27.5 C
Phnom Penh

លោក សម រង្ស៊ី ​ប្រធាន​គណ​​បក្ស​​ប្រឆាំងលើក​​​ពេល​​​វិល​​​ត្រឡប់ពីកូរ៉េ​​​ខាង​​​ត្បូ​​​ង​​​មក​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​សន្យា​​​ជា​សាធារណៈ លោក សម រង្ស៊ី មេដឹក​​នាំ​​​គណបក្ស​ប្រឆាំង​បាន​លុប​ចោល​គម្រោង​វិល​​​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​យប់​មិញ តែ​ថា ​លោក​​នឹង​វិល​ត្រឡប់​​​មក​​​វិញ​​ “ក្នុង​​​​ពេលឆាប់ៗ​​” ដោយ​បដិសេធ​មិនធានា​ថា រយៈ​​​ពេល​នៃការស្នាក់​​នៅ​ក្រៅ​ប្រទេស​​​​របស់​លោក​​​​​នឹង​មិន​អូស​បន្លាយ​ពេល​​រហូត​ដល់​​រាប់​សប្ដាហ៍​​​ឬ​រាប់​​ខែ។

លោក សម រង្ស៊ី ដែល​ប្រឈម​​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២​ឆ្នាំ​ពាក់​ព័ន្ធ​ការ​​ផ្ដន្ទា​ទោស​ពីបទ​បរិហារកេរ្តិ៍​កាលពី​ឆ្នាំ​២០១១​ បាន​ប្រកាស​ការ​លុប​ចោល​នេះ​នៅ​ពេល​រសៀល​​​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​​ ពោល​​​​​គឺ​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ​​​​បន្ទាប់​ពីមាន​ការ​​គិតទុក​​ ថា​តើ​លោក​នឹង​​មាន​ការ​ទទួល​​​​ខុស​ត្រូវ​ជាង​មុន​នៅ​ក្នុង​អាជីព​​របស់​លោក​ ហើយ​ត្រឡប់​​​មក​ប្រឈម​ការ​ចាប់​ខ្លួន​ជា​លើក​ដំបូង​ពាក់​ព័ន្ធ​សំណុំរឿង​ព្រហ្មទណ្ឌ​​​​នយោបាយ​ឬយ៉ាងណានោះ​​។

​ដោយ​សន្យា​អំឡុង​​ពេល​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​កាលពី​ថ្ងៃ​សៅរ៍​​ថា នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​តាម​ការ​គ្រោង​ទុក ”​ទោះបី​ជា​ខ្ញុំ​ស្លាប់​ក៏ដោយ” មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​ជាច្រើន​​ ក៏ដូច​ជា​អ្នក​អង្កេតការណ៍​មាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង ដោយ​ការ​បង្ហាញ​​​ពី​ការ​តាំង​ចិត្ត​របស់​លោក​​ក្នុង​ការ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​​។

ប៉ុន្តែ​ប្រហែល​​​៧ម៉ោង​​ មុន​ពេល​​ដល់​ម៉ោង​​​​​​ត្រូវ​​ចេញ​ដំណើរ​ពី​ទីក្រុង​សេអ៊ូល​មក​វិញ ​លោក សម​ រង្ស៊ី បាន​ចេញ​​សេចក្ដី​ប្រកាស​​​មួយ​​ដោយ​លុប​ចោល​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក​។

លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា “ខ្ញុំ​មិនទាន់​មក​ដល់​​​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​រាត្រី​នេះ​ទេ [នៅ​ម៉ោង​១០​និង​២០​នាទី​] តែ​នឹង​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់ៗ​​​ខាង​មុខ​នេះ”។

លោក សម រង្ស៊ី បាន​លើក​​ឡើង​ថា ការ​សម្រេច​លុប​ចោល​ផែនការ​ភ្លាមៗ​របស់​លោក និង​ការ​វិល​ត្រឡប់​​មក​កម្ពុជា​វិញ​ធ្វើ​ឡើង​បន្ទាប់​ពី​ “បាន​ពិគ្រោះ​យោបល់​ជាមួយ​សហការី​នៅ​កម្ពុជា​ និង​​អង្គការ​អន្តរជាតិ​​ទ្រទ្រង់​លទ្ធិប្រជាធិបតេយ្យ​មួយ​ចំនួន​”។

