34 C
Phnom Penh

ទាហាន​កង​យោធពល​ខេមរភូមិន្ទម្នាក់​ត្រូវ​បាន​ខ្មាន់​​​កាំភ្លើង​​​បាញ់​សម្លាប់​នៅក្នុង​ខេត្ត​បាត់​ដំបង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​កាលពីម្សិលមិញ​ថា ទាហាន​កង​យោធពល​ខេមរភូមិន្ទ​ម្នាក់​​ត្រូវ​បាន​​​បាញ់​ចំក្បាល​​កាលពី​យប់​ថ្ងៃ​សៅរ៍ ខណៈ​ពេល​កំពុង​ដេក​លង់​លក់​​នៅ​ក្នុង​ផ្ទះ​ដែល​គាត់​រស់​នៅ​ជាមួយ​ប្រពន្ធ​ និង​កូន​បួន​នាក់ក្នុង​ខេត្ត​បាត់​ដំបង។

​លោក ចិត្រ វណ្ណី ស្នង​ការ​រង​នគរ​បាល​ខេត្ត​​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក លី ​ជនឈុន ​អាយុ​៤៧​ឆ្នាំជា​ពលបាល​​នៅ​កង​វរសេនាតូច​លេខ​៥៣​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ​ឈរ​ជើង​នៅក្នុង​​ឃុំ​បួរ ស្រុក​​ភ្នំព្រឹក ​បាន​ស្លាប់​ដោយ​ត្រូវ​គ្រាប់​​​កាំភ្លើង​មួយ​​​​គ្រាប់​ចំ​ក្បាល​។

លោក​បាន​ថ្លែង​ថា “​ជន​រង​គ្រោះ​ជា​ទាហាន​ រូប​នេះ​​ត្រូវ​គ្រាប់​​ត្រង់​ផ្នែក​ខាង​ស្ដាំ​នៃ​ក្បាល​ ហើយ​​ធ្លាយ​​​​​ក្រោម​ត្រចៀក​ឆ្វេង បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ”។ លោក​បាន​បន្ថែម​ថា អំពើ​មនុស្ស​ឃាត​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​៦និង​៤០​នាទី​ល្ងាច​ ហើយ​ថា ​នគរ​បាល​បាន​​ទទួល​ដំណឹង​នេះ​ពី​ក្រុម​គ្រួសារ​របស់​គាត់​។

លោក សុង សុភ័ក្ត្រ ​អធិការ​នគរ​បាល​ស្រុក​បាន​មាន​ប្រសាសន៍​ថា នគរ​បាល​កំពុង​ស្វែង​រក​ខ្មាន់​កាំភ្លើង ហើយ​បាន​កំណត់​ថា ជន​នេះ​បាន​ប្រើ​កំាភ្លើង​ខ្លី​ កា-៥៤ ក្នុង​ការ​​បាញ់​សម្លាប់​នេះ។

លោក​បាន​ថ្លែង​ថា “​អង្គភាព​ស៊ើប​អង្កេត​របស់​យើង​កំពុង​​​ធ្វើ​ការ​ស៊ើបអង្កេត ប៉ុន្តែ​មិន​ទាន់​កំណត់​បាន​អត្តសញ្ញាណ​ខ្មាន់​កាំភ្លើង​នៅ​ឡើយ​ទេ”។ លោក​បាន​បន្ថែម​ថា នគរ​បាល​​មិន​ ទាន់​​មាន​តម្រុយ​ថា​តើ​​មូល​ហេតុ​អ្វី​​​បណ្ដាល​ឲ្យ​មាន​ការ​​បាញ់​សម្លាប់​នេះ​ឡើយ​៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស