបស់ក្រុមហ៊ុននេះ។
លុយកាក់នោះបានប្រគល់ជូនក្នុងកិច្ចប្រជុំដែលរៀបចំដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិដែលដាក់វិនិយោគរាប់លានដុល្លារអាមេរិកទៅក្នុងមូលនិធិវិនិយោគវៀតណាម ដោយមានភាគហ៊ុននៅក្នុងក្រុមហ៊ុន ហួងអាញ់ យ៉ាឡៃ នៅឯភោជនីយដ្ឋានមួយក្នុងក្រុងបានលុង គឺជាវិធានការមួយដែលអ្នកភូមិ និងអង្គការសិទ្ធិមនុស្សចាត់ទុកថាជាជំហានវិជ្ជមាន។
អ្នកភូមិប្រមាណ១.៦០០គ្រួសារបានចោទប្រកាន់ក្រុមហ៊ុន ហួង អាញ់យ៉ាឡៃ ដែលមានចម្ការកៅស៊ូបីកន្លែងដាច់ដោយឡែកពីគ្នានៅក្នុងស្រុកអូរជុំ និងអណ្ដូងមាសថា បានលួចដីធ្លី ធ្វើឲ្យខូចស្ទឹងទន្លេ និងបំផ្លិចបំផ្លាញទីកប់ខ្មោចដូនតា។ ក្រុមហ៊ុនបានយល់ព្រមប្រគល់ដីចំនួន១០.០០០ហិកតាដែលខ្លួនមិនទាន់បានដាំដុះជូនអ្នកភូមិវិញ។
លោក សូ សុផាត អ្នកតំណាងម្នាក់របស់សហគមន៍ទំពូននៅឃុំម៉ាលិក ស្រុកអណ្ដូងមាស បានសម្ដែងការពេញចិត្តកាលពីថ្ងៃសុក្រថា ក្រុមហ៊ុន ហួងអាញ់ យ៉ាឡៃ បានទទួលស្គាល់កំហុសរបស់ខ្លួន។ អ្នកតំណាងរូបនេះបាននិយាយថា សហគមន៍ជនជាតិទំពូនបានលៃលកប្រាក់ប្រហែល១.២០០ដុល្លារសម្រាប់ទិញក្របីមួយក្បាលទម្ងន់៤០០គីឡូក្រាមដើម្បីបូជាយញ្ញ ចំណែកឯសល់៥០០ដុល្លារទៀតសម្រាប់ទិញម្ហូបអាហារ និងស្រាដើម្បីសែនព្រេនដល់អ្នកតា។
លោក សុផាត បាននិយាយថា “លុយដែលយើងបានទទួលមិនមែនជាសំណងទេ ប៉ុន្តែជាការទទួលស្គាល់ថា គេរំលោភលើដីដូនតារបស់យើង។ យើងនឹងយកលុយទិញក្របីមួយក្បាល និងម្ហូបអាហារ ហើយប្រារព្ធពិធីសុំទោសដូនតា និងព្រៃអារក្ខ។ យើងមិនពេញចិត្តទាំងស្រុងទេ ពីព្រោះយើងចង់បានដីធ្លីមកសហគមន៍យើងវិញ”។
លោក អៀង វុទ្ធី នាយកអង្គការសមធម៌កម្ពុជា ដែលបានជួយជ្រោមជ្រែងសហគមន៍ក្នុងការប្រឆាំងនឹងការទន្ទ្រានលើដីធ្លីរបស់ពួកគេ បាននិយាយថា ការទទួលស្គាល់កំហុសពីសំណាក់ក្រុមហ៊ុន ហួងអាញ់ យ៉ាឡៃ គឺគ្រាន់តែជាជំហានដំបូងក្នុងការប៉ះប៉ូវដល់សហគមន៍ដែលទទួលរងផលប៉ះពាល់ពីចម្ការកៅស៊ូប៉ុណ្ណោះ។
លោក វុទ្ធី បាននិយាយថា “អនុប្រធានធនាគារពិភពលោក អនុប្រធានក្រុមហ៊ុន [ហួងអាញ់ យ៉ាឡៃ] និងអភិបាលរងខេត្តមួយរូបមានវត្តមាននៅទីនេះ ហើយយើងក៏ពិភាក្សាអំពីគម្រោងបន្តទៀត ដើម្បីរក្សាប្រភពទឹកដែលធ្វើឲ្យខូចដោយក្រុមហ៊ុន ហើយកំណត់ព្រំដែនចម្ការកៅស៊ូ និងភូមិអ្នកស្រុក។ នឹងមានដំណើរទស្សនកិច្ចរួមគ្នាមួយនៅខែធ្នូ ដើម្បីជំរុញផែនការទាំងនោះឲ្យដំណើរការ”។
សួរថាហេតុអ្វីគេបណ្ដោយឲ្យក្រុមហ៊ុនអភិវឌ្ឍហួសព្រំដែនដីសម្បទាន លោក យឹម ផាន អភិបាលរងខេត្តដែលបានចូលរួមក្នុងពិធីកាលពីថ្ងៃសុក្រ បាននិយាយថា រឿងបែបនោះពិបាកនឹងរកឲ្យឃើញណាស់។
លោក យឹម ផាន បាននិយាយថា “ក្រុមហ៊ុនមិនមែនមកបង្កើតវិនិយោគនេះតែមួយថ្ងៃទេ។ វាប្រើពេលយូរណាស់”៕ រើន