លោក​​លើក​ឡើង​ទៀត​ថា ការ​​ពិគ្រោះ​យោបល់​នោះ​​​គឺ​ ”​បាន​ស្នើ​ឲ្យ​ខ្ញុំ​លៃលក​​មក​ដល់​ភ្នំពេញ​​ពេល​ថ្ងៃ​ចៀសវាង​ពេល​យប់​ ហើយ​​​បាន​ស្នើ​ឲ្យ​ខ្ញុំទុក​ពេល​បន្តិច​ឲ្យ​មជ្ឈដ្ឋាន​ការ​​ទូត និង​មិត្ត​បរទេស​មួយ​ចំនួន​​មាន​ពេល​ធ្វើ​អន្តរាគមន៍​​​រក​ដំណោះ​ស្រាយ​ដោយ​សន្តិ​វិធី​ចំពោះ​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា​​ថ្មីៗ​នេះ​នៅ​ប្រទេស​កម្ពុជា​”។

ពេល​និយាយ​តាម​ទូរស័ព្ទ​ពី​ទីក្រុង​សេអ៊ូល​ លោក សម រង្ស៊ី បាន​​លើក​ឡើង​ថា លោក​បាន​លុប​ចោល​ការ​​វិល​ត្រឡប់​​មក​វិញ​របស់​លោក បន្ទាប់ពី​តំណាង​រាស្ត្រ​ម្នាក់​​បាន​ទូរស័ព្ទ​​ប្រាប់​​អំពី​អំពើ​ហិង្សា​​​អាច​នឹង​កើត​មាន​​ក្នុង​ពេល​ឆាប់ៗ​​ ដែល​​​លោក​ជឿថា ទីបំផុត​នឹង​អាច​​ធ្វើ​ឲ្យ​រដ្ឋាភិបាល​​​មានលេស​ពន្យារពេល​​ការ​បោះ​ឆ្នោត​​​​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨​។

លោក​ សម​ រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “​នៅ​តាម​​ផ្លូវ​​​​ទៅ​អាកាសយានដ្ឋាន​ក្នុង​​ទីក្រុង​​អុីងឈ័ន ជិត​ទីក្រុង​សេអ៊ូល​​ ខ្ញុំ​ទទួល​បាន​ការ​ហៅ​ទូរស័ព្ទ​​ពី​លោក អេង ឆៃអ៊ាង ដែល​បាន​​​​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ដែល​មាន​​វត្តមាន​សមា​ជិក​​សភា​​​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​​ ហើយ​ពួកគាត់​បាន​ធ្វើ​ការ​ស្នើ​ជា​ឯកច្ឆន្ទ​​​សុំ​ឲ្យ​ខ្ញុំ​ពន្យារ​ពេល​ត្រឡប់​មក​វិញ​”។

លោក​បាន​បន្ថែម​ថា ​”​ពួកគាត់​ព្រួយ​បារម្ភ​​អំពី​ការ​ប្រឈម​នឹង​អំពើ​ហិង្សា​ ពីព្រោះ​ពួកគាត់​ទទួលបាន​​ព័ត៌មាន​អំពី​អ្វី​ដែល​អាច​នឹង​កើត​ឡើង​​ ខណៈ​ [លោក​នាយក​រដ្ឋមន្ត្រី] ហ៊ុន សែន បាន​អំពាវ​នាវ​ឲ្យ​អ្នក​គាំទ្រ​​គណ​បក្ស​ប្រជាជន​កម្ពុជា​ឆ្លើយ​តប​រាល់​សកម្មភាព​​​​របស់​អ្នក​គាំទ្រ​​គណបក្ស​សង្គ្រោះជាតិ​។ ​គណ​បក្ស​​កាន់​អំណាច​ចង់​ពន្យារ​ពេល​​ដំណើរ​ការ​បោះ​ឆ្នោត ហើយ​ការ​ពន្យារ​ពេល​ដំណើរ​ការ​​​បោះ​ឆ្នោត​នេះ​​ នឹង​ធ្វើ​ឲ្យ​មាន​​​ឧប្បត្តិ​ហេតុ​​ និង​ការ​កើន​ឡើង​​​នៃ​អំពើ​ហិង្សា​ដែល​នឹង​​​ធ្វើ​ឲ្យ​ពួកគេ​មាន​លេស​​រំលាយ​គណបក្ស​សង្គ្រោះ​​​​ជាតិ​ ឬ​​ពន្យារ​ពេល​ដំណើរ​ការ​បោះ​ឆ្នោត​”។

​លោក​​បន្ថែម​ទៀត​ថា “​យើង​មិន​​បណ្តោយ​​​​​​​​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ពិសេស​លោក ហ៊ុន​ សែន ​មានលេស​ពន្យារ​ដំណើរ​ការ​បោះ​​​​ឆ្នោត​​បាន​ឡើយ​។ យើង​ត្រូវ​តែ​សិក្សា​ឲ្យ​បាន​​​​ច្បាស់អំពីគោលបំណងនេះ​​​។ បញ្ហា​ដែល​នៅ​​​សេស​សល់​គឺ​ជារឿង​​បន្ទាប់​បន្សំ​”។

cam-photo-rainsy-channa-WEB-ONLY-800x533លោក សម រង្ស៊ី បាន​លើក​ឡើង​​ដដែល​ថា លោក​​មាន​​គម្រោង​​វិល​ត្រឡប់​មក​វិញ​​ក្នុង​ពេល​ឆាប់ៗ​ ប៉ុន្តែ​បាន​បដិសេធ​មិន​ហ៊ាន​ធានា​ថា រយៈ​​ពេល​ស្នាក់​នៅ​ក្រៅ​​ប្រទេស​របស់​​​លោក​នឹង​មិន​នៅ​យូរ​ប៉ុណ្ណា​​ទៀតទេ​ ​ដូច​​ដែល​​​ធ្លាប់មាន​នៅក្នុង​ករណី​ស្រដៀង​គ្នា​​កាលពី​ពីរ​ទសវត្សរ៍មុន​។

លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា “​យើង​​​​នឹង​ចាំមើល​។ ដរាប​ណា​នៅ​តែ​មាន​ការ​ប្រឈម​​​​នឹង​អំពើ​ហិង្សា​ និង​ការ​កើន​ឡើង​នៃ​អំពើ​​ហិង្សា​​​ ​​យើង​ត្រូវ​តែ​ទុក​ពេល​ឲ្យ​វា​ស្ងប់​ទៅ​វិញ។ លោក ​​​ហ៊ុន សែន ហាក់បី​ដូច​ជា​ស្ថិត​ក្នុង​ស្ថានភាព​មួម៉ៅ​ខ្លាំង​​​ដោយ​ពោរពេញ​ទៅ​ដោយ​ភាព​តក់​ស្លុត និង​កំហឹង​ដែល​​ធ្វើ​ឲ្យ​គាត់​បាត់​បង់​ហេតុ​ផល​របស់​ខ្លួន​”។

លោក កែវ ភិរម្យ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​​បាន​​​មក​ជួបជុំ​គ្នា​ដើម្បី​ស្នើ​ឲ្យ​លោក សម រង្ស៊ី កុំ​​ត្រឡប់​មក​វិញ​​នៅ​យប់​មិញ​ ដោយ​ខ្លាច​ក្រែង​គណបក្ស​ប្រជាជន​កម្ពុជា​អាច​​ដាក់​ពង្រាយ​​​ម្ដង​ទៀត​​នូវ​ក្រុម​ស្លៀក​ពាក់​ស៊ីវិល​​ដែល​​វាយ​​​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​​​ពីរ​រូប​ឲ្យ​របួស​ធ្ងន់​កាលពី​ចុង​ខែ​មុន​​នៅ​ខាង​ក្រៅ​រដ្ឋសភា។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​ព្រួយ​​​​បារម្ភ​អំពី​សុវត្ថិភាព​របស់​គាត់​ ពេល​គាត់​ត្រឡប់​​​​មក​វិញ​នៅ​ពេល​យប់​ ហើយ​យើង​​ព្រួយ​បារម្ភ​​អំពី​អ្នក​គាំទ្រ​ដែល​អាច​ជាប់​ពាក់​ព័ន្ធ​​នៅ​ពេល​​​​​​​យប់​ងងឹត​ ហើយ​​​អាច​បាត់​បង់​ការ​​គ្រប់គ្រង​”។ លោក​បាន​បន្ថែម​ថា “គាត់​ដឹង​ថា គាត់​នឹង​ត្រូវ​គេ​ចាប់​ដាក់​ពន្ធនាគារ​ពេល​មក​ដល់ ប៉ុន្តែ​​​​គាត់​​គិត​គូរ​អំពី​សុវត្ថិភាព និង​ការ​គ្មាន​អំពើ​ហិង្សា”។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិនៃ​គណៈ​កម្មការ​​ដើម្បី​ការ​បោះ​ឆ្នោត​​ដោយ​សេរី និង​យុត្តិធម៌នៅ​កម្ពុជា (ខុមហ្វ្រែល) បាន​លើក​ឡើង​ថា លោក​ជឿជាក់​​ថា លោក សម រង្ស៊ី ​​សង្ឃឹម​ថា នឹង​អាច​ចរចា​រក​ដំណោះ​ស្រាយ​ជាមួយ​គណបក្ស​​ប្រជាជន​កម្ពុជា​មុន​ពេល​ត្រឡប់​មក​វិញ ប៉ុន្តែ​ថា មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​​​​​​ប្រថុយ​នឹង​ការ​មើល​ឃើញ​​ភាព​មិន​ស្មោះ​ត្រង់​។

លោក​បាន​មាន​ប្រសាសន៍​ថា “​គាត់​សង្ឃឹម​​ថា នឹង​មាន​ការ​ចរចា​មួយ​ចំនួន​រវាង​គណបក្ស​សង្គ្រោះជាតិ និង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណ​​បក្ស​ប្រជាជន​កម្ពុជា ហើយ​ការ​ធ្វើ​ដូច្នេះ​ប្រហែល​ជា​ទុកពេលសម្រាប់​ការចរចានោះ និង​បន្ថយ​ការ​ប្រឈម​មុខ​ដាក់​គ្នា​។ គាត់​បាន​សន្យា​ថា នឹង​​វិល​ត្រឡប់​មក​វិញ ហេតុ​ដូច្នេះ​យើង​នឹង​រង់ចាំ​មើល​ថា​តើ​គាត់​ពន្យល់​​យ៉ាង​ដូច​ម្ដេច​ ប៉ុន្តែ​វា​ប្រហែល​ជា​ទុកពេល​​សម្រាប់​​​ការ​ចរចា​”។

ប៉ុន្តែ​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ថា ​បើ​គ្មាន​វត្តមាន​​​លោក សម រង្ស៊ី នៅ​កម្ពុជា​ទេ​ ក៏​គ្មាន​ការ​ចរចា​រវាង​​គណបក្ស​សង្គ្រោះជាតិ និង​លោក​ ហ៊ុន សែន ដែរ​ ដោយ​គូស​បញ្ជាក់​ថា ​​លោកស្រី ​អ៊ុង សាន ស៊ូជី មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ភូមា​មិន​ដែល​ខ្លាច​ជាប់​ពន្ធនាគារ​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា “​​វា​មិន​អាចទៅរួចទេ គាត់​ត្រូវ​​តែ​ជាប់​ពន្ធនាគារ​​​ជា​មុន​​​សិន​មុន​ពេល​​​យើង​អាច​ចរចា​គ្នា​បាន​”។ លោក​បាន​បន្ថែម​ថា ភាព​ប្រសើរ​ឡើង​វិញ​ផ្នែក​នយោបាយ​​របស់​លោក សម រង្ស៊ី ជាមួយ​​​លោក ហ៊ុន សែន មិន​អាច​ជួយ​លោក​សម រង្ស៊ី បាន​ទេ​។ ”​វប្បធម៌​សន្ទនា​មិន​អាច​​គ្រប​ដណ្តប់​ច្បាប់​បាន​ឡើយ”។

លោក​បន្ថែម​ទៀត​ថា “​និយាយ​ឲ្យ​សាមញ្ញ​​ទៅ​ គឺ​គាត់​កំសាក។ គាត់​មិន​អាច​ប្រៀប​ប្រដូច​​​​ឲ្យ​ស្មើនឹង​​លោកស្រី អ៊ុង សាន ស៊ូជី​ បាន​ទេ។ ​​​ប្រសិន​បើ​គាត់​ចង់​ឲ្យ​ដូច​លោកស្រី​ អ៊ុង សាន ស៊ូជី គាត់​គួរ​តែ​ជាប់​ពន្ធនាគារ​​​រយៈ​ពេល​​​​២០​ឆ្នាំ​។ សកម្មភាព​របស់​គាត់​ធ្វើ​ឲ្យ​គាត់​បាក់​មុខ​។ វា​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា តេើ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ខុស​គ្នា​ពី​គណ​បក្ស​ប្រឆាំង​នៅ​ភូមា​យ៉ាង​ម៉េច​”។

ទោស​ជាប់​ពន្ធនាគារ​រយៈ​ពេល​២​ឆ្នាំ​របស់​លោក សម រង្ស៊ី ​​កើតមានឡើង​ដោយ​សារ​បណ្ដឹង​បទ​បរិហារ​កេរ្តិ៍​ឆ្នាំ​២០០៨ ដែល​ប្ដឹង​ដោយ​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​​​​ការ​បរទេស​ដែល​ខឹង​​នឹង​ការ​លើក​ឡើង​​របស់​លោក សម រង្ស៊ី នៅ​ក្នុង​សុន្ទរកថា​មួយ​ដោយ​ចោទ​ប្រកាន់​លោក​ថា បាន​ឃុប​ឃិត​​​ជាមួយ​កម្មាភិបាល​ខ្មែរ​ក្រហម​​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​។ ​​​​​​​​​

តុលាការ​​​ក្រុង​​​ភ្នំពេញ​​​បាន​​​រក​​​ឃើញ​​​ថា ​​​មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​មាន​​​ទោស​​​ក្នុង​​​បទ​​​ចោទ​​​ប្រកាន់​​​នៅ​​​ឆ្នាំ​​​២០១១ ប៉ុន្តែ ការ​​​កាត់​​​ឲ្យ​​​រូប​​​គាត់​​​ជាប់​​​​​​ទោស​​​​​​​​​​​​ត្រូវ​​​បាន​​​សន្មត​​​ថា ​​​ត្រូវ​​​លុប​​​ចោល​​​ហើយ​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​​​​ព្រះរាជ​​​ ទាន​​​លើក​​​លែង​​​ទោស​​​ដែល​​​​​​លោក សម ​​​រង្ស៊ី ​​​បាន​​​ទទួល​​​កាល​​​ពី​​​ខែ​​​កក្កដា​ឆ្នាំ​​​២០១៣​​​ ដែល​​​បាន​​​បើក​​​ផ្លូវ​​​ឲ្យ​​​រូប​​​គាត់​​​ត្រឡប់​​​ពី​​​ការ​​​និរទេស​​​​​​មុន​​​ការ​​​បោះ​​​​​​ឆ្នោត​​​ជាតិ​​​នា​​​​​​ខែ​​​នោះ។

សេចក្តី​​​សម្រេច​​​នៅ​​​ឆ្នាំ​​២០១១ ដែល​​​បង្គាប់​​​ឲ្យ​​​ចាប់​​​ខ្លួន ត្រូវ​​​បាន​​​បង្គាប់​​​ឲ្យ​​​អនុវត្ត​​​ដោយ​​​តុលាការ​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​​​​ បន្ទាប់​​​ពី​​​មាន​​​បណ្តឹង​​​​​​មួយ​​​ដែល​​​​​​ប្តឹង​​​ដោយ​​​មេធាវី​​​របស់​​​លោក​​​ ហោ ណាំហុង។ បណ្តឹង​​​នោះ​​​បាន​​​ធ្វើ​​​ឡើង​​​នៅ​​​​​​អំឡុង​​​ពេល​​​នៃ​​​ភាព​​​តានតឹង​​​កាន់​​​តែ​​​ខ្លាំង​​​ជា​​​មួយ​​​លោក ហ៊ុន សែន ដែល​​​គំរាម​​​មួយ​​​ ​​​ថ្ងៃ​​​មុន​​​នោះ ថា​​​នឹង​​​ចាត់​​​វិធានការ​​​ផ្លូវ​​​ច្បាប់​​​លើ​​​លោក សម រង្ស៊ី ទាក់​​​ទិន​​​នឹង​​​ការ​​​អះ​​​អាង​​​​​ដោយ​​​ឡែក​​​ដែល​​​លោក​​​បាន​​​ថ្លែង​​​ថា ​​​គណ​​​បក្ស​​​​​​ប្រជាជន​​​កម្ពុជា​​​មាន​​​ផែន​​​ការ​​​លុប​​​ចោល​​​ការ​​​បោះឆ្នោត​​​នៅ​​​ពេល​​​ខាង​​​មុខ។

លោក កែម ឡី អ្នក​​​អត្ថាធិប្បាយ​​​នយោបាយ​​​និ​​​ង​​​ជា​​​ស្ថាបនិក​​​ក្រុម​​​តស៊ូ​​​មតិ​​​នយោបាយ​​​​​​ខ្មែរ​​​ដើម្បី​​​ខ្មែរ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​វិល​​​ត្រឡប់ ​​​ដែល​​​ពន្យារ​​​ពេល​​​របស់​​​លោក សម រង្ស៊ី បាន​​​ឆ្លុះ​​​បញ្ចាំង​​​មិន​​​សូវ​​​ល្អ​​​​​​លើ​​​មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​រូប​​​នេះ។

លោក កែម ឡី បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​”គាត់​​​ធ្វើ​​​តាម​​​ទម្លាប់​​​របស់​​​គាត់​​​។គាត់​​​មិន​​​ដែល​​​ទទួល​​​ខុស​​​ត្រូវ​​​សម្តី​​​របស់​​​គាត់​​​ទេ។ ជា​មេដឹក​​​នាំ​​​ ពេល​​​ណា​​​យើង​​​និយាយ​​​អ្វី​​​ យើង​​​ត្រូវ​​​តែ​​​ធ្វើ​​​តាម​​​ការ​​​និយាយ​​​នោះ។ បើ​​​ទោះ​​​ត្រូវ​​​គេ​​​ចាប់​​​ខ្លួន​​​ ធ្វើ​​​ទារុណ​​​កម្ម​​​ ឬ​​​សម្លាប់​​​យើង​​​ក៏ដោយ​​​  ​​​យើង​​​ត្រូវ​​​តែ​​​ធ្វើ​​​តាម​​​សម្តី​​​របស់​​​យើង”។

“ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​ចង់​​​តតាំង​​​ យើង​​​ត្រូវ​​​តតាំង​​​វិញ។ខ្ញុំ​​​មាន​​​កង្វល់​​​អំពី​​​រូប​​​គាត់​​ដែល​​​​ ត្រូវ​​​ការ​​​ពេល​​​វេលា​​​ដើម្បី​​​ចរចា​​​ជា​​​មួយ​​​ CPP នា​​​ពេល​​​នេះ។​​​លោក សម រង្ស៊ី នឹង​​​សុខ​​​ចិត្ត​​​លះ​​​បង់​​​​អ្វី​​​មួយ។ ជា​​​ធម្មតា​​​លោក ហ៊ុន សែន ​​​បង្កើត​​​​​​ភាព​​​តាន​​​តឹង​​​ខ្លាំង​​​ ហើយ​​​បន្ទាប់​​​មក​​​ទទួល​​​បាន​​​ប្រយោជន៍​​​ខ្លះ​​​ពី​​​គណបក្ស​​​របស់​​​គាត់”។

លោក សម រង្ស៊ី ក៏​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​សភា​​​ជាតិ​​​ និង​​​ដក​​​អភ័យ​​​ឯក​​​សិទ្ធ​ិ​​​របស់​​​គាត់​​​ជា​​​តំណាង​​​រាស្ត្រ​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ បន្ទាប់​​​ពី​​​ការ​​​ប្រជុំ​​​នា​​​ពេល​​​ព្រឹក​​​របស់​​​គណៈកម្មាធិ​​​ការ​​​ អចិន្ត្រៃយ៍​​​សភា​​​ដើម្បី​​​ពិភាក្សា​​​អំពី​​​ផែន​​​ការ​​​ចាប់​​​ខ្លួន​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​រូប​​​នេះ។

