ទាហានម្នាក់ដែលត្រូវបានចាប់ខ្លួនកាលពីសប្ដាហ៍មុនដោយសារជាជនសង្ស័យម្នាក់ក្នុងហេតុការណ៍សម្លាប់មន្ត្រីនគរបាលម្នាក់ និងអនុរក្សព្រៃឈើម្នាក់ទៀតកាលពីពេល ថ្មីៗនេះនៅក្នុងខេត្តព្រះវិហារនោះបានចាប់ផ្ដើមអនុវត្តទោសជាប់ពន្ធនាគាររយៈពេល១០ឆ្នាំពីបទប្លន់ប្រដាប់អាវុធជាច្រើនឆ្នាំមកហើយ។
លោក ចាន់ លឿង ទាហាននៅកងពលតូចលេខ៩នៅក្នុងកងពលធំលេខ៣នៃកងយោធពលខេមរភូមិន្ទ ត្រូវបានចាប់ខ្លួនកាល ពីថ្ងៃអង្គារ ដោយសង្ស័យថា ជននេះជាប់ពាក់ព័ន្ធនៅក្នុងហេតុការណ៍សម្លាប់លោក សៀង ណារ៉ុង អនុរក្សព្រៃឈើប្រចាំស្រុកឆែបរបស់រដ្ឋបាលព្រៃឈើ និងលោក សាប់ យស់ មន្ត្រីនគរបាលស្រុកឆែបកាលពីថ្ងៃទី៧ខែវិច្ឆិកា។
បុរសទាំងពីរនាក់នេះបានចូលរួមល្បាតនៅព្រៃព្រះរកានៅយប់មួយ ស្វែងរកអ្នកកាប់ឈើខុសច្បាប់ ហើយត្រូវបានបាញ់ស្លាប់ពេលកំពុងដេកលង់លក់ដោយជនដៃដល់មួយក្រុមដែលបានគេចខ្លួនពីកន្លែងកើតហេតុ។
កាលពីម្សិលមិញ លោក លី លន់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ បានមានប្រសាសន៍ថា លោក ចាន់ លឿង មិនទាន់ត្រូវបានចោទប្រកាន់ពាក់ព័ន្ធការសម្លាប់បុរសទាំងពីរនាក់នេះនៅឡើយទេ ប៉ុន្តែបានចាប់ផ្ដើមអនុវត្តទោសជាប់ពន្ធនាគារពីបទប្លន់ប្រដាប់អាវុធកាលពីឆ្នាំ២០០១ ដែលតុលាការបានកាត់ទោសកំបាំងមុខ។
លោកបានថ្លែងថា “តុលាការបានផ្ដន្ទាទោសជននេះឲ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ។ យើងទើបតែបានរកឃើញថា ជននេះបម្រើការនៅកងពលតូចលេខ៩ បន្ទាប់ពីមន្ត្រីទាំងពីរនាក់នេះ ត្រូវបានបាញ់ស្លាប់តែប៉ុណ្ណោះ។ យើងសង្ស័យថា ជននេះបានបាញ់សម្លាប់មន្ត្រីទាំងពីរនាក់នោះ ប៉ុន្តែជននេះបានបដិសេធ”។
លោក លី លន់ បានថ្លែងថា កាលពីឆ្នាំ២០១១ ទាហានរូបនេះ និងបុរសបីនាក់ទៀតដែលកំពុងរត់គេចខ្លួននៅឡើយ បានប្លន់គ្រួសារមួយយកមាសអស់ជាច្រើន ហើយថាមិនមាននរណាម្នាក់រងរបួសទេ។
លោកបានថ្លែងថា តុលាការនៅតែចោទប្រកាន់ជននេះពីបទមនុស្សឃាតកាលពីពេលថ្មីៗនេះដដែល ប៉ុន្តែរង់ចាំរបាយការណ៍ ពីនាយកដ្ឋានកណ្ដាលយុត្តិធម៌នៃនគរបាលជាតិដែលកំពុងស៊ើបអង្កេតករណីនេះ។
លោក អុិន បូរ៉ា ដែលជាប្រធាននាយកដ្ឋាននេះបានមានប្រសាសន៍ថា មន្ត្រីរបស់លោកកំពុងធ្វើការលើរឿងនេះដើម្បីរៀបចំរបាយការណ៍។
កាលពីសប្ដាហ៍មុន មន្ត្រីនគរបាលម្នាក់ដែលកំពុងល្បាតក្នុងព្រៃ ហើយបានរងការវាយប្រហារ ប៉ុន្តែបានរត់រួចខ្លួនដោយត្រូវគ្រាប់កាំភ្លើងរងរបួសស្រាលនោះបានប្រាប់អ្នកយកព័ត៌មានថា លោក ចាន់ លឿង បានគំរាមសម្លាប់គាត់ប្រហែល១ខែមុន បន្ទាប់ពីកូនប្រសារបស់គាត់ត្រូវបានចាប់ខ្លួនពីបទកាប់ឈើខុសច្បាប់។
បុរសប្រាំមួយនាក់រួមទាំងទាហានកងពលតូចលេខ៩ម្នាក់ទៀត ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៨ ខែវិច្ឆិកា ដោយសារជនសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើមនុស្សឃាតទាំងពីរនោះ៕ សារុន