សេចក្តី​​​ប្រកាស​​​ចេញ​​​ដោយលោក ​​​ហេង ​​​សំរិន​​​​​​​​​ ប្រធាន​​​សភា​​​ជាតិ​​​​​ មាន​​​ខ្លឹម​​​សារ​​​ថា “ឯក​​​ឧត្តម​​​ សម រង្ស៊ី ត្រូវ​​​បាត់​​​បង់​​​ទាំង​​​ស្រុង​​​នូវ​​​សិទ្ធិ​​​ បុព្វ​​​សិទ្ធិ​​​ និង​​​សមាជិក​​​ភាព​​​ជា​​​សមាជិក​​​រដ្ឋ​​​សភា​​​​​​មណ្ឌល​​​ខេត្ត​​​កំពង់​​​ចាម​​​ នីតិកាល​​​ទី​​​៥”។

សេចក្តី​​​សម្រេច​​​ដក​​​តំណែង​​​លោក សម ​​​រង្ស៊ី និង​​​អភ័យ​​​ឯកសិទ្ធិ​​​សភា​​​របស់​​​គាត់​​​ត្រូវ​​​បាន​​​ការពារ​​​ដោយ​​​អ្នក​​​នាំ​​​ពាក្យ​​​សភា​​​ជាតិ​​​ និង​​​ជា​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា គឺ​​​លោក ឈាង វុន ដែល​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​បាន​​​បាត់​​​បង់​​​មុខ​​​តំណែង​​​ដោយ​​​សារ​​​តែ​​​ការ​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស​​​​​​កាល​​​ពី​​​ឆ្នាំ​​​២០១១។

លោក ឈាង វុន បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​”ប្រសិនបើ​​​អ្នក​​​ក្រឡេក​​​មើល​​​ច្បាប់​​​ស្តី​​​ពី​​​លក្ខន្តិកៈ​​​​​​ តំណាង​​​រាស្ត្រ ត្រង់​​​មាត្រា​១៤ ​​​និយាយ​​​ ថា រាល់​​​អ្នក​​​តំណាង​​​រាស្ត្រ​​​គ្រប់​​​រូប​​​ ឬ​​​សមាជិក​​​សភា​​​ដែល​​​មាន​​​ដីកា​​​មាន​​​ប្រសិទ្ធភាព ហើយ​​​ត្រូវ​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​ គឺ​​​គេ​​​បាត់​​​បង់​​​នូវ​​​សិទ្ធិ​​​ទាំង​​​អស់”។

ទោះជា​​​យ៉ាង​​​នេះ​​​ក្តី លោក អេង ​​​ ឆៃអ៊ាង​​​ តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​សួរ​​​ថា ហេតុ​​​អ្វី​​​​​​គណៈកម្មាធិការ​​​ជាតិ​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត (គ.ជ.ប.) ​​​អនុញ្ញាត​​​ឲ្យ​​​លោក ​​​សម រង្ស៊ី ធ្វើជា​​​តំណាង​​​រាស្ត្រ​​​កាល​​​ពី​​​ខែ​​​សីហា​​​ ឆ្នាំ​​​២០១៤​​​ ប្រសិន​​​បើ​​​គាត់​​​ជា​​​អ្នក​​​ទោស​​​។

លោក អេង ឆៃអ៊ាង បាន​​​មាន​​​ប្រសាសន៍​​​ ថា “ខ្ញុំ​​​ស្នើ​​​ឲ្យ​​​​​សភា​​​ជាតិ​​​បំភ្លឺ​​​រឿង​​​េនះ​​​ ប្រសិន​​​បើ​​​ លោក សម រង្ស៊ី ត្រូវ​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស​​​​ ដោយ​​​អំណាច​​​សាល​​​ដីកា​​​តុលាការ​​​តាំង​​​ពី​​​ឆ្នាំ​​​២០១៣​​​ ហេតុ​​​អ្វី​​​បាន​​​ជា​​​ស្ថាប័ន​​​ជាតិ​​​​​ មាន​​​ គ.ជ.ប.  មាន​​​រដ្ឋសភា​​​ មាន​​​ព្រះបរម​​​រាជ​​​វាំង​​​ គឺ​​​ទៅ​​​ជួយ​​​អ្នក​​​ទោស​​​ហ្នឹង​​​ឲ្យ​​​ធ្វើ​​​តំណាង​​​រាស្ត្រ​​​?”។

លោក​​​បាន​​​បន្ថែម​​​ថា “​​​​​​អាហ្នឹង​​​ ដែល​​​យើង​​​ត្រូវ​​​តែ​​​គិត​​​ ធម្មតា​​​​​​អ្នក​​​ទោស​​​គេ​​​មិន​​​ឲ្យ​​​ធ្វើ​​​តំណាង​​​រាស្ត្រ​​​ទេ”។

ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ចេញ​​​បន្ទាប់​​​ពី​​​ការ​​​ដក​​​លោក​​​ សម រង្ស៊ី ​​​ស្ថានទូត​​​អាមេរិក​​​​​​បាន​​​អំពាវនាវ​​​​​​ឲ្យ​​​លោក សម រង្ស៊ី មាន​​​​​​តំណែង​​​នៅ​​​សភា​​​ជាតិ​​​វិញ​​​ និង​​​ឲ្យ​​​រដ្ឋាភិបាល​​​អនុញ្ញាត​​​ដល់​​​រូប​​​គាត់​​​អាច​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ដោយ​​​គ្មាន​​​ការ​​​រំខាន​​​​​​ដោយសារតែ​​​ការ​​​ចោទ​​​ប្រកាន់។

សេចក្តី​ថ្លែង​ការណ៍​នោះ​​បាន​និយាយ​ថា “យើង​មាន​កង្វល់​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ការ​ដក​លោក សម រង្ស៊ី មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​ពី​រដ្ឋសភា​ជាតិ​នៅ​ថ្ងៃ​េនះ​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ឯកតោភាគី​​​ដោយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ ដែល​​​ជា​​​គណបក្ស​​​កាន់​​​អំណាច។ យើង​​​សូម​​​អំពាវនាវ​​​ឲ្យ​​​រដ្ឋ​​​សភា​​​ជាតិ​​​​​​ប្រគល់​​​សមាជិក​​​ភាព​​​ក្នុង​​​សភា​​​ជាតិ​​​ និង​​​ផ្តល់​​​អភ័យ​​​ឯកសិទ្ធិ​​សភា​​​ជូន​​​លោក ​​​សម រង្ស៊ី វិញ​​​ជា​​​បន្ទាន់”។

សេចក្តី​​​ថ្លែង​​​ការណ៍​​​បន្ត​​​ទៀត​​​ថា “យើង​​​សូម​​​អំពាវ​​​នាវ​​​ផង​​​ដែរ​​​​​​ដល់​​​រដ្ឋាភិបាល​​​ឲ្យ​​​ដក​​​ចេញ​​​នូវ​​​ដីកា​​​ចាប់​​​ខ​​​្លួន​​​លោក សម រង្ស៊ី ទាក់​​​ទង​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​ស្តី​ពី​បទ​បរិហារ​កេរ្តិ៍​​ដែល​​​​​មាន​អាយុ​កាល​ប្រាំពីរ​ឆ្នាំ​មក​ហើយ ​​​ហើយ​​​អនុញ្ញាត​​​ឲ្យ​​​រូប​​​លោក​​​ និង​​​សមាជិក​​​សភា​​​ដទៃ​​​ទៀត​​​នៃ​​​គណបក្ស​​​ប្រឆាំង​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ដោយ​​​គ្មាន​​​ការ​​​ភ័យ​​​ខ្លាច​​​ការ​​​ចាប់​​​ខ្លួន​​​ ឬ​​​ការ​​​ធ្វើ​​​ទុក្ខ​​​បុក​​​ម្នេញ​​​”។

“ព្រឹត្តិការណ៍​​​​​ទាំង​​​នេះ​​​​​​ប៉ះ​​​ពាល់​​​ដល់​​​លទ្ធ​​ិ​​​ប្រជា​​​ធិបតេយ្យ​​​របស់​​​ប្រទេស​​​កម្ពុជា​​​ ហើយ​​​ផ្ទុយ​​​ទៅ​​​នឹង​​​បំណង​​​ប្រាថ្នា​​​របស់​​​ប្រជា​​​ជន​​​កម្ពុជា”៕ ស៊ុយឈាង និង និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស